​ធនាគារ​ ABA​ ចាប់​ដៃគូ​ជាមួយ​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ដើម្បី​ពង្រឹង​កម្មវិធី​ហិរញ្ញប្បទាន​ខ្សែ​សង្វា​ក់​ពាណិជ្ជកម្ម​ នៅ​កម្ពុជា​ និង​សកលលោក​

26/Sep/2025

aba-adb-mou-kh 1aba-adb-mou-kh 1
aba-adb-mou-khaba-adb-mou-kh
aba-adb-mou-kh 2aba-adb-mou-kh 2

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ បាន​ចូលរួម​ជា​ផ្លូវការ​ ជាមួយ​កម្មវិធី​ហិរញ្ញប្បទាន​ខ្សែ​សង្វា​ក់​ពាណិជ្ជកម្ម​ (TSCFP)​ របស់​ ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ក្នុង​នាម​ជា​ធនាគារ​បញ្ជាក់​ (Confirming​ Bank)​។​ ភាព​ជា​ដៃគូ​នេះ​ ត្រូវ​បាន​រៀបចំ​ជា​ផ្លូវការ​ នៅ​ស្ថាន​បេសកកម្ម​ ADB​ ប្រចាំ​នៅ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​ 11​ ខែកញ្ញា​ ឆ្នាំ​2025​ កន្លង​ទៅ​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ​ Jyotsana​ Varma​ នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ប្រចាំ​ប្រទេស​កម្ពុជា​ និង​លោក​ Zhiger​ Atchabarov​ អគ្គនាយករង​ប្រតិបត្តិ​,​ នាយក​ប្រតិបត្តិការ​,​ និង​ជា​នាយករង​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ រួម​ជាមួយនឹង​ក្រុមការងារ​ពាក់ព័ន្ធ​មក​ពី​ស្ថាប័ន​ទាំង​ពីរ​។​

​តាម​រយៈ​កិច្ចព្រមព្រៀង​នេះ​ ធនាគារ​ ABA​ នឹង​ដើរតួ​នាទី​កាន់តែ​សំខាន់​ក្នុង​ការ​សម្របសម្រួល​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​ ក្នុង​នាម​ជា​ធនាគារ​បញ្ជាក់​ (Confirming​ Bank)​ ក្រោម​ TSCFP​។​ ការណ៍​នេះ​ អាច​ឲ្យ​ ABA​ ផ្តល់​នូវ​សុវត្ថិភាព​ និង​ការ​ធានា​បន្ថែម​ ដល់​ក្រុមហ៊ុននាំចេញ​ និង​អ្នក​នាំ​ចូល​របស់​កម្ពុជា​ ដោយ​ផ្ដល់​លទ្ធភាព​ដល់​ពួក​គាត់​ចូល​ទៅ​កាន់​ទីផ្សារ​ថ្មីៗ​ និង​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​ប្រកបដោយ​ទំនុកចិត្ត​។​

​លោក​ Zhiger​ Atchabarov​ អគ្គនាយករង​ប្រតិបត្តិ​,​ នាយក​ប្រតិបត្តិការ​,​ និង​ជា​នាយករង​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ "​យើងខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​ ADB​ ក្រោម​កម្មវិធី​ហិរញ្ញប្បទាន​ខ្សែ​សង្វា​ក់​ពាណិជ្ជកម្ម​។​ ជំហាន​ដ៏​សំខាន់​នេះ​ ពង្រឹង​ជំហរ​របស់​ធនាគារ​ ABA​ ក្នុង​ការ​គាំទ្រ​ដល់​សមាហរណកម្ម​របស់​កម្ពុជា​ទៅ​ក្នុង​ខ្សែ​សង្វា​ក់​ពាណិជ្ជកម្ម​ពិភពលោក​ ខណៈ​ធានា​ឲ្យ​បាន​ថា​ អតិថិជន​របស់​យើងខ្ញុំ​ ជា​ពិសេស​សហគ្រាស​ធុន​តូច​ និង​មធ្យម​ មាន​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ កាន់តែ​មាន​សុវត្ថិភាព​ និង​ជាទី​ទុកចិត្ត​។​

​កម្មវិធី​ហិរញ្ញប្បទាន​ខ្សែ​សង្វា​ក់​ពាណិជ្ជកម្ម​ (TSCFP)​ របស់​ ADB​ បង្រួម​គម្លាត​ទីផ្សារ​ ដោយ​ផ្តល់​នូវ​ការ​ធានា​ និង​កម្ចី​ ដើម្បី​គាំទ្រ​ដល់​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​កំពុង​អភិវឌ្ឍន៍​។​ តាម​រយៈ​ការ​កាត់​បន្ថយ​ហានិភ័យ​សម្រាប់​ធនាគារ​ចូលរួម​ កម្មវិធី​នេះ​អាច​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​ពង្រីក​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​បាន​កាន់តែ​ទូលំទូលាយ​ ជា​ពិសេស​ សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SMEs)​ ដែល​ជា​ធម្មតា​ មិនសូវ​ទទួល​បានការ​គាំទ្រ​។​

​លោក​ជំទាវ​ Jyotsana​ Varma​ នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB)​ ប្រចាំ​ប្រទេស​កម្ពុជា​ មាន​ប្រសាសន៍​ថា​ “​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កំណើនសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍន៍​វិស័យ​ឯកជន​នៅ​កម្ពុជា​។​ យើងខ្ញុំ​សូម​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ធនាគារ​ ABA​ ដែល​បាន​ចូលរួម​ក្នុង​នាម​ជា​ធនាគារ​បញ្ជាក់​ (Confirming​ Bank)​ ក្រោម​កម្មវិធី​ TSCFP​ ហើយ​យើង​រង់ចាំ​សម្រេច​កិច្ចការ​រួម​គ្នា​ដើម្បី​ពង្រីក​ជម្រើស​ហិរញ្ញប្បទាន​ឲ្យ​កាន់តែ​សម្បូរ​បែប​សម្រាប់​អាជីវកម្ម​នានា​នៅ​ទូ​ទាំង​ប្រទេស​។​

​តាម​រយៈ​ភាព​ជា​ដៃគូ​នេះ​ ធនាគារ​ ABA​ ពង្រឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ ដោយ​ផ្តល់​លទ្ធភាព​ដល់​អាជីវកម្ម​តូច​ធំ​គ្រប់​ប្រភេទ​ ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ និង​ពិភពលោក​។​