ធនាគារ ABA និងអង្គការទស្សនៈពិភពលោក បានពង្រឹងការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងសហគមន៍ដាច់ស្រយាល
10/Aug/2026
ដំណាក់កាលដំបូងនៃគម្រោងពង្រឹងហិរញ្ញវត្ថុរបស់ស្ត្រីសម្រាប់កំណើនសេដ្ឋកិច្ចយូរអង្វែង ទទួលបានការចូលរួមពីសមាជិកសហគមន៍ចំនួន 278 នាក់ ដែលក្នុងនោះមានស្ត្រីចំនួន 197 នាក់ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
ដោយឈរលើមូលដ្ឋានគ្រឹះនៃបេសកកម្មរួមដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ធនាគារ ABA និងអង្គការទស្សនៈពិភពលោក (World Vision) បានបញ្ចប់ដំណាក់កាលដំបូងនៃគម្រោងរួមរបស់ខ្លួនដោយជោគជ័យ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ក្នុងសហគមន៍ខ្វះខាត ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
សម្រាប់គ្រួសារជាច្រើននៅតាមតំបន់ដាច់ស្រយាល ការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារជាឧបសគ្គប្រចាំថ្ងៃ និងដំណោះស្រាយហិរញ្ញវត្ថុផ្លូវការអាចនឹងមិនមានភាពងាយស្រួលក្នុងការទទួលបាន។ ដើម្បីភ្ជាប់គម្លាតនេះ គម្រោងពង្រឹងហិរញ្ញវត្ថុរបស់ស្ត្រីសម្រាប់កំណើនសេដ្ឋកិច្ចយូរអង្វែង (WFE) បានរៀបចំឡើងដើម្បីផ្តល់ការប្រឹក្សា និងវគ្គបណ្តុះបណ្តាលការយល់ដឹងផ្នែកហិរញ្ញវត្ថុជូនដល់ស្ត្រីក្នុងសហគមន៍ដាច់ស្រយាល ជាមួយនឹងចំណេះដឹងដើម្បីគ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់ខ្លួន។
ចាប់ផ្តើមក្នុងខែកុម្ភៈ ឆ្នាំ2026 គម្រោង WFE បាននិងកំពុងសម្រេចបាននូវសមិទ្ធផលគួរឲ្យកត់សម្គាល់ ចាប់តាំងពីកម្មវិធីបណ្តុះបណ្តាលបានចាប់ផ្តើម។ គំនិតផ្តួចផ្តើមនេះ បានជួយដល់សមាជិកសហគមន៍ចំនួន 278 នាក់ ដែលក្នុងនោះមានស្ត្រីចំនួន 197 នាក់។
ពីក្រោយតួរលេខទាំងនេះសុទ្ធសឹងតែជាម្តាយ ប្រពន្ធ និងអ្នកដែលចង់ក្លាយជាសហគ្រិន ដែលកំពុងទទួលបានជំនាញជាក់ស្តែងដែលនឹងបង្កើនភាពងាយស្រួលសម្រាប់ពួកគាត់។ វគ្គបណ្តុះបណ្តាលទាំងនេះ ជាលើកដំបូងដែលពួកគាត់ទទួលបានឱកាសក្នុងការសិក្សាអំពីការកំណត់ខ្ទង់ចំណាយ និងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។
លោកពូ សៀនវ៉េត ដែលជាប្រធានភូមិ បានឃើញជាក់ស្តែងនូវការផ្លាស់ប្តូរវិជ្ជមានក្នុងសហគមន៍របស់ខ្លួន តាមរយៈវគ្គបណ្តុះបណ្តាលចំណេះផ្នែកហិរញ្ញវត្ថុនេះ។
“ខ្ញុំបាទ មានភាពរីករាយដែលសហគមទទួលបានការបណ្តុះបណ្តាលចំណេះផ្នែកហិរញ្ញវត្ថុនេះ។ វាបានជួយបង្កើនចំណេះដឹង និងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រងប្រាក់ចំណូលក្នុងគ្រួសារ និងចាយវាយដោយមានប្រសិទ្ធភាព។ ការសន្សំជាប្រចាំបានជួយដល់គ្រួសារក្នុងការត្រៀមខ្លួនសម្រាប់ថ្ងៃអនាគត និងវិនិយោគទៅលើការសិក្សារបស់កូនៗ សុខុមាលភាព និងអាហារដែលមានជីវជាតិសម្រាប់ពួកគេ” ។
តាមរយៈគម្រោងនេះ អ្នកចូលរួមបាន និងកំពុងទទួលបានអត្ថប្រយោជន៍ផ្ទាល់ និងជាក់ស្តែងរួមមាន ការកំណត់ខ្ទង់ចំណាយ ការសន្សំ កម្ចីដោយទំនួលខុសត្រូវ ការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់តម្រូវការគ្រួសារ និងបង្កើតក្រុមសន្សំជាសហគមន៍។
ជំនាញទាំងនេះកំពុងជួយពួកគាត់កាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងបង្កើនជីវភាពរស់នៅប្រកបដោយចីរភាព ដែលជាការរួមចំណែកដល់ការបរិយាបន្នហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគមន៍។
អ្នកស្រីលីតា អាយុ 30ឆ្នាំ ប្រកបរបរជាកសិករ បានបញ្ចេញមតិថា “កាលពីមុនចូលរួមវគ្គបណ្តុះបណ្តាលចំណេះផ្នែកហិរញ្ញវត្ថុ ខ្ញុំមិនមានការយល់ដឹងអំពីការគ្រប់គ្រង់ប្រាក់ចំណូលដែលទទួលបាន។ ខ្ញុំតែងតែបារម្ភអំពីការចាយវាយប្រចាំថ្ងៃ និងមានការលំបាកក្នុងការសម្រេចចិត្តនានា។ បន្ទាប់ពីបានបញ្ចប់វគ្គបណ្តុះបណ្តាល ខ្ញុំបានស្វែងយល់អំពីការបែងចែកប្រាក់កាក់ត្រឹមត្រូវ។ ឥឡូវ ខ្ញុំអាចសម្រេចចិត្តបានច្បាស់លាស់ជាងមុនទៅលើអ្វីដែលគួរសន្សំ និងអ្វីដែលគួរចាយវាយទៅលើគ្រួសារ។”
ជាមួយនឹងសកម្មភាពបណ្តុះបណ្តាលបន្តដំណើរដល់បញ្ចប់គម្រោងក្នុងខែតុលា ធនាគារ នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ជីវភាពសហគមន៍ជនបទ និងធានាថាស្ត្រីនៅតាមតំបន់ដាច់ស្រយាលទទួលបានចំណេះដឹង និងឱកាសដែលចាំបាច់ដើម្បីសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដោយសុវត្ថិភាព។






