ABA ផ្ដោតលើសុវត្ថិភាព​ និង​ភាពងាយស្រួល ដោយណែនាំមុខងារ សោមុខសុវត្ថិភាព (FacePass Secure) នៅក្នុងអេបរបស់ខ្លួន

25/Mar/2024

facepass secure kh

ABA ដែលជាធនាគារផ្ដល់សេវាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា ប្រកាសអំពីការដាក់ដំណើរការមុខងារ សោមុខ សុវត្ថិភាព (FacePass Secure) ដែលជាមុខងារសុវត្ថិភាពថ្មី នៅក្នុងអេប ABA Mobile។

FacePass Secure គឺជាអន្ដរកម្មបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខទៅក្នុងអេបធនាគារដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដោយ កំណត់ស្តង់ដារថ្មីសម្រាប់ការប្រើប្រាស់សេវាធនាគារប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។

មុខងារសុវត្ថិភាពនេះ ប្រើប្រាស់បច្ចេកវិទ្យាសម្គាល់ផ្ទៃមុខទំនើប ដើម្បីការពារអ្នកប្រើប្រាស់ ក្នុងអំឡុងពេលធ្វើប្រតិបត្តិការសំខាន់ៗ នៅក្នុង ABA Mobile។ វាដើរតួជាប្រព័ន្ធផ្ទៀងផ្ទាត់សុវត្ថិភាពស្រទាប់ទីពីរ បន្ថែមពីលើការផ្ទៀងផ្ទាត់ដោយលេខសម្ងាត់ (PIN) ឬស្គែនមុខ/ខ្ចៅដៃ ( ស្គែនមុខ/ខ្ចៅដៃ ជាមុខងារផ្ទាល់របស់ទូរស័ព្ទ)។ មុខងារ សោមុខសុវត្ថិភាព (FacePass Secure) នេះ នឹងត្រូវប្រើប្រាស់សម្រាប់៖

  • ប្រតិបត្តិការ និងការទូទាត់ ដែលមានទំហំទឹកប្រាក់ច្រើន តាមការកំណត់របស់អ្នកប្រើប្រាស់ផ្ទាល់
  • ការចូលប្រើប្រាស់ និងការកែប្រែព័ត៌មានផ្ទាល់ខ្លួន
  • និងការសម្រួលមុខងារពិសេសផ្សេងៗនៃអេប រួមទាំង ដំណើរការស្គាល់អតិថិជនតាមអេឡិកត្រូនិក (eKYC) ក្នុងពេលបើកគណនីរហ័ស ការអនុញ្ញាតនៅពេលអ្នកប្រើប្រាស់បើកដំណើរការ ឬបើកដំណើរការឡើងវិញ អេប ABA Mobile និងការដូរលេខទូរស័ព្ទ លេខសម្ងាត់ និងប្រវត្តិរូបរបស់អ្នកប្រើប្រាស់ជាដើម។

ចំណុចសំខាន់នោះគឺ មុខងារ FacePass ដើរតួជំនួស ពាក្យសម្ងាត់ ដែលធ្លាប់ប្រើពីមុនមក។ ការផ្លាស់ប្តូរមកប្រើមុខងារនេះ នឹងសម្រួលដល់អ្នកប្រើប្រាស់ឲ្យកាន់តែងាយស្រួល លែងបារម្ភខ្លាចភ្លេច ឬខ្លាចគេដឹង ឬត្រូវបានគេលួច ព័ត៌មានបើកចូលគណនីដូចមុនទៀតហើយ។

លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA បានមានប្រសាសន៍ថា "យើងខ្ញុំជឿជាក់ថា មុខងារ សោមុខ សុវត្ថិភាព (FacePass Secure) គូសបញ្ជាក់នូវការបោះជំហានទៅមុខយ៉ាងសំខាន់មួយ នៅក្នុងសុវត្ថិភាព សេវាធនាគារតាម ទូរស័ព្ទ និងបទពិសោធរបស់អ្នកប្រើប្រាស់។ មុខងារនវានុវត្តនេះ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ធនាគារ ABA ក្នុងការ ការពារព័ត៌មានហិរញ្ញវត្ថុរបស់អតិថិជន ខណៈផ្តល់អាទិភាពដល់ឯកជនភាពទិន្នន័យ និងផ្ដល់ជូនអតិថិជននូវផលិតផល ធនាគារដែលងាយស្រួល និងសុវត្ថិភាពបំផុត"។

សូមប្រើ ABA Mobile ដើម្បីមានមុខងារ សោមុខ (FacePass Secure) ដែលអាចឲ្យលោកអ្នករីករាយជាមួយសេវាធនាគារ ប្រកបដោយទំនុកចិត្ត និងងាយស្រួលបំផុត!

ប្រសិនបើអ្នកមិនទាន់មាន ABA Mobile នៅលើស្មាតហ្វូននោះទេ អ្នកអាចដោនឡូតនៅ ទីនេះ យ៉ាងងាយស្រួល។ ការបើក គណនីរហ័ស ABA ចាយពេលតែពីរនាទីប៉ុណ្ណោះ (តម្រូវឲ្យមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ) ហើយលោកអ្នកអាចចាប់ផ្ដើម ប្រើប្រាស់ភ្លាមៗ បន្ទាប់ពីបើករួច។