ABA និងអង្គការទស្សនៈពិភពលោក បានសហការដើម្បីជំរុញចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្ត្រី នៅតំបន់ជនបទក្នុងប្រទេសកម្ពុជា
18/Dec/2025
ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា បានសហការជាមួយអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា (World Vision International Cambodia) ដែលជាអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា ដើម្បីឧបត្ថម្ភនិងគាំទ្រ ដល់ការដាក់ដំណើរការនូវ គម្រោងពង្រឹងហិរញ្ញវត្ថុរបស់ស្ត្រីសម្រាប់កំណើនសេដ្ឋកិច្ចយូរអង្វែង (WFE) ។ តាមរយៈគំនិតផ្តួចផ្តើមនេះ ដែលមានការឧបត្ថម្ភផ្តាចមុខដោយធនគារ ABA ស្ត្រីនឹងទទួលបានជំនាញហិរញ្ញវត្ថុជាក់ស្តែង និងទទួលបានលទ្ធភាពក្នុងការសន្សំជាក្រុម ដែលអនុញ្ញាតឲ្យពួកគេវិនិយោគ ទៅលើជីវភាពរស់នៅប្រកបដោយចីរភាព។
គម្រោងរយៈពេល 12 ខែនេះ នឹងផ្តល់នូវការណែនាំ និងសកម្មភាពទាក់ទងទៅលើការយល់ដឹងអំពីហិរញ្ញវត្ថុសម្រាប់ស្ត្រី ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ អ្នកចូលរួមនឹងទទួលបានការបណ្តុះបណ្តាលទៅលើការកំណត់ខ្ទង់ចំណាយ ការសន្សំ ការគ្រប់គ្រងបំណុល និងការរៀបចំផែនការហិរញ្ញវត្ថុ ព្រមទាំងទទួលបានការគាំទ្រក្នុងការបង្កើតក្រុមសន្សំជាសហគមន៍ ដែលជំរុញទំនួលខុសត្រូវ ភាពជឿជាក់ និងភាពធន់ហិរញ្ញវត្ថុ ក្នុងរយៈពេលវែង។
នៅថ្ងៃទី17 ខែធ្នូ ឆ្នាំ2025 ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា បានធ្វើឡើងរវាង លោក Igor Zimarev អគ្គនាយករងប្រតិបត្តិ និងជានាយកទីផ្សារ កិច្ចការ CSR នៃធនាគារ ABA និងលោក Jane Imanuel Ginting នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា និងក្រោមវត្តមានក្រុមការងារទាំងសងខាងផងដែរ។ ការចុះហត្ថលេខានេះ បានកំណត់ជាផ្លូវការនូវការឧបត្ថម្ភរបស់ ABA ទៅលើគម្រោងនេះ និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សេដ្ឋកិច្ចស្ត្រីក្នុងប្រទេសកម្ពុជា។
លោក Igor Zimarev មានប្រសាសន៍ថា “នៅធនាគារ ABA យើងខ្ញុំជឿជាក់ថាលទ្ធភាពនៃការទទួលបានសេវាកម្មហិរញ្ញវត្ថុផ្លូវការ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ចដោយខ្លួនឯងផ្ទាល់។ ដោយការឧបត្ថម្ភទៅលើគំនិតផ្តួចផ្តើមនេះ និងគាំទ្រដល់ស្ត្រីក្នុងតំបន់ជនបទ យើងខ្ញុំកំពុងតែវិនិយោគទៅលើអនាគតប្រទេសកម្ពុជា ពង្រឹងស្ថានភាពគ្រួសារ និងរួមចំណែកដល់វឌ្ឍនភាពប្រទេសជាតិប្រកបដោយបរិយាបន្ន។” គំនិតផ្តួចផ្តើមនេះ ត្រូវបានរំពឹងថានឹងជួយដល់ស្ត្រី និងសមាជិកសហគមន៍ចំនួនប្រមាណ 260 នាក់ ជាមួយការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលនឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់បុគ្គលប្រមាណលើសពី 1,000 នាក់ ព្រមទាំងជួយក្រុមគ្រួសារកាត់បន្ថយភាពរងគ្រោះដោយវដ្តភាពក្រីក្រ និងបំណុល។
អង្គការទស្សនៈពិភពលោកប្រចាំកម្ពុជា បានរំពឹងសារៈសំខាន់យូរអង្វែងទៅលើសហប្រតិបត្តិការនេះ។
លោក Jane Imanuel Ginting មានប្រសាសន៍ថា “គម្រោងនេះ មានអត្ថន័យលើសពីការបណ្តុះបណ្តាល – វាជាកាតាលីករសម្រាប់ភាពធន់នៃសេដ្ឋកិច្ចក្នុងរយៈពេលវែង។ យើងខ្ញុំរំពឹងនឹងឃើញ ស្ត្រីនាំមុខក្នុងក្រុមសន្សំ កាត់បន្ថយបំណុលក្នុងគ្រួសារ និងបង្កើតរំហូរចំណូលប្រកបដោយចីរភាព ដែលនឹងពង្រឹងសហគមន៍ទាំងមូល។”
ដោយរួមបញ្ចូលជំនាញហិរញ្ញវត្ថុរបស់ធនាគារ ABA ជាមួយទំនាក់ទំនងក្នុងសហគមន៍យ៉ាងស៊ីជម្រៅរបស់អង្គការទស្សនៈពិភពលោក គម្រោងនេះមានគោលបំណងពង្រឹងភាពធន់របស់គ្រួសារ និងរួមចំណែកដល់ការអភិវឌ្ឍយូរអង្វែង នៃសេដ្ឋកិច្ច និងសង្គមប្រទេសកម្ពុជា។
អំពី ABA
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2024។
ធនាគារ ABA មាន 103 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 46 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,900 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប អនុញ្ញាតឲ្យអតិថិជនជាង 5 លាននាក់ ប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។ អតិថិជនរបស់ធនាគារ រួមមានសាជីវកម្ម សហគ្រាសធុនតូចនិងមធ្យម មីក្រូអាជីវកម្ម និងបុគ្គល។
អំពីអង្គការទស្សនៈពិភពលោក
អង្គការទស្សនៈពិភពលោក គឺជាអង្គការគ្រិស្តបរិស័ទជំនួយសង្គ្រោះបន្ទាន់ អភិវឌ្ឍន៍ ប្តេជ្ញាធ្វើការបម្រើកុមារ គ្រួសារ និងសហគមន៍របស់ពួកគេ ដើម្បីកាត់បន្ថយភាពក្រីក្រ និងអយុត្តិធម៌។ អង្គការទស្សនៈពិភពលោក ធ្វើការជាមួយអ្នកដែលងាយរងគ្រោះបំផុតនៅលើពិភពលោក ដោយមិនគិតពីសាសនា ជនជាតិ ពូជសាសន៍ ឬភេទឡើយ។ នៅពេលមានវិបត្តិ យើងនៅតែរក្សាភាពអព្យាក្រឹត និងមិនពាក់ព័ន្ធនយោបាយ ហើយមានគោលបំណងតែមួយគត់គឺការពារ និងគាំទ្រកុមារ និងគ្រួសារដែលងាយរងគ្រោះដោយសារជម្លោះ ដោយមិនគិតពីប្រវត្តិ និងជនជាតិរបស់ពួកគេឡើយ។





