​សេចក្ដីជូនដំណឹង​ ជុំវិញ​ករណី​ចោទប្រកាន់​លើ​បណ្ដាញ​សង្គម​ដោយ​គ្មាន​មូលដ្ឋាន​

19/Apr/2023

aba customer cash complain-2aba customer cash complain-2

​អតិថិជន​ជាទី​គោរព​!

យើងខ្ញុំ​សូម​ធ្វើ​បច្ចុប្បន្នភាព​ជុំវិញ​ករណី​ចោទប្រកាន់​មួយ​ ដែល​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​ 08​ ខែមេសា​ ដោយ​មាន​អតិថិជន​ម្នាក់​ បាន​អញ្ជើញ​ទៅ​សាខា​ធនាគារ​ ABA​ មួយ​កន្លែង​ ដើម្បី​ដាក់​ប្រាក់​នៅ​បញ្ជរ​ ហើយ​បាន​អះអាង​ថា​បាន​បាត់ប្រាក់​ចំនួន​ 1,000,000​រៀល​ (​មួយ​លាន​រៀល​)​។​ ​

ភ្លាមៗ​ បន្ទាប់​ពី​អតិថិជន​បាន​តវ៉ា​នៅ​សាខា​ ក្រុមការងារ​ពាក់ព័ន្ធ​របស់​យើងខ្ញុំ​ បាន​បង្ហាញ​វី​ដេ​អូ​ជូន​អតិថិជន​ អំពី​ដំណើរការ​នៃ​ការ​រាប់​សាច់ប្រាក់​ពី​ជ្រុង​ (​ប្លង់​)​ ផ្សេងៗ​គ្នា​ ដោយ​វី​ដេ​អូ​នោះ​ បាន​ចាប់​យក​សកម្មភាព​ទាំងស្រុង​ នៃ​ការ​រាប់​សាច់ប្រាក់​របស់​ក្រុម​ការងារ​។​ ប៉ុន្ដែ​ ពេល​នោះ​ អតិថិជន​មិន​ព្រម​ទទួលយក​ការ​បកស្រាយ​ពី​ក្រុមការងារ​យើង​ឡើយ​ ហើយ​ក៏​បាន​ចាក​ចេញពី​សាខា​។​ ​

នៅថ្ងៃទី 8 ខែមេសា អតិថិជនបានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ដោយបានចោទប្រកាន់ធនាគារ ABA ហើយបំភ្លៃខុសពីហេតុការណ៍ពិត ដែលបានកើតឡើងជាក់ស្ដែង។ នៅថ្ងៃបន្ទាប់ អតិថិជនក៏បានធ្វើការផ្សាយវីដេអូផ្ទាល់ (live) នៅហ្វេសប៊ុក ដោយបន្តរៀបរាប់អំពីការចោទប្រកាន់បំភ្លៃ និងបំផ្លេីសការពិតនោះ។ ទោះជាធនាគារយេីងខ្ញុំបានកំណត់ថ្ងៃជួបប្រជុំជាមួយអតិថិជនរូបនេះ នៅថ្ងៃទី 10 ខែមេសា ដែលបង្ហាញពីឆន្ទៈក្នុងការដោះស្រាយបញ្ហាភាន់ច្រឡំនេះក៏ដោយ ក៏អតិថិជនរូបនេះ នៅតែបន្តបរិហារកេរ្តិ៍ រួមមានខ្លឹមសារ បញ្ចុះបញ្ចូលតាមបណ្ដាញសង្គម ឲ្យគេឈប់ប្រេីប្រាស់ធនាគារ ABA។

ធនាគារយើងខ្ញុំនៅតែប្ដេជ្ញាព្យាយាមដោះស្រាយបញ្ហាដោយសន្ដិវិធី និងបានជួបប្រជុំជាមួយអតិថិជន នៅការិយាល័យកណ្តាល នៅថ្ងៃទី 10 ខែមេសា ដើម្បីពិនិត្យករណីនេះឡើងវិញ។ បន្ទាប់ពីបង្ហាញវីដេអូ និងភ័ស្ដុតាងដែលបានរកឃើញផ្សេងៗម្ដងទៀតរួច អតិថិជនបានទទួលស្គាល់ថា ចំនួនទឹកប្រាក់ដែលបានដាក់ គឺពិតជាត្រឹមត្រូវ ហើយមិនមានបាត់បង់ប្រាក់នោះទេ។ នៅថ្ងៃដដែល អតិថិជនរូបនេះ បានផុស លិខិតសុំទោស។ ទោះយ៉ាងណា នៅថ្ងៃនេះ លិខិតនោះលែងមាននៅលើទំព័រ/គណនី ហ្វេសប៊ុក របស់គាត់ទៀតហើយ។ ​

ជាមួយមូលដ្ឋានរឹងមាំដែលបញ្ជាក់ថា ការចោទប្រកាន់របស់អតិថិជន គឺការបំភ្លៃការពិត ហើយដោយផ្អែកលើភ័ស្ដុតាង រួមទាំងការរកឃើញផ្សេងៗដែលប្រមូលបាន បច្ចុប្បន្ននេះ ធនាគារ ABA រក្សាសិទ្ធិក្នុងការការពារកេរ្តិ៍ឈ្មោះធុរកិច្ច និងម៉ាកសញ្ញារបស់ខ្លួន ដោយក្នុងនោះរួមមាន ការរៀបចំឯកសារផ្លូវច្បាប់ ក៏ដូចជាបណ្ដឹងព្រហ្មទណ្ឌទៅតុលាការ។ ​

ស្របគ្នា​នេះ​ដែរ​ យើងខ្ញុំ​ សូម​រំលឹក​អតិថិជន​ជា​ថ្មី​ម្ដងទៀត​ សូម​ធ្វើការ​ទាក់ទង​មក​ធនាគារ​ ABA​ តាម​បណ្ដាញ​ទំនាក់ទំនង​ផ្សេងៗ​របស់​យើងខ្ញុំ​ មុន​នឹង​ផុស​អំពី​បញ្ហា​អ្វីមួយ​នៅ​លើ​អ៊ីនធឺណិត​ ឬ​បណ្ដាញ​សង្គម​។​ នីតិវិធី​ដោះស្រាយ​វិវាទ​នានា​របស់​ធនាគារ​យើង​ មាននៅ​លើ​វិ​ប​សាយ​ www.ababank.com/complaint​។​ ការ​អះអាង​ និង​ចោទប្រកាន់​ដោយ​បំភ្លៃ​ការ​ពិត​ និង​គ្មាន​មូលដ្ឋាន​ អាច​បណ្ដាល​ឲ្យ​រង​វិធានការ​ផ្នែក​ច្បាប់​ជា​ធរមាន​។​ ​

សូម​អរគុណ​!