ABA​ នៅ​តែ​ជា​ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ឆ្នាំ​ 2023​ ពី​ទស្សនាវដ្ដី​ Euromoney

14/Jul/2023

ABA Euromoney 2023 - dt kh

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា​1 ទទួល​បាន​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ជា​ “​ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​”​ ដប់​ឆ្នាំ​ជាប់ៗ​គ្នា​ពី​ទស្សនាវដ្ដី​ Euromoney​ ដែល​ជា​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ដ៏​ល្បី​មួយ​របស់​ពិភពលោក​។​ ពិធី​ប្រគល់​ពានរង្វាន់​ជូន​ម្ចាស់​ជ័យ​លា​ភី​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហុងកុង​ ដែល​ប្រជុំ​ដោយ​អ្នកជំនាញ​កំពូលៗ​ក្នុង​វិស័យ​ធនាគារ​ មក​ពី​ជុំវិញ​សកលលោក​។

​ពានរង្វាន់​នេះ​ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​បន្ដ​ប្ដេជ្ញា​ចិត្ត​របស់​ធនាគារ​ ABA​ និង​ការ​យកចិត្តទុកដាក់​របស់​ធនាគារ​ ផ្ដោត​លើ​ឧត្តមភាព​ និង​ការ​ពេញចិត្ត​របស់​អតិថិជន​។​ Euromoney​ បាន​សាទរ​ ABA​ ចំពោះ​ដំណោះស្រាយ​សេវា​ធនាគារ​ ប្រកបដោយ​នវានុវត្តន៍​ យុទ្ធសាស្ត្រ​ដ៏​រឹង​មាំ​ក្នុង​ការ​ពង្រីក​សក្ដានុពល​ និង​ការ​រីក​ចម្រើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់​របស់​ ABA​ នៅ​ក្នុង​ទីផ្សារ​កម្ពុជា​។​ ​

សេចក្ដីសម្រេច​របស់​គណៈវិនិច្ឆ័យ​ ក្នុង​ការ​ផ្ដល់​ជូន​ធនាគារ​ ABA​ នូវ​ពានរង្វាន់​ “​ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​”​ នេះ​ ក៏​ផ្អែក​ទៅ​លើ​វឌ្ឍនភាព​ និង​ការ​ពង្រឹងសមត្ថភាព​សំខាន់ៗ​ សំដៅ​អភិវឌ្ឍ​ ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​ទំនើប​ របស់​ធនាគារ​រួម​មាន​៖

  • គណនី​ ABA​ Junior​ ដែល​អនុញ្ញាត​ឲ្យ​កុមារ​ ឬ​ក្មេង​ជំទង់​អាយុ​ចាប់ពី​ 10​ អាច​ប្រើប្រាស់​កម្មវិធី​សេវា​ធនាគារ​លើ​ទូរស័ព្ទ​ដៃ​បាន​ ដោយ​ពួក​គេ​អាច​ពិនិត្យ​សមតុល្យ​សាច់ប្រាក់​ភ្លាមៗ​ក្នុង​ពេល​ជាក់ស្ដែង​,​ ផ្ទេរ​ប្រាក់​ និង​ទូទាត់​ប្រាក់​ក្នុងស្រុក​ ក៏​ដូច​ជា​ដាក់​ប្រាក់​សន្សំ​ក្នុង​គណនី​នោះ​បាន​ផង​ដែរ​
  • ​ការ​ដាក់​ដំណើរការ​ ម៉ាស៊ីន​បើក​កាត​ ABA​ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ ABA​ Mobile​ បើក​កាត​ក្នុងស្រុក​ និង​កាត​អន្ដរជាតិ​ ដោយ​ប្រើ​ពេល​ត្រឹមតែ​ 2​ នាទី​ប៉ុណ្ណោះ​ ដោយ​មិន​ចាំបាច់​មានការ​បើក​ជូន​ដោយ​បុគ្គលិក​ធនាគារ​ឡើយ​។​
  • កញ្ចប់​ធានា​រ៉ាប់រង​ Manulife​ សុខ​សប្បាយ​ ដែល​អតិថិជន​ធនាគារ​ ABA​ អាច​ទិញ​ពី​ក្រុមហ៊ុន​ Manulife​ Cambodia​ ភ្លាមៗ​តាម​ ABA​ Mobile
  • ​ការ​អាប់​ដេ​ត​បន្ថែម​ទៅ​លើ​កម្មវិធី​ ABA​ Merchant​ ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​តូច​ធំ​នានា​ទទួល​ប្រាក់​ទូទាត់​ និង​គ្រប់គ្រង​សកម្មភាព​លក់ដូរ​ប្រកបដោយ​ភាព​ងាយស្រួល​ និង​ប្រសិទ្ធភាព​;
  • ​កំណើន​ឥត​ឈប់​ឈរ​នៃ​បណ្ដាញ​ស្វ័​យ​សេវា​ ABA​ 24/7​។​ ជាមួយ​ទីតាំង​ ABA​ 24/7​ អតិថិជន​អាច​ធ្វើ​ប្រតិបត្តិការ​បាន​គ្រប់ពេលវេលា​ និង​ឥត​គិតថ្លៃ​ដូច​ជា​ ដក​/​ដាក់​ប្រាក់​,​ ដាក់​មូល​ប្ប​ទា​នប​ត្រ​ ក៏​ដូច​ជា​បើក​កាត​ប្លា​ស្ទិ​ក​ជាដើម​។​ ​

លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ការ​បន្ដ​ទទួលស្គាល់​ពី​ Euromoney​ តាម​រយៈ​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​មួយ​នេះ​ បញ្ជាក់​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​យើងខ្ញុំ​ ក្នុង​ការ​ផ្ដល់​ជូន​អតិថិជន​នូវ​សេវាកម្ម​កម្រិត​កំពូល​បំផុត​ និង​ដំណោះស្រាយ​សេវា​ធនាគារ​ប្រកបដោយ​នវានុវត្តន៍​។​ យើងខ្ញុំ​មាន​មោទនភាព​ចំពោះ​សមិទ្ធផល​ និង​ភាព​ជោគជ័យ​របស់​យើង​ និង​សូម​អរគុណ​ដល់​អតិថិជន​ទាំងអស់​ចំពោះ​ទំនុកចិត្ត​ និង​ការ​គាំទ្រ​មក​លើ​ ABA​ តាំងពី​ដើម​មក​”​។​ ​

ក្នុង​នាម​ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​ ABA​ ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​ធនាគារ​ដែល​ផ្ដល់​នូវ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ល្អ​ផ្ដាច់​ ជូន​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ អាជីវកម្ម​ខ្នាត​មីក្រូ​ និង​រូបវន្ដបុគ្គល​។​ គិត​ត្រឹម​ថ្ងៃ​ទី​ 30​ ខែមិថុនា​ ឆ្នាំ​2023​ ធនាគារ​មានទ្រព្យ​សកម្ម​សរុប​ 10.4​ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ ខណៈ​ដែល​ចំនួន​អតិថិជន​សរុប​កើន​ដល់​ជិត​ 3​ លាន​ ។​ ​

អំពី​ពានរង្វាន់​ឧត្តមភាព
​ពានរង្វាន់​ឧត្តមភាព​របស់​ ទស្សនាវដ្ដី​ Euromoney​ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ 1992​ ហើយ​ជា​និយាម​សកល​សម្រាប់​វិស័យ​ធនាគារ​។​ ពានរង្វាន់​ប្រចាំឆ្នាំ​ទាំងនេះ​ គ្របដណ្ដប់​លើ​ផលិតផល​សកល​ជាង​ 20​ ប្រភេទ​ ពានរង្វាន់​លំដាប់​ថ្នាក់ឧត្តម​ប្រចាំ​តំបន់​ និង​ធនាគារ​ឆ្នើម​នៅ​បណ្ដា​ប្រទេស​ប្រមាណ​ 100​ ប្រទេស​ទូ​ទាំង​ពិភពលោក​។​ សេចក្តីសម្រេច​ផ្ដល់​ពានរង្វាន់​របស់​ទស្សនាវដ្ដី​ Euromoney​ ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ អ្នក​សារព័ត៌មាន​ជាន់ខ្ពស់​ ដែល​ដឹកនាំ​ដោយ​និពន្ធ​នាយក​របស់​ទស្សនាវដ្ដី​ Euromoney​ បន្ទាប់​ពី​ទទួល​បានការ​ដាក់​ជូន​ព័ត៌មាន​លម្អិត​ពី​សំណាក់​អ្នកចូលរួម​នៃ​ទីផ្សារ​នេះ​ បូក​រួម​ជាមួយ​ការ​ធ្វើការ​ស្រាវជ្រាវ​មួយ​ឆ្នាំ​ពេញ​នៅ​ក្នុង​វិស័យ​ធនាគារ​ និង​ទីផ្សារ​មូលធន​នៅ​ក្នុង​តំបន់​ដោយ​និពន្ធ​នាយក​ អ្នក​សារព័ត៌មាន​ និង​ក្រុម​ស្រាវជ្រាវ​។

1​ ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2022​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។​