ABA​ ឈ្នះ​ពានរង្វាន់​ ធនាគារ​ឆ្នើម​នៅ​កម្ពុជា​ ឆ្នាំ​ 2022​ ពី​ទស្សនាវដ្ដី​ហិរញ្ញវត្ថុ​ Euromoney​

19/Jul/2022

ABA Euromoney Award dtABA Euromoney Award dt

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​កម្ពុជា​លំដាប់ថ្នាក់​លេខ​11 ត្រូវ​បាន​ប្រសិទ្ធ​នាម​ជា​ “​ធនាគារ​ឆ្នើម​នៅ​ កម្ពុជា​ ឆ្នាំ​ 2022”​ ពី​ Euromoney​ ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ដ៏​ល្បី​មួយ​របស់​ពិភពលោក​។​ ពិធី​ប្រគល់​ ពានរង្វាន់​ជូន​ម្ចាស់​ជ័យ​លា​ភី​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ឡុ​ង​ដ៏​ (​ប្រទេស​អង់គ្លេស​)​ ដែល​ប្រមូលផ្ដុំ​ដោយ​ ធនាគារ​កំពូលៗ​មក​ពី​ជុំវិញ​សកលលោក​។​ ​

ពានរង្វាន់​នេះ​ បាន​សបញ្ជាក់​ពី​ជំហរ​របស់​ ABA​ ក្នុង​នាម​ជា​ធនាគារ​ឈានមុខ​គេ​ និង​ជា​អ្នក​ផ្គត់ផ្គង់​សេវា​ ធនាគារ​រូបវន្ដបុគ្គល​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​។​ Euromoney​ បាន​សាទរ​ ABA​ ចំពោះ​ដំណោះស្រាយ​សេវា​ធនាគារ​ ប្រកបដោយ​ន​វា​នុ​វត្ត​របស់​ខ្លួន​ ការ​ពង្រីក​សក្ដានុពល​យ៉ាង​រឹង​មាំ​ និង​កំណើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​។​ សេចក្ដីសម្រេច​របស់​គណៈវិនិច្ឆ័យ​ ក៏​ផ្អែក​ទៅ​លើ​ការ​អភិវឌ្ឍ​ និង​ការ​ពង្រឹងសមត្ថភាព​សំខាន់ៗ​នៃ​ ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​របស់​ធនាគារ​ផង​ដែរ​ រួម​មាន​៖

  • ការ​ដាក់​ដំណើរការ​នៃ​ប្រព័ន្ធ​ទូទាត់​ប្រាក់​ជាមួយ​បាគង​ ដែល​អតិថិជន​ ABA​ អាច​ទទួល​ប្រាក់​ផ្ទេរ​ និង​ប្រាក់​ទូទាត់​បាន​ពី​អតិថិជន​ធនាគារ​ផ្សេង​ដែល​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ទូទាត់​បាគង​របស់​ ធនាគារជាតិ​នៃ​កម្ពុជា​;
  • ការ​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ ផ្ទេរ​ប្រាក់​ពី​កាត​ទៅ​កាត​ ជាមួយ​ Mastercard​ និង​ UnionPay​ International​ នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​;
  • ការ​ដាក់​ដំណើរការ​នៃ​កម្ចី​ប្រាក់បៀវត្ស​ ដែល​ជា​ដំណោះស្រាយ​កម្ចី​រហ័ស​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​រហ័ស​ និង​ងាយស្រួល​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ លក្ខខណ្ឌ​តម្រូវ​ប្រាក់​តម្កល់​;
  • ការ​ដាក់​ឲ្យ​ប្រើប្រាស់​ សេវា​បើក​កាត​ប្លា​ស្ទិ​កដោយ​ខ្លួនឯង​ដំបូង​ និង​តែ​មួយ​គត់​ ដែល​អនុញ្ញាត​ឲ្យ​ អតិថិជន​ស្នើ​កាត​ក្នុង​ ABA​ Mobile​ ហើយ​បើក​កាត​នោះ​ពី​ម៉ាស៊ីន​បើក​កាត​ ABA;
  • ការ​អាប់​ដេ​ត​បន្ថែម​ទៅ​លើ​កម្មវិធី​ ABA​ Merchant​ ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​តូច​ធំ​នានា​ទទួល​ប្រាក់​ទូទាត់​ និង​គ្រប់គ្រង​សកម្មភាព​លក់ដូរ​ប្រកបដោយ​ភាព​ងាយស្រួល​ និង​ប្រសិទ្ធភាព​;
  • កំណើន​ឥត​ឈប់​ឈរ​នៃ​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7​។​ ជាមួយ​ទីតាំង​ ABA​ 24/7​ អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​បាន​គ្រប់ពេលវេលា​ និង​ឥត​គិតថ្លៃ​ដូច​ជា​ ដក​/​ដាក់​ប្រាក់​,​ ដាក់​មូល​ប្ប​ទា​នប​ត្រ​ ក៏​ដូច​ជា​បើក​កាត​ប្លា​ស្ទិ​ក​ជាដើម​។​ ​

មាន​មតិ​ក្នុង​ពិធី​នេះ​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​៖​ “​នេះ​ជា​ពានរង្វាន់​ ប្រាំបួន​ឆ្នាំ​ជាប់ៗ​គ្នា​ពី​ទស្សនាវដ្ដី​ Euromoney​ ដែល​បញ្ជាក់​ពី​ជំហរ​ឈានមុខ​របស់​ ABA​ នៅ​កម្ពុជា​ ក្នុង​ការ​នាំ​យក​នូវ​ផលិតផល​ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ ប្រកបដោយ​ន​វា​នុ​វត្ត​ និង​អត្ថប្រយោជន៍​ ជូន​ដល់​អតិ​ថ​ជន​។​ យើងខ្ញុំ​សូម​ចែករំលែក​កិត្តិនាម​នេះ​ជូន​ដល់​អតិថិជន​ទាំងអស់​ និង​សូម​ថ្លែង​អំណរ​ គុណ​អតិថិជន​ចំពោះ​ទំនុកចិត្ត​មក​លើ​ ABA”​។​ ​

ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​ ABA​ ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ធនាគារ​ដែល​ផ្ដល់​នូវ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ល្អ​ផ្ដាច់​ ជូន​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ អាជីវកម្ម​ខ្នាត​មីក្រូ​ និង​រូបវន្ដបុគ្គល​។​ គិត​ត្រឹម​ថ្ងៃ​ទី​ 30​ ខែមិថុនា​ ឆ្នាំ​2022​ ធនាគារ​មានទ្រព្យ​សកម្ម​សរុប​ 8.5​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ខណៈ​ដែល​ ចំនួន​សរុប​នៃ​ប្រតិបត្តិការ​ឌី​ជី​ថ​ល​នៅ​លើ​ ABA​ Mobile​ តែ​មួយ​មាន​សរុប​ជិត​ 100​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ​

អំពី​ពានរង្វាន់​ឧត្តមភាព​
​ពានរង្វាន់​ឧត្តមភាព​របស់​ ទស្សនាវដ្ដី​ Euromoney​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1992​ ហើយ​ជា​និយាម​សកល​សម្រាប់​វិស័យ​ធនាគារ​។​ ពានរង្វាន់​ប្រចាំឆ្នាំ​ទាំងនេះ​ គ្របដណ្ដប់​លើ​ផលិតផល​សកល​ជាង​ 20​ ប្រភេទ​ ពានរង្វាន់​លំដាប់​ថ្នាក់ឧត្តម​ប្រចាំ​តំបន់​ និង​ធនាគារ​ឆ្នើម​នៅ​បណ្ដា​ប្រទេស​ប្រមាណ​ 100​ ប្រទេស​ទូ​ទាំង​ពិភពលោក​។​ សេចក្តីសម្រេច​ផ្ដល់​ពានរង្វាន់​របស់​ទស្សនាវដ្ដី​ Euromoney​ ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ ដែល​ដឹកនាំ​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្ដី​ Euromoney​ បន្ទាប់​ពី​ទទួល​បានការ​ដាក់​ជូន​ព័ត៌មាន​លម្អិត​ពី​សំណាក់​អ្នកចូលរួម​នៃ​ទីផ្សារ​នេះ​ បូក​រួម​ជាមួយ​ការ​ធ្វើការ​ស្រាវជ្រាវ​មួយ​ឆ្នាំ​ពេញ​នៅ​ក្នុង​វិស័យ​ធនាគារ​ និង​ទីផ្សារ​មូលធន​នៅ​ក្នុង​តំបន់​ដោយ​និពន្ធ​នាយក​ អ្នក​សារព័ត៌មាន​ និង​ក្រុម​ស្រាវជ្រាវ​។​

1 ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​