វឌ្ឍនភាពថ្មីសម្រាប់ អង្គការមូលនិធិកុមារកម្ពុជា៖ ធនាគារ ABA បរិច្ចាគរថយន្តក្រុងថ្មី ដល់សិស្ស ដើម្បីសម្រួលមធ្យោបាយធ្វើដំណើរកាន់តែប្រសើរ
06/Nov/2024
ក្រោមកិច្ចផ្តួចផ្តើមដ៏កក់ក្តៅក្នុងការគាំទ្រកម្មវិធីអប់រំរបស់កុមារក្រីក្រ ធនាគារ ABA បានសហការជាមួយ អង្គការមូលនិធិកុមារកម្ពុជា (CCF) ដើម្បីផ្តល់នូវមធ្យោបាយដឹកជញ្ជូនសម្រាប់សិស្សានុសិស្ស ក្នុងសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ កិច្ចសហការនេះ ឆ្លុះបញ្ចាំងពីលទ្ធផលដ៏មានន័យនៃទំនួលខុសត្រូវសង្គម ទៅលើការអភិវឌ្ឍសហគមន៍របស់ធនាគារ។
តំបន់ស្ទឹងមានជ័យ ធ្លាប់ជាអតីតគំនរសំរាមដ៏ធំមួយ ដែលគេស្គាល់ជាតំបន់ក្រីក្រខ្លាំង និងបរិស្ថានគ្មានផាសុកភាព។ យ៉ាងណាមិញ អង្គការ CCF ក៏បានកែរប្រែសហគមន៍ក្រីក្រនេះ ឲ្យក្លាយទៅជាសហគមន៍ដែលពោពេញដោយក្តីសង្ឃឹម និងទទួលបានឱកាសថ្មីៗតាមរយៈការផ្តល់ការអប់រំ។
កុមារដែលរស់នៅតំបន់នេះ លទ្ធភាពទទួលបានការអប់រំរបស់ពួកគាត់មានបញ្ហាប្រឈមជាច្រើន ហើយមួយក្នុងចំណោមបញ្ហានោះគឺមធ្យោបាយធ្វើដំណើរមិនមានគ្រប់គ្រាន់។ ABA និង អង្គការ CCF ក៏សម្រេចចិត្តចូលរួមជួយដោះស្រាយបញ្ហានេះ។
រថយន្តក្រុងថ្មីសម្រាប់អនាគតភ្លឺស្វាង
កាលពីឆ្នាំ 2023 ABA បានបរិច្ចាគថវិកាចំនួន 20 000 ដុល្លាអាមេរិក ដែលបានរាប់រងលើការទិញរថយន្តក្រុងនេះដល់ទៅ 82% នៃតម្លៃសរុប។ ការរួមចំណែកដ៏សប្បុរសនេះ បានផ្លាស់ប្តូរខ្សែជីវិតកុមារនៅក្នុងតំបន់នេះឲ្យកាន់តែប្រសើរ ដែលអនុញ្ញាតឲ្យពួកគេសម្រេចនូវក្តីស្រមៃតាមរយៈការអប់រំ។ រថយន្តក្រុងថ្មីនេះមានបរិយាកាសធំទូលាយ និងត្រជាក់មានផាសុកភាព ដែលបង្ហាញពីក្តីសង្ឃឹម និងអនាគតភ្លឺស្វាងសម្រាប់ក្មេងៗ។
ការធ្វើដំណើរតាមរថយន្តក្រុងថ្មីនេះ បានជួយឲ្យជីវភាពប្រចាំថ្ងៃរបស់សិស្សានុសិស្ស មានភាពប្រសើរជាងមុន ដែលអាចដឹកជញ្ជូនសិស្សបាន 40នាក់ ក្នុងមួយដង ដោយធ្វើដំណើរ 4ដង ក្នុងមួយថ្ងៃ ស្មើរនឹងការជួយដល់សិស្សចំនួន 140នាក់ ក្នុងការធ្វើដំណើរទៅសិក្សានៅសាលារដ្ឋ។ ក្រៅពីការដឹកជញ្ជូនសិស្ស រថយន្តក្រុងនេះក៏បានជូនអ្នកជំងឺទៅមន្ទីពេទ្យ ទៅផ្ទះ និងតំបន់នានា ដើម្បី ធានាបានូវសុខុមាលភាព និងការអភិវឌ្ឍន៍របស់ពួកគេ។
ការផ្លាស់ប្តូរដ៏មានឥទ្ធិពល
កុមារី អាន ភារី ជាសិស្សអាយុ 13ឆ្នាំ នៅ The Rice Academy របស់អង្គការ CCF បានចែករំលែកថា៖ “ខ្ញុំពិតជារីករាយជាមួយនឹងរថយន្តក្រុងថ្មីនេះ ដែល ABA បានបរិច្ចាគឲ្យអង្គការ។ រថយន្តក្រុងថ្មីនេះ ធំ ក្រអូប និងត្រជាក់ជាងមុន ហើយខ្ញុំអាចទៅសាលារៀនទាន់ពេលវេលា។ ខ្ញុំសូមអរគុណដល់ ABA សម្រាប់ការបរិច្ចាគនេះ។”
កាលពីមុន ការធ្វើដំណើរទៅសាលារៀនជាបញ្ហាប្រឈមរបស់នាង ប៉ុន្តែរថយន្តក្រុងថ្មីនេះ នឹងធានាថានាងអាចចូលរៀនទាន់ពេលវេលា ក្នុងបរិយាកាសប្រកបដោយផាសុកភាព និងសុវត្ថិភាព។
លោក ជា ស៊ីនីត ជាអ្នកគ្រប់គ្រងការដឹកជញ្ជូននៅអង្គការ CCF មានមតិថា៖ “រថយន្តក្រុងដែលបរិច្ចាគដោយ ABA បានជួយកាត់បន្ថយបន្ទុកថ្លៃថែទាំ និងជួសជុលរបស់យើង។ រថយន្តក្រុងនេះ ជាមធ្យោបាយដឹកជញ្ជូនដែលផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាព ដែលបង្ហាញពីការបោះជំហានទៅមុខដ៏សំខាន់ក្នុងការគាំទ្រដល់គ្រួសារនិងកុមារៗរបស់អង្គការ CCF។”
គំរូនៃភាពផ្លាស់ប្តូរ
ភាពជាដៃគូរវាង ធនាគារ ABA និងអង្គការ CCF ជាគំរូដ៏លេចធ្លោមួយ ដែលបង្ហាញពីទំនួលខុសត្រូវសង្គម និងកិច្ចសហការដើម្បីសហគមន៍។ តាមរយៈការដោះស្រាយតម្រូវការដឹកជញ្ជូនដ៏សំខាន់ កិច្ចផ្តួចផ្តើមនេះ បានបង្កើនលទ្ធភាពនៃការទទួលបានការអប់រំ និងជីវភាពប្រចាំថ្ងៃរបស់កុមារក្រីក្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ឲ្យកាន់តែប្រសើរឡើង។ កិច្ចការនេះបានបង្ហាញពីលទ្ធផលដ៏មានឥទ្ធិពល នៃគម្រោងដែលមានមូលនិធិច្បាស់លាស់ ក្នុងការជួយដល់ការអភិវឌ្ឍន៍សហគម និងកាត់បន្ថយភាពក្រីក្រ។
ជាសក្ខីភាពនៃការគាំទ្រជាបន្តបន្ទាប់ចំពោះអង្គការ CCF និងអនាគតកុមារកម្ពុជាជាច្រើន ធនាគារ ABA ក៏បានបរិច្ចាគថវិកាសរុបចំនួន 60 000 ដុល្លារអាមេរិក សម្រាប់រយៈពេល 3 ឆ្នាំ ដល់ កម្មវិធីអប់រំកម្រិតបឋមសិក្សា របស់ អង្គការ CCF ក្នុងខែកញ្ញា ឆ្នាំ 2024 កន្លងទៅនេះ។ ការរួមចំណែកនេះ នឹងធានាផ្តល់នូវការអប់រំពេញលេញ ដល់ សិស្សានុសិស្សជាច្រើនរូប ។
ក្នុងដំណើរបន្ដវឌ្ឍនភាពរបស់ខ្លួន ABA នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រកម្មវិធីអប់រំរបស់ អង្គការ CCF ហើយយើងខ្ញុំបន្តកសាងភាពជោគជ័យ និងស្វែងរកគំនិតផ្តួចផ្តើមបន្ថែមដែលផ្តល់ផលប្រយោជន៍ដល់សុខុមាលភាព និងអនាគតរបស់កុមារគ្រប់គ្នា។






