ABA ទទួលបានពានរង្វាន់ CSR Excellence Award ពី AmCham ក្នុងការបណ្តើមគំនិតផ្នែកអប់រំ
31/Jan/2025
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា1 និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គម មានមោទនភាពប្រកាសការទទួលបានពានរង្វាន់ CSR Excellence Awards 2024 ផ្នែកអប់រំ ពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា (AmCham)។ សមិទ្ធផលនេះ បានទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ ABA ក្នុងការជួយដល់សិស្សានុសិស្សដែលមានភាពខ្វះខាត ទទួលបានការអប់រំតាមរយៈគម្រោងកែលម្អសាលារៀនថ្មីវិញ។
ពិធីប្រគល់ពានរង្វាន់ បានធ្វើឡើងកាលពីថ្ងៃទី 29 ខែមករា ឆ្នាំ 2025 ក្នុងគោលបំណងផ្តល់កិត្តិយសដល់សាជីវកម្មដែលបានបង្ហាញគំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គម ពិសេសៗជាច្រើន ក្នុងឆ្នាំកន្លងមក។
ការរួមចំណេកប្រកបដោយនវានុវត្ត និងការគាំទ្រដល់វិស័យអប់រំរបស់ធនាគារ ABA ទទួលបានភាពលេចធ្លោក្នុងចំណោមបេក្ខភាពជាច្រើន ដោយបង្ហាញពីការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ខ្លួន ក្នុងការជំរុញវិស័យអប់រំ។
គម្រោងកែលម្អសាលារៀនរបស់ធនាគារ ABA៖ ចក្ខុវិស័យសម្រាប់អនាគតនៃការរៀនសូត្រ
ការទទួលបានការអប់រំប្រកបដោយគុណភាព ជាមូលដ្ឋានគ្រឹះមួយចំណោមមូលដ្ឋានគ្រឺះជាច្រើននៃបេសកម្មទំនួលខុសត្រូវសង្គមរបស់ ABA។ ក្នុងឆ្នាំ 2023 ធនាគារ ABA បានចាប់ផ្តើមគម្រោងកែលម្អសាលារៀននៅក្នុងខេត្តចំនួនប្រាំក្នុងប្រទេសដូចជា ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តកំពង់ស្ពឺ។
គម្រោងនេះគ្របដណ្តប់សកម្មភាពជាច្រើន ចាប់ពីការជួសជុលផ្នែកខាងក្រៅ និងខាងក្នុងនៃថ្នាក់រៀន និងការផ្តល់សម្ភារៈសិក្សា រហូតទៅដល់ការបន្ថែមគ្រឿងបរិក្ខារដូចជា បណ្ណាល័យ ទីលានបាល់ទាត់ ថ្នាក់កុំព្យូទ័រ និងការសាងសងអគារថ្មីទាំងមូល។ បេសកម្មនីមួយៗបានបំពេញតម្រូវការយ៉ាងជាក់លាក់របស់សាលារៀននីមួយៗ និងមានគោលបំណងលើកកម្ពស់បរិយាកាសសិក្សាជារួម។
បេសកម្មបីដំបូងបានធ្វើឡើងនៅក្នុងសាលារៀនរួមមាន វិទ្យាល័យ ហ៊ុន សែនកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង វិទ្យាល័យសុខ អាន ថ្នល់បំបែក ខេត្តតាកែវ ដែលសាលារៀនទាំងពីរបានជួសជុលរួចក្នុងឆ្នាំ 2023 និងសាលារៀនមូស្លីមពីរខ្នង ក្នុងខេត្តកំពង់ឆ្នាំង សម្រេចក្នុងឆ្នាំ 2024។
រហូតមកដល់ពេលនេះ គម្រោងនេះជារួម បានជួយដល់បង្កើនបរិយាកាសសិក្សារបស់សិស្សានុសិស្សសរុបចំនួន 1,400 នាក់ ឲ្យកាន់តែប្រសើរឡើងក្នុងខេត្តទាំងបីនេះ។ ជាមួយនឹងការកើនឡើងនៃការចុះឈ្មោះចូលរៀន និងដំណើរការសិក្សារបស់សិស្សានុសិស្ស បានបង្ហាញយ៉ាងជាក់ស្តែងថាការផ្តួចផ្តើមនេះកំពុងតែបង្កើនទិដ្ឋភាពអប់រំ និងសហគមន៍ទាំងមូលប្រកបដោយភាពវិជ្ជមានយ៉ាងយូរអង្វែង។
ជាមួយការគាំទ្រពីបុគ្គលិក និងសហគមន៍មូលដ្ឋាន ការទំនាក់ទំនងច្បាស់លាស់ និងការគ្រប់គ្រងធនធានប្រកបដោយប្រសិទ្ធភាព ធនាគារ ABA ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាគម្រោងកែលម្អសាលារៀននេះប្រកបដោយចីរភាព។ ធនាគារក៏នឹងបន្តផ្ដល់នូវការផ្តួចផ្តើមផ្នែកអប់រំជូនដល់សហគមន៍ខ្វះខាត និងពង្រឹងការខិតខំប្រឹងប្រែងរបស់ខ្លួនស្របទៅនឹងទំនួលខុសត្រូវសាជីវកម្មសង្គម និងអភិវឌ្ឍវិស័យអប់រំក្នុងប្រទេសកម្ពុជា។
1 ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។








