នាយកប្រតិបត្តិធនាគារជាតិកាណាដាកោតសរសើរការអភិវឌ្ឍរបស់ ABA ក្នុងថ្ងៃទស្សនកិច្ចប្រចាំឆ្នាំ
25/Mar/2019
កាលពីថ្ងៃទី 19 ដល់ 21 ខែមីនា ឆ្នាំ2019 កន្លងទៅថ្មីៗនេះ លោក Louis Vachon អគ្គនាយក និងជានាយកប្រតិបត្តិរបស់ ធនាគារជាតិកាណាដា បានធ្វើទស្សនកិច្ចមកកាន់ទីស្នាក់ការកណ្តាលរបស់ធនាគារ ABA និងស្ថាប័នផ្សេងៗទៀតរបស់ធនាគារ។ នេះគឺជាទស្សនកិច្ចលើកទីបីហើយរបស់លោក Vachon ចាប់តាំងពីឆ្នាំ 2017 មក ហើយវាក៏បានបង្ហាញពីការតាំងចិត្តរបស់ធនាគារជាតិកាណាដាចំពោះការអភិវឌ្ឍរបស់ធនាគារ ABA ផងដែរ។
អំឡុងពេលនៃការធ្វើទស្សនកិច្ច លោក Louis Vachon បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ ដែលមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាលដូចជា សវនកម្ម គណៈកម្មាធិការអនុវត្តតាម អភិបាលកិច្ច គណៈកម្មាធិការហានិភ័យ និងផ្នែកផ្សេងៗទៀត។
ក្រៅពីនោះ នាយកប្រតិបត្តិរបស់ធនាគារជាតិកាណាដា ក៏បានរៀបចំកិច្ចប្រជុំជាមួយស្ថាប័នផ្សេងៗរបស់ធនាគារ ABA ផងដែរ។ តួយ៉ាង នៅថ្ងៃទី 19 មីនា លោក Vachon បានធ្វើទស្សនកិច្ចមជ្ឈមណ្ឌលសេវាធនាគារអាជីវកម្ម ដែលទើបបើកថ្មី និងអគារការិយាល័យទីស្នាក់ការកណ្តាលផងដែរ។
ដោយមានទីតាំងស្ថិតនៅជាន់ទីមួយនៃអគារការិយាល័យកណ្តាលរបស់ ABA ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុដ៏មមាញឹកក្នុងទីក្រុងភ្នំពេញ មជ្ឈមណ្ឌលសេវាធនាគារអាជីវកម្មផ្តល់ជូននូវសេវាធនាគារដែលមានគុណភាព ជូនដល់វិស័យសហគ្រាសធុនតូចនិងមធ្យម ក្រុមហ៊ុនធំៗ ក៏ដូចជាក្រុមហ៊ុនសាជីវកម្មពហុជាតិ និងអាជីវកម្មក្នុងស្រុក ដែលកំពុងប្រតិបត្តិការយ៉ាងលេចធ្លោនៅកម្ពុជា។ មជ្ឈមណ្ឌលក៏មានផ្តល់កន្លែងចំណតរថយន្ត កន្លែងរង់ចាំ បញ្ជរបម្រើអតិថិជន ក៏ដូចជាបន្ទប់ឯកជនសម្រាប់ផ្តល់ប្រឹក្សាមួយទល់នឹងមួយជាមួយបុគ្គលិកដែលមានជំនាញធ្វើការផ្ទាល់លើផ្នែកអាជីវកម្មផងដែរ។
អគារសេវាអតិថិជននៃការិយាល័យកណ្តាលរបស់ ABA គឺជាសាខាដ៏សំខាន់មួយ ដែលមានកាលវិភាគម៉ោងធ្វើការបន្ថែមផងដែរ។ សាខាចាប់បើកបម្រើសេវាជូនអតិថិជនចាប់ពីម៉ោង 8ព្រឹក ដល់ម៉ោង 8ល្ងាច ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងបានក្លាយជាកន្លែងបម្រើសេវាធនាគារដ៏មានភាពងាយស្រួលសម្រាប់ប្រជាជនដែលធ្វើការ ឬបម្រើការនៅក្នុងតំបន់បឹងកេងកងនៃរាជធានីភ្នំពេញ។
នៅថ្ងៃតែមួយនោះ លោក Vachon ក៏បានចូលរួមសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាល ABA និងបានចូលរួមប្រជុំជាមួយអ្នកគ្រប់គ្រងរបស់ធនាគារផងដែរ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំ លោកបានបញ្ជាក់ជាថ្មីអំពីការផ្តោតការយកចិត្តទុកដាក់របស់ធនាគារជាតិកាណាដា ទៅលើធនធានមនុស្សដែលបង្កើតបានជាទ្រព្យសកម្មសំខាន់របស់សម្ពន្ធធនាគារជាតិកាណាដា។
“មានហេតុផលជាច្រើនដែលធនាគារជាតិកាណាដា បានសម្រេចចិត្តវិនិយោគលើធនាគារ ABA។ ហេតុផលមួយក្នុងចំណោមនោះ គឺអនាគតនៃប្រទេសកម្ពុជា ព្រោះយើងបានឃើញពីអនាគតដ៏ត្រចះត្រចង់សម្រាប់ប្រទេស និងប្រជាជនរបស់ប្រទេសមួយនេះ។ ដូចគ្នានេះផងដែរ យើងចែករំលែកទស្សនៈដូចគ្នាពីរបៀបដំណើរការធនាគារ និងអ្វីដែលចាំបាច់អំពីធនាគារ។ អ្វីដែលធ្វើឲ្យយើងព្រមព្រៀងគ្នាយ៉ាងឆាប់រហ័សនោះគឺថា ការធ្វើជំនួញធនាគារគឺត្រូវផ្តោតទៅលើប្រជាជន។ ទេពកោសល្យតែងតែជាកត្តាចម្បងដាច់ដោយឡែកពីវិស័យធនាគារ។ ហេតុដូច្នេះហើយ ទើបយើងវិនិយោគទៅលើការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលធនធានមនុស្សនៅទីនេះ ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់ធុរកិច្ចរបស់យើង ហើយយើងនឹងបន្តធ្វើវាបន្តទៅទៀត” នេះបើតាមការថ្លែងរបស់លោក Louis Vachon។
“សម្រាប់ខ្ញុំ និងក្រុមប្រឹក្សាភិបាលរបស់ធនាគារជាតិកាណាដា យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អ្វីៗគ្រប់បែបយ៉ាងដែលអ្នកទាំងអស់គ្នាបានធ្វើ និងបន្តធ្វើជារៀងរាល់ថ្ងៃ។ ហើយខ្ញុំសូមថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការសម្រេចបានលទ្ធផលផ្នែកហិរញ្ញវត្ថុដ៏គួរឲ្យស្ញប់ស្ញែង” លោកបានបន្ថែម។
នាយកប្រតិបត្តិរបស់ធនាគារ ABA លោក Askhat Azhikhanov បានមានអនុសាសន៍ចំពោះការសម្ពោធមជ្ឈមណ្ឌលបណ្តុះបណ្តាលថា “នៅ ABA យើងតែងតែនិយាយថា ទ្រព្យសកម្មដ៏ចម្បងរបស់យើងគឺជាមនុស្សរបស់យើង។ ហើយយើងត្រូវបន្តការវិនិយោគទៅលើគុណភាពនៃទ្រព្យមួយនេះ ដោយពង្រឹងបន្ថែមនូវចំណេះដឹង និងជំនាញរបស់បុគ្គលិកយើង ទៅលើចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃរបស់យើងចំពោះផលិតផលនិងសេវាកម្ម ក៏ដូចជាទំនោរថ្មីនៅក្នុងផ្នែកទីផ្សារ និងប្ចេកវិទ្យាផងដែរ។ ដើម្បីផ្តល់ចំណេះដឹងនេះ យើងត្រូវការហេដ្ឋារចនាសម្ពន្ធសមរម្យមួយ។ នេះហើយគឺជាមូលហេតុដែលយើងសាងសង់ មជ្ឈមណ្ឌលបណ្តុះបណ្តាលដ៏ធំនេះឡើង ដើម្បីបំពេញតម្រូវការរបស់យើងដែលកំពុងកើនឡើង។”
មជ្ឈមណ្ឌលបណ្តុះបណ្តាល ABA ផ្តល់ជូននូវសម្ភារៈចំបាច់សម្រាប់ការចែករំលែកចំណេះដឹងឲ្យបានជោគជ័យទៅដល់បុគ្គលិកធនាគារទាំងអស់។ អគារក៏មានបំពាក់នូវបន្ទប់បណ្តុះបណ្តាលជាច្រើន បន្ទប់ប្រជុំ កន្លែងចតរថយន្តធំទូលាយ និងកន្លែងដែលបុគ្គលិកអាចសម្រាកលំហែក្នុងពេលសម្រាកចន្លោះវគ្គបណ្តុះបណ្តាលផងដែរ។ ជារួមមក មជ្ឈមណ្ឌលអាចទទួលបណ្តុះបណ្តាលមនុស្សបានជាង 350 នាក់ នៅក្នុងវគ្គបណ្តុះបណ្តាលចំនួន 50 ដែលកំពុងផ្តល់ជូនដោយធនាគារទៅដល់បុគ្គលិករបស់ខ្លួន។
លោក Louis Vachon បានបញ្ចប់ទស្សនកិច្ចរបស់ខ្លួននៅធនាគារ ABA និងបានត្រលប់ទៅប្រទេសកាណាដាវិញនៅថ្ងៃទី 21 ខែមីនា។