ABA​ បន្ត​រក្សា​បាន​កម្រិត​ឥណទាន​ ប្រភេទ​ B+​ ពី​ S&P​

18/Dec/2024

aba credit 2024 dt kh

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1 នៅ​តែ​បន្ត​បង្ហាញ​ពី​ភាពរឹងមាំ​ និង​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ជាមួយ​ចំណាត់ថ្នាក់​ឥណទាន​ ប្រភេទ​ B+​ ពី​ទីភ្នាក់ងារ​វាយតម្លៃ​ឥណទាន​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ Standard​ and​ Poor's​ (S&P​ Global)​។​ ចំណាត់ថ្នាក់​ឥណទាន​នេះ​ ត្រូវ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៣​ ខែធ្នូ​ ឆ្នាំ​ ២០២៥​។​

​ការ​បញ្ជាក់​ជា​ថ្មី​នៃ​ចំណាត់ថ្នាក់​ឥណទាន​ ប្រភេទ​ B+​ នេះ​ ជា​លទ្ធិ​ផល​វាយតម្លៃ​ក្នុងអំឡុងពេល​ស្ថានភាព​ទីផ្សារ​កំពុង​មាន​បញ្ហា​ប្រឈម​។​ ទោះជា​យ៉ាងណា​ក្តី​ ក្រុម​អ្នកជំនាញ​ S&P​ បាន​បង្ហាញ​ពី​ទំនុកចិត្ត​លើ​សមត្ថភាព​របស់​ធនាគារ​ ABA​ ក្នុង​ការ​បន្ត​រក្សា​អានុភាព​ខ្លាំងក្លា​ ការ​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ​ល្អ​ និង​វត្តមាន​ភាព​សេវា​ឌី​ធី​ថ​ល​របស់​ខ្លួន​ទូ​ទាំង​ប្រទេស​ ក្នុង​នាម​ជា​ធនាគារ​ធំ​ជាងគេ​នៅ​កម្ពុជា​។​ លទ្ធផល​នេះ​នឹង​បន្ត​ពង្រឹង​ប្រូ​ហ្វា​ល​មូលនិធិ​ប្ប​ទាន​របស់​ធនាគារ​ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ជា​លំដាប់​។​

​ក្នុង​ស​និទាន​ភាព​នៃ​ការ​វាយតម្លៃ​នេះ​ ក្រុម​អ្នកជំនាញ​ S&P​ បាន​លើក​ឡើង​ថា​ ប្រាក់​បញ្ញើ​របស់​ធនាគារ​ ABA​ បាន​កើនឡើង​ 25%​ ក្នុង​ឆ្នាំ​ 2023​ បើ​ធៀប​នឹង​ ប្រាក់​បញ្ញើ​សរុប​ក្នុង​វិស័យ​នេះ​ដែល​កើន​ 14%​។​ លទ្ធផល​ពី​ការ​ស្រាវជ្រាវ​នេះ​បាន​កោតសរសើរ​ចំពោះ​ការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំងក្លា​របស់​ធនាគារ​ លើ​បច្ចេកវិទ្យា​ និង​ការ​អភិវឌ្ឍ​ដ៏​រឹង​មាំ​នៃ​ផលិតផល​ហិរញ្ញវត្ថុ​ឌី​ជី​ថ​ល​របស់​ខ្លួន​។​

S&P​ បាន​អធិប្បាយ​ថា​ "​អ្នក​ប្រើប្រាស់​សេវា​ធនាគារ​ឌី​ជី​ថ​ល​របស់​ ABA​ បាន​កើនឡើង​ជាង​ 2​ ដង​ក្នុង​ឆ្នាំ​ 2021​ ដល់​ 2023​ ។​ កំណើន​នេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​វិនិយោគ​របស់​ធនាគារ​ក្នុង​វិស័យ​បច្ចេកវិទ្យា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្លាយជា​ធនាគារ​លេចធ្លោ​ជាងគេ​នៅ​កម្ពុជា​។​ ធនាគារ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​អភិវឌ្ឍ​ដោយ​ខ្លួនឯង​ផ្ទាល់​ និង​ដំណោះស្រាយ​នានា​ជាមួយនឹង​ក្រុមហ៊ុន​ព័ត៌មានវិទ្យា​នាំមុខ​។​”

​ការ​វាយតម្លៃ​ “​អនាគត​ស្ថិរភាព​”​ សម្រាប់​ធនាគារ​ ABA​ ស្ដែង​ឲ្យ​ឃើញ​តាម​រយៈ​ទស្សនៈ​របស់​ ក្រុម​អ្នកជំនាញ​ដែល​ថា​ ធនាគារ​នឹង​រក្សា​តុល្យភាព​កំណើន​ប្រាក់​កម្ចី​ប្រកបដោយ​ចីរភាព​ ជាមួយនឹង​ការ​ប្រមូលប្រាក់​បញ្ញើ​បាន​គ្រប់គ្រាន់​ និង​ស្តង់ដារ​វាយតម្លៃ​កម្ចី​យ៉ាង​គត់មត់​រឹង​មាំ​ ក្នុង​រយៈពេល​ពី​ 12​ ទៅ​ 18​ ខែ​ជា​បន្ត​ទៀត​។​ ក្រុម​អ្នក​ស្រាវជ្រាវ​ជឿជាក់​ថា​ ធនាគារ​ ABA​ នៅ​បន្ត​ជា​ធនាគារ​បុត្រ​សម្ពន្ធ​យុទ្ធសាស្ត្រ​របស់​ធនាគារជាតិ​នៃ​កា​ណា​ដា​ក្នុង​រយៈពេល​យូរអង្វែង​ទៅ​មុខ​ទៀត​។​

​ចំណាត់ថ្នាក់​ឥណទាន​ កម្រិត​ B+​ និង​លទ្ធិ​ផល​ “​អនាគត​ស្ថិរភាព​”​ ពី​ S&P​ Global​ Ratings​ ធ្វើ​ឲ្យ​អតិថិជន​ វិនិយោគិន​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ កាន់តែ​ជឿ​ទុកចិត្ត​បន្ថែម​ទៀត​លើ​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​ មូលដ្ឋាន​គ្រឹះ​នឹងធឹង​ល្អ​ និង​ទិដ្ឋភាព​វិជ្ជមាន​នានា​របស់​ធនាគារ​ ABA​ ។​

​ការ​ទទួលស្គាល់​នេះ​ គឺជា​សក្ខីភាព​បញ្ជាក់​ពី​អានុភាព​ហិរញ្ញវត្ថុ​ខ្លាំងក្លា​ ការ​គ្រប់គ្រង​ហានិភ័យ​យ៉ាង​គត់មត់​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ ABA​ ក្នុង​ការ​ផ្តល់​សេវា​ធនាគារ​ប្រកបដោយ​ន​វា​នុ​វត្ត​ដល់​អតិថិជន​។​

​អំពី​ធនាគារ​ ABA
ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​សរុប​ ប្រាក់​បញ្ញើ​ និង​ប្រាក់​កម្ចី​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ​ 2021-2023​។​ គិត​ត្រឹម​ថ្ងៃ​ទី​ 30​ ខែកញ្ញា​ ឆ្នាំ​2024​ ទ្រព្យសកម្ម​របស់​ធនាគារ​ កើនឡើង​ដល់​ 13​ ប៊ី​លាន​ដុល្លារ​ ប្រាក់​បញ្ញើ​សរុប​ចំនួន​ 10.4​ ប៊ី​លាន​ដុល្លារ​ និង​ឥណទាន​ចំនួន​ 8.5​ ប៊ី​លាន​ដុល្លារ​។​ ​ជាមួយ​បណ្ដាញ​ 99​ សាខា​,​ ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ចំនួន​ 46​កន្លែង​,​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1,700​ នៅ​ទូ​ទាំង​ប្រទេស​,​ សេវា​ធនាគារ​អន​ឡាញ​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដ៏​ទំនើប​ ធនាគារ​ ABA​ បន្ត​ពង្រីក​ការ​បម្រើ​អតិថិជន​ជាង​ 4​ លាន​នាក់​ ដែល​កំពុង​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​នេះ​។​

​អំពី​ S&P​ Global​ Ratings
គឺជា​ទីភ្នាក់ងារ​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​ឈានមុខ​កម្រិត​ពិភពលោក​ ដែល​បាន​ផ្តល់​ចំណាត់ថ្នាក់​ឥណទាន​ដ៏​លេចធ្លោ​ប្រមាណ​ជាង​ 1​ លាន​ ដល់​ស្ថាប័ន​រដ្ឋាភិបាល​,​ សាជីវកម្ម​,​ វិស័យ​ហិរញ្ញវត្ថុ​,​ ក្រុមហ៊ុន​ ហិរញ្ញវត្ថុ​ និង​មូល​ប​ត្រ​អន្តរជាតិ​។​ ការ​វិភាគ​ហានិភ័យ​ឥណទាន​ ការ​ស្រាវជ្រាវ​ និង​ទិន្នន័យ​នានា​របស់​ S&P​ Global​ Ratings​ ជួយ​ឲ្យ​មានការ​រីក​ចម្រើន​នៃ​តម្លាភាព​ និង​សន្ទនីយ​ភាព​ទីផ្សារ​កាន់តែ​ច្រើន​ឡើង​ នៅ​លើ​ពិភពលោក​។​ S&P​ Global​ Ratings​ មាន​អ្នកជំនាញ​ប្រមាណ​ជាង​ 1,500​ នាក់​ក្នុង​ 128​ ប្រទេស​ ទូ​ទាំង​ពិភពលោក​។​ ទីភ្នាក់ងារ​នេះ​ មាន​ទីស្នាក់ការ​កណ្តាល​ស្ថិត​នៅ​ ទីក្រុង​ញូយ៉ក​ សហរដ្ឋអាមេរិក​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​ www.spratings.com​ ។​

1ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។