សេចក្ដីប្រកាសព័ត៌មាន អំពីការអាក់ដំណើរការសេវាកម្ម
29/Nov/2021

អតិថិជនជាទីគោរព!
កាលពីថ្ងៃព្រហស្បតិ៍ ទី 25 កន្លងទៅ លោកអ្នក មិនអាចចូលប្រើប្រាស់គណនី ABA របស់ខ្លួនបាន ដោយសារសេវារបស់យើងខ្ញុំបានអាក់ដំណើរការដោយចៃដន្យ។ ក្រោយពីបានរកឃើញកំហុសបច្ចេកទេស ដែលបានកើតឡើងអំឡុងពេលដំឡើងសមត្ថភាពប្រព័ន្ធធនាគារត្រូវបានធ្វើឡើងនៅពេលយប់ជាប្រក្រតី យើងខ្ញុំបានប្រើប្រាស់ផែនការបម្រុងសម្រាប់ធុរកិច្ច (Business Contingency Plan) ជាបន្ទាន់ និងចាប់ផ្ដើមដំណើរការប្រពន្ធ័ឡើងវិញដោយទាញទិន្នន័យបម្រុងទុកនៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់យើង។
ក្នុងរយៈពេលជាច្រើនម៉ោង រាល់សេវារបស់យើងត្រូវបានដំណើរការឡើងវិញ។ ក្នុងអំឡុងពេលដែលសេវារបស់យើងមិនដំណើរការ យើងខ្ញុំសូមធានាអះអាងថា មិនមានការខូចខាត ឬបាត់បង់ណាមួយកើតឡើងចំពោះធនាគារ ហើយទឹកប្រាក់របស់អតិថិជនទាំងអស់ សុទ្ធតែមានសុវត្ថិភាពដូចធម្មតា។
យើងខ្ញុំយល់យ៉ាងច្បាស់អំពីផលប៉ះពាល់ដែលលោកអ្នកទទួលរងពីការអាក់ដំណើរការ ហើយយើងខ្ញុំសូមសម្ដែង ការសោកស្ដាយចំពោះបញ្ហារំខាន និងក្ដីបារម្ភដែលបង្កឡើងដោយហេតុការណ៍ជាយថាភាពនេះ។ យើងខ្ញុំសូមធានាជូនថា យើងខ្ញុំបានខិតខំព្យាយាមធ្វើការជាមួយភាគីទីបី ដែលជាអ្នកផ្គត់ផ្គង់ប្រព័ន្ធធនាគារយើងខ្ញុំ ដើម្បីរកឲ្យឃើញនូវឫសគល់នៃបញ្ហា ហើយនឹងខិតខំប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីធានាថា បញ្ហាបែបនេះ នឹងមិនកើតមានម្ដង ទៀតនៅពេលខាងមុខ។
ខណៈពេលដែលយើងខ្ញុំកំពុងស្វែងរកគ្រប់មធ្យោបាយដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើង យើងខ្ញុំពិតជាមានសេចក្ដីរីករាយជាខ្លាំងដោយបានទទួលការគាំទ្រ និងអធ្យាស្រ័យពីអតិថិជនរបស់យើង។ យើងខ្ញុំសូមសម្ដែងការកោតសរសើរ ក៏ដូចជាអរគុណយ៉ាងជ្រាលជ្រៅដល់បណ្ដាអតិថិជនរូបវន្តនិងអតិថិជនសាជីវកម្ម អ្នកផ្គត់ផ្គង់និងស្ថាប័នរាជរដ្ឋាភិបាលចំពោះកិច្ចសហការ និងការយោគយល់ រួមជាមួយការផ្ដល់មតិដ៏មានតម្លៃដែលជួយឲ្យយើងខ្ញុំដំណើរការសេវាកម្មឡើងវិញ។ យើងបានឆ្លងកាត់បញ្ហានេះទាំងអស់គ្នា និងសូមអរគុណសម្រាប់ការគាំទ្ររបស់លោកអ្នក។
អតិថិជនរបស់យើងតែងតែ និងនៅតែជាតម្លៃស្នូលដ៏សំខាន់លើរាល់អ្វីៗដែលយើងខិតខំធ្វើ។ ជាថ្មីម្ដងទៀត យើងខ្ញុំពិតជាយល់ពីផលប៉ះពាល់ ដែលបង្កឡើងដោយបញ្ហានេះ ហើយយើងខ្ញុំសុំការអភ័យទោសពីសំណាក់អតិថិជនទាំងអស់។ យើងនឹងបន្ដស្វែងរក ក៏ដូចជានាំយកសេវាកម្ម និងផលិតផលថ្មីៗ ដែលទំនើប សុវត្ថិភាព និងសន្ដិសុខខ្ពស់ ដើម្បីបំពេញតម្រូវការរបស់លោកអ្នក។
ជាកិត្តិយសរបស់យើងខ្ញុំក្នុងការបម្រើលោកអ្នក និងសូមអរគុណរាល់ការអត់ធ្មត់ ការយោគយល់អធ្យាស្រ័យ ការជឿជាក់ និងទំនុកចិត្តចំពោះធនាគារ ABA។
ដោយក្ដីគោរពពី ក្រុមការងារ និងថ្នាក់ដឹកនាំធនាគារ ABA