​លើកកម្ពស់​យុវជន​តាម​រយៈ​ប្រវត្តិសាស្ត្រ​:​ ធនាគារ​ ABA​ ឧបត្ថម្ភ​ដល់​ដំណើរ​ទស្សនកិច្ច​សិស្សានុសិស្ស​ទៅ​កាន់​សារមន្ទីរ​ ស​.​ស​.​រ​.

30/Jun/2025

aba support ssr kh

ដើម្បី​ពង្រឹង​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​ចំណោម​សិស្សានុសិស្ស​កម្ពុជា​ ធនាគារ​ ABA​ មាន​សេចក្តី​សោម​ន្ស​ក្នុង​ការ​រួមចំណែក​ថវិការ​ចំនួន​ 5,000​ ដុល្លារ​អា​មេ​រិ​ក​ ជូន​សារមន្ទីរ​ ព្រះ​ស្រី​ឦសាន​វរ្ម័ន​ (​ស​.​ស​.​រ​.)​ ក្នុង​ឆ្នាំ​ 2025​។​ នេះ​ជា​ឆ្នាំ​ទី​ពីរ​ ដែល​ធនាគារ​ ABA​ បាន​ចូលរួម​គាំទ្រ​ ”​កម្មវិធី​ បណ្តុះបណ្តាល​ចំណេះដឹង​វិស័យ​ធនាគារ​ និង​សេដ្ឋកិច្ច​”​ រៀបចំ​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC)​។​

​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​នេះ​ សារមន្ទីរ​ ស​.​ស​.​រ​.​ និង​សមាគម​ ABC​ នឹង​សហការ​គ្នា​ក្នុង​ការ​សម្របសម្រួល​ដំណើរ​ទស្សនកិច្ច​ ឥត​គិតថ្លៃ​ សម្រាប់​សិស្សានុសិស្ស​ទូ​ទាំង​ប្រទេស​កម្ពុជា​ ផ្តល់​ឱកាស​ដល់​ពួក​គេ​ស្វែង​យល់​ប្រវត្តិសាស្ត្រ​សេដ្ឋកិច្ច​កម្ពុជា​ដ៏​សម្បូរ​បែប​ ដែល​មាន​អាយុកាល​ជាង​ 2,000​ ឆ្នាំ​ ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​តាំងពិព័រណ៍​អចិន្ត្រៃយ៍​ និង​មិន​អចិន្ត្រៃយ៍​ វត្ថុ​បុរាណ​រូបិយ​វត្ថុ​ និង​ទីតាំង​អន្តរ​កម្ម​ដ៏​ទំនើប​។​

នៅ​ថ្ងៃ​ទី​26​ ខែមិថុនា​ ឆ្នាំ​ 2025​ ពី​ធី​ប្រគល់​លិខិត​ថ្លែងអំណរគុណ​ បាន​ធ្វើ​ឡើង​គួប​ផ្សំ​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​របស់​សិស្សានុសិស្ស​វិទ្យាល័យ​ ចំនួន​ប្រមាណ​ 100​ នាក់​ ពី​ខេត្តកំពង់ចាម​ ក្នុង​គោលបំណង​បង្កើន​ការ​យល់​ដឹង​របស់​ពួក​គេ​ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ ការ​អភិវឌ្ឍ​រូបិយ​វត្ថុ​ និង​ដំណើ​រវិ​វត្ត​នៃ​រូបិយប័ណ្ណ​របស់​ប្រទេស​កម្ពុជា​។​

​លោក​ Igor​ Zimarev​ អគ្គនាយករង​ប្រតិបត្តិ​ និង​ជានា​យក​ទីផ្សារ​ កិច្ចការ​ CSR​ នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​គំនិត​ផ្តួចផ្តើម​នេះ​ ដើរតួ​ជា​ឱកាស​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សា​ភ្ជាប់​ហិរញ្ញ​វ​ត្ដុ​ ប្រវត្តិសាស្ត្រ​ និង​ការ​អប់រំ​ បន្ថែម​ពី​ការ​សិក្សា​ទូទៅ​ក្នុង​ថ្នាក់រៀន​។​ យើងខ្ញុំ​ ពី​ធនាគារ​ ABA​ មាន​កិត្តិយស​ ដែល​បាន​រួមចំណែក​ក្នុង​ការ​បង្កើន​បទ​ពិសោធន៍​អប់រំ​នេះ​ ដល់​សិស្សានុសិស្ស​ទូ​ទាំង​ប្រទេស​”​។​

​ស្រប​ទៅ​នឹង​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្គម​របស់​យើងខ្ញុំ​ ABA​ នៅ​តែ​ប្តេជ្ញា​ចិត្ត​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដែល​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ និង​វិស័យ​អប់រំ​ ដល់​យុវជន​ជំនាន់​ក្រោយ​។​ យើងខ្ញុំ​ក៏​លើកទឹកចិត្ត​អ្នក​ទាំងអស់​គ្នា​ ទៅ​ទស្សនា​ សារមន្ទីរ​ ស​.​ស​.​រ​.​ និង​រីករាយ​ជាមួយ​បទ​ពិសោធន៍​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​នៃ​ដំណើរ​រូបិយ​វត្ថុ​តែ​មួយ​គត់​របស់​ប្រទេស​កម្ពុជា​។