ABA គាំទ្រ ពិធីបុណ្យសមុទ្រលើកទី 11 ក្នុងខេត្តកំពត ដើម្បីលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ
19/Dec/2024
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេ1 និងជាសាជីវកម្មមានទំនួលខុសត្រូវសង្គមដ៏សកម្មមួយរបស់កម្ពុជា មានមោទនភាពពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងនាមជាអ្នកឧបត្ថម្ភ នៃពិធីបុណ្យសមុទ្រលើកទី 11 នៅក្នុងខេត្តកំពត ថ្មីៗកន្លងទៅនេះ។
ក្រោមរៀបចំរបស់ក្រសួងទេសចរណ៍ ព្រឹត្តិការណ៍នេះបានធ្វើឡើងចាប់ពីថ្ងៃទី 13 ដល់ 15 ខែធ្នូ ឆ្នាំ 2024 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះ ក៏មានវត្តមានរបស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ហួត ហាត់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្រសួងនិងស្ថប័នពាក់ព័ន្ធផ្សេងៗ និងភ្ញៀវកត្តិយសជាច្រើន។
ក្រោមប្រធានបទ “អបអរសាទរបេតិកភ័ណ្ឌ និងចីរភាពនៃឆ្នេរសមុទ្រ” ព្រឹត្តិការណ៍នេះបានរៀបចំនូវកម្មវិធីវប្បធម៌ជាច្រើនដូចជា ទស្សនីយភាពសិល្បៈប្រពៃណី ការអុជកាំជ្រួច ការប្រគុំតន្ត្រីនិងសម្តែងពីបណ្តាប្រទេសនានា ព្រមទាំងមានពិព័រណ៍ផលិតផល និងម្ហូបអាហារផងដែរ។
ព្រឹត្តិការណ៍ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំនេះ មានគោលបំណងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាតំបន់ឆ្នេរ និងលើកស្ទួយផលិតផលក្នុងស្រុក ដែលបន្តរួមចំណែកដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គម។
ធនាគារ ABA ក៏បានរៀបចំបញ្ជរនៅនឹងកន្លែងផ្ទាល់ ក្នុងការបើកគណនីរហ័សជូនអតិថិជន ព្រមទាំងមានការលេងហ្គេមដើម្បីឈ្នះរង្វាន់ផ្សេងៗ ដែលជំរុញបរិយាបន្នហិរញ្ញវត្ថុ និងការចូលរួមពីសហគម។
ធនាគារនឹងបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រការផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ ចីរភាពបរិស្ថាន កំណើនទេសចរណ៍ និងការរីកចម្រើននៃសេដ្ឋកិច្ច។
1ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។







