វិធីទូទាត់
ធនាគារ ABA ត្រៀមលក្ខណៈរួចជាស្រេចដើម្បីជួយដល់ក្រុមហ៊ុនរបស់អ្នកនៅក្នុងវិធីទូទាត់ប្រាក់ណាមួយខាងក្រោម ព្រមទាំងដាក់វិធីបញ្ចូលគ្នាទាំងនេះស្របតាមរចនាសម្ព័ន្ធប្រតិបត្តិការ និងលក្ខខណ្ឌតម្រូវ បុគ្គលរបស់អ្នកផងដែរ។
ទំនាក់ទំនង
ប្រសិនបើលោកអ្នកមានចម្ងល់ ឬត្រូវការប្រឹក្សាពាក់ព័ន្ធនឹង ហិរញ្ញប្បទានពាណិជ្ជកម្ម សូមទាក់ទងមកក្រុមការងារប្រតិបត្តិការអន្តរជាតិ ABA តាមរយៈ tf@។ ababank.com
ការទូទាត់ជាមុន
អ្នកទិញត្រូវធ្វើការទូទាត់ប្រាក់មុនពេលធ្វើការទទួលទំនិញឬទទួលសេវាកម្ម។ វិធីនេះត្រូវបានប្រើប្រាស់ នៅពេលដែលភាពគួរទទួលបានឥណទានរបស់អ្នកទិញ មានភាពមិនច្បាស់លាស់ ឬក្នុងករណីដែល ស្ថានភាពនយោបាយ និង/ឬសេដ្ឋកិច្ចមិនមាននឹងនរនៅក្នុងប្រទេសរបស់អ្នកទិញ។
ការទូទាត់ជាមុន គឺជាវិធីសមស្របបំផុតសម្រាប់អ្នកលក់ ប៉ុន្តែមានហានិភ័យយ៉ាងខ្លាំងចំពោះអ្នកទិញ ដោយសារ៖
- មូលធនរបស់អ្នកទិញត្រូវបានចង មុនពេលទទួលបានទំនិញ ឬសេវា
- មានហានិភ័យដែលអ្នកលក់នឹងមិនប្រគល់ទំនិញ ឬទំនិញនឹងមិនត្រូវនឹងបញ្ជាទិញ ខូចខាត ឬ ប្រគល់យឺត
គណនីចំហ
អ្នកលក់ដឹកជញ្ជូនទំនិញទៅឲ្យអ្នកទិញមុនពេលធ្វើការទូទាត់។ ក្រោយពេលដឹកជញ្ជូនអ្នកលក់ត្រូវចេញវិក្កយបត្រ ហើយរង់ចាំធ្វើការទូទាត់។វិធីនេះត្រូវបានប្រើប្រាស់នៅពេលអ្នកទិញស្គាល់ច្បាស់ពីអ្នកលក់ ឬអ្នកទិញគឺជាក្រុមហ៊ុនធំ ឬប្រសិនបើ អ្នកលក់ និងអ្នកទិញសហការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ។
គណនីចំហគឺជាវិធីដ៏សមស្របបំផុតសម្រាប់អ្នកទិញ ប៉ុន្តែមានហានិភ័យចំពោះអ្នកលក់ ដោយសារ៖
- អ្នកលក់ផ្ទេរកម្មសិទ្ធិទំនិញដល់អ្នកទិញមុនពេលទទួលបានការទូទាត់ណាមួយ។
- មានហានិភ័យថាអ្នកទិញនឹងមិនទូទាត់ ឬទូទាត់យឺតយ៉ាវ ឬដោយសារហេតុផលណាមួយ មិនទទួលយកទំនិញ។
ការប្រមូលឯកសារ
ការប្រមូលឯកសារ គឺជាចលនាឯកសារ (ហិរញ្ញវត្ថុ និង/ឬពាណិជ្ជកម្ម) រវាងធនាគារ និងធនាគារ ដោយស្របតាមការរៀបចំជាមុនរវាងអ្នកទិញ និងអ្នកលក់។ អ្នកទិញអាចទទួលបានទំនិញតែ ក្រោយពេលធ្វើការទូទាត់ ឬឯកសារត្រូវបានទទួលយកដើម្បីទូទាត់នៅកាលបរិច្ឆេទ ឬលក្ខខណ្ឌជាក់លាក់ណាមួយនៅពេលក្រោយ។ ការប្រមូលទាំងអស់ត្រូវស្របតាមវិធានរួម “URC522” របស់សភាពាណិជ្ជកម្មអន្តរជាតិ (ICC)។
ការប្រមូលឯកសារត្រូវបានប្រើប្រាស់នៅពេលអ្នកលក់មិនចង់ដឹកជញ្ជូនទំនិញដោយប្រើប្រាស់វិធីគណនីចំហ ប៉ុន្តែស្របពេលជាមួយគ្នានោះមិនអាចធានាហានិភ័យនៃលិខិតឥណទាន ឬលិខិតូបករណ៍ ផ្សេងទៀតឡើយ។ បើប្រៀបធៀបជាមួយនឹងគណនីចំហ ការប្រមូលនេះគឺជាវិធីមានសុវត្ថិភាពជាងសម្រាប់អ្នកលក់ ព្រោះអ្នកទិញមិនអាចទទួលបានទំនិញដោយមិនធ្វើការទូទាត់ ឬមិនទទួលយកបានឡើយ។ប៉ុន្តែការប្រមូលនេះគួរត្រូវបានប្រើប្រាស់តែនៅក្នុងករណី៖
- អ្នកទិញ និងអ្នកលក់ស្គាល់គ្នា ហើយជាដៃគូគួរឲ្យទុកចិត្ត។
- ពុំមានការសង្ស័យចំពោះភាពគួរបានឥណទានរបស់អ្នកទិញ និងភាពមានបំណងទិញទំនិញ ឬសេវានោះ។
- ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់អ្នកទិញមានភាពនឹងនរប៉ុណ្ណោះ។
ជាការចាំបាច់ដែលត្រូវចងចាំថាធនាគារដែលផ្តល់សេវាកម្មប្រមូលឯកសារត្រូវទទួលខុសត្រូវតែចំពោះ ការចេញឯកសារ ការប្រគល់ និងទទួលយកប៉ុណ្ណោះ ប៉ុន្តែមិនមានទំនួលខុសត្រូវចំពោះអ្នកលក់ឡើយ ប្រសិនបើអ្នកទិញសម្រេចចិត្តមិនទទួលយកទំនិញ ឬមិនព្រមទូទាត់នោះ។
លិខិតឥណទាន
លិខិតឥណទានមួយគឺជាការធានាជាលាយលក្ខណ៍អក្សរដោយធនាគារមួយដើម្បីធ្វើការទូទាត់សម្រាប់ អ្នកលក់ប្រសិនបើអ្នកលក់បានបំពេញតាម លក្ខខណ្ឌនៃលិខិតឥណទានហើយនោះ។នេះគឺជាវិធីសាស្ត្រដ៏មានសុវត្ថិភាព និងប្រើប្រាស់ទូទៅជាងគេបំផុតនៅក្នុងពិភពហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ។ដើម្បីធ្វើឲ្យលក្ខខណ្ឌតម្រូវ និងលក្ខខណ្ឌនៃលិខិតឥណទានមានលក្ខណៈស្តង់ដារ និងរួមគ្នា សភាពាណិជ្ជកម្មអន្តរជាតិ (ICC) បានចេញវិធានការរួមជាសកល់មួយសម្រាប់ឯកសារឥណទានរបស់ខ្លូនហៅថា “UCP600”។ ជាក់ស្តែង គ្រប់ធនាគារទាំងអស់នៅលើពិភពលោកអនុវត្តតាម UCP600 ដែលមានន័យថាវិធាននេះមិនអាស្រ័យថាតើដៃគូរបស់អ្នកមកពីប្រទេសណាឡើយ អ្នកនឹងមានវិធីសាស្រ្ត និងនិយមន័យដូចគ្នានៅក្នុងប្រតិបត្តិការពាណិជ្ជកម្មរបស់អ្នក។
លិខិតឥណទាន (LC) ត្រូវបានប្រើប្រាស់ដោយសារ៖
- អ្នកលក់ភាគច្រើនជាពិសេស សហរដ្ឋអាមេរិក ឬអឺរ៉ុប តម្រូវឲ្យមានលិខិតឥណទានពីក្រុមហ៊ុន កម្ពុជា។
- លិខិតឥណទាននេះធ្វើឲ្យមានហានិភ័យតិចតួចបំផុតរវាងគូភាគី ពោលគឺអ្នកទិញប្រាកដថា ការទូទាត់នឹងត្រូវធ្វើឡើងតែនៅពេលខ្លួនទទួលបានឯកសារដឹកជញ្ជូនស្របតាម លក្ខខណ្ឌនៃ លិខិតឥណទានប៉ុណ្ណោះ។
- អ្នកលក់ប្រាកដថាប្រសិនបើ លក្ខខណ្ឌនៃលិខិតឥណទានត្រូវបានបំពេញនោះ ការទូទាត់ នឹងត្រូវបានធានា។
- មានអត្ថប្រយោជន៍កាន់តែច្រើនក្នុងការទូទាត់តាមលិខិតឥណទាននេះ ជាជាងធ្វើការទូទាត់ជាមុន។
- អនុញ្ញាតឲ្យទទួលបានហិរញ្ញប្បទានទាបជាង។
- មិនត្រឹមតែអ្នកទិញ និងអ្នកលក់ទេដែលទទួលខុសត្រូវលើការបញ្ចប់ប្រតិបត្តិការនេះ សូម្បីតែ ធនាគារក៏ត្រូវទទួលខុសត្រូវផងដែរ។
- អនុញ្ញាតឲ្យមានការពង្រីកភូមិសាស្ត្រលក់ និងបង្កើនចំនួននៃការលក់ ឬដៃគូនៅទូទាំងពិភពលោក។
មានប្រភេទផ្សេងៗគ្នាជាច្រើននៃលិខិតឥណទាននេះ ហើយធនាគារ ABA ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីផ្តល់ជូនលោកអ្នកនូវប្រភេទទាំងអស់នេះ!
លិខិតធានា
ប័ណ្ណធានា គឺជាការធានាដែលមិនអាចកែប្រែបានរបស់ធនាគារចេញប័ណ្ណ (អ្នកធានា) ដើម្បីធ្វើការទូទាត់ជូនអ្នកទទួលការធានា (អ្នកទទួលផល) ប្រសិនបើកាតព្វកិច្ចជាក់លាក់របស់អ្នកដាក់ពាក្យសុំមិនត្រូវបានបំពេញ ឬបំពេញបានដោយផ្នែក។
ឧទាហរណ៍៖ អ្នកនឹងលក់ផលិតផល ប៉ុន្តែមិនប្រាកដអំពីភាពគួរទទួលបានឥណទានរបស់អ្នកទិញ មានន័យថាអ្នកនឹងមានហានិភ័យមិនបានទទួលការទូទាត់។ប័ណ្ណធានាត្រូវបានរៀបចំឡើងដើម្បីកាត់បន្ថយ ជាអតិបរមានូវហានិភ័យនេះ ក៏ដូចជាហានិភ័យដែលពាក់ព័ន្ធនឹងប្រតិបត្តិការទិញលក់ផងដែរ។ ដូច្នេះ នៅក្នុងករណីមិនមានការទូទាត់សង អ្នកនឹងទទួលបានប្រាក់របស់អ្នកពីអ្នកធានា។
ដូចគ្នាដែរចំពោះខាងអ្នកទិញ ពោលគឺនៅពេលទទួលបានការធានារបស់ធនាគារ អ្នកទិញអាចធ្វើការទូទាត់ ហើយរង់ចាំការ ប្រគល់ទំនិញ។ ក្នុងករណីពុំមានការប្រគល់ទំនិញ ឬប្រគល់យឺតយ៉ាវណាមួយនោះ អ្នកទិញបានទទួល ប្រាក់របស់គាត់ពីអ្នកធានា។
ធនាគារ ABA ត្រៀមលក្ខណៈរួចជាស្រេច ដើម្បីចេញប្រភេទប័ណ្ណធានាទាំងនេះដែលរួមមាន៖
- ប័ណ្ណធានាការដេញថ្លៃ (សញ្ញាប័ណ្ណដេញថ្លៃ)
- ប័ណ្ណធានាការទូទាត់សំណង
- ប័ណ្ណធានាសមិទ្ធផល
- ប័ណ្ណធានាការទូទាត់សំណងជាមុន