ABA ជំរុញនវានុវត្តន៍ឌីជីថលដោយឧបត្ថម្ភកម្មវិធី Turing Hackathon រដូវកាលទី 5
07/Nov/2023
ABA ដែលជាធនាគារផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខនៅកម្ពុជា មានមោទនភាពបានក្លាយជាអ្នកឧបត្ថម្ភផ្តាច់មុខនៃកម្មវិធី Turing Hackathon រដូវកាលទី 5 ដែលជាកម្មវិធីដែលអ្នកចូលរួមអាចបង្ហាញពីគំនិតច្នៃប្រឌិត និង ជំនាញរបស់ខ្លួនក្នុងការអភិវឌ្ឍដំណោះស្រាយឌីជីថល ដែលអាចផ្លាស់ប្តូរប្រតិបត្តិការរបស់សហគ្រាសដើម្បីប្រកួតក្នុងសតវត្សទី 21។
កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” (TSC) ដែលជាកន្លែងបណ្តុះបណ្តាល និងពន្លឿនបច្ចេកវិទ្យាឈានមុខនៅកម្ពុជា ក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងថ្ងៃបទបង្ហាញជាសាធារណៈនៃកម្មវិធី Turing Hackathon បានប្រព្រឹត្តឡើងដោយជោគជ័យកាលពីថ្ងៃទី 5 ខែវិច្ឆិកា ឆ្នាំ 2023 នៅការិយាល័យកណ្តាលរបស់ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ។ ពិធីនេះបានប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ព្រមជាមួយលោក Ruzmetov Bekzod ប្រធានអង្គភាព IBB និងវិភាគទិន្នន័យរបស់ធនាគារ ABA និងអ្នកចូលរួម រួមទាំងគណៈកម្មការជាច្រើនរូបផងដែរ។
នៅក្នុងព្រឹត្តិការណ៍នេះ លោក Bekzod បានផ្តល់មតិយោបល់ចំណាប់អារម្មណ៍អំពីសារៈសំខាន់នៃនវានុវត្តន៍ឌីជីថល និងតួនាទីសំខាន់របស់ ABA ក្នុងការគាំទ្រដល់ការរីកចម្រើននៃប្រព័ន្ធអេកូឡូស៊ីបចេ្ចកវិទ្យា-ហិរញ្ញវត្ថុនៅកម្ពុជា។
"កម្មវិធី Turing Hackathon គឺជាតំណាងនៃស្មារតីរីកចំរើនដែលជំរុញដល់បច្ចេកវិទ្យារបស់កម្ពុជា។ ABA មានមោទនភាពយ៉ាងក្រៃលែងដែលជាផ្នែកមួយក្នុងវប្បធម៌នវានុវត្តន៍នេះ ដោយផ្តល់នូវការគាំទ្រយ៉ាងច្រើនសម្រាប់ការវិវត្តន៍នៃវិស័យ fintech របស់ប្រទេស។ យើងជឿថាគំនិតផ្តួចផ្តើមទាំងនេះមានសារៈសំខាន់ក្នុងការជំរុញ អនាគតឌីជីថលរបស់ប្រទេសកម្ពុជាឲ្យកាន់តែប្រសើរ"។
កម្មវិធី Turing Hackathon រដូវកាលទី 5 មានអ្នកចាប់អារម្មណ៍ចូលរួមជាង 200 នាក់ ហើយពួកបានចាប់ក្រុមដើម្បីបង្កើតដំណោះស្រាយឌីជីថលសម្រាប់បញ្ហាប្រឈមមុខរបស់អាជីវកម្មផ្សេងៗ។ ក្រុមទាំងអស់បង្ហាញដំណោះស្រាយរបស់ពួកគេដល់គណៈកម្មការវាយតម្លៃ ហើយក្រុមដែលឈ្នះទទួលបានរង្វាន់ និងឱកាសហ្វឹកហាត់ផងដែរ។









