ABA​ ជាប់​ជា​សហគ្រាស​បង់ពន្ធ ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ 2022​ ច្រើន​ជាងគេ​

24/Apr/2023

ABA top 1 tax payer 2022 DT-KHABA top 1 tax payer 2022 DT-KH
ABA top 1 tax payer 2022 DT2-KHABA top 1 tax payer 2022 DT2-KH

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1​ បាន​ទទួល​លិខិត​សរសើរ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សាទរ​ ABA​ ក្នុង​នាម​ជា​សហគ្រាស​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ ច្រើន​ជាងគេ​ នៅ​ឆ្នាំ​ 2022​។​ យោង​តាម​ការ​អនុវត្ត​កាតព្វកិច្ច​សារពើពន្ធ​របស់​កម្ពុជា​ សហគ្រាស​ប្រកប​អាជីវកម្ម​ ត្រូវ​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ត្រឹម​ថ្ងៃ​ទី​ 31​ ខែមីនា​ នៃ​ឆ្នាំ​នីមួយៗ​។​ ​

ការ​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​ចំពោះ​កាតព្វកិច្ច​ និង​បទ​ប្បញ្ញត្តិ​ពន្ធដារ​របស់​កម្ពុជា​ បាន​បង្ហាញ​ពី​ឆន្ទៈ​ និង​អនុវត្ត​ប្រកបដោយ​តម្លាភាព​របស់​ធនាគារ​ក្នុង​ការ​រក្សា​អភិបាលកិច្ច​ពន្ធ​សារ​ជីវ​កម្ម​ដ៏​ល្អ​ ដែល​ឆ្លុះ​បញ្ចាំង​តាម​រយៈ​សមិទ្ធផល​មួយ​នេះ​។​ ​

ប្រសាសន៍​ក្នុង​លិខិត​សរសើរ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ បាន​ថ្លែង​ថា​៖​ “​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ និង​កោតសរសើរ​ដោយ​ស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ​លោកនាយក​ធនាគារ​ ABA​ ដែល​បាន​ប្រកាស​ និង​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ 2022​ ច្រើន​ជាងគេ​ក្នុង​ចំណាត់ថ្នាក់​លេខ​ 1​ ក្នុង​ចំណោម​សហគ្រាស​ចំនួន​ 10​ ដែល​បាន​ប្រកាស​ និង​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ 2022​ ច្រើន​ជាងគេ​។​ ​

ការ​បំពេញ​កិច្ច​បង់ពន្ធ​បាន​ល្អ​ និង​ដោយ​ស្ម័គ្រចិត្ត​របស់​ធនាគារ​ គឺជា​គំរូ​ដ៏​ល្អ​សម្រាប់​សហគ្រាស​នានា​ ជា​ពិសេស​ឆ្លុះ​បញ្ចាំង​ពី​អនុលោម​ភាព​សារពើពន្ធ​កម្រិត​ខ្ពស់​ និង​អភិបាលកិច្ច​សាជីវកម្ម​ដ៏​ល្អ​ប្រសើរ​របស់​សហគ្រាស​។​ ជាមួយ​គ្នា​នេះ​ ខ្ញុំ​សូម​ធ្វើការ​វាយតម្លៃ​ខ្ពស់​ជូន​ដល់​សហគ្រាស​ក្នុង​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​ និង​រីក​ចម្រើន​លូតលាស់​នៃ​សេដ្ឋកិច្ច​ និង​សង្គម​ជាតិ​យើង​។​” ​

កាលពីដើម​ខែមីនា​ ឆ្នាំ​ 2023​ បាន​ទទួល​លិខិត​សរសើរ​មួយទៀត​ ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​សាទរ​ចំពោះ​ការ​រួមចំណែក​របស់​ធនាគារ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ ក្នុង​នាម​ជា​សហគ្រាស​បង់ពន្ធ​ច្រើន​ជាងគេ​ទី​ពីរ​ ប្រចាំឆ្នាំ​ 2022​។​ ​

ថ្មីៗ​នេះ​ ធនាគារ​ ABA​ ក៏​ទទួល​បាន​វិញ្ញាបនបត្រ​អនុលោម​ភាព​សារពើពន្ធ​ ប្រភេទ​ “​មាស​”​ ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​រយៈពេល​ 3​ ឆ្នាំ​ជាប់ៗ​គ្នា​សម្រាប់​ឆ្នាំ​ហិរញ្ញវត្ថុ​ 2019,​ 2020​ និង​ 2021​ ដែល​ជា​សមិទ្ធផល​នៃ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹង​មាំ​ និង​តម្លាភាព​ចំពោះ​អនុលោម​ភាព​ពន្ធដារ​នៅ​កម្ពុជា​។​

1 ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។