ជំរុញបច្ចេកវិទ្យាហិរញ្ញវត្ថុទៅមុខ៖ ABA ឧបត្ថម្ភកម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី 5
04/Sep/2025
ក្នុងនាមជាគ្រឹះស្ថានឈានមុខក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុឌីជីថល ធនាគារ ABA មានកិត្តិយសក្លាយជាអ្នកឧបត្ថម្ភធំ (Diamond Sponsor) នៃកម្មវិធីនវានុវត្តន៍បញ្ច្រាស រដូវកាលទី 5 រៀបចំឡើងដោយមជ្ឍមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ។
កម្មវិធីកម្មរយៈពេល 3ខែ ដ៏មមាញឹកនេះ បានបង្កើតឡើងដើម្បីគាំទ្រដល់ក្រុមធុរកិច្ចថ្មី ក្នុងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្ត ដែលអាចឆ្លើយតបទៅកាន់ បញ្ហាប្រឈមក្នុងទីផ្សារ ជាមួយការតម្រង់ទិសពីអ្នកជំនាញក្នុងវិស័យនានា។
នៅថ្ងៃទី3 ខែកញ្ញា ឆ្នាំ2025 កម្មវិធីនេះបានចាប់ផ្តើមជាផ្លូវការជាមួយ «ថ្ងៃបទបង្ហាញបញ្ច្រាស» ដែលមានការចូលរួមពីបេក្ខជនជាប់វគ្គជម្រុះ និងមានការអញ្ចើញចូលរួមពី ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” អ្នកស្រី ធាម រមណី អគ្គនាយិការងប្រតិបត្តិ និងជានាយិកាទំនាក់ទំនងគូភាគី – ប្រធានគ្រប់គ្រងតំបន់ នៃធនាគារ ABA ព្រមទាំងភ្ញៀវកិត្តិយសផ្សេងៗទៀត។
កម្មវិធីសំខាន់ក្នុង «ថ្ងៃបទបង្ហាញបញ្ច្រាស» គឺវគ្គចែករំលែករបស់អ្នកជំនាញ ពីស្ថាប័ននានា ក្នុងការផ្តល់ព័ត៌មាន និងចំណេះដឹង ដល់ធុរកិច្ចថ្មី ជួយគាំទ្រពួកគេក្នុងការសម្គាល់ចំណោទបញ្ហា និងស្វែងរកដំណោះស្រាយរួម។
លោក អ៊ុយ ជឺហ៊ាង ប្រធាននាយកដ្ឋាន ឥណទានពាណិជ្ជកម្មខ្នាតធំ នៃធនាគារ ABA ក៏បានចូលរួមជាអ្នកជំនាញ និងបានធ្វើបទបង្ហាញទៅលើចំណោទបញ្ហា “ហិរញ្ញវត្ថុឌីជីថលប្រកមដោយបរិយាបន្នសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ” ។ លោក បានសង្កត់ធ្ងន់ទៅលើតួនាទីដ៍សំខាន់នៃការទទួលបានសេវាកម្មហិរញ្ញវត្ថុសម្រាប់អ្នកដែលមានភាពខ្វះខាត និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ឆ្ពោះទៅមុខ ABA នឹងបន្តប្តេជ្ញាគាំទ្របេសកកម្មរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្នុងការលើកកម្ពស់នវានុវត្តន៍ និងការច្នៃប្រឌិតក្នុងចំណោមធុរកិច្ចថ្មីក្នុងស្រុក ដែលបន្តជំរុញការលូតលាស់នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។






