ធនាគារ ABA ណែនាំមុខងារស្គែនកូដ QR នៅលើម៉ាស៊ីនដាក់ប្រាក់របស់ខ្លួន
01/Aug/2019

អតិថិជនជាទីគោរព!
ចាប់ពីថ្ងៃទី01 ខែកញ្ញា ឆ្នាំ2019 ធនាគារយើងខ្ញុំ នឹងដាក់ឲ្យប្រើនូវមុខងារ ស្គែនកូដ QR នៅលើម៉ាស៊ីនដាក់ប្រាក់ (Cash-in Machine) ដើម្បីសម្រួលដល់ដំណើរការដាក់ប្រាក់ចូលគណនីរបស់អតិថិជន។
អតិថិជន ABA គ្រាន់តែប្រើមុខងារស្គែនកូដ QR ក្នុងកម្មវិធី ABA Mobile ដើម្បីស្គែនកូដនៅលើអេក្រង់ម៉ាស៊ីនដាក់ប្រាក់ រួចធ្វើការជ្រើសរើសគណនី ដែលលោកអ្នកចង់ដាក់ប្រាក់ចូល។ បន្ថែមពីលើនេះទៅទៀត អតិថិជនក៏អាចធ្វើការផ្ទេរប្រាក់ទៅកាន់គណនីណាមួយ (រួមទាំងការផ្ទេរប្រាក់ទៅក្រៅប្រទេស) តាមរយៈកម្មវិធី ABA Mobile បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ការផ្លាស់ប្តូរនេះ អាចជួយអតិថិជន ជៀសវាងពីការបញ្ចូលលេខគណនីខុស ខណៈពេលដែលពួកគេធ្វើការដាក់ប្រាក់ និងផ្ញើប្រាក់ទៅកាន់នរណាម្នាក់ ដោយធនាគារបានទទួលការរាយការណ៍ពីអតិថិជនកន្លងមកថា បញ្ហានេះតែងតែកើតមានឡើងនៅពេលដែលពួកគេប្រើប្រាស់ម៉ាស៊ីនដាក់ប្រាក់របស់ធនាគារ។ លើសពីនេះទៀត យើងសង្ឃឹមថា វានឹងជួយពន្លឿនដំណើរការ នៃការដាក់ប្រាក់ចូលគណនី ដោយសារយើងលែងតម្រូវឲ្យអតិថិជនវាយបញ្ចូលលេខគណនី និងត្រូវត្រួតពិនិត្យឈ្មោះរបស់ម្ចាស់គណនីដូចពីមុនទៀតហើយ។
ប្រសិនបើលោកអ្នកមិនទាន់មានគណនី ABA នៅឡើយទេ សូមធ្វើការបើកគណនី និងដោនឡូតកម្មវិធី ABA Mobile នៅថ្ងៃនេះ ដើម្បីបន្តប្រើប្រាស់សេវាម៉ាស៊ីនដាក់ប្រាក់ជាបន្តទៀតបន្ទាប់ពីថ្ងៃទី01 ខែកញ្ញា ឆ្នាំ2019 តទៅ។ ដើម្បីបើកគណនីជាមួយABA លោកអ្នកអាចទៅកាន់សាខា ABA ដែលនៅជិតលោកអ្នកបំផុត ឬទូរស័ព្ទមកលេខ 023 225 333 ដើម្បីធ្វើការណាត់ជួបជាមួយ បុគ្គលិកបើកគណនីដល់កន្លែង ដែលពួកគាត់នឹងមកបើកគណនីជូនលោកអ្នកដល់ការិយាល័យ ឬកន្លែងការងាររបស់លោកអ្នកតែម្តង។
សម្រាប់ព័ត៌មានបន្ថែមអំពីម៉ាស៊ីនដាក់ប្រាក់របស់ធនាគារ ABA សូមមើលទំព័រ សេវាដាក់ប្រាក់។
សូមអរគុណចំពោះការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!