ABA ទទួលបានពានរង្វាន់ធនាគារឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2025 ពីទស្សនាវដ្តី Global Finance
24/Apr/2025

ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេក្នុងប្រទេសកម្ពុជា និងជាអ្នកផ្គត់ផ្គង់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខគេ ត្រូវបានប្រសិទ្ធនាមជា “ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា ប្រចាំឆ្នាំ 2025” ដោយទស្សនាវដ្តី Global Finance។ ធនាគារទទួលបានពានរង្វាន់សម្រាប់ការទទួលស្គាល់ដ៏ស្ញប់ស្ញែងនេះ 11 ឆ្នាំជាប់ៗគ្នាហើយដែលបង្ហាញពីភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងវិស័យធនាគារ។
ពានរង្វាន់ដ៏មានកិត្យានុភាពនេះ ជាសក្ខីភាពចំពោះសមិទ្ធិផលពិសេសរបស់ធនាគារ ទៅលើនវានុវត្តភាពផ្នែកឌីជីថល ធនាគារតាមទូរស័ព្ទដៃ និងសេវាកម្មដែលផ្តោតទៅលើអតិថិជន ដែលបម្រើតម្រូវការអតិថិជនរបស់ខ្លួន ពីគ្រប់ស្រទាប់វណ្ណៈ។
ក្នុងឆ្នាំ 2024 ធនាគារ ABA បានពង្រឹងជំហរទីផ្សាររបស់ខ្លួន ដោយទទួលបានចំនួនអតិថិជនសរុបលើសពី 4 លាននាក់ ដែលនេះបង្ហាញពីសមត្ថភាពក្នុងការទាក់ទាញ និងរក្សាមូលដ្ឋានអតិថិជនរបស់ខ្លួនយ៉ាងប្រសើរ។ ការពង្រីកមូលដ្ឋានអតិថិជន បានឆ្លុះបញ្ចាំងនៅក្នុងកំណើនគួរឲ្យកត់សម្គាល់នៃប្រាក់បញ្ញើ ដែលបានកើនឡើង 19% សរុបចំនួន 11 ប៊ីលានដុល្លារនៅចុងឆ្នាំ 2024។ កំណើននេះបង្ហាញពីទំនុកចិត្តរបស់អតិថិជនយ៉ាងខ្លាំងមកលើធនាគារ កេរ្តិ៍ឈ្មោះ និងសេវាដែលផ្តល់ជូនអតិថិជនរូបវន្ត សាជីវកម្ម និងស្ថាប័នរដ្ឋាភិបាល។
កម្មវិធី ABA Mobile ជាកម្មវិធីដ៏លេចធ្លោរបស់ធនាគារ មានកំណើនគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ 2024 ជាមួយនឹងអ្នកប្រើប្រាស់ថ្មីចំនួនមួយលាននាក់ កើនអតិថិជនសរុបដល់ 4.1 លាននាក់។ សមិទ្ធផលនេះ បានជំរុញដោយមុខងារសោមុខសុវត្ថិភាព (FacePass Secure) ដែលយកមុខផ្ទាល់របស់អ្នកប្រើប្រាស់ជាប្រព័ន្ធផ្ទៀងផ្ទាត់សុវត្ថិភាពស្រទាប់ទីពីរ សម្រាប់មុខងារកម្មវិធីជាច្រើន មុខងារឆាតក្នុងអេប (In-App Chat) ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ឆាតនិងផ្ទេរប្រាក់ ក្នុងកន្លែងតែមួយដោយសុវត្ថិភាព និងមុខងារផ្សេងៗជាច្រើទៀត។
ជារួម មុខងារទាំងនេះមានគោលបំណងនាំមកនូវភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការដែលមានចំនួនទឹកប្រាក់ច្រើន ការពារទិន្នន័យ និងព័ត៌មានសម្ងាត់ និងទប់ស្កាត់ការក្លែងបន្លំពីភាគីទីបី តាមបណ្តាញសង្គមផ្សេងៗ។
ការបន្ថែមថ្មីបំផុតរបស់ ABA Mobile ក៏បានប្រើប្រាស់ម៉ាស៊ីនសិក្សា (machine learning) ដើម្បីបង្កើត ណាវី ដែលជាជំនួយការបញ្ញានិម្មិត (AI) ដំបូងគេក្នុងប្រទេសកម្ពុជា។ បម្រើសេវាកម្មគ្រប់ពេលវេលា និងប្រើប្រាស់បានច្រើនភាសា មុខងារនេះត្រូវបានរចនាឡើងដើម្បីជួយអ្នកប្រើប្រាស់ ដោយផ្តល់នូវការឆ្លើយតបយ៉ាងឆាប់រហ័សអំពីសំណួរទាក់ទងទៅនឹងធនាគារ ផលិតផល និងសេវាកម្មធនាគារផ្សេងៗ។
នៅក្នុងផ្នែកសាជីវកម្ម កម្មវិធី ABA Merchant និងផ្លែតហ្វមធនាគារអនឡាញ ABA Business ក៏បានពង្រីក ដោយណែនាំមកនូវមុខងារថ្មីៗដែលទាក់ទាញម្ចាស់អាជីវកម្មគ្រប់ទំហំ និងគ្រប់វិស័យនៃសេដ្ឋកិច្ច។ ស្ថាប័ន និងភ្នាក់ងាររដ្ឋាភិបាលជាច្រើន បានប្រើប្រាស់ធនាគារ ABA ដើម្បីគ្រប់គ្រងប្រតិបត្តិការហិរញ្ញវត្ថុរបស់ពួកគេ និងសម្របសម្រួលការទូទាត់ប្រាក់ដល់ថវិការរដ្ឋ ដូចជាការប្រមូលពន្ធជូនរដ្ឋ បង់ថ្លៃទឹកភ្លើង និងវិក្កយបត្រផ្សេងៗទៀត។ ការទទួលខុសត្រូវដ៏សំខាន់នេះ បង្ហាញពីទំនុកចិត្តរបស់រដ្ឋាភិបាលចំពោះប្រតិបត្តិការធនាគាររបស់ ABA។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “យើងខ្ញុំមានកិត្តិយសជាថ្មីម្តងទៀត ដែលបានទទួលពានរង្វាន់ ធនាគារដ៏ឆ្នើមបំផុតនៅកម្ពុជា ពីទស្សនាវដ្តី Global Finance។ ពានរង្វាន់នេះ ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់យើង ចំពោះឧត្តមភាព និងនវានុវត្តន៍ភាពក្នុងវិស័យធនាគារ។”
លោកក៏បានបន្តថា “ផលិតផល និងសេវាកម្មរបស់ ABA បានកែប្រែ នូវរបៀបដែលអតិថិជនប្រើប្រាស់ហិរញ្ញវត្ថុរបស់ពួកគេ។ ក្រោមការខិតខំប្រឹងរបស់ក្រុមការងារយើងខ្ញុំ ធនាគារ ABA បានបន្តពង្រឹងតួនាទីរបស់ខ្លួននៅក្នុងវិស័យធនាគារ និងកំណត់ស្តង់ដាថ្មី។”
លោក Joseph D. Giarraputo ជាស្ថាបនិក និងនិពន្ធនាយករបស់ Global Finance មានប្រសាសន៍ថា “វិស័យធនាគារសកល បានបន្តសម្របខ្លួននិងវិវដ្ត ជួបបញ្ហាប្រឈម និងទាញយកឱកាសជាមួយនឹងភាពអត់ធន់ និងនវានុវត្តន៍ភាព។ ពានរង្វាន់ធនាគារឆ្នើមរបស់ Global Finance ទទួលស្គាល់គ្រឹះស្ថានហិរញ្ញវត្ថុដែលផ្តល់នូវសេវាកម្មទូលំទូលាយច្រើនប្រភេទ ប្រកបដោយទំនុកចិត្តរយៈពេលវែង និងបច្ចេកវិទ្យានវានុវត្តន៍” ។
ក្នុងការជ្រើសរើសធនាគារឆ្នើម Global Finance បានពិចារណាលើកត្តាដែលគិតលើទិន្នន័យតួរលេខជាក់លាក់ និងការវិនិច្ឆ័យផ្អែកលើទិន្នន័យទាំងអស់នោះ។ និពន្ធនាយករបស់ Global Finance បានធ្វើការជ្រើសរើសទាំងអស់បន្ទាប់ពីការពិគ្រោះយោបល់យ៉ាងម៉ត្ឋចត់ជាមួយ នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុ ធនាគារិក អ្នកប្រឹក្សាធនាគារ និងអ្នកវិភាគទូទាំងពិភពលោក។
លើសពីនេះទៀត ធនាគារត្រូវបានលើកទឹកចិត្តឲ្យដាក់បញ្ចូនឯកសារ ដែលបង្ហាញពីការជ្រើសរើសរបស់ពួកគេ។ ម្ចាស់ជ័យលាភីសម្រាប់ពានរង្វាន់ឆ្នាំនេះ គឺប្រគល់ជូនធនាគារទាំងឡាយណា ដែលយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ លើតម្រូវការរបស់អតិថិជន និងសម្រេចបានលទ្ធផលឈានមុខគេ ហើយថែមទាំងចាក់គ្រឹះដ៏រឹងមាំ សម្រាប់ភាពជោគជ័យនាពេលអនាគត។
សូមស្វែងរកការចេញផ្សាយសេចក្តីប្រកាសព័ត៌មានផ្លូវការពី Global Finance ដែលប្រកាសអ្នកឈ្នះពាន ធនាគារឆ្នើមនៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ 2025 ទីនេះ។
អំពី ABA
ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។
ធនាគារ ABA មាន 99 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 46កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,700 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើឲ្យធនាគារ ABA មានអតិថិជនជាង 4 លាននាក់ ដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។
ធនាគារ ABA គឺជាបុត្រសម្ពន្ធរបស់ធនាគារជាតិ កាណាដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានទ្រព្យសកម្ម ជាង 334 ប៊ីលាន ដុល្លារ អាមេរិក គិតត្រឹម ថ្ងៃទី 31 ខែមករា ឆ្នាំ 2025 និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំង ពិភពលោក ។
អំពីទស្សនាវដ្ដី Global Finance
ទស្សនាវដ្តី Global Finance បង្កើតឡើងនៅឆ្នាំ 1987 មានការចុះផ្សាយចំនួន 50,000 ច្បាប់ និងមានអ្នកអាននៅ 193 ប្រទេស។
អ្នកអានទស្សនាវដ្តី Global Finance រួមមាន មន្ត្រីជាន់ខ្ពស់ផ្នែកសាជីវកម្ម និងមន្ត្រីហិរញ្ញវត្ថុដែលទទួលខុសត្រូវក្នុងការធ្វើការសម្រេចចិត្តនានាទាក់ទងនឹងការវិនិយោគ និងយុទ្ធសាស្ត្រនៅក្នុងក្រុមហ៊ុនចម្រុះជាតិសាសន៍ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា។
ទស្សនាវដ្តី Global Finance ជ្រើសរើសជាទៀងទាត់នូវធនាគារកំពូលៗក្នុងចំណោមធនាគារ និងគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុនានា។ ពានរង្វាន់ទាំងអស់នេះបានក្លាយជាបទដ្ឋានឧត្តមភាពដែលអាចទុកចិត្តបានសម្រាប់សហគមន៍ហិរញ្ញវត្ថុសកលលោក។