ABA​ បន្ត​អនុវត្ត​កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ​ ដំណាក់កាល​ទី​៣​ ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី​

11/Sep/2023

ABA FLP in Ratanakiri KHABA FLP in Ratanakiri KH
ABA FLP in Ratanakiri KH-4ABA FLP in Ratanakiri KH-4
ABA FLP in Ratanakiri KH-2ABA FLP in Ratanakiri KH-2
ABA FLP in Ratanakiri KH-3ABA FLP in Ratanakiri KH-3
ABA FLP in Ratanakiri KH-5ABA FLP in Ratanakiri KH-5
ABA FLP in Ratanakiri KH-6ABA FLP in Ratanakiri KH-6

ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​កា​ណា​ដា​ Angkor​ Resources​ Corp.​ ធនាគារ​ ABA​ មាន​សេចក្តី​សោមនស្ស​ នឹង​បើក​ថ្នាក់​ចំណេះដឹង​ហិរញ្ញវត្ថុ​ដំណាក់កាល​ទី​៣​ នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្តរតនគិរី​។​ ​

គោលបំណង​ចម្បង​នៃ​ការ​បើក​ថ្នាក់​នេះ​ គឺ​ដើម្បី​ផ្តល់​ចំណេះដឹង​ចាំបាច់​មួយ​ចំនួន​ដល់​អ្នកចូលរួម​ ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ​,​ លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​,​ និង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សហគមន៍​ទាំងមូល​។​ កម្មវិធី​នេះ​នឹង​ជួយ​ដល់​អ្នកចូលរួម​ ឲ្យ​មានឱកាស​ក្នុង​ការ​ធ្វើ​ឲ្យ​ស្ថានភាព​ហិរញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ន​ និង​អនាគត​របស់​ពួក​គាត់​ កាន់តែ​ប្រសើរ​ឡើង​ តាម​រយៈ​ការ​បង្កើន​ស្ថិរភាព​ និង​ភាព​ម្ចាស់​ការ​ក្នុង​ការ​គ្រប់គ្រង​លុយកាក់​ ។

​​ដោយ​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​អនុវត្ត​កម្មវិធី​នេះ​កន្លង​មក​ កម្មវិធី​ដំណាក់កាល​ទី​បី​នេះ​ នឹង​បន្ត​ផ្តល់​នូវ​វគ្គ​បណ្តុះបណ្តាល​ពេញលេញ​ លើ​ប្រធានបទ​ហិរញ្ញវត្ថុ​ជា​ច្រើន​ទៀត​។​ អ្នកចូលរួម​ នឹង​យល់​ដឹង​កាន់តែ​ច្បាស់​ អំពី​គោល​គំនិត​មេរៀន​ជា​មូលដ្ឋាន​ ដូច​ជា​ ការ​រៀបចំ​ផែនការ​ហិរញ្ញវត្ថុ​,​ ការ​ចាត់ចែង​លុយកាក់​,​ ការ​កំណត់​គោលដៅ​ហិរញ្ញវត្ថុ​ និង​សន្សំ​,​ និង​ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​ចៀសវាង​បំណុល​វ័ណ្ឌ​ ក​ ជាដើម​។

​​ក្នុង​ដំណាក់កាល​ថ្មី​នេះ​ ABA​ បាន​ពង្រឹង​ប្រសិទ្ធភាព​ និង​កម្មវិធី​សិក្សា​ ធ្វើ​យ៉ាងណា​ឲ្យ​ថ្នាក់រៀន​នេះ​ ផ្ដល់​ប្រយោជន៍​ និង​ជះ​ឥទ្ធិពល​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​ ដល់​អ្នកចូលរួម​។​ វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ (TOT)​ ត្រូវ​បាន​រៀបចំ​ឡើង​ សម្រាប់​គ្រូ​បង្គោល​ប្រចាំ​សហគមន៍​ចំនួន​ 22​ នាក់​ ដោយ​ពង្រឹងសមត្ថភាព​ពួក​គាត់​ ក្នុង​ការ​បង្រៀន​មេរៀន​ និង​ខ្លឹមសារ​ ជា​ភាសា​កំណើត​ ឬ​គ្រាមភាសា​ (​ភាសា​តំបន់​)​ ប្រកបដោយ​ប្រសិទ្ធភាព​ទៅ​កាន់​សហគមន៍​។​ វិធីសាស្ត្រ​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន​ ដែល​ធ្វើ​ឲ្យ​មានការ​យល់​ដឹង​ និង​ការ​ចូលរួម​កាន់តែ​ប្រសើរ​ឡើង​នៅ​ក្នុង​សហគមន៍​។​ ​

កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ​នេះ​ នឹង​មាន​ថ្នាក់​សរុប​ចំនួន​ 22​ ដែល​មាន​អ្នកចូលរួម​ចំនួន​ 500​ នាក់​នៅ​តាម​ភូមិ​ស្រុក​ដាច់​ស្រយាល​មួយ​ចំនួន​។​ តាម​រយៈ​ការ​ពង្រីក​វិសាលភាព​ទៅ​កាន់​ភូមិ​ស្រុក​ថ្មី​ ABA​ ធានា​បាន​ថា​ ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ក្នុង​ខេត្តរតនគិរី​ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ចំណេះដឹង​ដ៏​មាន​សារៈសំខាន់​ និង​ចាំបាច់​នេះ​។​ ​

កាល​នៅ​ឆ្នាំ​ 2022​ ABA​ បាន​បើក​ថ្នាក់​ចំណេះដឹង​ហិរញ្ញវត្ថុ​ជា​លើក​ដំបូង​ដោយ​ជោគជ័យ​ ដោយពេល​នោះ​ មាន​អ្នក​ភូមិ​ ចូលរួម​ប្រមាណ​ 200​ នាក់​ មក​ពី​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្តរតនគិរី​ ដើម្បី​អភិវឌ្ឍ​ចំណេះដឹង​ និង​ជំនាញ​របស់​សហគមន៍​ ព្រមទាំង​លើកកម្ពស់​ជីវភាព​ និង​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ និង​មាន​ស្ថិរភាព​។​

ABA​ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​បណ្ដា​ដៃគូ​ អាជ្ញាធរ​មូលដ្ឋាន​ និង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ ដែល​បាន​គាំទ្រ​កម្មវិធី​នេះ​ តាំងពី​ដើម​រៀង​មក​។​ ពួក​យើង​ទាំងអស់​គ្នា​ នឹង​ចូលរួម​អនុវត្ត​កម្មវិធី​ចំណេះដឹង​ហិរញ្ញវត្ថុ​នេះ​ សំដៅ​យ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​យើង​ មាន​សមត្ថភាព​គ្រប់គ្រង​លុយកាក់​កាន់តែ​ប្រសើរ​ឡើង​៕