លើកកម្ពស់ការអប់រំផ្នែកឌីជីថល៖ ABA បរិច្ចាគសម្ភារកំព្យូទ័រ ដល់អង្គការមូលនិធិកុមារកម្ពុជា
07/Nov/2024
ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីគាំទ្របេសកម្មក្នុងការសម្រួលជីវភាពកុមារក្រីក្ររបស់អង្គការមូលនិធិកុមារកម្ពុជា (CCF) ធនាគារ ABA មានកិត្តិយសបរិច្ចាគ កំព្យូទ័រ 26 គ្រឿង និងម៉ាស៊ីន UPS ដល់សាលា នីសិន គ្រីប អាខាដេមី របស់ អង្គការ CCF។
នៅថ្ងៃទី06 ខែវិច្ឆិកា ឆ្នាំ 2024 ពិធីប្រគល់អំណោយ មានការចូលរួមពីអ្នកតំណាងរបស់ធនាគារ ABA និងអង្គការ CCF លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាផ្ទាល់។ សាលា នីសិន គ្រីប អាខាដេមី បានបើកដំណើរការតាំងពីឆ្នាំ 2017 ជាទីកន្លែងអប់រំដ៏សំខាន់ សម្រាប់សិស្សានុសិស្សក្រីក្រ ប្រមាណលើសពី 400 នាក់ពីថ្នាក់ទី8 ដល់ទី12។
លោកស្រី លី វិទ្យា នាយិកាធនធានមនុស្ស នៃធនាគារ ABA មានប្រសាសន៍ថា៖ “ការផ្តួចផ្តើមនេះ នឹងផ្តល់ឲ្យក្មេងៗ ជាមួយជំនាញនិងចំណេះដឹងចាំបាច់ ដើម្បីឲ្យពួកគេទទួលបានភាពរីកចម្រើននៅក្នុងវិស័យឌីជីថល ផ្តល់ឱកាសថ្មីៗសម្រាប់ការរៀនសូត្រ ការច្នៃប្រឌិត និងឱកាសការងារនាថ្ងៃអនាគត។”
លោកស្រី ក៏បានបន្តថា៖ “យើងខ្ញុំជឿជាក់ថា តាមរយៈការវិនិយោគលើការអប់រំផ្នែកឌីជីថលរបស់ពួកគេ វាធ្វើឲ្យយើងខ្ញុំបានកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារគ្រប់ៗរូប និងដល់សហគមន៍ទាំងមូល។”
លោក ឡាច សាវី ប្រធានផ្នែកប្រតិបត្តិ នៃអង្គការ CCF មានប្រសាសន៍ថា៖ “CCF និង ABA កំពុងតែផ្សាភ្ជាប់ភាពជាដៃគូយូអង្វែង ដើម្បីផ្តល់ឱកាសដល់កុមារក្នុងការអភិវឌ្ឍន៍ខ្លួនតាមរយៈការអប់រំ។”
លោកក៏បានបន្ថែមថា៖ “វិធីសាស្ត្ររបស់យើងខ្ញុំ គឺផ្អែកទៅលើការជឿជាក់ថាកុមារម្នាក់មានសក្តានុពលក្នុងការជួយគ្រួសារទាំងមូលឲ្យរួចផុតពីភាពក្រីក្រ ហើយកុមារមួយជំនាន់ដែលទទួលបានការអប់រំ មានសក្តានុពលក្នុងការផ្លាស់ប្តូរសង្គមផងដែរ។ ជាមួយការសហការដ៏រឹងមាំ ពួកយើងអាចរួមចំណែកជួយដល់កុមារដែលមានតម្រូវការបំផុត។”
ការរួមចំណែកនេះមិនត្រឹមតែដើរតួសំខាន់ក្នុងការលើកម្ពស់ចំណេះដឹងផ្នែកឌីជីថលសម្រាប់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយដល់លោកគ្រូអ្នកគ្រូក្នុងការផ្តល់មេរៀនកាន់តែបានច្រើននិងរហ័ស ជួយសម្រួលការងារគ្រប់គ្រងក្នុងបណ្ណាល័យ និងជួយដល់បុគ្គលិក CCF បំពេញការងាររដ្ឋបាលផ្សេងៗប្រកបដោយប្រសិទ្ធភាព។
ធនាគារ ABA តែងតែគាំទ្រការអប់រំផ្នែកឌីជីថលតាមរយៈការបរិច្ចាគកំព្យូទ័រ ក្នុងអំឡុងប៉ុន្មានឆ្នាំកន្លងមកនេះ។ ក្នុងខែកញ្ញា ឆ្នាំ 2024 ABA បានបរិច្ចាគកំព្យូទ័រចំនួន 20គ្រឿង ដល់វិទ្យាល័យ ហ៊ុនសែនប្រម៉ោយ ក្នុងខេត្តពោធិ៍សាត់។ ក្នុងឆ្នាំ 2023 ធនាគារ បានបរិច្ចាគសម្ភារបរិក្ខារ IT ដល់ Passerelles Numériques Cambodia និងសាងសង់បន្ទប់កំព្យូទ័រ ជាមួយកំព្យូទ័រ 15 គ្រឿងដល់វិទ្យាល័យកំពង់រោទ៍ ក្នុងខេត្តស្វាយរៀងផងដែរ។









