ធនាគារ ABA ឧបត្ថម្ភវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានរបស់ FASMEC ដើម្បីគាំទ្រសហគ្រាសមីក្រូ ធុនតូច និងមធ្យម នៅកម្ពុជា
03/Nov/2026
ធនាគារ ABA បានក្លាយជា Gold Sponsor នៃវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) លើកដំបូង ដែលរៀបចំឡើងដោយធនាគារអភិវឌ្ឍជនបទ និងកសិកម្ម (ARDB) និងសម័្ពន្ធសមាគមសហគ្រាសធុនមីក្រូ តូច និងមធ្យម (FASMEC)។
ប្រព្រឹត្តទៅកាលពីថ្ងៃទី 27-28 ខែតុលា ឆ្នាំ 2026 ក្រោមប្រធានបទ “លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs” កម្មវិធីរយៈពេលពីរថ្ងៃនេះ មានគោលបំណងលើកកម្ពស់សេវាហិរញ្ញប្បទានសម្រាប់ MSMEs ព្រមទាំងពង្រឹងទំនាក់ទំនងរវាងស្ថាប័នរដ្ឋាភិបាល ម្ចាស់អាជីវកម្ម និងគ្រឹះស្ថានហិរញ្ញវត្ថុ។ កម្មវិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួម ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាផ្នែកមួយនៃវេទិកានេះ ABA ក៏បានសហការជាដៃគូយុទ្ធសាស្ត្រជាមួយសមាគម FASMEC តាមរយៈការចុះអនុស្សរណៈយោគយល់ ដែលជាការបន្តបញ្ជាក់កាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រការរីកចម្រើន និងការអភិវឌ្ឍនៃវិស័យ MSMEs នៅកម្ពុជា។
ក្រោមកិច្ចសហការនេះ សមាជិកសមាគម FASMEC នឹងចាប់យក ABA PayWay ជាសេវាទូទាត់ឌីជីថលគោលសម្រាប់អាជីវកម្ម ឬក្រុមហ៊ុន ខណៈដែលធនាគារ ABA នឹងផ្តល់សិក្ខាសាលានានាទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុ ដើម្បីគាំទ្រសមាជិកក្នុងការពង្រឹងការយល់ដឹង និងសមត្ថភាពហិរញ្ញវត្ថុរបស់ពួកគាត់។
លោកស្រី ធាម រមណីយ នាយិកាទំនាក់ទំនងគូភាគីនៃធនាគារ ABA ក៏បានរួមចំណែកក្នុងកិច្ចពិភាក្សា ដែលផ្តោតទៅលើសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុ និងតម្លាភាពហិរញ្ញវត្ថុ ក្នុងការពង្រឹងឱកាសរបស់អាជីវកម្ម ដើម្បីមានលទ្ធភាពទទួលបានហិរញ្ញប្បទាន។
បន្ថែមពីលើនេះទៀត ABA ក៏បានបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួននៅបញ្ជរដោយផ្ទាល់ សាងទំនាក់ទំនងជាមួយអ្នកចូលរួម និងណែនាំដំណោះស្រាយ ធនាគារឌីជីថល និងកម្ចី បង្កើតឡើងសម្រាប់គាំទ្រអាជីវកម្មគ្រប់តូចធំគ្រប់ប្រភេទ។
ក្នុងនាមជាដៃគូសហការជាយូរអង្វែងរបស់សមាគម FASMEC ABA បន្តបញ្ជាក់កាន់តែច្បាស់នូវការប្តេជ្ញារបស់ខ្លួនក្នុងការជំរុញ MSMEs ក្នុងស្រុក ជាមួយសេវាទូទាត់ឌីជីថល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងសេវាធនាគារដែលគាំទ្រការរីកចម្រើនរបស់អាជីវកម្មនានាប្រកបដោយចីរភាព។










