ធនាគារ ABA ឧបត្ថម្ភសន្និសីទ ធនាគារនៅកម្ពុជាលើកទី 4 ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ
21/Aug/2025
ABA ជាធនាគារពាណិជ្ជធំជាងគេនៅប្រទេសកម្ពុជា1 មានមោទនភាពក្លាយជាអ្នកឧបត្ថម្ភធំ (Diamond Sponsor) របស់សន្និសីទធនាគារនៅកម្ពុជា 2025 រៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា នាថ្ងៃទី19-20 ខែសីហា ឆ្នាំ 2025 ក្នុងទីក្រុងភ្នំពេញ។
ក្រោមប្រធានបទស្តីពី “ការពង្រឹងកំណើនប្រកបដោយបរិយាបន្ន៖ នវានុវត្តន៍ឌីជីថល និងនិរន្តរភាពហិរញ្ញវត្ថុ” កម្មវិធីរយៈពេលពីរថ្ងៃនេះ បាននាំមកនូវវេទិកាពិភាក្សា និងការចែករំលែកជាច្រើន គ្របដណ្តប់ប្រធានបទទាក់ទងទៅនឹងសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន និងពិភពលោក រួមមានសន្តិសុខលើប្រព័ន្ធអ៊ីនធឺណិត ធនាគារឌីជីថល បរិយាបន្នហិរញ្ញវត្ថុ បច្ចុប្បន្នភាពសេដ្ឋកិច្ច។ល។
អង្គសន្និបាតបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម គិត សុវណ្ណារិទ្ធ អគ្គនាយកត្រួតពិនិត្យ នៃធនាគារជាតិនៃកម្ពុជា និងលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា។ អ្នកតំណាងពីគ្រឹះស្ថានហិរញ្ញវត្ថុ ក្រសួងនិងស្ថាប័នរដ្ឋាភិបាល ព្រមទាំងស្ថាប័នអន្តរជាតិរួមមាន សមាគមធនាគារអាស៊ាន (ASEAN Bank Association) និងធនាគារពិភពលោក (World Bank) ក៏មានវត្តមានក្នុងកម្មវិធីសន្និសីទផងដែរ។
លោកស្រី ធាម រមណី អគ្គនាយិការងប្រតិបត្តិ នាយិកាទំនាក់ទំនងគូភាគី និងប្រធានគ្រប់គ្រងតំបន់នៃធនាគារ ABA បានចូលរួមជាវាគ្មិនទៅលើប្រធានបទ “ផែនការផ្លាស់ប្តូរសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ និងសាជីវកម្ម៖ បទពិសោធន៍នៃការអនុវត្តក្នុងបរិបទកម្ពុជា” ដែលបានឆ្លុះបញ្ចាំងអំពីវិធីរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងសាជីវកម្មពីរបៀបរៀបចំផែនការ និងអនុវត្តហិរញ្ញវត្ថុប្រកបដោយចីរភាព ក្នុងប្រទេស។
លោក Torsten Kleine Buening អគ្គនាយករងប្រតិបត្តិ និងនាយកហានិភ័យនៃធនាគារ ABA ក៏បានចូលរួមជាវាគ្មិនលើប្រធានបទ “ការពារការក្លែងបន្លំ៖ ទប់ទល់នឹងការក្លែងបន្លំក្នុងសម័យឌីជីថល” ដែលលោកបានចែករំលែកនូវវិធីសាស្ត្ររបស់ធនាគារ ក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំ និងការកាត់បន្ថយហានិភ័យទាំងនេះ។
ABA ក៏បានរៀបចំបញ្ជរនៅទីតាំងផ្ទាល់ ដាក់បង្ហាញមុខងារថ្មីគឺ មុខងារវិភាគ (Analytic Feature) ដែលជាឧបករណ៍គ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន បង្កើតឡើងដើម្បីជួយដល់អ្នកប្រើប្រាស់កម្មវិធី ABA Mobile ក្នុងការតាមដាន វិភាគ និងកែប្រែទម្លាប់ហិរញ្ញវត្ថុរបស់ពួកគេ នៅក្នុងអេបផ្ទាល់។
បន្ថែមពីលើការឧបត្ថម្ភ និងការចូលរួមដ៏សកម្ម ABA នៅតែបន្តប្តេជ្ញាចិត្តក្នុងការរួមចំណែកទៅលើទិដ្ឋភាពហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា និងដើរតួក្នុងការកំណត់វិស័យធនាគារនៃប្រទេស ក្នុងពេលអនាគត។
1 ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2024។







