ខ និងលក្ខខណ្ឌ អ្នកផ្ញើ

សូម​អាន​ខ​ និង​លក្ខខណ្ឌ​ទាំងនេះ​ដោយ​ប្រុង​ប្រយ័ត្ន​។​ ខ​ និង​លក្ខខណ្ឌ​ទាំងនេះ​ គឺជា​កិច្ចព្រមព្រៀង​រវាង​អ្នក​ (“​អ្នក​ផ្ញើ​”)​ និង​ធនាគារ​វឌ្ឍនៈ​ អាស៊ី​ចំកាត់​ (“​ធនាគារ​”)​ អំពី​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ (“​សេវាកម្ម​”)​។​

​កិច្ចព្រមព្រៀង​នេះ​ និង​សេវាកម្ម​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ផ្ញើ​ ធ្វើការ​ផ្ញើ​ប្រាក់​ (“​ការ​ផ្ទេរ​ប្រាក់​”)​ ទៅ​កាន់​បុគ្គល​ម្នាក់​ (“​អ្នក​ទទួល​“)​ នៅ​តាម​ទីតាំង​ MoneyGram​ ណាមួយ​ដែល​មាន​វត្តមាន​ជុំវិញ​ពិភពលោក​ និង​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​ (i)​ ទទួល​សាច់ប្រាក់​នៅ​តាម​ទីតាំង​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ (​សេវាកម្ម​“​ទទួល​សាច់ប្រាក់​”)​ ឬ​ក៏​ប្រសិនបើ​មាន​ (ii)​ ទទួល​ប្រាក់​ចូល​ក្នុង​គណនី​ធនាគារ​របស់​អ្នក​ទទួល​ (​សេវា​“​ដាក់​ប្រាក់​ចូល​គណនី​ធនាគារ​”)​។​

  1. អ្នក​ផ្ញើ​បញ្ជាក់​ថា​ ព័ត៌មាន​ដែល​ផ្តល់​ជូន​ ជា​ព័ត៌មាន​ពិត​ និង​ត្រឹមត្រូវ​ ហើយ​ធនាគារ​នឹង​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ពន្យារពេល​,​ ការ​អាក់​ដំណើរការ​,​ និង​ការ​លុប​ចោល​ណាមួយ​បណ្តាល​មក​ពី​ការ​ផ្ដល់​ព័ត៌មាន​មិន​ត្រឹមត្រូវ​ និង​/​ឬ​មិន​ច្បាស់លាស់​របស់​អ្នក​ផ្ញើ​ឡើយ​។​
  2. ​អ្នក​ផ្ញើ​ធានា​ថា​ ឈ្មោះ​បើក​ចូល​(username),​ លេខ​សម្ងាត់​ (PIN),​ ពាក្យ​សម្ងាត់​របស់​ខ្លួន​ និង​ព័ត៌មាន​បញ្ជាក់​អត្តសញ្ញាណ​ផ្សេងៗ​ទាំងអស់​ដែល​ចាំបាច់​សម្រាប់​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​របស់​ធនាគារ​ ABA​ មិន​ត្រូវ​បាន​បង្ហាញ​ ឬ​ប្រាប់​ដល់​ភាគី​ទី​បី​ឡើយ​។​
  3. អ្នក​ផ្ញើ​បញ្ជាក់​ថា​ ខ្លួន​កំពុង​តែ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​សម្រាប់​តែ​ប្រតិបត្តិការ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​ ហើយ​មិន​ធ្វើ​ប្រតិបត្តិការ​ណាមួយ​ជំនួស​ឲ្យ​ភាគី​ទី​បី​ឡើយ​។​
  4. ​អ្នក​ផ្ញើ​អនុញ្ញាត​ឲ្យ​ធនាគារ​ពន្យារពេល​,​ ព្យួរ​,​ ឬ​បញ្ឈប់​ការ​ផ្ទេរ​ប្រាក់​នេះ​ ប្រសិនបើ​ធនាគារ​រក​ឃើញ​ថា​ ការ​ផ្ទេរ​ប្រាក់​នេះ​អាច​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុសច្បាប់​ និង​/​ឬ​រំលោភ​បំពាន​ច្បាប់​ ឬ​បទ​ប្បញ្ញត្តិ​ជាតិ​ ឬ​អន្តរជាតិ​ណាមួយ​។​
  5. ​អ្នក​ផ្ញើ​ធានា​ថា​ ការ​ផ្ទេរ​ប្រាក់​នេះ​មិន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុសច្បាប់​ណាមួយ​ និង​/​ឬ​ការ​សម្អាត​ប្រាក់​ និង​/​ឬ​ហិរញ្ញប្បទាន​ភេរវកម្ម​ឡើយ​។​ ធនាគារ​មាន​សិទ្ធិ​បដិសេធ​ ឬ​ពន្យារពេល​ប្រតិបត្តិការ​ណាមួយ​របស់​អ្នក​ទទួល​ ប្រសិនបើ​ចាំបាច់​ ដើម្បី​អនុវត្ត​វិធាន​ប្រឆាំង​ការ​សម្អាត​ប្រាក់​/​ស្គាល់​អតិថិជន​។​
  6. ​អ្នក​ផ្ញើ​ធានា​ថា​ផ្តល់​ព័ត៌មាន​បន្ថែម​ និង​/​ឬ​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​នេះ​ ប្រសិនបើ​ធនាគារ​ស្នើ​សុំ​នោះ​។​ 
  7. ​អ្នក​ផ្ញើ​អនុញ្ញាត​ឲ្យ​ធនាគារ​ដក​ប្រាក់​ពី​គណនី​របស់​ខ្លួន​សម្រាប់​ចំនួន​ទឹកប្រាក់​ផ្ទេរ​ និង​ចំនួន​ទឹកប្រាក់​សម្រាប់​ទូទាត់​ថ្លៃ​សេវា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​។​
  8. ​អ្នក​ផ្ញើ​បាន​យល់​ និង​បញ្ជាក់​ថា​ ថ្លៃ​សេវា​ និង​អត្រា​ប្តូរ​ប្រាក់​ នឹង​ត្រូវ​ផ្ដល់​ដោយ​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ ហើយ​ អត្រា​ប្តូរ​ប្រាក់​ស្តង់ដារ​របស់​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ នឹង​ត្រូវ​អនុវត្ត​ដើម្បី​ដំណើរការ​ការ​ផ្ទេរ​ប្រាក់​ជា​រូបិយប័ណ្ណ​បរទេស​។​
  9. ​ប្រសិនបើ​ប្រាក់​ផ្ទេរ​មិន​ត្រូវ​បាន​ទទួល​ក្នុង​រយៈពេល​ 45​ ថ្ងៃ​ MoneyGram​ អាច​គណនា​ឡើង​វិញ​នូវ​ចំនួន​ទឹកប្រាក់​ដែល​បាន​ប្តូរ​នៅ​ពេល​ទទួល​ប្រាក់​នោះ​ ដោយ​ប្រើ​អត្រា​ប្តូរ​ប្រាក់​ជាក់ស្ដែង​នៅ​ថ្ងៃ​ទទួល​។​ ក្នុង​ករណី​នេះ​ ចំនួន​ទឹកប្រាក់​ជា​ដុល្លារ​អា​មេ​រិ​ក​ អាច​នឹង​ខុស​ពី​ចំនួន​ដែល​បាន​ផ្ញើ​។​ 
  10. ​ការ​ផ្ទេរ​ប្រាក់​នឹង​ត្រូវធ្វើ​ឡើង​សម្រាប់​តែ​គោលបំណង​ផ្ទាល់ខ្លួន​ ឬ​លក្ខណៈ​បុគ្គល​ប៉ុណ្ណោះ​ ហើយ​មិន​មាន​ប្រតិបត្តិការ​លក្ខណៈ​ពាណិជ្ជកម្ម​ណាមួយ​ត្រូវ​បាន​អនុញ្ញាត​ឡើយ​។​ សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ ឬ​ធនាគារ​ មិន​ទទួលខុសត្រូវ​ចំពោះ​ការ​បាត់បង់​ណាមួយ​បណ្តាល​មក​ពី​ការ​ផ្ទេរ​ប្រាក់​សម្រាប់​គោលបំណង​វិនិយោគ​ ឬ​អាជីវកម្ម​ ឬ​សម្រាប់​ការ​ទិញ​ទំនិញ​ ឬ​សេវាកម្ម​នានា​ឡើយ​។​ 
  11. ​សេវាកម្ម​នេះ​ មិន​អាច​ត្រូវ​បាន​ប្រើប្រាស់​ជំនួស​ភាគី​ទី​បី​ ឬ​ល្បែងស៊ីសង​ និង​សកម្មភាព​ខុស​ច្បាស់​ណាមួយ​ឡើយ​។​ អ្នក​ផ្ញើ​បាន​យល់​ និង​បញ្ជាក់​ថា​ ប្រសិនបើ​ខ្លួន​ធ្វើការ​ផ្ទេរ​ប្រាក់​ទៅ​ឲ្យ​បុគ្គល​ណា​ម្នាក់​ដែល​ឆបោក​ខ្លួន​ ឬ​អ្នក​ដែល​មិន​បាន​បំពេញ​តាម​កាតព្វកិច្ច​ នោះ​ធនាគារ​ និង​ MoneyGram​ នឹង​មិន​ទទួលខុសត្រូវ​ឡើយ​។​
  12. ​ធនាគារ​អាច​ផ្លាស់​ប្តូរ​លក្ខខណ្ឌ​ទាំងនេះ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ដោយ​មាន​ ឬ​មិន​មានការ​ជូនដំណឹង​ជា​មុន​។​
  13. ​ធនាគារ​អាច​បង្ហាញ​នូវ​ព័ត៌មាន​អំពី​ការ​ផ្ទេរ​ប្រាក់​នេះ​ដល់​ភាគី​ទី​បី​ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ រួម​មាន​ប៉ុន្តែ​មិន​កម្រិត​ចំពោះ​ ការ​សម្រេចចិត្ត​របស់​តុលាការ​,​ ការ​ស៊ើបអង្កេត​,​ និង​បទ​ប្បញ្ញត្តិ​នានា​។​ អ្នក​ផ្ញើ​ក៏​បាន​យល់​ និង​ឯកភាព​ផង​ដែរ​ថា​ ព័ត៌មាន​អំពី​ការ​ផ្ទេរ​ប្រាក់​របស់​ខ្លួន​ ត្រូវ​តែ​មាន​ ដើម្បី​ផ្ដល់​ជូន​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ ហើយ​ថា​ ព័ត៌មាន​នេះ​អាច​ត្រូវ​បង្ហាញ​ដល់​ភាគី​ទី​បី​ ដោយ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​នានា​ និង​បទ​ប្បញ្ញត្តិ​របស់​ប្រទេស​ដែល​ប្រតិបត្តិការ​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​។​
  14. ធនាគារ​មិន​ទទួលខុសត្រូវ​ចំពោះ​ពន្ធ​អាករ​ និង​ចំណាយ​ផ្សេងៗ​ដែល​អាច​កើត​មាននៅ​ក្នុង​ប្រទេស​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​ផ្ទេរ​ប្រាក់​នេះ​ឡើយ​។​
  15. ​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ ឬ​ធនាគារ​ នឹង​មិន​ទទួលខុសត្រូវ​ណាមួយ​ឡើយ​ សម្រាប់​ការ​យឺតយ៉ាវ​ ឬ​ការ​មិន​ប្រគល់​ប្រាក់​ ដោយសារ​តែ​កំហុស​ ឬ​ការ​ពន្យារពេល​ណាមួយ​ដែល​កើតឡើង​ដោយសារ​ការ​បញ្ជូន​សារ​អេ​ឡិ​ក​ត្រូ​និក​,​ ការ​ខូច​ឧបករណ៍​,​ ឬ​ប្រព័ន្ធ​ កូដកម្ម​ដែល​ហួស​ពី​ការ​គ្រប់គ្រង​របស់​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ ឬ​ធនាគារ​ ឬ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ ឬ​មិន​ច្បាស់លាស់​ណាមួយ​ដែល​ផ្តល់​ដោយ​អ្នក​ផ្ញើ​ ឬ​អ្នក​ទទួល​ ។​
  16. ​ធនាគារ​ និង​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ អាច​ដាក់​កម្រិត​មួយ​ចំនួន​ ដូច​ជា​ កម្រិត​ក្នុង​មួយ​ប្រតិបត្តិការ​,​ ក្នុង​មួយ​ខែ​,​ ឬ​សម្រាប់​អតិថិជន​ម្នាក់​ ជាដើម​។​ ការ​ដាក់​កម្រិត​ទាំងនេះ​អាច​ផ្លាស់​ប្តូរ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ដោយ​មាន​ ឬ​មិន​មានការ​ជូនដំណឹង​ជា​មុន​។​ 
  17. ​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ អាច​បដិសេធ​មិន​ផ្ញើ​ប្រាក់​ ឬ​មិន​អនុញ្ញាត​ឲ្យ​ទទួលយក​ប្រាក់​ ប្រសិនបើ​ពួក​គេ​ជឿជាក់​ដោយ​សម​ហេតុផល​ថា​៖​ (​ក​)​ តាម​រយៈ​ការ​ធ្វើ​ដូច្នេះ​ ពួក​គេ​អាច​រំលោភ​បំពាន​ច្បាប់​,​ បទ​ប្បញ្ញត្តិ​,​ ក្រម​ ឬ​កាតព្វកិច្ច​ផ្សេងៗ​ដែល​អនុវត្ត​ចំពោះ​ពួក​គេ​ (​ខ​)​ ការ​ធ្វើ​ដូច្នេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​រង​នូវ​វិធានការ​ពី​រដ្ឋាភិបាល​ ឬ​និយតករ​ ឬ​ (​គ​)​ ការ​ផ្ទេរ​ប្រាក់​នេះ​អាច​ពាក់ព័ន្ធ​នឹង​សកម្មភាព​ក្លែងបន្លំ​ ឬ​សកម្មភាព​ខុសច្បាប់​។​
  18. ​ក្នុង​ករណី​មានការ​កែប្រែ​ ឬ​ការ​បញ្ឈប់​ប្រតិបត្តិការ​ អ្នក​ផ្ញើ​នឹង​មិន​ឲ្យ​ធនាគារ​ទទួលខុសត្រូវ​ចំពោះ​ការ​ទាមទារ​,​ បណ្តឹង​,​ នីតិវិធី​,​ ការ​ទទួលខុសត្រូវ​,​ ការ​អះអាង​,​ ការ​ខូចខាត​,​ ការ​បាត់បង់​,​ ថ្លៃ​ទូទាត់​,​ និង​ចំណាយ​ណាមួយ​ពាក់ព័ន្ធ​នឹង​ការ​កែប្រែ​ ឬ​ការ​បញ្ឈប់​នោះ​ឡើយ​។​ ប្រតិបត្តិការ​អាច​ត្រូវ​បាន​បញ្ឈប់​ មុន​ពេល​អ្នក​ទទួល​ ធ្វើការ​ដក​ប្រាក់​ ឬ​ទទួល​ប្រាក់​នោះ​ និង​អាស្រ័យ​លើ​ការ​យល់ព្រម​ពី​ MoneyGram​។​
  19. ​អ្នក​ផ្ញើ​បាន​យល់​ និង​ឯកភាព​ថា​ ថ្លៃ​សេវា​មួយ​ចំនួន​នឹង​មិន​អាច​បង្វិល​សង​វិញ​បាន​ឡើយ​។​ អ្នក​ផ្ញើ​ក៏​បាន​យល់​ផង​ដែរ​ថា​ សម្រាប់​សេវា​ដាក់​ប្រាក់​ចូល​គណនី​ធនាគារ​ អ្នក​ទទួល​អាច​នឹង​ទូទាត់​ថ្លៃ​សេវា​ និង​បន្ទុក​ដោយ​ខ្លួនឯង​ ដែល​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ MoneyGram​ ឬ​ធនាគារ​ឡើយ​។​ 
  20. ​ធនាគារ​នឹង​ប្រគល់​ប្រាក់​ផ្ទេរ​ ទៅ​ឲ្យ​អ្នក​ផ្ញើ​វិញ​ បន្ទាប់​ពី​ទទួល​បាន​ប្រាក់​នោះ​ពី​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ ប៉ុណ្ណោះ​។​ អ្នក​ផ្ញើ​បាន​យល់​ និង​ឯកភាព​ថា​ ធនាគារ​អាច​នឹង​គិតថ្លៃ​សេវា​របស់​ខ្លួន​ ហើយ​អត្រា​ប្តូរ​ប្រាក់​ដែល​បាន​អនុវត្ត​រួច​នៅ​ពេល​ផ្ញើ​ អាច​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ ដែល​ធ្វើ​ឲ្យ​ប្រាក់​ទទួល​បាន​មក​វិញ​ នឹង​មាន​ចំនួន​តិច​ជាង​ចំនួន​ដែល​បាន​ផ្ញើ​។​
  21. ​នៅ​ពេល​ដំណើរការ​ផ្ទេរ​ប្រាក់​ត្រូវ​បាន​បំពេញ​រួចរាល់​ អ្នក​ផ្ញើ​ត្រូវ​តែ​ផ្តល់​លេខ​យោង​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ (​លេខ​សម្ងាត់​ PIN)​ ទៅ​ឲ្យ​អ្នក​ទទួល​។​ អ្នក​ផ្ញើ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ផ្ញើ​លេខ​យោង​ MoneyGram​ និង​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​ការ​រក្សា​ការ​សម្ងាត់​លេខ​យោង​នោះ​ ដោយ​មិន​ត្រូវ​បង្ហាញ​ដល់​ភាគី​ទី​បី​ណាមួយ​ឡើយ​។​ ធនាគារ​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​បាត់បង់​ណាមួយ​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​មិន​ត្រឹមត្រូវ​ ឬ​ ការ​បង្ហាញ​លេខ​យោង​សេវា​ផ្ទេរ​ប្រាក់​ MoneyGram​ ឬ​ព័ត៌មាន​ប្រតិបត្តិការ​ដែល​ត្រូវ​បាន​អ្នក​ផ្ញើ​ ឬ​អ្នក​ទទួល​ធ្វើ​ឲ្យ​លេច​ធ្លាយ​ដល់​ភាគី​ទី​បី​។​

សំខាន់​ –​ ប្រយ័ត្ន​ករណី​ឆបោក​ពាក់ព័ន្ធ​ការ​ផ្ទេរ​ប្រាក់​របស់​អ្នក​

សូម​រក្សា​សុវត្ថិភាព​ថវិកា​របស់​អ្នក​។​ ប្រ​សិន​មាន​ពាក់ព័ន្ធ​ករណី​ខាងក្រោម​ សូមកុំ​ផ្ញើ​ប្រាក់​របស់​អ្នក​។​វា​ជា​អំពើ​ឆបោក​ ហើយ​បុគ្គល​ណា​ម្នាក់​ កំពុង​ព្យាយាម​លួច​ប្រាក់​របស់​អ្នក​។​

​ប្រសិនបើ​អ្នក​ផ្ញើ​ប្រាក់​ អ្នក​ទទួល​នឹង​អាច​បើក​ភ្លាមៗ​ ហើយ​អ្នក​អាច​នឹង​មិន​មាន​លទ្ធភាព​ក្នុង​ការ​យក​ប្រាក់​នោះ​ត្រលប់​មក​វិញ​ឡើយ​។​

#1​ កុំ​ផ្ញើ​ប្រាក់​ទៅ​មនុស្ស​មិន​ស្គាល់​ ឬ​ចម្លែក​។​ ត្រូវ​ស្គាល់​បុគ្គល​ដែល​អ្នកធ្វើការ​ទាក់ទង​ជាមួយ​។​ទឹកប្រាក់​ផ្ទេរ​ ដូច​សាច់ប្រាក់​ដែរ​។​
#2​ សូមកុំ​ផ្ទេរ​ប្រាក់​ សម្រាប់​ស្ថានភាព​ខាងក្រោម​៖​

  • ​ដើម្បី​ការ​បរិច្ចាគ​សប្បុរសធម៌​ ឬ​ ដើម្បី​ពាណិជ្ជករ​តាម​អ៊ី​ធឺ​ណិ​ត​ ឬ​អន​ឡាញ​ សម្រាប់​ផ្គត់ផ្គង់​អំឡុង​ពេល​រីក​រាលដាល​,​ គ្រោះ​ធម្មជាតិ​,​ ឬ​វិបត្តិ​ផ្សេងៗ​ 
  • ​ដើម្បី​ទទួល​ប្រាក់​ (​ឧទាហរណ៍​ ការ​ឈ្នះ​ឆ្នោត​ផ្សងសំណាង​,​ រង្វាន់​,​ ការ​ផ្ដល់​ការងារ​ ឬ​កម្ចី​)
  • ​ដើម្បី​បង់ពន្ធ​ជូន​អាជ្ញាធរ​រដ្ឋាភិបាល​ ឬ​ប៉ូលីស
  • ​ដើម្បី​ទិញ​រថយន្ត​,​ សត្វ​ចិញ្ចឹម​,​ វត្ថុ​ឯក​វន្ត​ ឬ​មាន​តម្លៃ​ថ្លៃ​,​ ឬ​កក់​ថ្លៃ​អា​ផាត​មិន​ត៍​

#3​ កុំ​ផ្ញើ​ប្រាក់​ ដោយ​មិន​បាន​ស្រាវជ្រាវ​ ឬ​សិក្សា​ពី​ការ​ពិត​។​ សូម​ទាក់​ទង់​ទៅ​មិត្តភក្តិ​ ឬ​សមាជិកគ្រួសារ​របស់​បុគ្គល​ដែល​កំពុង​ត្រូវការ​ជំនួយ​ជា​មុន​សិន​។​
#4​ សាច់​រឿង​ដូច​ល្អ​ពេក​ ស្រួល​ពេក​ ហួស​ពី​ការ​ពិត​ វា​អាច​ជា​ទ​ង្វើ​ឆបោក​។​
#5​ សូមកុំ​ប្រគល់​លេខ​យោង​ប្រតិបត្តិការ​ ឬ​លេខដក​ប្រាក់​ទៅ​ដល់​បុគ្គល​ផ្សេង​ ក្រៅពី​បុគ្គល​ដែល​ត្រូវ​ទទួល​ប្រាក់​។​ អ្នកលក់​ និង​អ្នក​ទីផ្សារ​តាម​ទូរគមនាគមន៍​ មិន​អាច​ដក​ប្រាក់​ផ្ទេរ​ពី​អតិថិជន​នៅ​សហរដ្ឋអាមេរិក​ សម្រាប់​ទំនិញ​ ឬអ្វី​ដែល​ពួក​គេ​លក់​នៅ​តាម​ទីផ្សារ​ទូរគមនាគមន៍​ឡើយ​។​
​ប្រសិនបើ​អ្នក​ចាញ់ល្បិច​ជន​ឆបោក​តាម​ MoneyGram​ សូម​ធ្វើការ​ទាក់ទង​ទៅ​ MoneyGram​ តាម​រយៈ​លេខ​ +1 720 362 5024 ឬ 1800209536​ ឬ​ចូល​ទៅ​កាន់​ www.moneygram.com​ ដើម្បី​រាយការណ៍​អំពី​ករណី​ឆបោក​។​