ថ្នាក់គ្រប់គ្រងជាន់ខ្ពស់

លោកស្រី ឡុង នីនលីដាអគ្គនាយិការង និងជានាយិកាគ្រប់គ្រងសាច់ប្រាក់
លោកស្រីបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម ឯកទេសគ្រប់គ្រងទូទៅ ពី Charles Sturt University ប្រទេសអូស្ត្រាលី ក្នុង ឆ្នាំ2024 និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ពីសកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ 2012។
បទពិសោធរបស់ លោកស្រី នីនលីដា ក្នុងវិស័យធនាគារបានចាប់ផ្តើមជា បេឡាធិការ ក្នុងឆ្នាំ 2006 នៅធនាគារកម្ពុជាអាស៊ី មុនពេលផ្លាស់ទៅធនាគារ Sacombank ក្នុងឆ្នាំ 2009។ លោកស្រីបានកាន់តួនាទីជាច្រើនក្នុងផ្នែកប្រតិបត្តិការធនាគាររបស់ Sacombank មុនត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានប្រតិបត្តិការក្នុងឆ្នាំ 2013 ។
នៅខែឧសភា ឆ្នាំ 2016 លោកស្រី នីនលីដា បានចូលបម្រើការងារនៅធនាគារ ABA ក្នុងតួនាទីជាប្រធានអង្គភាពប្រតិបត្តិការសាច់ប្រាក់ ដោយមើលការខុសត្រូវលើប្រតិបត្តិការសាច់ប្រាក់របស់ធនាគារនៅគ្រប់សាខា កន្លែងស្វ័យសេវា និងទីតាំងស្វ័យសេវា ABA 24/7។
នៅខែមករា ឆ្នាំ 2022 លោកស្រី នីនលីដា ត្រូវបានតែងតាំងជានាយិកាគ្រប់គ្រងសាច់ប្រាក់។

លោក ឈុន វិចិត្រអគ្គនាយករង និងជានាយកសេវាធនាគាររូបវន្តបុគ្គល
មានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច (Laurea Magistrale) ពី University of Trento ប្រទេសអ៊ីតាលី។
នៅចន្លោះឆ្នាំ 2008 ដល់ឆ្នាំ 2012 លោកជាគ្រូបង្រៀនផ្នែកធុរកិច្ចនៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសកម្ពុជា។
លោកបានចាប់ផ្ដើមអាជីពការងារក្នងវិស័យធនាគារនៅឆ្នាំ 2013 ជាមួយធនាគារ ANZ Royal។ មុខដំណែងចុងក្រោយរបស់លោកនៅ ANZ គឺ ប្រធានទំនាក់ទំនងសាជីវកម្ម។
នៅខែឧសភា ឆ្នាំ 2015 លោក វិចិត្របានចូលបម្រើការងារជាមួយធនាគារ ABA ជាប្រធានអភិវឌ្ឍន៍ផ្នែកលក់ ហើយត្រូវបានដំឡើងដំណែងជាច្រើននៅក្នុងធនាគារ។
លោកត្រូវបានតែងតាំងជា នាយកសេវាធនាគាររូបវន្តបុគ្គល របស់ធនាគារ ABA ក្នុងខែកុម្ភៈ ឆ្នាំ 2022។

លោកស្រី ហួត ចាន់ធីតាអគ្គនាយិការង និងជានាយិកាសេវាធនាគារសាជីវកម្ម
បានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងធុរកិច្ច ដោយផ្តោតលើជំនាញគណនេយ្យពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។
លោកស្រី បានចាប់ផ្ដើមបម្រើការងារក្នុងវិស័យធនាគារនៅឆ្នាំ 2008 នៅធនាគារ ANZ Royal (កម្ពុជា) ក្នុងនាយកដ្ឋានពាណិជ្ជកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់។
នៅឆ្នាំ 2013 លោកស្រី បានផ្លាស់ទៅធនាគារ មេយប៊ែង (ខេមបូឌា) ជាប្រធានផ្នែកហិរញ្ញប្បទានពាណិជ្ជកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ ដោយត្រួតពិនិត្យលើកិច្ចការហិរញ្ញប្បទានពាណិជ្ជកម្មទាំងមូលរបស់ធនាគារ។ លោកស្រី បានទទួលមុខតំណែងថ្មីជាប្រធានផ្នែកប្រតិបត្តិការធនាគារនៅឆ្នាំ 2017 ដើម្បីជំរុញកិច្ចការហិរញ្ញប្បទានពាណិជ្ជកម្ម និងការគ្រប់គ្រងសាច់ប្រាក់។ បន្ទាប់មក កាន់តំណែងជាប្រធានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុសាជីវកម្ម។
លោកស្រី ចាន់ធីតា បានចូលបម្រើការងារជាមួយធនាគារ ABA នៅខែវិច្ឆិកា ឆ្នាំ 2022 ក្នុងតួនាទីជាប្រធានអង្គភាពសេវាធនាគារសាជីវកម្ម។
នៅខែមេសា ឆ្នាំ 2024 លោកស្រី ត្រូវបានតែងតាំងជា នាយិកាសេវាធនាគារសាជីវកម្ម ដោយត្រូវបានទុកចិត្តប្រគល់ភារកិច្ច ក្នុងការជំរុញកំណើនផលប័ត្រសេវាធនាគារសាជីវកម្ម សម្រួលដំណើរការ និងការរៀបចំឯកសារផ្ទៃក្នុង ព្រមទាំងដឹកនាំយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមភាពជាអ្នកដឹកនាំនៅក្នុងខ្សែបន្ទាត់អាជីវកម្មរបស់សាជីវកម្ម។

លោកស្រី ហៀន ប៉ូលីនដាអគ្គនាយិការង និងជានាយិកាធុរកិច្ចអន្ដរជាតិ
បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ 2004 និងពីសកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (ពីមុន ត្រូវបានគេស្គាល់ជា សកលវិទ្យាល័យអាស៊ាន) ក្នុងឆ្នាំ 2006។
លោកស្រី ប៉ូលីនដា មានបទពិសោធការងារជាង 18 ឆ្នាំ ក្នុងវិស័យធនាគារ ដោយកាន់មុខដំណែងជាច្រើន នៅគ្រឹះស្ថានហិរញ្ញវត្ថុល្បីៗជាច្រើនផងដែរ។
លោកស្រី បានចាប់ផ្ដើមអាជីពការងារនៅធនាគារ វឌ្ឍនៈ ក្នុងឆ្នាំ 2005 បន្ទាប់មក បានបម្រើការងារនៅធនាគារ ANZ Royal រយៈពេល 10 ឆ្នាំ ជាប្រធានគ្រប់គ្រងផ្នែកបម្រើសេវាអតិថិជន ចាប់តាំងពីឆ្នាំ 2007។ ផ្នែកមួយនៃ សមិទ្ធផលការងាររបស់គាត់ លោកស្រីបានទទួលពានរង្វាន់ CEO Pacific Award ក្នុងឆ្នាំ 2011។
លោកស្រីបានចូលបម្រើការងារជាមួយធនាគារ ABA នៅឆ្នាំ 2017 ក្នុងតួនាទីជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍ប្រតិបត្តិការអន្ដជាតិ ដោយលោកស្រីធ្វើការយ៉ាងជិតស្និទ្ធិជាមួយភាគីជាតិ និងអន្ដរជាតិសំខាន់ៗ រួមមាន ធនាគារជាតិនៃកម្ពុជា, ធនាគារអន្ដរការី, អ្នកផ្គត់ផ្គង់សេវាទូទាត់ ក៏ដូចជាក្រុមការងារពាក់ព័ន្ធរបស់ ABA លើគំនិតផ្ដួចផ្ដើម និងផលិតផលសំខាន់ៗមួយចំនួន សម្រាប់ការផ្ទេរប្រាក់ក្រៅប្រទេសផងដែរ។
នៅខែកក្កដា ឆ្នាំ 2022 លោកស្រី ប៉ូលីនដា ត្រូវបានតែងតាំងជា នាយិកាធុរកិច្ចអន្ដរជាតិ។ លោកស្រីទទួលខុសត្រូវលើការអភិវឌ្ឍន៍ និងការអនុវត្តសេវាផ្ទេរប្រាក់ប្រកបដោយនវានុវត្តន៍, អភិបាលកិច្ចប្រតិបត្តិការ, ឯកសារ និងនីតិវិធីផ្ទៃក្នុង, លំហូរការងារ, ការលក់ និងការបណ្តុះបណ្តាល និងការគ្រប់គ្រងក្រុម។

លោក អ៊ាង សូរសែនអគ្គនាយករង និងជានាយកនីតិកម្ម
មានបរិញ្ញាបត្រច្បាប់ពី សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ 2000 បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញក្នុងឆ្នាំ 2001 និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រសេដ្ឋកិច្ច និងវិទ្យាសាស្ត្រសេដ្ឋកិច្ចក្នុងឆ្នាំ 2007។
លោក សូសែន បានចាប់ផ្តើមអាជីពការងារក្នុងឆ្នាំ 2005 ជាមន្ត្រីនីតិកម្មនៅធនាគារ ABA ។ ចាប់ពីឆ្នាំ 2008 ដល់ឆ្នាំ 2021 លោកបានកាន់តំណែងជាប្រធាននាយកដ្ឋាននីតិកម្ម ដោយលោកបានបង្កើតនាយកដ្ឋាននីតិកម្មថ្មី ដើម្បីរៀបចំ និងព្រាងកិច្ចសន្យា និងកិច្ចព្រមព្រៀង គ្រប់គ្រងពាក្យបណ្តឹង និងបញ្ហាផ្នែកច្បាប់ផ្សេងៗ។ លោកក៏ធ្វើការជាមួយនាយកដ្ឋានផ្សេងទៀតរបស់ធនាគារពាក់ព័ន្ធនឹងការប្រឹក្សាបញ្ហាផ្លូវច្បាប់ និងតំណាងធនាគារនៅតុលាការ។
នៅខែកុម្ភៈ ឆ្នាំ 2022 លោក សូសែន ត្រូវបានតែងតាំងជា នាយកនីតិកម្ម របស់ធនាគារ ABA ។

លោកស្រី លី វិទ្យាអគ្គនាយិការង និងជានាយិកាធនធានមនុស្ស
ទទួលបានបរិញ្ញាបត្រផ្នែកធនាគារ និងហិរញ្ញវត្ថុ (កិត្តិយស) ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
មុនចូលបម្រើការងារជាមួយធនាគារ ABA លោកស្រី វិទ្យា ធ្លាប់បម្រើការងារនៅ កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) ស្ថាប័នហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាលជាច្រើន ហើយបានឈានទៅកាន់តួនាទីជាអ្នកដឹកនាំផ្សេងៗក្នុងផ្នែកធនធានមនុស្ស ដោយទទួលបានចំណេះដឹង ជំនាញ និងបទពិសោធយ៉ាងទូលំទូលាយក្នុងវិស័យនេះ។
ក្នុងខែវិច្ឆិកា ឆ្នាំ2012 លោកស្រីបានចូលបម្រើការងារជាមួយធនាគារ ABA ជាប្រធានផ្នែកធនធានមនុស្ស ដោយទទួលខុសត្រូវលើការងារពាក់ព័ន្ធនឹងធនធានមនុស្ស ជាមួយស្ថាប័នរដ្ឋាភិបាល ក៏ដូចជាការបង្កើតគោលនយោបាយ និងការអភិវឌ្ឍន៍យុទ្ធសាស្ត្រផ្នែកធនធានមនុស្សរបស់ធនាគារបន្ថែម រួមមានប៉ុន្ដែ មិនកំណត់ចំពោះ ការជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល និងការអភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រងការអនុវត្តការងារ និងរង្វាន់ ការរៀបចំផែនការបន្ត ការចូលរួមរបស់បុគ្គលិក និងប្រព័ន្ធគ្រប់គ្រងធនធានមនុស្សទាំងមូលរបស់ធនាគារ។
នៅខែកុម្ភៈ ឆ្នាំ 2022 លោកស្រី វិទ្យា ត្រូវបានតែងតាំងជា នាយិកាធនធានមនុស្សរបស់ធនាគារ ABA ។

លោក សឹម លីដាអគ្គនាយករង និងជានាយកឥណទានអាជីវកម្មខ្នាតធំ និងមធ្យម
ទទួលបានសញ្ញាប័ត្របរិញ្ញាបត្រពី Middle East Technical University ប្រទេសទួរគី ក្នុងឆ្នាំ 2009 និងបរិញ្ញាបត្រជាន់ខ្ពស់ពី The University Lille I ក្នុងឆ្នាំ 2011 និង University of Lumière Lyon 2 ក្នុងឆ្នាំ 2012។ លោក លីដា ក៏ជា "ធនាគារិកវិជ្ជាជីវៈ" ប្រកបដោយសមត្ថភាព និងវិញ្ញាបនបត្រទទួលស្គាល់ដែលផ្តល់ដោយវិទ្យាស្ថាន Asian Institute of Chartered Bankers (AICB)។
លោកបានចាប់ផ្តើមអាជីពការងារក្នុងវិស័យធនាគារជាប្រធានគ្រប់គ្រងទំនាក់ទំនងធុរកិច្ចក្នុងឆ្នាំ 2011 នៅធនាគារ Maybank Cambodia ហើយគ្រប់គ្រងទំនាក់ទំនងផ្សេងៗជាមួយអតិថិជនសាជីវកម្ម និងអតិថិជនកម្ចី។
នៅខែមីនា ឆ្នាំ 2018 លោកបានចូលបម្រើការងារជាមួយធនាគារ ABA ជាប្រធាននាយកដ្ឋានកម្ចីពាណិជ្ជកម្ម និងជាសមាជិកនៃគណៈកម្មាធិការឥណទាន។ ឥឡូវនេះ លោកមានតួនាទីគ្រប់គ្រង និងត្រួតពិនិត្យផ្នែកកម្ចីពាណិជ្ជកម្មរបស់ធនាគារ។
នៅខែកុម្ភៈ ឆ្នាំ 2022 លោក លីដា ត្រូវបានតែងតាំងជានាយកឥណទានពាណិជ្ជកម្ម និងអាជីវកម្ម ខ្នាតមធ្យមនិងធំ របស់ធនាគារ ABA ។

លោក សរ ច័ន្ទរិទ្ធអគ្គនាយករង និងជានាយកឥណទានអាជីវកម្មខ្នាតតូច
លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងសេដ្ឋកិច្ច ផ្នែកគ្រប់គ្រងធុរកិច្ច និងមានបរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសគ្រប់គ្រងធុរកិច្ចធនាគារ និងហិរញ្ញវត្ថុពីសាកវិទ្យាល័យ បៀលប្រាយ។
លោក សរ ចន្ទរិទ្ធ មានបទពិសោធជិត 20ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ។ ពីឆ្នាំ 2001-2015 លោកបានកាន់តួនាទីជាច្រើន ពីមន្ត្រីឥណទាន ដល់អ្នកគ្រប់គ្រងឥណទាន ប្រធានគ្រប់គ្រងតំបន់ ជាមួយអង្គភាពជាច្រើន។
ក្នុងឆ្នាំ 2015 លោកបានចូលរួមជាមួយក្រុមការងារឥណទានរបស់ធនាគារ ABA ក្នុងនាមជា ប្រធានឥណទានអាជីវកម្មខ្នាតតូច និងបានបម្រើតួនាទីជា នាយករងឥណទាននៃធនាគារ ABA រហូតដល់ឆ្នាំ 2021។
នៅដើមឆ្នាំ 2022 លោក សរ ចន្ទរិទ្ធ ត្រូវបានតែងតាំងតួនាទីជា នាយកឥណទានអាជីវកម្មខ្នាតតូច នៃធនាគារ ABA។

លោក ណយ ស៊ីណាក់អគ្គនាយករង និងជានាយកត្រួតពិនិត្យឥណទាន និងដោះស្រាយបំណុល
ដោយបានបញ្ចប់ការសិក្សាផ្នែកគ្រប់គ្រងធុរកិច្ច ពីសកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ 2005 លោកស៊ីណាក់បានអភិវឌ្ឍខ្លួនជាបន្ដបន្ទាប់តាមរយៈការបណ្តុះបណ្តាលជំនាញទាំងក្នុងស្រុក និងអន្តរជាតិ។
មុនចូលបម្រើការងារជាមួយធនាគារ ABA លោក ស៊ីណាក់ បានបំពេញការងារនៅធនាគារ ANZ Royal ក្នុងតួនាទីជាច្រើនក្នុងផ្នែកសេវាធនាគាររូបវន្ដ។ លោកមានជំនាញគ្រប់គ្រងទំនាក់ទំនងអតិថិជន សេវាធនាគារអេឡិកត្រូនិក និងគ្រប់គ្រងបំណុល។
លោកបានចូលបម្រើការងារជាមួយធនាគារ ABA ក្នុងឆ្នាំ 2011 ជាមន្ត្រីឥណទានជាន់ខ្ពស់ មុនចូលកាន់ដំណែងជាប្រធានត្រួតពិនិត្យឥណទាន និងដោះស្រាយបំណុល ដោយមើលការខុសត្រូវលើវិសាលភាពនៃសកម្មភាពត្រួតពិនិត្យឥណទាន និងដោះស្រាយបំណុលទាំងមូលរបស់ធនាគារ។
នៅដើមឆ្នាំ 2022 លោកស៊ីណាក់ ត្រូវបានតែងតាំងជា នាយកត្រួតពិនិត្យឥណទាន និងដោះស្រាយបំណុលរបស់ធនាគារ ABA ។

លោក អាត ដាឡែនអគ្គនាយករង និងជានាយករដ្ឋបាល
មានបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចអភិវឌ្ឍន៍ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។
លោកបានចាប់ផ្តើមអាជីពការងារក្នុងឆ្នាំ 2011 ដោយបានចូលបម្រើការងារនៅនាយកដ្ឋានគណនេយ្យរបស់ធនាគារ ABA ដែលនៅទីនោះលោកបានកាន់តួនាទីដូចជា ការការផ្ទៀងផ្ទាត់ទិន្នន័យធនាគារ ការគ្រប់គ្រងទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុ។
នៅខែមិថុនា ឆ្នាំ 2015 លោក ដាឡែន ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋានរដ្ឋបាល ដោយមានតួនាទីត្រួតពិនិត្យការងាររដ្ឋបាល ពង្រីកបណ្តាញសាខា និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធរូបវន្តរបស់ ABA ។
នៅខែកុម្ភៈ ឆ្នាំ 2022 លោកត្រូវបានតែងតាំងតួនាទីជា នាយករដ្ឋបាលរបស់ធនាគារ ABA ។

លោក ប៉ិច គឹមឃុនអគ្គនាយករង និងជានាយកសន្តិសុខ និងសុវត្ថិភាព
លោកបានបញ្ចប់បិរញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្ដ្រ និងវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យបៀលប្រាយ ក្នុងឆ្នាំ 2008។
មុនចូលបម្រើការងារនៅ ABA លោក គីមឃុន បានបំពេញតួនាទីជាជំនួយការផ្នែកសន្តិសុខនៅ Naga World Casino and Hotel ហើយបានផ្លាស់ទៅក្រុមហ៊ុន Beeline Cambodia ជាប្រធានផ្នែកសន្តិសុខ។ នៅខែធ្នូ ឆ្នាំ 2013 លោកបានចូលបម្រើការងារជាមួយធនាគារ ABA ក្នុងតួនាទីជាប្រធានផ្នែកសន្តិសុខ និងសុវត្ថិភាព ដែលមើលការខុសត្រូវផ្នែកសន្តិសុខ និងនីតិវិធីសុវត្ថិភាពរបស់ធនាគារទាំងមូល។
នៅខែកុម្ភៈ ឆ្នាំ 2022 លោក គីម ឃុន ត្រូវបានតែងតាំងជានាយកសន្តិសុខ និងសុវត្ថិភាព របស់ធនាគារ ABA ។

អ្នកនាង ប្លុង ម៉ាលីពណ៌អគ្គនាយិការង និងជានាយិកាផលិតផលឌីជីថល
មានបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រឧស្សាហកម្ម ឯកទេសវិស្វកម្មអេឡិកត្រូនិក (អ៊ីនធឺណិតកុំព្យូទ័រ) ពី Groep-T, K.U. Leuven ប្រទេសបែលហ្សិក និងបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)។
ម៉ាលីពណ៌ បានចាប់ផ្តើមអាជីពការងារនៅក្នុងផ្នែកអប់រំ និងស្រាវជ្រាវនៅ Groep-T, K.U. Leuven ប្រទេសបែលហ្ស៊ិក ជាអ្នកអភិវឌ្ឍន៍ស្រាវជ្រាវ និងជាជំនួយការសាស្រ្តាចារ្យ ដែលបង្រៀនផ្នែកអភិវឌ្ឍន៍សូហ្វ៊ែរ និងវិស្វកម្មប្រព័ន្ធ។
មុនចូលបម្រើការងារនៅធនាគារ ABA ម៉ាលីពណ៌ បានធ្វើការជាម្ចាស់ផលិតផល (Product Owner) ពោលគឺជា សហស្ថាបនិក “Stops Near Me - ចំណតក្បែរខ្ញុំ” ដែលជាកម្មវិធីចែករំលែកព័ត៌មានដំបូងគេបង្អស់ សម្រាប់រថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ និងបានបង្រៀនវគ្គសិក្សា ផ្នែកអភិវឌ្ឍន៍សូហ្វែរ ផងដែរ។
ម៉ាលីពណ៌ បានចូលបម្រើការងារនៅ ABA ក្នុងឆ្នាំ 2017 និងបានដឹកនាំការអភិវឌ្ឍផ្លែតហ្វមសំខាន់ៗដូចជា ABA Mobile, ABA PayWay និង ABA BillZone រួមជាមួយនឹងនវានុវត្តន៍ដូចជា ផ្នែកមីនីអេប, សុវត្ថិភាពជីវមាត្រ មុខងារសោមុខ, និងការបង្កើតគណនីធនាគារតាមឌីជីថលភ្លាមៗសម្រាប់អតិថិជនថ្មី។
នៅខែមករា ឆ្នាំ 2026 ម៉ាលីពណ៌ ត្រូវបានតែងតាំងជា អគ្គនាយិការង និងជានាយិកាផលិតផលឌីជីថលនៅធនាគារ ABA។

លោក Ruslan Kurbanbaevអគ្គនាយករង និងជានាយកបច្ចេកវិទ្យាឌីជីថល
លោកបានបញ្ចប់ការសិក្សាពី Tyumen State University ក្នុងឆ្នាំ 2012 ឯកទេសវិទ្យាសាស្ត្រកុំព្យូទ័រក្នុងសេដ្ឋកិច្ច។ ទទួលបានវិញ្ញាបនបត្របញ្ជាក់ជំនាញវិជ្ជាជីវៈជា អ្នកអភិវឌ្ឍន៍ Microsoft® Certified Solution (MCSD) និង Microsoft® Certified Application (MCAD) សម្រាប់ Microsoft .NET ។
ចាប់តាំងពីឆ្នាំ 2006 លោកបានបម្រើការងារជា វិស្វករសូហ្វ៊ែរ នៅក្រុមហ៊ុនផ្តល់មាតិកាទូរគមនាគមន៍មួយ ដែលក្នុងនោះលោកបានចូលរួមអភិវឌ្ឍសេវាកម្មកម្សាន្ត និងអនុវត្តប្រព័ន្ធទូរស័ព្ទតាមអ៊ីនធឺណិត។
ក្នុងឆ្នាំ 2012 លោកបានក្លាយជាស្ថាបនិកមួយរូបនៃក្រុមហ៊ុន PayGo Cambodia ដែលជាក្រុមហ៊ុនដំណើរការការទូទាត់ ដែលបានបង្តើតដំណោះស្រាយទូទាត់ប្រាក់ដោយខ្លួនឯងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។
លោកបានចូលធ្វើការនៅធនាគារ ABA ក្នុងខែមករា ឆ្នាំ 2018 ជាប្រធានអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ដោយដឹកនាំការអភិវឌ្ឍ និងពង្រីកវេទិកាបច្ចេកវិទ្យាឌីជីថល និងសមត្ថភាពវិស្វកម្មរបស់ធនាគារ រួមទាំងការណែនាំម៉ាស៊ីនធនាគារស្វ័យសេវា សម្រាប់ការបង់វិក្កយបត្រ និងដាក់សាច់ប្រាក់ជាដើម។ គំនិតផ្តួចផ្តើមនេះបានធ្វើឲ្យមានដំណើរការសេវាទូទាត់ប្រាក់ឌីជីថល និងដោយស្វ័យប្រវត្តិ ទូទាំងប្រទេសកម្ពុជា និងបានរួមចំណែកដល់ការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីធនាគារឌីជីថលក្នុងវិស័យធនាគារ។
ចាប់ពីខែមករា ឆ្នាំ2026 លោកត្រូវបានតែងតាំងជាអគ្គនាយករង និងជានាយកបច្ចេកវិទ្យាឌីជីថល។

លោក Bekzod Ruzmetovអគ្គនាយករង និងជានាយកស្រាវជ្រាវឌីជីថល ទិន្នន័យ និងបញ្ញានិម្មិត
មានសញ្ញាបត្រ BBA ផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ និងវិញ្ញាបនបត្រ PMP។
លោក Bekzod បានចាប់ផ្តើមអាជីពការងាររបស់លោកនៅឆ្នាំ 2004 ជាអ្នកវិភាគហិរញ្ញវត្ថុ នៅក្នុងក្រុមហ៊ុនផលិតកម្មក្នុងស្រុក នៅអ៊ូសបេគីស្ថាន។
ក្នុងឆ្នាំ 2007 លោក Bekzod បានចូលបម្រើការងារនៅក្រុមហ៊ុន Case New Holland ជាអ្នកវិភាគស្រាវជ្រាវ Sarbanes-Oxley Act។
លោកបានបន្តអាជីពរបស់ខ្លួននៅក្នុងវិស័យជាច្រើន ដូចជា កម្មន្ដសាល ធានារ៉ាប់រង ព័ត៌មានវិទ្យា និងប្រឹក្សាហិរញ្ញវត្ថុនៅតាមបណ្ដាប្រទេសនានាដូចជា អ៊ូសបេគីស្ថាន, អារ៉ាប់រួម និងចក្រភពអង់គ្លេស ជាអ្នកគ្រប់គ្រងធានារ៉ាប់រងផ្នែកសំណងស៊ីវិល, អ្នកគ្រប់គ្រងគម្រោងព័ត៌មានវិទ្យា, អ្នកវិភាគហិរញ្ញវត្ថុ, អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ និងសវនករ។
ពីឆ្នាំ 2011-2015 លោក Bekzod បានបម្រើការងារជា អ្នកវិភាគស្រាវជ្រាវ សម្រាប់ទស្សនាវដ្តីហិរញ្ញវត្ថុនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ពីឆ្នាំ 2015 ដល់ 2018 លោកបានបង្កើតក្រុមហ៊ុន IT Outsourcing នៅប្រទេសអារ៉ាប់រួម។
នៅខែឧសភា ឆ្នាំ 2018 លោក Bekzod ត្រូវបានអញ្ជើញឲ្យចូលបម្រើការងារនៅ ABA ជាប្រធានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍។ នៅឆ្នាំ 2021 លោកត្រូវបានតែងតាំងជាប្រធានអគ្គនាយកដ្ឋាន IBB និងវិភាគទិន្នន័យ។
នៅខែមករា ឆ្នាំ2026 លោកត្រូវបានតែងតាំងជាអគ្គនាយករង និងជានាយកស្រាវជ្រាវឌីជីថល ទិន្នន័យ និងបញ្ញានិម្មិត។

លោក Kirill Yuzhakovអគ្គនាយករង និងជានាយកហេដ្ឋារចនាសម្ពន្ធព័ត៌មានវិទ្យា
លោកបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យជាតិបច្ចេកទេសកាហ្សាក់ស្ថានក្នុងឆ្នាំ 2005។
អាជីពការងាររបស់លោកបានចាប់ផ្តើមនៅឆ្នាំ 2003 ដោយកាន់មុខតំណែងបច្ចេកទេសផ្សេងៗនៅក្រុមហ៊ុនសន្តិសុខព័ត៌មាន និងបន្ទាប់មកនៅក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិត។ ក្នុងឆ្នាំ 2007 លោកបានប្រឡូកទៅក្នុងវិស័យហិរញ្ញវត្ថុ ដោយបម្រើការងារនៅធនាគារ TuranAlem JSC (BTA Bank) ក្នុងទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថាន។ សាវតារទាំងពីរនេះ ធ្វើឲ្យលោកមានទស្សនវិស័យយុទ្ធសាស្ដ្រពិសេសមួយ ដែលអាចឲ្យលោកធ្វើសុខដុមនីយកម្មអនុលោមភាពយ៉ាងម៉ឺងម៉ាត់ និងស្តង់ដារសន្ដិសុខនៃសេវាធនាគារកម្រិតមួយ ជាមួយតម្រូវការប្រតិបត្តិការប្រព័ន្ធមានប្រសិទ្ធភាពខ្ពស់់ និងពេលពន្យារទាប របស់ក្រុមហ៊ុនផ្តល់សេវាធំៗ។
នៅខែធ្នូ ឆ្នាំ 2016 លោកបានចូលរួមជាមួយក្រុមការងារព័ត៌មានវិទ្យារបស់ ABA។ អំឡុងពេលបំពេញការងារនៅ ABA លោកមានតួនាទីសំខាន់ក្នុងការដឹកនាំគម្រោងបច្ចេកវិទ្យាស្មុគស្មាញនានា បង្កើនភាពរឹងមាំនៃប្រព័ន្ធ និងកែតម្រូវហេដ្ឋារចនាសម្ពន្ធព័ត៌មានវិទ្យាឲ្យស្របទៅនឹងកំណើនធុរកិច្ចដ៏ឆាប់រហ័សរបស់ធនាគារ។
នៅខែមករា ឆ្នាំ 2026 លោកត្រូវបានតែងតាំងជា នាយកហេដ្ឋារចនាសម្ពន្ធព័ត៌មានវិទ្យា របស់ធនាគារ ABA។

លោក Tom Watsonអគ្គនាយករង និងជានាយកហេដ្ឋារចនាសម្ពន្ធព័ត៌មានវិទ្យា
លោកទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកសន្តិសុខព័ត៌មាន (MSc in Information Security) ពីសាកលវិទ្យាល័យ Royal Holloway នៃសាកលវិទ្យាល័យឡុងដ៍ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ថ្នាក់ First-Class Honours ផ្នែក Business Computing ពីសាកលវិទ្យាល័យ Surrey។
ចន្លោះឆ្នាំ ១៩៩៨ ដល់ ២០១១ លោក Tom បានបំពេញការងារនៅតួនាទីជាន់ខ្ពស់ផ្នែកសន្តិសុខ និងគ្រប់គ្រងហានិភ័យ នៅក្រុមហ៊ុន Sun Microsystems, Defcom Internet Security, Reuters, KPMG, ABN AMRO, ធនាគារកណ្ដាលអង់គ្លេស (Bank of England), Capgemini និង Deutsche Bank ដោយបានផ្តល់សេវាកម្មតេស្តចូលប្រព័ន្ធ (penetration testing), វាយតម្លៃហានិភ័យ, អភិវឌ្ឍគោលនយោបាយ និងប្រឹក្សាផ្នែកស្ថាបត្យកម្មសន្តិសុខ សម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងអាជីវកម្មធំៗ។
នៅឆ្នាំ ២០១១ លោកបានចូលរួមជាមួយ NCC Group ជា អ្នកគ្រប់គ្រងទីប្រឹក្សាផ្នែកសន្តិសុខ ហើយក្នុងរយៈពេល ៨ ឆ្នាំ បានដឹកនាំគម្រោងវាយតម្លៃ និងផ្តល់យោបល់ផ្នែកសន្តិសុខអន្តរជាតិសម្រាប់អតិថិជននៅអឺរ៉ុប អាស៊ី មជ្ឈឹមបូព៌ា និងអាមេរិកខាងជើង។
នៅឆ្នាំ ២០១៩ លោកបានចូលរួមជាមួយ FWD Insurance នៅហុងកុង ជា Group Head of Application Security ដោយបានបង្កើតមុខងារសន្តិសុខកម្មវិធីកម្រិតស្ថាប័នទាំងមូលនៅទីផ្សារចំនួន ១០ និងបញ្ចូលគោលការណ៍ “secure-by-design” ទៅក្នុងកម្មវិធីបម្លែងឌីជីថលទ្រង់ទ្រាយធំ។
លោកបានចូលរួមជាមួយធនាគារ ABA នៅខែមិថុនា ឆ្នាំ ២០២៥ ជាអគ្គនាយករង និងជានាយកហេដ្ឋារចនាសម្ពន្ធព័ត៌មានវិទ្យា។

លោក តុល ភីរិទ្ធអគ្គនាយករង និងជានាយកគណនេយ្យ និងរបាយការណ៍
មានបរិញ្ញាបត្រ ផ្នែកគណនេយ្យ ពីសាកលវិទ្យាល័យ Build Bright និងកំពុងបន្ដយកសញ្ញាបត្រ ACCA នៅវិទ្យាស្ថាន CamED Business School។
លោក ភីរិទ្ធ បានចាប់ផ្ដើមអាជីពការងារក្នុងវិស័យហិរញ្ញវត្ថុរបស់លោកនៅខែកក្កដា ឆ្នាំ2008 នៅក្រុមហ៊ុន KPMG Cambodia ជាជំនួយការសវនកម្ម ហើយបានឡើងតំណែងជាសវនករជាន់ខ្ពស់នៅឆ្នាំ 2011 និងឡើងជាអនុប្រធានសវនកម្មក្នុងឆ្នាំ 2013។
នៅខែសីហា ឆ្នាំ 2015 លោក ភីរិទ្ធ បានចូលបម្រើការងារនៅធនាគារ ABA ជាអនុប្រធានអគ្គនាយកដ្ឋានហិរញ្ញវត្ថុ ហើយក្នុងឆ្នាំ2019 ត្រូវបានដំឡើងតំណែងជា ប្រធានអគ្គនាយកដ្ឋានហិរញ្ញវត្ថុ។
នៅខែឧសភា ឆ្នាំ2026 លោកត្រូវបានតែងតាំងជាអគ្គនាយករង និងជានាយកគណនេយ្យ និងរបាយការណ៍ នៅធនាគារ ABA ដើម្បីជំរុញយុទ្ធសាស្ដ្រគណនេយ្យ និងរបាយការណ៍របស់ធនាគារ។

លោក ជា បញ្ចនៈអគ្គនាយករង និងជានាយកផែនការ និងវិភាគហិរញ្ញវត្ថុ
លោក បញ្ចនៈ មានបរិញ្ញាបត្រ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច (2012) បរិញ្ញាបត្រអប់រំ ជាភាសាអង់គ្លេស ពីសាកលវិទ្យាភូមិន្ទភ្នំពេញ (2012) និងមានសញ្ញាបត្រអនុបណ្ឌិតផ្នែករដ្ឋបាលធុរកិច្ច ពី GBSB Global Business School, Barcelona, អេស្ប៉ាញ (2026)។
មុនចូលបម្រើការងារនៅ ABA ចន្លោះខែកញ្ញា ឆ្នាំ2014 ដល់ខែកញ្ញា ឆ្នាំ2016 លោកបានចំណាយពេល 2ឆ្នាំ នៅក្រុមហ៊ុន KPMG Cambodia ជាជំនួយការសវនកម្ម ដោយកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំលើផ្នែក គណនេយ្យសាជីវកម្ម ការប្រតិបត្តិតាមហិរញ្ញវត្ថុ និងការវិភាគហានិភ័យ។
នៅខែវិច្ឆិកា ឆ្នាំ 2016 លោកបានចូលរួមជាមួយធនាគារ ABA ជាអ្នកគ្រប់គ្រងជំនួយការ នៅក្នុងនាយកដ្ឋានហិរញ្ញវត្ថុ ដោយចាប់ផ្ដើមដំណើរជាងមួយទសវត្សប្រកបដោយវឌ្ឍនភាពតាមរយៈតួនាទីដឹកនាំផ្សេងៗ ដូចជា ប្រធានផ្នែករាយការណ៍ និងផ្ទៀងផ្ទាត់, អនុប្រធានអគ្គនាយកដ្ឋានហិរញ្ញវត្ថុ, ប្រធានអគ្គនាយកដ្ឋានហិរញ្ញវត្ថុ, និងប្រធានអគ្គនាយកដ្ឋានផែនការ និងអភិវឌ្ឍន៍ហិរញ្ញវត្ថុ ដោយលោកបានជំរុញដល់ការកែសម្រួលការគ្រប់គ្រងផ្ទៃក្នុង, ការបង្កើនប្រសិទ្ធភាពរបាយការណ៍ និងសមត្ថភាពវិភាគធុរកិច្ចនៅក្នុងអគ្គនាយកដ្ឋាន។
នៅខែឧសភា ឆ្នាំ2026 លោកត្រូវបានតែងតាំងជាអគ្គនាយករង និងជានាយកផែនការ និងវិភាគហិរញ្ញវត្ថុ។

លោក គង់ សាមានអគ្គនាយករង និងជានាយករតនាភិបាល
បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករដ្ឋបាលធុរកិច្ច ពីសាកលវិទ្យាបញ្ញាសាស្ដ្រ ក្នុងឆ្នាំ 2012 លោក សាមាន បានបន្ដអភិវឌ្ឍសមត្ថភាពរបស់លោកជាប្រចាំ តាមរយៈការចូលរួមវគ្គបណ្ដុះបណ្ដាល និងសិក្ខាសាលាពាក់ព័ន្ធនឹងរតនាភិបាល។
ជាមួយបទពិសោធជិត 2ទសវត្សក្នុងវិស័យធនាគារ លោកបានកសាងអាជីពការងារដ៏ទូលំទូលាយ ដោយមានជំនាញឯកទេសលើផ្នែក គ្រប់គ្រងសន្ទនីយភាព និងប្រតិបត្តិការប្តូរប្រាក់បរទេស។ លោកបានចំណាយពេល 9ឆ្នាំ នៅធនាគារក្នុងស្រុក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (ចន្លោះពីឆ្នាំ 2007 ដល់ 2016) ដោយបានកាន់តួនាទីជាច្រើនដូចជា បេឡាធិការ ជំនួយការអគ្គនាយករង និងជំនួយការអ្នកគ្រប់គ្រងសាខា អ្នកឯកទេសធុរកិច្ចអន្តរជាតិ អ្នកឯកទេសគ្រប់គ្រងទ្រព្យសកម្ម និងបំណុល និងប្រធាននាយកដ្ឋានរតនាភិបាល។
នៅឆ្នាំ 2017 លោកបានចូលរួមជាមួយធនាគារ ABA ជាប្រធាននាយកដ្ឋានរតនាភិបាល ដើម្បីជួយសម្រួលដល់ការគ្រប់គ្រងសន្ទនីយភាពទាំងមូល ដោយធានានូវប្រតិបត្តិការដ៏រលូន ជាមួយនឹងជំហរសន្ទនីយភាពល្អប្រសើរ ក៏ដូចជាការចាប់ផ្តើមប្រតិបត្តិការប្តូរប្រាក់បរទេស។
នៅខែឧសភា ឆ្នាំ2026 លោកត្រូវបានតែងតាំងជាអគ្គនាយករង និងជានាយករតនាភិបាល។

លោក អូន វិចិត្រាអគ្គនាយករង និងជានាយកប្រតិបត្តិតាម
លោក វិចិត្រា ទទួលបានសញ្ញាបត្របរិញ្ញាបត្រគណនេយ្យ សញ្ញាបត្រផ្នែកពន្ធដារ និងច្បាប់ធុរកិច្ចកម្ពុជា វិញ្ញាបនបត្រផ្នែកការអនុលោមតាមបទប្បញ្ញត្តិ (Regulatory Compliance) និងវិញ្ញាបនបត្រកម្រិតខ្ពស់ផ្នែកការប្រឆាំងការសម្អាតប្រាក់ (Advanced Certification in Anti-Money Laundering) ពីសមាគមអន្តរជាតិផ្នែកអនុលោមតាមបទប្បញ្ញត្តិ (International Compliance Association - ICA ចក្រភពអង់គ្លេស)។
លោកបានចាប់ផ្តើមអាជីពការងាររបស់លោកនៅក្នុងក្រុមហ៊ុនផ្តល់សេវាប្រឹក្សាហិរញ្ញវត្ថុ Big Four ដោយបានបំពេញតួនាទីក្នុងផ្នែកសវនកម្ម ការប្រឹក្សា និងប្រតិបត្តិការអាជីវកម្ម (Deals) នៅក្រុមហ៊ុន Ernst & Young (Cambodia) Ltd. ហើយបន្តទៅកាន់ក្រុមហ៊ុន PricewaterhouseCoopers (Cambodia) Ltd.។
លោក វិចិត្រា បានចូលបម្រើការងារនៅធនាគារ ABA នៅខែមេសា ឆ្នាំ 2019 ក្នុងតួនាទីជាមន្ត្រីជាន់ខ្ពស់ផ្នែកអនុលោមតាមបទប្បញ្ញត្តិ (Senior Regulatory Compliance Officer) ដោយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត និងពង្រឹងប្រព័ន្ធអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារ។ តាមរយៈការបង្ហាញសមត្ថភាពដឹកនាំដ៏ឆ្នើម លោកត្រូវបានតែងតាំងជាប្រធានផ្នែកត្រួតពិនិត្យ និងរាយការណ៍អនុលោមតាមបទប្បញ្ញត្តិ (Head of Regulatory Control and Reporting) នៅឆ្នាំ 2021។ នៅឆ្នាំ 2023 លោកត្រូវបានក្រុមប្រឹក្សាភិបាលតែងតាំងជាផ្លូវការជាប្រធាននាយកដ្ឋានប្រតិបត្តិតាម (Head of Compliance Division) ដោយការតែងតាំងនេះត្រូវបានទទួលស្គាល់ និងអនុម័តដោយធនាគារជាតិនៃកម្ពុជា (NBC) និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) ផងដែរ។
ក្នុងនាមជានាយកប្រតិបត្តិតាម (Chief Compliance Officer) លោក វិចិត្រា ទទួលខុសត្រូវលើការត្រួតពិនិត្យ និងដឹកនាំកម្មវិធីអនុលោមតាមបទប្បញ្ញត្តិ និងកម្មវិធីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (AML/CFT) របស់ធនាគារ ABA។ លោកមានភារកិច្ចក្នុងការរៀបចំ និងអភិវឌ្ឍក្របខណ្ឌអភិបាលកិច្ចផ្នែកអនុលោមតាមបទប្បញ្ញត្តិរបស់ធនាគារ កាត់បន្ថយហានិភ័យនៃបទល្មើសហិរញ្ញវត្ថុ ជំរុញការអនុលោមតាមបទប្បញ្ញត្តិជាតិ និងអន្តរជាតិដែលកំពុងវិវត្តជាបន្តបន្ទាប់ ព្រមទាំងដើរតួជាតំណាងសំខាន់របស់ធនាគារក្នុងការរក្សាទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ជាមួយអាជ្ញាធរនិយតករ។

