ABA ណែនាំមុខងារផ្ទេរពី កាតទៅកាត ជាមួយ Mastercard UnionPay MoneyExpress និង UnionPay MoneyExpress ក្នុង ABA Mobile
01/Feb/2022

ធនាគារ ABA សហការជាមួយសេវាទូទាត់លំដាប់ពិភពលោក Mastercard និង UnionPay International (UPI) ដើម្បីនាំយកជម្រើសផ្ទេរប្រាក់រហ័សបន្ថែមលើកម្មវិធី ABA Mobile របស់ខ្លួន។
ជាមួយនឹងការបញ្ចូលគ្នានេះ អ្នកប្រើ ABA Mobile អាចផ្ញើ និងទទួលប្រាក់ពីប្រទេសកាន់តែច្រើនក្នុង តំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាផ្ទេរក្នុងស្រុកដោយប្រើមុខងារផ្ទេរទៅកាត។ ការផ្ទេរ និងទូទាត់នឹង បញ្ចូលទៅគណនីរបស់អ្នកទទួល ដែលភ្ជាប់ជាមួយកាតដោយផ្ទាល់ស្ទើរតែដំណាល់គ្នានឹងពេលផ្ញើ។
Mastercard Send អនុញ្ញាតឲ្យមានការផ្ទេរប្រាក់ទៅមករវាងកាត Mastercard ដែលចេញដោយធនាគារផ្សេងៗក្នុងប្រទេសកម្ពុជា និងសិង្ហបុរី ខណៈដែលUnionPay MoneyExpress បច្ចុប្បន្នដំណើរការសម្រាប់ការផ្ទេរប្រាក់ទៅមក រវាងកាត UPI ដែលចេញដោយធនាគារនានាក្នុងប្រទេសកម្ពុជា ចិន ហុងកុង និងម៉ាកាវ។ ប្រាក់ផ្ទេរ និងការទូទាត់ នឹងត្រូវបញ្ចូលទៅក្នុងគណនីភ្ជាប់កាតរបស់អ្នកទទួលភ្លាមៗ ស្ទើរតែដំណាលគ្នានឹងពេលផ្ញើ។ សេវាទាំងពីរ ប្រើប្រាស់បច្ចេកវិទ្យា ទំនាក់ទំនងផ្ទាល់ពីបុគ្គលទៅបុគ្គល(peer-to-peer ឬហៅកាត់ថា P2P) តាមរយៈបណ្ដាញទំនាក់ទំនងភ្លាមៗរបស់ខ្លួន ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ Mastercard និង UPI របស់ ABA ធ្វើការទូទាត់ និងផ្ទេរប្រាក់បានយ៉ាងលឿនរហ័ស និងសុវត្ថិភាពបំផុត។
តាមរយៈសេវាទាំងពីរ អ្នកកាន់កាតអាចផ្ទេររហូតដល់ $2,500 ក្នុងមួយប្រតិបត្តិការ និងរហូតដល់ $10,000 ក្នុងមួយខែ សម្រាប់ Mastercard Send និង $20,000 ក្នុងមួយខែ សម្រាប់ UnionPay MoneyExpress ជាមួយតម្លៃសេវាសមរម្យ។
លោក Sanzhar Abdullayev នាយកផ្នែកកាត និងសេវាទូទាត់អេឡិកត្រូនិក ABA មានប្រសាសន៍ថា “យើងខ្ញុំមានសេចក្ដីរីករាយក្នុងការផ្ដល់ជូនអតិថិជននូវជម្រើសកាន់តែច្រើន ក្នុងការផ្ទេរប្រាក់រហ័ស ទាំងក្នុងស្រុក និងអន្ដរជាតិ តាមកម្មវិធី ABA Mobile។ សេវាផ្ទេរប្រាក់ Mastercard Send និង UnionPay MoneyExpress ប្រើបច្ចេកវិទ្យាទូទាត់ពីម្នាក់ទៅម្នាក់ (P2P) ដែលរហ័ស និងសុវត្ថិភាព តាមរយៈបណ្ដាញទូទាត់រៀងៗខ្លួន ហើយបានស្ថិតក្នុងបញ្ជីជាមួយសេវាផ្ទេរប្រាក់រហ័សផ្សេងទៀត ក្នុង ABA Mobile”។
“ការបញ្ចូលគ្នានេះ ជាការគាំទ្របន្ថែមដ៏ប្រសើរសម្រាប់ជនបរទេសដែលផ្ញើប្រាក់ទៅអ្នកផ្ទះជាប្រចាំ សិស្សានុសិស្សដែលត្រូវការការគាំទ្រផ្នែកហិរញ្ញវត្ថុពីគ្រួសារនៅកម្ពុជា ឬអ្នកធ្វើការឯករាជ្យដែលធ្វើលើ គម្រោងថ្នាក់តំបន់ ហើយអាចទទួលប្រាក់កម្រៃយ៉ាងងាយស្រួល” លោកពន្យល់។
សូមចូលទៅទំព័រ សេវាផ្ទេរប្រាក់ UnionPay MoneyExpress និង សេវាផ្ទេរប្រាក់ Mastercard Send ដើម្បីដឹងអំពីរបៀបផ្ទេរប្រាក់រហ័សក្នុងកម្មវិធី ABA Mobile ។