កាតនិម្មិតលើទូរស័ព្ទ
តើអ្វីទៅជា កាតនិម្មិត?
កាតនិម្មិត គឺជាកាតដែលអាចបង្កើតបានភ្លាមៗ មានលក្ខណៈជារូបភាពលើអេក្រង់ ដោយមានភ្ជាប់ឡូហ្គោ Mastercard, VISA ឬ UnionPay។ កាតនេះមានលក្ខណៈសម្បត្តិ និងអាចប្រើប្រាស់បានដូចកាតផ្លាស្ទិកដែលយើងប្រើរាល់ថ្ងៃដែរ គ្រាន់តែគ្មានរូបរាង មិនអាចកាន់ ឬប៉ះបានតែប៉ុណ្ណោះ។
តាមរយៈកាតនិម្មិតរបស់ធនាគារ ABA អ្នកអាចធ្វើការទូទាត់ និងទិញអីវ៉ាន់អនឡាញបានដូចកាតពិតប្រាកដ តាមវិបសាយធំៗ ដែលមានស្លាកសញ្ញា ទទួលយកកាតទូទាត់តាម Mastercard, VISA ឬ UnionPay ។
អត្ថប្រយោជន៍
- មិនគិតថ្លៃបង្កើត និងសេវាប្រចាំឆ្នាំ
- អាចបង្កើតបានភ្លាមៗ
- ទូទាត់អនឡាញមានសុវត្ថិភាព
- មានការជូនដំណឹងគ្រប់ប្រតិបត្តិការ
- មានការការពារ និងមិនបង្ហាញឈ្មោះ។
ធនាគារ ABA បានឆ្លងកាត់ការវាយតម្លៃសុវត្ថិភាពដ៏តឹងរ៉ឹងបំផុត ដែលបញ្ជាក់ថាស្របតាម បទដ្ឋានសន្ដិសុខទិន្នន័យឧស្សាហកម្មកាត ទូទាត់ (PCI DSS) ។ ជាមួយធនាគារ ABA អ្នកនឹងមានទំនុកចិត្តថា កាតទូទាត់របស់អ្នក ត្រូវបានការពារ ដោយវិធានការសន្តិសុខបច្ចេកវិទ្យាឈានមុខនៅក្នុងឧស្សាហកម្មទូទាត់។
តើវាដំណើរការយ៉ាងណា?
បន្ទាប់ពីការស្នើសុំបង្កើតកាត យើងនឹងបង្កើតលេខកូដ និងព័ត៌មានរបស់កាត ដែលអនុញ្ញាតឲ្យអ្នកធ្វើការបញ្ជារទិញ ឬ ទូទាត់តាមអនឡាញ ដោយមិនចាំបាច់បង្ហាញព័ត៌មានគណនី ឬព័ត៌មានលម្អិតរបស់កាតឡើយ។ អ្នកគ្រាន់តែកំណត់ចំនួនបញ្ជាទិញប្រចាំថ្ងៃរបស់អ្នក ជាការស្រេច!
របៀបបង្កើតកាតនិម្មិតតាមកម្មវិធី ABA Mobile
|
លក្ខខណ្ឌ និងថ្លៃសេវា
| លក្ខខណ្ឌអាចបើកកាត | សម្រាប់អ្នកប្រើកម្មវិធី ABA Mobile |
| រូបិយប័ណ្ណ | ដុល្លារ1 |
| ប្រភេទកាត | Mastercard, Visa ឬ UnionPay |
| ចំនួនកាតដែលអាចប្រើបាន | អ្នកប្រើ ABA Mobile ម្នាក់អាចបើកបានសរុប 5 កាត (គិតរួមបញ្ចូលគ្នារវា Mastercard, Visa និង UnionPay) |
| រយៈពេលប្រើប្រាស់ | 2 ឆ្នាំ |
| ថ្លៃបើកកាត | ការបើកកាតនឹងគិតថ្លៃ 3 ដុល្លារ សម្រាប់កាតទី 4 និងទី5 ប្រសិនបើ អ្នកប្រើប្រាស់ ឬអតិថិជន មានកាតកំពុងដំណើរការ លើសពី 3 កាតក្នុងពេលតែមួយ។ |
| ចំនួនកំណត់នៃកាតទិញប្រចាំថ្ងៃ2 | រហូតដល់ 5,000 ដុល្លារ ក្នុងមួយកាត |
| ចំនួនដែលអាចទិញបានប្រចាំថ្ងៃ2 | បានរហូតដល់ 30 ប្រតិបត្តិការ |
*ខ និងលក្ខខណ្ឌទាំងអស់ អាស្រ័យលើឆន្ទានុសិទ្ធិទាំងស្រុងរបស់ធនាគារ ABA ក្នុងការផ្លាស់ប្ដូរ ដោយមិនជម្រាបដំណឹងជាមុនដល់អតិថិជនឡើយ។
1 កាតនិម្មិតអាចភ្ជាប់ជាមួយគណនីដែលជារូបិយប័ណ្ណដុល្លារប៉ុណ្ណោះ រួមមានគណនីសន្សំ និងគណនីសន្សំតាមទូរស័ព្ទ, គណនីចរន្ដ, គណនី Junior និងគណនីជាច្រើនទៀត។
2 អ្នកអាចកំណត់ និងប្ដូរចំនួនកំណត់នៃកាតទិញប្រចាំថ្ងៃ និងចំនួនដែលអាចទិញបានប្រចាំថ្ងៃ បានគ្រប់ពេល។ អ្នកអាចបង្កក និងលែងបង្កកកាតនិម្មិត តាមតម្រូវការ នៅក្នុងកម្មវិធី ABA Mobile បានផងដែរ។
រាល់កម្រៃ និងថ្លៃសេវាទាំងអស់ដែលទូទាត់រួច មិនអាចប្រគល់ត្រលប់ទៅវិញបានទេ។ ធនាគារ ABA នឹងជូនដំណឹងអំពីការផ្លាស់ប្ដូរនានាដល់អ្នក តាមរយៈបណ្ដាញជូនដំណឹង និងទំនាក់ទំនងរបស់ ABA ដូចជាកម្មវិធី ABA Mobile ឬ iBanking។ល។
របៀបដោនឡូត ABA Mobile?
សូមចុចរូបភាពខាងក្រោម ដើម្បីទាញយកកម្មវិធី ABA Mobile ពី App store របស់ Apple Play Store របស់ Google ឬ Huawei AppGallery ។ បន្ទាប់ពីទាញយករួចហើយ គ្រាន់តែអនុវត្តតាមការណែនាំជាការស្រេច!
ខាងក្រោមនេះជាចំណុចសំខាន់ៗមួយចំនួនដែលជួយការពារអ្នក រាល់ពេលធ្វើការទូទាត់តាមអុីនធឺណិត៖
- ត្រូវប្រាកដដោយខ្លួនអ្នកថា អ្នកបានស្គាល់អ្នកជួញដូរតាមអុីនធឺណិត ហើយបានដឹងពីកេរ្តិ៍ឈ្មោះរបស់គេថាល្អត្រឹមត្រូវ មុនពេលបើកបង្ហាញព័ត៌មានលម្អិតនៃកាតរបស់អ្នក។ ដើម្បីការពារប្រាក់របស់អ្នក យើងសូមណែនាំឲ្យអ្នកទិញតែទំនិញពីហាងល្បីៗមានប្រភព និងពីពាណិជ្ជករដែលគួរទុកចិត្តបានប៉ុណ្ណោះ។
- មុនពេលដែលបញ្ចូលព័ត៌មានលម្អិត អំពីកាតរបស់អ្នកនៅលើអុីនធឺណិត អ្នកត្រូវប្រាកដថាអាសយដ្ឋានគេហទំព័រចាប់ផ្តើមដោយ (https://) មានន័យថារាល់ព័ត៌មានដែលបានបញ្ចូលត្រូវបានការពារដោយលេខកូដបិទ និង មិនអាចថតទុកដោយជនខិលខូច។
- សូមកុំធ្វើការឆ្លើយតបទៅអុីមែលណាដែលសុំឲ្យអ្នកបញ្ជាក់ព័ត៌មានកាតរបស់អ្នក ឬឈ្មោះប្រើប្រាស់ និងលេខសម្ងាត់ដែលអ្នកបានចុះឈ្មោះប្រើសេវាណាមួយតាមអនឡាញ។
- យើងសូមណែនាំឲ្យអ្នកទិញទំនិញនៅតាមហាងណា ដែលគេហទំព័ររបស់ហាងមានស្លាកសញ្ញា “Secure Code និង “3D-Secure ដែលចេញដោយ Mastercard។ ទាំងនេះជាប្រព័ន្ធទំនើបចុងក្រោយបំផុតដែលជួយការពារសុវត្ថិភាព រាល់ពេលផ្ទេរទិន្នន័យ និងទូទាត់នៅតាមអុីនធឺណិត។
សូមចងចាំថា ធនាគារ ABA មិនដែល ហើយនឹងមិនធ្វើការស្នើសុំ លេខ និង ព័ត៌មានពេញលេញអំពីកាត ឬលេខកូដសម្ងាត់របស់អ្នកឡើយ។
ខចែង និងលក្ខខណ្ឌ (តទៅនេះហៅកាត់ថា “ខចែង និងលក្ខខណ្ឌ”) ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងលើការប្រើប្រាស់កាតនិម្មិត ABA (តទៅនេះហៅថា “កាតនិម្មិត”) ដែលនឹងបានចេញជូនលោកអ្នកដោយធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (តទៅនេះហៅថា “ABA”) តាមការស្នើសុំរបស់លោកអ្នក។ ការទទួលយក និង/ឬ ប្រើប្រាស់កាតនិម្មិតនេះ មានន័យថា លោកអ្នកយល់ព្រមគោរពកាតព្វកិច្ចតាម ខចែង និងលក្ខខណ្ឌ ដែលមាននៅក្នុងឯកសារនេះ និងលក្ខខណ្ឌស្ដីពីការប្រើប្រាស់កាតឥណពន្ធ ABA ដូចបានកំណត់នៅក្នុងតំណរលីងនេះ។
ខចែង និងលក្ខខណ្ឌ ដែលមានចែងក្នុងឯកសារនេះគឺមិនតំណាងឱ្យ ខចែង និងលក្ខខណ្ឌទាំងអស់ នៃផលិតផល និងសេវាកម្មធនាគារដែលបានផ្ដល់ជូននោះទេ។ ប៉ុន្តែលក្ខខណ្ឌបន្ថែមអាចនឹងត្រូវអនុវត្តដោយច្បាប់ នឹងលក្ខខណ្ឌជាក់លាក់មួយចំនួន។ លោកអ្នក ត្រូវអានឯកសារនេះ រួមទាំង ខចែង និងលក្ខខណ្ឌទូទៅ ដែលគ្រប់គ្រងទៅលើការប្រើប្រាស់គណនី រួមជាមួយលក្ខណៈសម្បត្តិ សេវាកម្ម និងមុខងាររបស់គណនី ដូចមានកំណត់ក្នុងគេហទំព័រនេះ។
១. និយមន័យ
- “កាតនិម្មិត” សំដៅលើ កាតឥណពន្ធនិម្មិត Mastercard, Visa, ឬ UnionPay ដែលបើកជូនលោកអ្នកដោយ ABA ទៅតាមការស្នើសុំ និងលក្ខខណ្ឌពេញសិទ្ធិ ស្របតាមលក្ខខណ្ឌតម្រូវដែលកំណត់ដោយ ABA ដើម្បីផ្ដល់ជូនសេវាកម្មនេះ។
- “គណនី” មានន័យថា គណនីធនាគារ ដែលអាចជាគណនីសន្សំ គណនីចរន្ត ឬគណនីចរន្តផ្លឹស ដែលលោកអ្នកប្រើជាគណនីបង្គោលសម្រាប់កាតនិម្មិតរបស់លោកអ្នក និងជាគណនីដែលកត់ត្រារាល់ប្រតិបត្តិការរបស់លោកអ្នក។
- “អ្នក/លោកអ្នក” និង “របស់អ្នក/របស់លោកអ្នក” សំដៅលើ រូបវ័ន្តបុគ្គល ឬនីតិបុគ្គលដែលទទួលបានកាតនិម្មិត ហើយជាអ្នកដែលទទួលបានសិទ្ធិប្រើប្រាស់កាតនិម្មិតដូចមានចែងក្នុងឯកសារនេះ។
- “យើង/យើងខ្ញុំ” និង “របស់យើង/របស់យើងខ្ញុំ” សំដៅលើ ធនាគារ ABA, អ្នកបន្ដ, អ្នកទទួលចែកចាយ, ឬអ្នកដែលត្រូវបានចាត់តាំងឱ្យទទួលខុស ត្រូវ។
២. កាតនិម្មិតរបស់លោកអ្នក
កាតនិម្មិត គឺជាប្រភេទកាតដាក់ប្រាក់មុន(សមតុល្យផ្ទាល់ខ្លួន) ហើយជាកាតដែលអាចបញ្ចូលប្រាក់បន្ថែមបាន។ លោកអ្នកអាចកំណត់សមតុល្យនៃកាតនិម្មិតដែលផ្ដល់ជូនដោយ ABA។
៣. ថ្លៃសេវា និងកម្រៃ សម្រាប់កាតនិម្មិត
កាតនិម្មិតនេះ មិនមែនជាកាតកាដូ (gift card) ហើយក៏មិនអាចប្រើក្នុងកម្មវត្ថុធ្វើជាអំណោយបានដែរ។ លោកអ្នកនឹងមិនទទួលបានការប្រាក់ណាមួយពីសមតុល្យទឹកប្រាក់ដែលមាននៅក្នុងកាតនេះឡើយ។ តាមរយៈការប្រើប្រាស់កាតនិម្មិត លោកអ្នកយល់ព្រមចងកាតព្វកិច្ចតាមខចែង និងលក្ខខណ្ឌនេះ និងទូទាត់ថ្លៃសេវា បន្ទុកនិងកម្រៃផ្សេងៗ ដូចមានបញ្ជាក់ខាងក្រោម៖
- សេវាបើកកាត៖ ឥតគិតថ្លៃ
- ថ្លៃសេវា បន្ទុកនិងកម្រៃផ្សេងៗ ដែលបានទូទាត់រួច មិនអាចសងត្រឡប់វិញឡើយ។
- ថ្លៃសេវា បន្ទុកនិងកម្រៃផ្សេងៗ អាចនឹងត្រូវផ្លាស់ប្ដូរម្ដងម្កាល ក្នុងពេលបន្តបន្ទាប់មកទៀត។ ABA នឹងផ្ដល់ព័ត៌មានជុំវិញការផ្លាស់ប្ដូរតម្លៃសេវា បន្ទុកនិងកម្រៃផ្សេងៗដល់លោកអ្នក អំឡុងពេលលោកអ្នកធ្វើការបើកកាតនិម្មិតតាមរយៈបណ្ដាញ ឬឆានែល (Channels) របស់ ABA ដូចជាកម្មវិធី ABA Mobile ជាដើម។
- លោកអ្នកយល់ព្រមបង់ថ្លៃសេវាផ្សេងៗដែលពាក់ព័ន្ធជាមួយកាតនិម្មិតនេះ។
- លោកអ្នកទទួលយល់ព្រមថា យើងខ្ញុំអាចនឹងធ្វើការកែប្រែថ្លៃសេវា បន្ទុកនិងកម្រៃផ្សេងៗខាងលើជាបន្តបន្ទាប់ពាក់ព័ន្ធនឹងកាតនិម្មិត ស្របតាមឆន្ទានុសិទ្ធិទាំងស្រុងរបស់យើងខ្ញុំ។ លោកអ្នកយល់ព្រមថា កម្រៃសេវាទាំងនោះ អាចនឹងត្រូវកាត់ចេញពីគណនីរបស់លោកអ្នក។
៤. ការប្រើប្រាស់កាតនិម្មិត
ប្រសិនបើលោកអ្នកអនុញ្ញាតឱ្យបុគ្គលផ្សេងប្រើកាតនិម្មិតរបស់លោកអ្នក នោះលោកអ្នកត្រូវទទួលខុសត្រូវលើរាល់ប្រតិបត្តិការដែលធ្វើឡើងតាមរយៈកាតនិម្មិត, លេខកាត ឬលេខគណនី ក៏ដូចជាកម្រៃ និងបន្ទុកផ្សេងៗដែលអាចកើតមានក្រោមហេតុផលទាំងនោះ។ លោកអ្នកនឹងត្រូវទទួលខុសត្រូវទាំងស្រុងលើការប្រើប្រាស់លេខកាតនិម្មិតនីមួយៗ យោងទៅតាម ខចែង និងលក្ខខណ្ឌ។
លោកអ្នកអាចប្រើកាតនិម្មិត តាមដែលអាចប្រើប្រាស់បាន ដើម្បីទិញទំនិញ ឬសេវាកម្មផ្សេងៗដែលអាចប្រើប្រាស់កាតនេះបាន ដរាបណាទឹកប្រាក់ប្រតិបត្តិការនោះមិនលើសចំនួនសមតុល្យដែលមានជាក់ស្ដែងនៅក្នុងគណនី និង/ឬចំនួនកំណត់ដោយកាត ឬចំនួនកំណត់ដោយលោកអ្នកផ្ទាល់។ លោកអ្នកត្រូវជ្រាបថា កន្លែងផ្គត់ផ្គង់សេវានិងផលិតផលខ្លះដូចជា ក្រុមហ៊ុនអាកាសចរណ៍, រោងភាពយន្ត, សណ្ឋាគារ ឬអ្នកផ្គត់ផ្គង់សេវា ឬផលិតផលដទៃទៀត អាចនឹងតម្រូវឱ្យលោកអ្នកបង្ហាញកាតរូបវន្ត(កាតប្លាស្ទិក) ដើម្បីបញ្ជាក់ការទូទាត់ ហើយពាណិជ្ជករទាំងនោះអាចនឹងមិនទទួលយកការទូទាត់តាមរយៈកាតនិម្មិតឡើយ។ ហេតុដូច្នេះ លោកអ្នកត្រូវអាន ខចែង និងលក្ខខណ្ឌរបស់អ្នកផ្គត់ផ្គង់សេវានិងផលិតផលទាំងនោះជាមុនសិន មុនពេលលោកអ្នកធ្វើការទិញផលិតផល/សេវានោះ។ ABA មិនទទួលខុសត្រូវឡើយ ក្នុងករណីដែលពាណិជ្ជករ ឬក្រុមហ៊ុនផ្គត់ផ្គង់សេវានិងផលិតផលទាំងនោះ បដិសេធមិនទទួលយកការទូទាត់តាមកាតនិម្មិតរបស់លោកអ្នក។
លោកអ្នកយល់ព្រមបន្ថែមទៀតថា លោកអ្នកនឹងមិនប្រើប្រាស់កាតនិម្មិតនេះសម្រាប់ប្រតិបត្តិការខុសច្បាប់នានា ដូចជាសកម្មភាពអាសអាភាស, ល្បែងស៊ីសង, ឬសកម្មភាពណាមួយផ្សេងទៀតដែលធនាគារ ABA ចាត់ទុកថា ខុសច្បាប់ឬ មិនអាចទទួលយកបាន។
៥. ការកំណត់កាតនិម្មិត
ABA អាចធ្វើការកំណត់កម្រិតផ្សេងៗ ដើម្បីការពារ និងធានាសុវត្ថិភាពក្នុងការប្រើប្រាស់កាតនិម្មិត។ តាមឆន្ទានុសិទ្ធិរបស់យើងខ្ញុំ ទម្រង់នៃការកំណត់ខ្លះត្រូវបានផ្ដល់ជូនលោកអ្នក ដើម្បីកំណត់គោលបំណងនៃការប្រើប្រាស់។ ស្ដង់ដារនៃការកំណត់មួយចំនួន រួមមានជាអាទិ៍
- ចំនួនកាតនិម្មិតសកម្ម ត្រូវបានកម្រិតឱ្យបង្កើតបានរហូតដល់ ៥ កាត ដែលគិតរួមបញ្ចូលគ្នាទាំងកាត Mastercard, Visa, និង UnionPay ទោះកាតនោះបង្កើតតាមឆានែលណាមួយក៏ដោយ។
- កម្រិតទឹកប្រាក់កំណត់សម្រាប់ការទិញប្រចាំថ្ងៃ ចំពោះកាតនិម្មិតនីមួយៗ គឺចន្លោះពី ៥,០០ ដុល្លារអាមេរិក ដល់ ៥.០០០,០០ ដុល្លារអាមេរិកក្នុងមួយថ្ងៃ។ លោកអ្នកអាចកំណត់ និងផ្លាស់ប្ដូរបានគ្រប់ពេល នូវកម្រិតកំណត់នៃការទិញនៅក្នុងខ្ទង់ណាមួយ ដែលស្ថិតនៅចន្លោះចំនួនខាងលើ។
- ដែនកំណត់ចំនួនដងការទិញប្រចាំថ្ងៃ ចំពោះកាតនិម្មិតនីមួយៗ គឺចន្លោះពី ១ ដងទៅ ៣០ ដងក្នុងមួយថ្ងៃ។ លោកអ្នកអាចកំណត់ និងផ្លាស់ប្ដូរបានគ្រប់ពេល នូវកម្រិតកំណត់នៃការទិញនៅក្នុងខ្ទង់ណាមួយ ដែលស្ថិតនៅចន្លោះចំនួនខាងលើ។
- លោកអ្នកអាចបង្កក និងបើកដំណើរការកាតវិញបានគ្រប់ពេលវេលាតាមតម្រូវការ។
- កាតនិម្មិតនីមួយៗ នឹងមានសុពលភាពរយៈពេល ២ ឆ្នាំ។
៦. ការកាត់ទុក
លោកអ្នកមិនមានសិទ្ធិក្នុងការបញ្ឈប់ការទូទាត់លើរាល់ប្រតិបត្តិការណាមួយដែលធ្វើឡើងតាមរយៈកាតនិម្មិតនោះឡើយ បន្ទាប់ពីប្រតិបត្តិការនោះត្រូវបានអនុញ្ញាត ឬបញ្ជាក់ពីលោកអ្នករួច។ នៅពេលលោកអ្នកប្រើកាតនិម្មិតដើម្បីទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ យើងខ្ញុំនឹងកាត់ទុកចំនួនទឹកប្រាក់នៅក្នុងគណនីរបស់លោកអ្នកដើម្បីធ្វើការទូទាត់។ ទឹកប្រាក់ដែលកាត់ទុក នឹងមិនអាចប្រើប្រាស់សម្រាប់គោលបំណងផ្សេងណាមួយឡើយ រហូតដល់ប្រតិបត្តិការនោះត្រូវបានទូទាត់បញ្ចប់រួចរាល់។ យើងខ្ញុំនឹងកាត់ទឹកប្រាក់ចេញពីគណនីណាមួយរបស់លោកអ្នក នៅពេលមានសំណើទូទាត់ពីភាគីធនាគារទទួល បើទោះបីជាកាតនិម្មិតរបស់លោកអ្នកបានផុតសុពលភាពក៏ដោយ។
៧. ការប្រគល់ប្រាក់ត្រឡប់វិញ និងការសងប្រាក់វិញ
ប្រសិនបើលោកអ្នកត្រូវទទួលសំណងជាទឹកប្រាក់ត្រឡប់មកវិញ ចំពោះការទិញទំនិញ ឬសេវាកម្ម ដែលបានទូទាត់តាមរយៈកាតនិម្មិត នោះលោកអ្នកយល់ព្រមឱ្យបង្វិលប្រាក់សំណងនោះចូលទៅក្នុងគណនីភ្ជាប់កាតនិម្មិតនោះ។ លោកអ្នកនឹងមិនអាចទទួលសំណងនេះបានឡើយ ប្រសិនបើគណនីរបស់លោកអ្នកត្រូវបានបិទ។
៨. ការប្រើប្រាស់កាតនិម្មិត និងការកំណត់
យើងខ្ញុំរក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់យើងខ្ញុំ ក្នុងការកម្រិតការប្រើប្រាស់កាតនិម្មិតរបស់លោកអ្នក រួមមានជាអាទិ៍ ការកម្រិត ឬការហាមឃាត់លើប្រភេទជាក់លាក់នៃប្រតិបត្តិការ។ យើងខ្ញុំអាចបដិសេធមិនចេញកាតជូន ឬលុបកាតនិម្មិតរបស់លោកអ្នក ដោយមាន ឬមិនមានជូនដំណឹងជាមុន។ លោកអ្នកយល់ព្រមថា លោកអ្នកនឹងមិនប្រើប្រាស់ ឬអនុញ្ញាតឱ្យអ្នកដទៃ ប្រើកាតឡើយ ចំពោះកាតដែលផុតសុពលភាព, ដកហូត, លុបចោល, បង្កក, ឬកាតនិម្មិតមិនត្រឹមត្រូវ។ មិនមែនគ្រប់សេវាកម្មដែលមានបញ្ជាក់នៅក្នុងឯកសារនេះ សុទ្ធតែអាចប្រើប្រាស់សម្រាប់គ្រប់អតិថិជន ឬគ្រប់បណ្ដាញនោះទេ។ យើងខ្ញុំរក្សាសិទ្ធិតាមឆន្ទានុសិទ្ធិរបស់យើងខ្ញុំក្នុងការកំណត់ការផ្ដល់សេវាកម្មណាមួយ ទៅកាន់អ្នកណាម្នាក់ ឬនៅក្នុងបណ្ដាញ ឬឆានែល (Channels)ណាមួយ។ ការផ្ដល់សេវាណាមួយនៅក្នុងឯកសារនេះ អាស្រ័យទៅតាមច្បាប់អនុញ្ញាតនៃទីតាំង ប្រទេស និងតំបន់នីមួយៗ – ករណីដែលសេវាជាក់លាក់ ត្រូវបានហាមឃាត់ក្នុងទីតាំង ប្រទេស តំបន់ណាមួយ សេវានោះ ត្រូវចាត់ទុកថាមិនមាន។ យើងខ្ញុំអាចលើកលែង ឬអនុគ្រោះ ឬពន្យារពេលក្នុងការអនុវត្តសិទ្ធិណាមួយរបស់យើងខ្ញុំក្រោមខចែង និងលក្ខខណ្ឌនេះ ដោយមិនប៉ះពាល់ ឬបាត់បង់សិទ្ធិទាំងនោះឡើយ។
៩. កម្រៃសេវាសម្រាប់ប្រតិបត្តិការអន្តរជាតិ និងការប្ដូររូបិយប័ណ្ណ
ប្រសិនបើលោកអ្នកធ្វើប្រតិបត្តិការជារូបិយប័ណ្ណផ្សេង ឬក្នុងប្រទេសផ្សេង ក្រៅពីរូបិយប័ណ្ណ ឬប្រទេសដែលលោកអ្នកបានបើកកាត នោះចំនួនទឹកប្រាក់ដែលត្រូវកាត់ចេញពីសមតុល្យគណនីរបស់លោកអ្នក នឹងត្រូវប្ដូរដោយក្រុមហ៊ុនកាតទូទាត់ (ដូចជា Visa, UnionPay, Mastercard) ទៅជាចំនួនតាមរូបិយប័ណ្ណនៃកាតនិម្មិតរបស់លោកអ្នក។ ក្រុមហ៊ុន Visa, UnionPay ឬ Mastercard U.S.A. Inc. នឹងបង្កើតអត្រាប្ដូររូបិយប័ណ្ណជាស្រេច ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់នូវអត្រាដែលត្រូវបានជ្រើសរើសដោយ Visa, UnionPay ឬ Mastercard U.S.A. Inc. ពីបណ្ដាអត្រាដែលមាននៅក្នុងទីផ្សាររូបិយប័ណ្ណ សម្រាប់កាលបរិច្ឆេទដំណើរការដែលអាចអនុវត្តបាន ដែលអាចខុសគ្នាពីអត្រាដែល Visa, UnionPay ឬ Mastercard U.S.A. Inc ទទួលបាន ឬអត្រាកំណត់របស់រដ្ឋាភិបាលសម្រាប់កាលបរិច្ចេទដែលអាចអនុវត្តបាន។ ក្នុងករណីនីមួយៗ ប្រសិនបើលោកអ្នកទទួលបានទឹកប្រាក់ជារូបិយប័ណ្ណផ្សេង ឬនៅប្រទេសផ្សេង ក្រៅពីរូបិយប័ណ្ណ ឬប្រទេសដែលលោកអ្នកបានបើកកាត យើងខ្ញុំនឹងបង្កើនអត្រាប្ដូររូបិយប័ណ្ណពីលើចំនួនប្រតិបត្តិការ ហើយនឹងរក្សាចំនួននេះជាការទូទាត់ថ្លៃសេវាកម្មរបស់យើងខ្ញុំ។ ការទូទាត់នេះ គឺជាបន្ទុកទូទាត់ដោយឡែក និងបន្ថែមលើអត្រាប្ដូររូបិយប័ណ្ណ ដែលបង្កើតឡើងដោយ Visa, UnionPay និង Mastercard U.S.A. Inc។
១០. វិក្កយបត្រ
លោកអ្នកគួរយក ឬសុំវិក្កយបត្ររាល់ពេលលោកអ្នកធ្វើប្រតិបត្តិការ។ លោកអ្នកយល់ព្រម រក្សាទុកវិក្កយបត្រដើម្បីធ្វើការផ្ទៀងផ្ទាត់ប្រតិបត្តិការរបស់លោកអ្នក។ បន្ថែមលើនេះទៀត លោកអ្នកអាចផ្ទៀងផ្ទាត់ប្រតិបត្តិការនៅក្នុង ប្រវត្តិប្រតិបត្តិការ និងរបាយការណ៍គណនី ជាមួយវិក្កយបត្រដែលលោកអ្នកបានទិញ។ លោកអ្នកយល់ព្រម ពិនិត្យមើល និងជូនដំណឹងដល់យើងខ្ញុំអំពីកំហុសឆ្គង, ភាពមិនប្រក្រតី, ភាពមិនស្របគ្នា, ការតវ៉ា ឬការកាត់ទឹកប្រាក់ ឬអ្វីផ្សេងៗដោយគ្មានការអនុញ្ញាតពីលោកអ្នក ទោះបីជាបានធ្វើឡើង, ដំណើរការ ឬទូទាត់ ដោយសារការខុសច្បាប់, ការបន្លំ, ឬខ្វះការអនុញ្ញាតគ្រប់គ្រាន់, ការធ្វេសប្រហែស ឬធ្វើឡើងដោយបុគ្គលណាមួយក៏ដោយ។
លោកអ្នកយល់ព្រមបន្ថែមថា ប្រសិនបើលោកអ្នកមិនបានជូនដំណឹងដល់យើងខ្ញុំជាលាយលក្ខណ៍អក្សរអំពីកំហុសឆ្គង, ភាពមិនប្រក្រតី, ភាពមិនស្របគ្នា, ការតវ៉ា ឬការកាត់ទឹកប្រាក់ ឬអ្វីផ្សេងៗដោយគ្មានការអនុញ្ញាតនៅក្នុងវិក្កយបត្រ ក្នុងរយៈពេលម្ភៃមួយ (21)ថ្ងៃ គិតចាប់ពីថ្ងៃនៃការចេញវិក្កយបត្រ និងការជូនដំណឹង នោះគណនី ឬកំណត់ត្រារបស់ធនាគារ ត្រូវចាត់ទុកជាភស្តុតាងនៃប្រតិបត្តិការ និងសមតុល្យក្នុងគណនី ហើយត្រូវបានចាត់ទុកថា លោកអ្នកបានទទួលយល់ព្រមលើកំណត់ត្រាទាំងអស់នោះ។
១១. ការទទួលបានព័ត៌មានសមតុល្យ និងប្រតិបត្តិការសម្រាប់កាតនិម្មិតរបស់លោកអ្នក
លោកអ្នកគួរតាមដានចំនួនទឹកប្រាក់ដែលមាននៅក្នុងគណនីរបស់លោកអ្នក។ លោកអ្នកអាចនឹងទទួលបានព័ត៌មានអំពីចំនួនទឹកប្រាក់ដែលនៅសល់ក្នុងគណនីរបស់លោកអ្នក តាមរយៈការចូលប្រើប្រាស់កម្មវិធី ABA Mobile ឬបណ្ដាញឌីជីថលណាមួយរបស់ ABA។
១២. ការរក្សាការសម្ងាត់ និងការបង្ហាញព័ត៌មាន
អ្នកយល់ព្រម និងអនុញ្ញាតថាយើងខ្ញុំអាចនឹងផ្ដល់ ឬបង្ហាញដល់ភាគីទីបី នូវព័ត៌មានអំពីកាតនិម្មិតរបស់លោកអ្នក ឬប្រតិបត្តិការដែលលោកអ្នកបានធ្វើឡើងដោយប្រើប្រាស់កាតនិម្មិតរបស់លោកអ្នក ចំពោះករណី (1) ពេលចាំបាច់សម្រាប់បំពេញបញ្ចប់ប្រតិបត្តិការ (2) ដើម្បីផ្ទៀងផ្ទាត់ជាមួយអត្ថភាព និងលក្ខខណ្ឌនៃកាតនិម្មិតរបស់លោកអ្នកសម្រាប់ភាគីទីបី ដូចជាពាណិជ្ជករជាដើម (3) ដើម្បីអនុលោមតាមភ្នាក់ងាររដ្ឋាភិបាល, សាលដីកាតុលាការ ឬតម្រូវការរាយការណ៍ផ្នែកច្បាប់ផ្សេងៗ (4) លោកអ្នកផ្ដល់ការអនុញ្ញាតជាលាយលក្ខណ៍អក្សរដល់យើងខ្ញុំ (5) ចំពោះនិយោជិត, សវនករ, ដៃគូចែកចាយ, ក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់សេវា ឬមេធាវីតាមតម្រូវការ។
១៣. ការទទួលខុសត្រូវរបស់យើងខ្ញុំចំពោះប្រតិបត្តិការមិនបានសម្រេច
ក្នុងករណីណាក៏ដោយ យើងខ្ញុំមិនទទួលខុសត្រូវដាច់ខាត ចំពោះផលវិបាកដែលបណ្ដាលឱ្យមានការខាតបង់ (រួមទាំងការខាតបង់ប្រាក់ចំណេញ), ការខូចខាតធ្ងន់ធ្ងរ, ការខូចខាតក្នុងលក្ខខណ្ឌពិសេស ឬទណ្ឌកម្មណាមួយឡើយ។ យើងខ្ញុំនឹងមិនទទួលខុសត្រូវក្នុងករណីដូចជា
(1) មិនមែនជាកំហុសរបស់យើងខ្ញុំ ដោយសារលោកអ្នកមិនមានសមតុល្យគ្រប់គ្រាន់នៅក្នុងគណនីដើម្បីបំពេញបញ្ចប់ប្រតិបត្តិការ
(2) អាជីវករ/អ្នកលក់ មិនទទួលយកការទូទាត់តាមកាតនិម្មិត ឬមិនផ្ដល់ជាសាច់ប្រាក់
(3) ប្រសិនបើម៉ាស៊ីនទូទាត់ មិនដំណើរការត្រឹមត្រូវ ហើយលោកអ្នកក៏បានដឹងអំពីបញ្ហានេះ មុនពេលធ្វើប្រតិបត្តិការ
(4) ប្រសិនបើកាតរបស់លោកអ្នកត្រូវបានបិទ បន្ទាប់ពីលោកអ្នកបានរាយការណ៍ពីការបាត់ ឬត្រូវគេលួចកាតនិម្មិត ឬលេខសម្ងាត់
(5) ប្រសិនបើមានការបង្កកទឹកប្រាក់ទុក ឬមូលនិធិរបស់លោកអ្នក ស្ថិតក្រោមចំណាត់ការផ្លូវច្បាប់ ឬការរឹតត្បិតលើការប្រើប្រាស់ផ្សេងៗ
(6) ប្រសិនបើយើងខ្ញុំមានហេតុផលដែលអាចសន្មតបានថា សំណើប្រតិបត្តិការនោះ ត្រូវធ្វើឡើងដោយគ្មានការអនុញ្ញាតពីលោកអ្នក
(7) កាលៈទេសៈនានាដែលកើតឡើងហួសពីសមត្ថភាពគ្រប់គ្រងរបស់យើងខ្ញុំ (ដូចជាគ្រោះអគ្គិភ័យ, ទឹកជំនន់, កុំព្យូទ័រ ឬមធ្យោបាយទំនាក់ទំនងមិនដំណើរការ ឬព្រឹត្តិការណ៍នៃប្រធានស័ក្ដិផ្សេងទៀត) ដែលរារាំងមិនឱ្យប្រតិបត្តិការបំពេញបញ្ចប់ដោយជោគជ័យ ទោះបីជាយើងខ្ញុំបានអនុវត្តវិធានការប្រុងប្រយ័ត្នយ៉ាងសមស្របរួចហើយ ឬ
(8) ករណីលើកលែងផ្សេងទៀតដែលបានកំណត់ក្នុងខចែង និងលក្ខខណ្ឌ របស់ផលិតផល និងសេវាកម្មធនាគារផ្សេងទៀត ដែលទទួលយកដោយលោកអ្នក។
១៤. ទំនួលខុសត្រូវរបស់លោកអ្នកចំពោះប្រតិបត្តិការគ្មានការអនុញ្ញាត
លោកអ្នកយល់ព្រមគ្រប់គ្រងកាតនិម្មិត និងលេខសម្ងាត់ (PIN) ឱ្យបានត្រឹមត្រូវ ក្នុងការចូលប្រើប្រាស់សេវាឌីជីថល ដូចជាកម្មវិធី ABA Mobile និង IBB/MBB។ល។ ដែលក្នុងនោះមាន OTP(One Time Passcode), ឈ្មោះប្រើ (Username), ពាក្យសម្ងាត់(password) និងកូដចូលប្រើប្រាស់ផ្សេងៗទៀតពាក់ព័ន្ធនឹងគណនីរបស់លោកអ្នកតាមបណ្ដាញឌីជីថល។ សូមជូនដំណឹងមកដល់យើងខ្ញុំភ្លាមៗ ប្រសិនបើលោកអ្នកជឿជាក់ថា កាតនិម្មិតរបស់លោកអ្នក និង/ឬ OTP ត្រូវបានគេលួច ឬបាត់។
ដូចគ្នានេះដែរ ប្រសិនបើប្រវត្តិប្រតិបត្តិការរបស់លោកអ្នក បង្ហាញប្រតិបត្តិការដែលលោកអ្នកជឿថា ខ្លួនមិនបានធ្វើ រួមទាំងប្រតិបត្តិការដែលធ្វើឡើងជាមួយលេខកាត ឬលេខគណនីរបស់លោកអ្នក ឬលោកអ្នកជឿជាក់ថា មានប្រតិបត្តិការខ្លះធ្វើឡើងដោយមិនមានការអនុញ្ញាតពីលោកអ្នក សូមជូនដំណឹងមកយើងខ្ញុំជាបន្ទាន់ ឬផ្អាកដំណើរការកាតរបស់លោកអ្នកភ្លាមៗតែម្ដង។
លោកអ្នកត្រូវទទួលខុសត្រូវលើរាល់ប្រតិបត្តិការនានាដែលបង្ហាញក្នុងគណនីភ្ជាប់កាតនិម្មិតរបស់លោកអ្នក។ លោកអ្នកត្រូវទទួលខុសត្រូវទាំងស្រុងក្នុងការរក្សាព័ត៌មានគណនីរបស់លោកអ្នកឱ្យនៅសម្ងាត់ជានិច្ច ដែលព័ត៌មានទាំងនោះ រួមមានជាអាទិ៍ ដូចជាឈ្មោះប្រើ (Username), លេខសម្ងាត់, លេខកាត, ថ្ងៃផុតសុពលភាព, លេខ OTP ជាដើម ដោយត្រូវរក្សាទុកយ៉ាងសុវត្ថិភាពបំផុត។
១៥. ការកែប្រែ និងការលុបចោល
ABA អាចធ្វើវិសោធនកម្មខចែង និងលក្ខខណ្ឌទាំងនេះនៅពេលណាមួយ តាមការយល់ឃើញសមស្រប ហើយនឹងចេញផ្សាយអំពីការកែប្រែទាំងនោះនៅលើគេហទំព័ររបស់ខ្លួន។ រាល់ការកែប្រែណាមួយនៅក្នុងខចែង និងលក្ខខណ្ឌ នឹងចូលជាធរមានមិនតិចជាង ៣០ ថ្ងៃ បន្ទាប់ពីការចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួន។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើការផ្លាស់ប្តូរត្រូវបានធ្វើឡើងក្នុងគោលបំណងសុវត្ថិភាព យើងអាចអនុវត្តការផ្លាស់ប្តូរបែបនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។ យើងអាចលុបចោល ឬផ្អាកដំណើរការកាតរបស់អ្នក ឬខចែង និងលក្ខខណ្ឌនេះនៅពេលណាក៏បាន។
១៦. មិនមានការធានាចំពោះផលិតផល និងសេវាកម្ម
យើងខ្ញុំមិនទទួលខុសត្រូវលើគុណភាព, សុវត្ថិភាព, ភាពស្របច្បាប់ ឬអត្ថប្រយោជន៍ផ្សេងទៀតនៃផលិតផល ឬសេវាកម្មដែលលោកអ្នកបានបញ្ជាទិញដោយប្រើប្រាស់កាតនិម្មិតរបស់លោកអ្នកឡើយ។ លោកអ្នកត្រូវទទួលខុសត្រូវក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់ជាមួយអ្នកលក់/អាជីវករ ដើម្បីធានាថា លោកអ្នកទទួលបានផលិតផល និងសេវាកម្ម ត្រឹមត្រូវតាម ខចែង និងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទិញលក់ជាមួយអ្នកលក់។
១៧. សំណងការខូចខាត
លោកអ្នកត្រូវទទួលខុសត្រូវសងសំណងការខូចខាត ការពារសិទ្ធិ និងមិនធ្វើឱ្យប៉ះពាល់ដល់ធនាគារ ដែលរួមមាន បុគ្គលិក ធនាគារ នាយកសាខា និងបុគ្គលផ្សេងៗ ក្រោមបង្គាប់ធនាគារ ចំពោះរាល់ការបាត់បង់ រាល់ការទទួលខុសត្រូវ រាល់ការចំណាយ ឬ រាល់បណ្តឹងទាំងឡាយ ដែលកើតឡើងចេញពីទង្វើរបស់អ្នក ឬតតិយជនណាម្នាក់។
១៨. ច្បាប់គ្រប់គ្រង និងដំណោះស្រាយវិវាទ
ខចែង និងលក្ខខណ្ឌនេះ ត្រូវបានគ្រប់គ្រងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយស្ថិតនៅក្រោមបទប្បញ្ញត្តិ និងគោលការណ៍ណែនាំនានា ដែលចេញដោយធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត។ វិវាទណាមួយដែលកើតចេញពីការបកស្រាយ ឬការអនុវត្ត ខចែង និងលក្ខខណ្ឌនេះ ត្រូវដោះស្រាយជាដំបូងតាមរយៈការចរចា ការផ្សះផ្សា ឬតាមរយៈការសម្រុះសម្រួលប្រកបដោយសន្ដិវិធី។ ប្រសិនបើមិនអាចដោះស្រាយបាននោះទេ ករណីវិវាទនេះនឹងត្រូវបញ្ជូនបន្ដទៅកាន់តុលាការមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។
១៩. ភាសា និងការបកស្រាយ
ខចែង និងលក្ខខណ្ឌនេះត្រូវបានធ្វើឡើងជាភាសាខ្មែរ និងភាសាអង់គ្លេស ដែលមានអានុភាពគតិយុត្តិស្មើគ្នា។ ក្នុងករណីដែល មានភាពមិនស៊ីសង្វាក់គ្នារវាងភាសាទាំងពីរ ភាសាខ្មែរមានឧត្តមានុភាព។
២០. ក្នុងករណីមានកំហុសឆ្គង ឬចម្ងល់/សំណួរនានាអំពីកាតនិម្មិត និងគណនីភ្ជាប់កាត
លោកអ្នកត្រូវទាក់ទងមកផ្នែកបម្រើសេវាអតិថិជនរបស់យើងខ្ញុំ តាមរយៈលេខ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ)/ (+855) 98 203 333 ឱ្យបានឆាប់បំផុត ប្រសិនបើលោកអ្នកយល់ថា មានកំហុសឆ្គងកើតឡើងនៅក្នុងគណនីភ្ជាប់កាតនិម្មិតរបស់លោកអ្នក។
២១. បាត់កាត ឬកាតត្រូវគេលួច/ ការផ្ទេរប្រាក់ដោយគ្មានការអនុញ្ញាតពីលោកអ្នក
ប្រសិនបើលោកអ្នកជឿជាក់ថា ព័ត៌មានកាតនិម្មិតរបស់លោកអ្នកត្រូវបានគេលួច សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខទូរស័ព្ទ1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ)/ (+855) 98 203 333 ឬលោកអ្នកអាចផ្អាកកាតនិម្មិតរបស់លោកអ្នកភ្លាមៗតាមកម្មវិធី ABA Mobile។
លក្ខខណ្ឌទូទៅ លក្ខខណ្ឌសម្រាប់ធនាគារអនឡាញ និង លក្ខខណ្ឌប្រើប្រាស់ ABA Mobile ត្រូវអនុវត្ត។ ដើម្បីអានឯកសារ PDF នេះ អ្នកត្រូវតែមានកម្មវិធី Adobe Reader។

