ទស្សនាវដ្ដី Global Finance ប្រសិទ្ធនាម ABA ជា ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2024

02/Apr/2024

aba global finance 2024 dt kh

ABA ដែលជាធនាគារពាណិជ្ជដ៏ធំបំផុតប្រចាំប្រទេស និងជាអ្នកផ្គត់ផ្គង់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេ ត្រូវបានប្រសិទ្ធនាមជា "ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2024" ដោយទស្សនាវដ្តី Global Finance។ ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ត្រូវបានប្រគល់ជូន ABA នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ឲ្យធនាគារឆ្នើមលំដាប់ពិភពលោក ប្រចាំឆ្នាំ លើកទី 31 ដែលប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក។

ធនាគារ ABA ត្រូវបានទស្សនាវដ្តីនេះទទួលស្គាល់ ចំពោះលទ្ធផលប្រកបដោយជោគជ័យនៅក្នុងទីផ្សារកម្ពុជា ដោយបន្ដបំពេញរាល់តម្រូវការអតិថិជនរបស់ខ្លួន។ គណៈវិនិច្ឆ័យរបស់ទស្សនាវដ្តី Global Finance បានសាទរ ABA ចំពោះលទ្ធផលដ៏ប្រសើរបំផុត ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ព្រមទាំងបានកត់សម្គាល់លើវឌ្ឍនភាពថ្មីៗជាច្រើន។

វឌ្ឍនភាពទាំងនេះ រួមមាន ការដាក់ដំណើរការ ABA Mobile ជំនាន់ថ្មី 5.0 ដែលអាចឲ្យអតិថិជនកែប្រែអេបឲ្យមានលក្ខណៈផ្ទាល់ខ្លួន សម្រាប់ការប្រើសេវាធនាគារកាន់តែងាយស្រួល និងលេចធ្លោ។

ធនាគារ ក៏បានដាក់បញ្ចូលសេវាកម្ម និងមុខងារថ្មីៗជាច្រើនទៅក្នុងកម្មវិធី ABA Mobile ផងដែរ ដូចជា មុខងារទូទាត់តាមកូដ QR នៅប្រទេសថៃ និងកម្មវិធី ABA ចាយបានលុយ ដែលអតិថិជនអាចស្វែងរកការផ្ដល់ជូនពិសេសៗបានលុយវិញ ពីហាងដែលជាដៃគូជាមួយ ABA KHQR។

លើសពីនេះ ABA បានដាក់ឲ្យចូលប្រើប្រាស់សេវាធនាគារតាម ABA Mobile ដោយមិនអស់ទិន្នន័យអ៊ីនធឺណិត សម្រាប់អតិថិជនប្រើលេខ Smart និង Metfone ដែលអនុញ្ញាតឲ្យពួកគាត់នៅតែអាចបន្ដប្រើសេវាធនាគារបានធម្មតា ទោះជាគ្មានលុយអ៊ីនធឺណិតក៏ដោយ។

នៅឆ្នាំ 2023 ABA បានពង្រីកអេកូស៊ីស្ទែមឌីជីថលរបស់ខ្លួនគួរឲ្យកត់សម្គាល់។ បច្ចុប្បន្ននេះ អាជីវករជាង 700,000 នាក់ប្រមូលការទូទាត់បែបឌីជីថល ដោយប្រើ KHQR ជើងបញ្ឈរ, ខ្សែកាត, ម៉ាស៊ីនទូទាត់ POS និងកម្មវិធី ABA Merchant ។ កម្មវិធីនេះអនុញ្ញាតឲ្យពាណិជ្ជករ និងអ្នកលក់ដូរនានា ប្រមូលប្រាក់ទូទាត់តាម ABA KHQR, គ្រប់គ្រងការបង្វិលសងប្រាក់ត្រលប់ ដោនឡូតរបាយការណ៍ប្រតិបត្តិការ វិភាគការលក់ដូរ ព្រមទាំងមុខងារច្រើនទៀត។

នៅក្នុងផ្នែកសាជីវកម្ម ធនាគារបានណែនាំសេវាកម្មថ្មី និងកែល្អផលិតផល/សេវាកម្មដែលមានស្រាប់។ ផ្លែតហ្វម ABA Business ត្រូវបានបើកដំណើរការឡើងវិញ ដោយផ្ដល់ជូនអ្នកប្រើប្រាស់នូវមុខងារថ្មីៗ និងផ្ទៃអន្ដរកម្មដ៏ទំនើប។ ជាមួយក្រុមហ៊ុន Caltex Cambodia ABA បានដាក់ដំណើរការកាតប្រភេទ Fleet Card - ជាកាតឥណទានដែលក្រុមហ៊ុនអាចប្រើប្រាស់សម្រាប់ការគ្រប់គ្រងយានយន្ដ និងការគ្រប់គ្រងលើការចំណាយថ្លៃប្រេងឥន្ធនៈ។

បន្ថែមពីនេះ ធនាគារ ABA បានពង្រីកបណ្ដាញរូបវន្ដរបស់ខ្លួននៅទូទាំងប្រទេស ដោយមានសាខាសរុប 95 និងទីតាំងស្វ័យសេវា 24/7 ចំនួន 45 គិតត្រឹមដំណាច់ឆ្នាំ 2023។ ម៉ាស៊ីនស្វ័យសេវាសរុបនៅក្នុងប្រព័ន្ធអេកូរបស់ធនាគារ កើនដល់ 1,700គ្រឿង។

នាឱកាសទទួលពានរង្វាន់នេះ នាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov មានប្រសាសន៍ថា “យើងខ្ញុំមានកិត្តិយសយ៉ាងក្រៃលែង ដែលបានទទួលស្គាល់ជាថ្មីម្ដងទៀតជា ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា ពីទស្សនាវដ្ដី Global Finance។ ពាននេះ គឺជាសក្ខីភាពបញ្ជាក់ចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់ក្រុមការងាររបស់យើងខ្ញុំទាំងមូល ហើយយើងប្តេជ្ញាបន្តផ្ដល់នូវសេវាធនាគារដ៏ល្អបំផុតជូនអតិថិជន”។

លោកបានបន្ថែមថា “យើងខ្ញុំផ្តោតលើការផ្តល់ជូននូវដំណោះស្រាយប្រកបដោយនវានុវត្ត ដើម្បីទទួលបានកំណើនឥតឈប់ឈរ។ យើងខ្ញុំមានជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់ដំណោះស្រាយសេវាធនាគារដ៏ងាយស្រួល ប្រកបដោយសុវត្ថិភាព”។

លោក Joseph D. Giarraputo ជាស្ថាបនិក និងនិពន្ធនាយករបស់ Global Finance មានប្រសាសន៍ថា “នៅក្នុងបរិបទដែលបន្ដផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ពានរង្វាន់ធនាគារល្អឆ្នើមបំផុត ទទួលស្គាល់គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់នូវសេវាកម្មទូលំទូលាយច្រើនប្រភេទ ប្រកបដោយទំនុកចិត្តយៈពេលវែង និងបច្ចេកវិទ្យានវានុវត្តន៍” ។

យោងតាមទស្សនាវដ្ដី Global Finance ម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ឆ្នាំនេះ គឺប្រគល់ជូនធនាគារទាំងឡាយណា ដែលយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ លើតម្រូវការរបស់អតិថិជន និងសម្រេចបានលទ្ធផលឈានមុខគេ ហើយថែមទាំងចាក់គ្រឹះដ៏រឹងមាំ សម្រាប់ភាពជោគជ័យនាពេលអនាគត។ ធនាគារ ដែលទទួលបានពានរង្វាន់នេះ បានគ្រប់គ្រងទ្រព្យសកម្ម និងបំណុលរបស់ខ្លួន ប្រកបដោយភាពឆ្លាតវៃ ដោយមើលឃើញ និងគិតគូពីស្ថានភាពនៃការផ្លាស់ប្តូរអត្រាការប្រាក់យ៉ាងឆាប់រហ័ស។ សូមស្វែងរកការចេញផ្សាយសេចក្ដីប្រកាសព័ត៌មានផ្លូវការពី Global Finance ដែលប្រកាសអ្នកឈ្នះពាន ធនាគារឆ្នើមនៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ 2024 ទីនេះ។

អំពីធនាគារ ABA
ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ និងប្រាក់កម្ចីរបស់អតិថិជន និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិកម្ពុជា ឆ្នាំ 2021 និង 2022។ ធនាគារ ត្រូវបានទទួលស្គាល់ចំពោះការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលទំនើប និងងាយស្រួល ទៅតាមតម្រូវការរបស់អតិថិជន។ គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2023 ធនាគារមានទ្រព្យសកម្មសរុបជាង 11.5 ពាន់លាន ដុល្លារអាមេរិក និងមានអតិថិជនជាង 3.5 លាន នាក់។

អំពីទស្សនាវដ្ដី Global Finance
ទស្សនាវដ្តី Global Finance បង្កើតឡើងនៅឆ្នាំ 1987 មានការចុះផ្សាយចំនួន 50,000 ច្បាប់ និងមានអ្នកអាននៅ 193 ប្រទេស។ អ្នកអានទស្សនាវដ្តី Global Finance រួមមាន មន្ត្រីជាន់ខ្ពស់ផ្នែកសាជីវកម្ម និងមន្ត្រីហិរញ្ញវត្ថុដែលទទួលខុសត្រូវក្នុងការធ្វើការសម្រេចចិត្តនានាទាក់ទងនឹងការវិនិយោគ និងយុទ្ធសាស្ត្រនៅក្នុងក្រុមហ៊ុនចម្រុះជាតិសាសន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។ ទស្សនាវដ្តី Global Finance ជ្រើសរើសជាទៀងទាត់នូវធនាគារកំពូលៗក្នុងចំណោមធនាគារ និងគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុនានា។ ពានរង្វាន់ទាំងអស់នេះបានក្លាយជាបទដ្ឋានឧត្តមភាពដែលអាចទុកចិត្តបានសម្រាប់សហគមន៍ហិរញ្ញវត្ថុសកលលោក។