ធនាគារ ABA ចូលរួមគាំទ្រដល់គម្រោងមនុស្សធម៌ និងការអប់រំរបស់ TYDA និង AMT
20/Apr/2022
ធនាគារ ABA ជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត(AMT) ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សមាគម។
តាមរយៈអនុស្សរណៈនេះ ABA បានផ្តល់ថវិការសប្បុរសធម៌ចំនួន 10ម៉ីន ដុល្លារអាមេរិកដល់ TYDA សម្រាប់ការងារសំខាន់ៗក្នុងការផ្តល់សេវាព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃដល់សហគមន៍ជនបទទូទាំងប្រទេស និង 10ម៉ីន ដុល្លារអាមេរិកទៀតដល់ AMT សម្រាប់គាំទ្រ ដល់ប្រជាជនកម្ពុជាតាមរយៈអាហារូបករណ៍ កម្មវិធីអប់រំ ដែលមាន និងគម្រោងជំនួយហិរញ្ញវត្ថុ។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល TYDA និង AMT និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ដោយមានវត្តមានកិត្តិយសរបស់ លោកជំទាវ ពេជ្រ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល TYDA និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀតនៅសណ្ឋាគារភ្នំពេញ។
ជំនួយហិរញ្ញវត្ថុនេះគឺជាផ្នែកមួយនៃការបន្តការប្តេជ្ញារបស់ធនាគារក្នុងការរួមចំណែកជាវិជ្ជមានដល់ប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួន ជាពិសេសសហគមន៍ដែលមានការខ្វះខាត ឲ្យស្របតាមបេសកកម្ម តម្លៃ និងគោលការណ៍ទំនួលខុសត្រូវសង្គមសាជីវកម្ម។
«សូមថ្លែងអរគុណចំពោះធនាគារ ABA ដែលចុះអនុស្សារណៈយោគយល់ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងសមាគមសិស្សនិស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត(AMT) ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ដើម្បីបុព្វហេតុសង្គមជាតិតាមរយៈការចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស និងផ្ដល់ឱកាសឱ្យសិស្ស និស្សិត អាហារូបករណ៍បានសិក្សារៀនសូត្រដើម្បីយកចំណេះដឹង ជំនាញកសាងអនាគតរបស់ពួកគេ។» ប្រសាសន៍ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធាន ក្រុមប្រឹក្សាភិបាល TYDA និង AMT។
«សមាគម TYDA និង AMT បានសាងសមិទ្ធផលមនុស្សធម៌និងការអប់រំ តាមរយៈគម្រោងនានាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយធនាគារ ABA សូមថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង និងឥទ្ធិពលវិជ្ជមានដែលបានផ្តល់ដល់សហគមន៍កន្លងមក។ យើងគាំទ្រយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្នុងការធ្វើឲ្យសុខុមាលភាពរបស់ប្រទេសជាតិ និងប្រជាជនកាន់តែប្រសើរឡើង។» ប្រសាសន៍ លោក Askhat Azhikhanov នាយក ប្រតិបត្តិ ធនាគារ ABA។
TYDA និង AMT ជាអង្គការសប្បុរសធម៌មិនរកប្រាក់កម្រៃត្រូវបានបង្កើតឡើង ក្នុងឆ្នាំ 2012 និង 2014 ដើម្បីមើលនូវតម្រូវការផ្នែកវេជ្ជសាស្ត្រនៅក្នុងសហគមន៍ក្រីក្រក្នុងប្រទេសកម្ពុជា សម្រាលបន្ទុកផ្នែកវេជ្ជសាស្ត្ររបស់ប្រជាជន ផ្តល់អាហារូបករណ៍ដល់គ្រួសារក្រីក្រ និងអភិវឌ្ឍធនធានមនុស្ស។
ក្នុងនាមជាសមាជិកសកម្មនៃសហគមន៍ធុរកិច្ច ធនាគារ ABA ចូលរួមជាទៀងទាត់នៅក្នុងគំនិតផ្តួចផ្តើម និងគម្រោងនានាក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ អក្ខរកម្ម លទ្ធភាពមានការងារធ្វើ និងគាំទ្រដល់យុវជនក្រីក្រ និងសហគមន៍ជួបការលំបាក។ បានបរិច្ចាគថវិកាចំនួន ១លានដុល្លារអាមេរិក ដល់មូលនិធិប្រឆាំងជំងឺកូវីដ របស់រាជរដ្ឋាភិបាល។ សំណើសុំបរិច្ចាគនេះត្រូវបានពិចារណា និងកោតសរសើរដោយសម្តេចតេជោ ហ៊ុន សែន ដែលបានចេញលិខិតថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ធនាគារ។






