សូមណែនាំ ណាវី ជំនួយការបញ្ញានិម្មិតធនាគារ របស់ ABA!
24/Feb/2025

ក្នុងនាមជាធនាគារផ្តល់សេវាធនាគារឌីជីថលឈានមុខគេបំផុត ABA មានសេចក្តីសោមនស្ស សូមណែនាំ ណាវី ដែលជាជំនួយការបញ្ញានិម្មិត (AI) សម្រាប់ផ្ដល់ព័ត៌មាននានាពាក់ព័ន្ធនឹងសេវាធនាគារដំបូងគេបង្អស់នៅប្រទេសកម្ពុជា ក្នុង ABA Mobile របស់ខ្លួន។ ណាវី បានបង្ហាញពីសមត្ថភាពរបស់ធនាគារ ក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ដើម្បីសម្រួលដល់ការបម្រើសេវាជូនអតិថិជន និងបង្កើនការពេញចិត្តពីអ្នកប្រើប្រាស់។
ណាវី បម្រើសេវាកម្ម 24 ម៉ោង លើ 24 ម៉ោង ក្នុងកម្មវិធី ABA Mobile និងសម្រួលដល់អ្នកប្រើប្រាស់ ក្នុងការឆ្លើយតបទៅលើសំណួររបស់ពួកគាត់បានយ៉ាងឆាប់រហ័ស អំពី ABA ក៏ដូចជាផលិតផល ឬសេវាកម្មនានារបស់ធនាគារ។ ដោយប្រើប្រាស់បញ្ញានិម្មិត (AI) ណាវី ត្រូវបានបង្កើតឡើង ដើម្បីស្វែងយល់ និងឆ្លើយតបសំណួរបានយ៉ាងត្រឹមត្រូវភ្លាមៗ។ អតិថិជនអាចពេញចិត្តនឹងជំនួយការ AI នេះ ដែលមិនបាច់ពន្យារពេល និងចំណាយពេលរង់ចាំការឆ្លើយតបនៅក្នុងកម្មវិធីផ្ញើសារ ឬ messenger។
អ្នកប្រើប្រាស់អាចសួរសំណួរទៅកាន់ ណាវី យ៉ាងងាយស្រួលតាមតម្រូវការ និងចំណង់ចំណូលចិត្ត ដោយប្រើប្រាស់បានទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។ ការដាក់ឲ្យប្រើប្រាស់បានជាច្រើនភាសានេះ បង្កើនភាពងាយស្រួល និងភាពបត់បែន ដែលផ្តល់នូវបទពិសោធន៍សេវាកម្មកាន់តែទូលំទូលាយ សម្រាប់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស។
អ្នកប្រើប្រាស់ ABA Mobile អាចស្វែងរក ណាវី បានយ៉ាងងាយស្រួល នៅលើអេក្រង់ដើម ឬនៅក្នុងបញ្ជីឆាតលើគេបង្អស់ បន្ទាប់ពីចុចប៊ូតុង ឆាត នៅផ្នែកស្តាំខាងលើ នៃអេក្រង់ដើម ABA Mobile។
ការបន្ថែមមុខងារពិសេសប្រកបដោយនវានុវត្តន៍នេះ ជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារ ក្នុងដំណើរវឌ្ឍនភាពនៃវិស័យឌីជីថល និងបច្ចេកវិទ្យា។ ធនាគារតែងតែបន្ថែមនូវមុខងារថ្មីៗក្នុងកម្មវិធី ABA Mobile របស់ខ្លួន ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់ដូចជា មុខងារឆាតក្នុងអេប (In-App Chat) មុខងារសោមុខ (FacePass Secure) និងម៉ូដរចនាផ្សេងៗសម្រាប់កែប្រែផ្ទៃអេក្រង់៕