បរិយាកាសសិក្សាកាន់តែប្រសើរ៖ ធនាគារ ABA ចូលរួមលើកស្ទួយការអប់រំនៅស្រុកកំពង់រោទិ៍
09/Aug/2023
ក្នុងតំបន់ដាច់ស្រយាលមួយនៃស្រុកកំពង់រោទិ៍ និងមានចំងាយប្រមាណ 30 គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀង មានសាលារៀនមួយ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងអប់រំសិស្សានុសិស្សជាង 1,600 នាក់។ វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ដែលជាវិទ្យាល័យតែមួយគត់នៅក្នុងតំបន់នេះ ធ្លាប់ជួបប្រទះនូវបញ្ហាជាច្រើន ដែលប៉ះពាល់ដល់ការក្រេបយកចំណេះវិជ្ជា និងក្តីស្រមៃរបស់សិស្សានុសិស្សនៅទីនោះ។
ជាច្រើនឆ្នាំកន្លងមកនេះ វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ មានការខ្វះខាតទាំងធនធាន និងទាំងហេដ្ឋារចនាសម្ពន្ធ។ អគារចាស់ៗ មានការខូចខាតយ៉ាងដំណំ ខណៈដែលតម្រូវការរបស់សិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រ នៅតែបន្ដកើនឡើងជារៀងរាល់ឆ្នាំ។ នៅពេលដែលអាកាសធាតុមិនអំណោយផលម្តងៗ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស មិនអាចបន្តការសិក្សាក្នុងអគារចាស់ៗទាំងនោះបានទៀតទេ។ ក្តីស្រមៃរបស់សិស្សានុសិស្សក្នុងការបញ្ចប់ការសិក្សានៅមានភាពស្រពិចស្រពិល ហើយដោយទីតាំងរបស់សាលា នៅឆ្ងាយពីទីប្រជុំជនផងនោះ ធ្វើឲ្យថ្នាក់ដឹកនាំសាលារៀនពិបាកនឹងស្វែងរកជំនួយឧបត្ថម្ភ ដើម្បីគាំទ្រដល់ការកែលម្អចាំបាច់នានានៅក្នុងសាលារៀន។
ចំណុចរីកចម្រើន
ដោយបានមើលឃើញពីផលលំបាករបស់សាលា ធនាគារ ABA បានចូលរួមដោះស្រាយបញ្ហាប្រឈមទាំងនេះ និងជួយលើកកម្ពស់បរិយាកាសសិក្សាសម្រាប់សិស្សានុសិស្ស។ តាមរយៈការបរិច្ចាគទឹកប្រាក់ចំនួនប្រមាណ 2 ម៉ឺន ដុល្លារអាមេរិក ធនាគារបានផ្តួចផ្តើមគម្រោងកែលម្អហេដ្ឋារចនាសម្ពន្ធរបស់សាលារៀន និងរៀបចំទីធ្លាសាលារៀនឲ្យកាន់តែប្រសើរ។
ការបរិច្ចាគរបស់ ABA រួមមានការផ្ដល់ការគាំទ្រជាសាច់ប្រាក់ និងជាសម្ភារសប្បុរសធម៌ជាក់ស្តែង។ ការបរិច្ចាគនោះបានធ្វើឲ្យបរិយាកាសសិក្សាក្នុងសាលារៀនទាំងមូល មានភាពប្រសើរឡើង រួមមានការជួសជុសអគារសិក្សាចំនួន 2ខ្នង និងបង្គន់អនាម័យចំនួន 2 ។ ការបំពាក់ក្តារខៀនកញ្ចក់ចំនួន 12 ផ្ទាំងបានសម្រួលដល់ការបង្រៀនសិស្ស ឲ្យកាន់តែប្រសើរឡើង។ បង់អង្គុយចំនួន 30 ត្រូវបានផ្តល់ជូន ដើម្បីផ្តល់នូវផាសុកភាព និងភាពងាយស្រួលដល់សិស្សានុសិស្សទាំងអស់។ ទីលានបាល់បោះ ដែលជានិមិត្តរូបនៃស្មារតីកីឡា ត្រូវបានលាបពណ៌ជាថ្មីឲ្យកាន់តែទាក់ទាញ និងរស់រវើកជាមុន។ លើសពីនេះ បរិស្ថានជុំវិញសាលា ត្រូវបានលម្អបន្ថែមជាមួយនឹងរុក្ខជាតិបៃតង ដូចជាកូនឈើជាង 50 ដើម និងផ្កាជាច្រើនដើមទៀត។
ដោយយល់ច្បាស់ពីសារៈសំខាន់នៃចំណេះដឹង បែបឌីជីថល នៅក្នុងសម័យទំនើបនេះ ធនាគារ ABA ក៏បានរៀបចំឲ្យមានថ្នាក់រៀនកុំព្យូទ័រ សម្រាប់សាលារៀននេះផងដែរ។ ថ្នាក់រៀនកុំព្យូទ័រ ដែលបំពាក់ដោយកុំព្យូទ័រចំនួន 15 គ្រឿង ហើយត្រូវបានតភ្ជាប់បណ្តាញកុំព្យូទ័រ ព្រមទាំងភ្ជាប់អ៊ីនធើណេតរួចជាស្រេចនេះ នឹងជួយពង្រឹងជំនាញបច្ចេកវិទ្យារបស់សិស្សានុសិស្សទាំងអស់ ដើម្បីទុកជាទុនជំនាញចាំបាច់ សម្រាប់អនាគតរបស់ពួកគេ។
ការដឹងគុណ និងក្តីសង្ឃឹម
ពិធីប្រគល់អំណោយសប្បុរសធម៌ជូនដល់សាលារៀននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី 5 ខែសីហា ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងតំណាងជាន់ខ្ពស់មកពីមន្ទីរអប់រំខេត្ត។ ពិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកធនាគារ ABA ជាច្រើននាក់ ព្រមទាំងលោកនាយកសាលា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ។
ឯកឧត្ដម តូច ប៉ូលីវ៉ា បានមានប្រសាសន៍ថា “យើងខ្ញុំសូមកោតសរសើរ ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនឯកជន ក្នុងការអភិវឌ្ឍន៍វិស័យអប់រំនៅក្នុងខេត្តរបស់យើងខ្ញុំ។ ការបរិច្ចាគរបស់ធនាគារ ABA ដល់វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ បង្ហាញពីផលវិជ្ជមាននៃភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន ក្នុងការកែលម្អហេដ្ឋារចនាសម្ពន្ធសាលារៀន សម្រាប់សិស្សានុសិស្សរបស់យើង។”
យុវសិស្សថ្នាក់ទី 12 ម្នាក់ឈ្មោះ ស៊ឹម គង្គារក្សា បានសម្តែងក្តីរំភើបរបស់ខ្លួន ចំពោះការឧបត្ថម្ភនេះ “នាងខ្ញុំពិតជាមានក្ដីរំភើបក្រៃលែង ដែលនាងខ្ញុំមានឱកាសរៀន និងបង្កើនជំនាញបច្ចេកវិទ្យារបស់ខ្ញុំ នៅក្នុងថ្នាក់កុំព្យូទ័រថ្មីនេះ។ ការគាំទ្ររបស់ធនាគារ ABA បានជួយបង្កើននូវឱកាសថ្មី សម្រាប់ខ្ញុំ ក៏ដូចជាសិស្សានុសិស្សយើងទាំងអស់នាថ្ងៃអនាគត”។
ក្នុងពិធីនេះ លោកស្រី លី វិទ្យា នាយិកាធនធានមនុស្សនៃធនាគារ ABA បានចែករំលែកអំពីការប្តេជ្ញាចិត្តរបស់ធនាគារចំពោះវិស័យអប់រំ ដែលជាសសរស្តម្ភនៃយុទ្ធសាស្ត្រកិច្ចការទទួលខុសត្រូវសង្គម “យើងខ្ញុំមានកិត្តិយសក្រៃលែង ដែលបានចូលរួមសកម្មភាពដ៏មានអត្ថន័យមួយនេះ ដើម្បីបម្រើផលប្រយោជន៍ជូនសហគមន៍ ដែលធនាគារយើងខ្ញុំកំពុងធ្វើប្រតិបត្តិការអាជីវកម្ម។ ធនាគារ ABA ជឿជាក់លើការវិនិយោគលើវិស័យអប់រំ ដែលជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការអភិវឌ្ឍប្រទេសជាតិយើង។
លោកស្រីបានបន្ថែមថា “នេះគឺជាគម្រោងអភិវឌ្ឍន៍សាលារៀនមួយ ក្នុងចំណោមគម្រោងជាច្រើនទៀត ដែលយើងខ្ញុំបានគ្រោងទុក។ យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់កុមារកម្ពុជា”។
ក្នុងនាមជាសាជីវកម្មមានទំនួលខុសត្រូវសង្គម ធនាគារ ABA នៅតែប្តេជ្ញាចិត្ត ក្នុងការគាំទ្រសហគមន៍ សំដៅជំរុញយុវជនកម្ពុជាយើងឲ្យមានអនាគតភ្លឺស្វាង។ ធនាគារយើងខ្ញុំបន្តជំរុញការផ្លាស់ប្តូរជាវិជ្ជមាន និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅទូទាំងប្រទេស តាមរយៈការផ្តួចផ្តើមអនុវត្តកិច្ចការទទួលខុសត្រូវសង្គមរបស់ខ្លួន។
តាមរយៈការចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិទ្យាល័យ ហ៊ុន សែន កំពង់រោទិ៍ ធនាគារ ABA កំពុងជួយឲ្យបរិយាកាសសិក្សានៅតាមសាលារៀនកាន់តែប្រសើរឡើង និងធានាបានថា សិស្សានុសិស្សគ្រប់រូប អាចបង្ហាញសក្តានុពលពេញបរិបូរណ៍របស់ពួកគេ ហើយទទួលបានអនាគតដ៏ភ្លឺស្វាង៕