ABA​ ទទួល​បាន​ពាន​ ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ប្រចាំឆ្នាំ​ 2023​ ពី​ទស្សនាវដ្ដី​ Global​ Finance

27/Mar/2023

ABA​ named​ Best​ Bank​ in​ Cambodia​ 2023 KHABA​ named​ Best​ Bank​ in​ Cambodia​ 2023 KH

ធនាគារ​ ABA​ ដែល​ជា​បុត្រ​សម្ពន្ធ​មួយ​ នៃ​ធនាគារជាតិ​កា​ណា​ដា​ ទទួល​បាន​ពាន​ “​ធនាគារ​ដ៏​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ប្រចាំឆ្នាំ​ 2023”​ ពី​ទស្សនាវដ្តី​ Global​ Finance​។​ ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ​ ត្រូវ​បាន​ប្រគល់​ជូន​ ABA​ នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ឲ្យ​ធនាគារ​ឆ្នើម​លំដាប់​ពិភពលោក​ ប្រចាំឆ្នាំ​ លើក​ទី​ 30​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ញូ​វ​យ៉​ក​។​ ធនាគារ​ ABA​ ត្រូវ​បាន​ទស្សនាវដ្តី​នេះ​ទទួលស្គាល់​ ចំពោះ​លទ្ធផល​ប្រកបដោយ​ជោគជ័យ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​ និង​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មុតមាំ​របស់​ ABA​ ក្នុង​ការ​បំពេញតម្រូវការ​អតិថិជន​របស់​ខ្លួន​។​ ​

គណៈវិនិច្ឆ័យ​របស់​ទស្សនាវដ្តី​ Global​ Finance​ បាន​សាទរ​ ABA​ ចំពោះ​លទ្ធផល​ដ៏​ប្រសើរ​បំផុត​ ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​កន្លង​មកនេះ​ ព្រមទាំង​បាន​កត់សម្គាល់​លើ​វឌ្ឍនភាព​ថ្មីៗ​ជា​ច្រើន​។

​វឌ្ឍនភាព​ទាំងនេះ​ រួម​មាន​ ការ​ដាក់​ដំណើរការ​ម៉ាស៊ីន​បើក​កាត​ដំបូង​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​ជម្រើស​ភាសា​ជា​ច្រើន​នៅ​លើ​ផ្ទៃ​អេ​ក្រង់​ ដែល​អាច​ឲ្យ​អតិថិជន​បើក​កាត​ឥណ​ពន្ធ​អន្ដរជាតិ​ និង​កាត​ CSS​ ដោយ​ប្រើ​ពេល​ត្រឹមតែ​ 2​ នាទី​។​ គិតតែ​ក្នុង​ឆ្នាំ​ 2022​ អតិថិជន​បាន​បើក​កាត​ តាម​ម៉ាស៊ីន​បើក​កាត​ ABA​ ចំនួន​ 220,000​ កាត​។

​​ក្រៅពី​នេះ​ ធនាគារ​ ABA​ បាន​បញ្ចេញ​ផលិតផល​ គណនី​ Junior​ –​ ជា​គណនី​អនីតិជន​ក្នុង​ទម្រង់​ឌី​ជី​ថ​ល​ដែល​អនុញ្ញាត​ឲ្យ​កុមារ​ ឬ​ក្មេង​ជំទង់​ ដែល​មាន​វ័យ​ចាប់ពី​ 10​ ឆ្នាំ​ឡើង​ទៅ​ ប្រើប្រាស់​សេវា​ធនាគារ​ទំនើប​ និង​ឧបករណ៍​ទូទាត់​បែប​ឌី​ជី​ថ​ល​តាម​កម្មវិធី​ ABA​ Mobile​ បាន​។​ ធនាគារ​ក៏​បាន​ដាក់​បញ្ចូល​សេវាកម្ម​ និង​មុខងារ​ថ្មីៗ​ជា​ច្រើន​ទៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ផង​ដែរ​ ដូច​ជា​ ទី​មួយ​ មុខងារ​កម្ចី​ប្រាក់បៀវត្ស​ សម្រាប់​បុគ្គលិក​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ ដែល​ប្រើ​សេវា​បើក​ប្រាក់ខែ​ជាមួយ​ ABA​ អាច​ខ្ចីប្រាក់​បាន​ភ្លាមៗ​ ដោយ​មិន​តម្រូវ​ឲ្យ​មានទ្រព្យ​តម្កល់​អ្វី​ទាំងអស់​ និង​ទី​ពីរ​ ផ្លែ​ត​ហ្វ​ម​ទិញ​ធានា​រ៉ាប់រង​អាយុជីវិត​ ដែល​អតិថិជន​អាច​ទិញ​បាន​តាម​ ABA​ Mobile​ ក្រោម​ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​ជាមួយ​ក្រុមហ៊ុន​ Manulife​។​ ​

បន្ថែម​ពី​នេះ​ ធនាគារ​ ABA​ បាន​ពង្រីក​បណ្ដាញ​សាខា​ និង​ទីតាំង​ស្វ័​យ​សេវា​របស់​ខ្លួន​នៅ​ទូ​ទាំង​ប្រទេស​ ដែល​បច្ចុប្បន្ន​ មាន​សាខា​សរុប​ ចំនួន​ 85​ និង​ទីតាំង​ស្វ័​យ​សេវា​ 24/7​ ចំនួន​ 30​។​ ម៉ាស៊ីន​ស្វ័​យ​សេវា​សរុប​នៅ​ក្នុង​ប្រព័ន្ធ​អេកូ​របស់​ធនាគារ​ កើន​ដល់​ 1,200​ គ្រឿង​។

​នា​ឱកាស​ទទួល​ពានរង្វាន់​នេះ​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ លោក​ Askhat​ Azhikhanov​ មាន​ប្រសាសន៍​ថា​ ”​យើងខ្ញុំ​មាន​កិត្តិយស​ណាស់​ ដែល​បាន​ទទួល​ពានរង្វាន់​ 9​ ឆ្នាំ​ជាប់ៗ​គ្នា​ ពី​ទស្សនាវដ្ដី​ Global​ Finance​ ដែល​នេះ​ជា​សក្ខីភាព​ នៃ​ការ​ប្ដេជ្ញា​ចិត្ត​ខិតខំ​ប្រឹងប្រែង​របស់​គណៈ​គ្រប់គ្រង​ និង​បុគ្គលិក​របស់​យើង​ ក្នុង​ការ​បម្រើសេវា​ធនាគារ​ដ៏​ល្អ​បំផុត​ ជូន​អតិថិជន​។​ យើងខ្ញុំ​ សូម​ចែករំលែក​កិត្តិនាម​នេះ​ ជូន​ដល់​អតិថិជន​ទាំងអស់​ ដែល​ជា​ច​លករ​ដ៏​សំខាន់​ ក្នុង​ការ​រួមចំណែក​ធ្វើ​ឲ្យ​ធនាគារ​យើង​បន្ដ​រីក​ចម្រើន​ឥត​ឈប់​ឈរ​ ព្រមទាំង​ផ្ដល់​ឱកាស​ឲ្យ​យើងខ្ញុំ​បម្រើសេវា​អតិថិជន​បាន​ល្អ​បំផុត​ លើស​ពី​ការ​រំពឹង​ទុក​របស់​ពួក​គាត់​។​” ​

លោក​បាន​បន្ថែម​ថា​ “​នៅ​ ABA​ យើងខ្ញុំ​តែងតែ​ប្ដេជ្ញា​នាំ​យក​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​សេវា​ធនាគារ​ថ្មីៗ​ រួម​ជាមួយនឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ក្នុង​ការ​បណ្តុះបណ្ដាល​ធនធាន​ និង​ពង្រីក​បណ្ដាញ​របស់​យើង​។​ យើងខ្ញុំ​មាន​គោលបំណង​ផ្ដល់​ជូន​ផលិតផល​ និង​សេវា​ធនាគារ​ដ៏​ទំនើប​សម្បូរ​បែប​ មាន​លក្ខណៈ​ងាយស្រួល​ ប្រកបដោយ​ន​វា​នុ​វត្ត​ ដែល​ស្រប​ទៅ​តាម​តម្រូវការ​កំពុង​តែ​កើនឡើង​របស់​អតិថិជន​ នៅ​ទូ​ទាំង​ប្រទេស​។​” ​

យោង​តាម​ទស្សនាវដ្ដី​ Global​ Finance​ ម្ចាស់​ជ័យ​លា​ភី​សម្រាប់​ពានរង្វាន់​ឆ្នាំ​នេះ​ គឺ​ប្រគល់​ជូន​ធនាគារ​ទាំងឡាយ​ណា​ ដែល​យកចិត្តទុកដាក់​យ៉ាង​ហ្មត់ចត់​ លើ​តម្រូវការ​របស់​អតិថិជន​ ទោះបីជា​ធនាគារ​ទាំងនោះ​ស្ថិត​នៅ​ក្នុង​ទីផ្សារ​ (​ប្រទេស​)​ ដែល​មាន​ស្ថានភាព​សេ​ដ្ច​កិច្ច​ស្មុគស្មាញ​ តែ​ពួក​គេ​សម្រេច​បាន​លទ្ធផល​ឈានមុខ​គេ​ ហើយ​ថែម​ទាំង​ចាក់​គ្រឹះ​ដ៏​រឹង​មាំ​ សម្រាប់​ភាព​ជោគជ័យ​នា​ពេល​អនាគត​។​ ធនាគារ​ ដែល​ទទួល​បាន​ពានរង្វាន់​នេះ​ បាន​គ្រប់គ្រង​ទ្រព្យសកម្ម​ និង​បំណុល​របស់​ខ្លួន​ ប្រកបដោយ​ភាព​ឆ្លាត​វៃ​ ដោយ​មើលឃើញ​ និង​គិតគូ​ពី​ស្ថានភាព​នៃ​ការ​ផ្លាស់​ប្តូរ​អត្រា​ការ​ប្រាក់​យ៉ាង​ឆាប់រហ័ស​ ។​

ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​ ក៏​ដូច​ជា​ភាព​ឈានមុខ​គេ​ ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​ទំនើប​ និង​ងាយស្រួល​ ទៅ​តាម​តម្រូវការ​របស់​អតិថិជន​។​ គិត​ត្រឹម​ថ្ងៃ​ទី​ 31​ ខែធ្នូ​ ឆ្នាំ​ 2022​ ធនាគារ​មានទ្រព្យ​សកម្ម​សរុប​ជាង​ 9​ ពាន់​លាន​ ដុល្លារ​អា​មេ​រិ​ក​ និង​មាន​អតិថិជន​ជាង​ 2.5​ លាន​ នាក់​។

​​គិតតែ​ក្នុង​ឆ្នាំ​ 2022​ ធនាគារ​ ABA​ បាន​ឈ្នះ​ពានរង្វាន់​អន្ដរជាតិ​ នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ជា​ច្រើន​ រួម​មាន​ ពានរង្វាន់​ ធនាគារ​ដ៏​ឆ្នើម​ នៅ​កម្ពុជា​ពី​ទស្សនាវដ្ដី​ The​ Banker,​ Euromoney,​ Asiamoney​ និង​ Global​ Finance​។​ ​

អំពី​ទស្សនាវដ្ដី​ Global​ Finance ​
ទស្សនាវដ្តី​ Global​ Finance​ បង្កើត​ឡើង​នៅ​ឆ្នាំ​ 1987​ មានការ​ចុះ​ផ្សាយ​ចំនួន​ 50,000​ ច្បាប់​ និង​មាន​អ្នក​អាន​នៅ​ 193​ ប្រទេស​។​ អ្នក​អាន​ទស្សនាវដ្តី​ Global​ Finance​ រួម​មាន​ មន្ត្រីជាន់ខ្ពស់​ផ្នែក​សាជីវកម្ម​ និង​មន្ត្រី​ហិរញ្ញវត្ថុ​ដែល​ទទួលខុសត្រូវ​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​នានា​ទាក់ទង​នឹង​ការ​វិនិយោគ​ និង​យុទ្ធសាស្ត្រ​នៅ​ក្នុង​ក្រុមហ៊ុនចម្រុះ​ជាតិ​សាសន៍​ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​។​ ទស្សនាវដ្តី​ Global​ Finance​ ជ្រើសរើស​ជា​ទៀងទាត់​នូវ​ធនាគារ​កំពូលៗ​ក្នុង​ចំណោម​ធនាគារ​ និង​គ្រឹះស្ថាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​នានា​។​ ពានរង្វាន់​ទាំង​អស់នេះ​បាន​ក្លាយជា​បទដ្ឋាន​ឧត្តមភាព​ដែល​អាច​ទុកចិត្ត​បាន​សម្រាប់​សហគមន៍​ហិរញ្ញវត្ថុ​សកលលោក​។​