ធនាគារ ABA ដាក់ដំណើរការការទូទាត់តាមរយៈកូដ QR ជាមួយ ABA Mobile នៅក្នុងប្រទេសវៀតណាម
09/Dec/2024

ធនាគារ ABA បានប្រកាសដាក់ដំណើរការការទូទាត់ឆ្លងប្រទេស តាមកូដ QR តាមរយៈកម្មវិធី ABA Mobile ដើម្បីបង្កើនដំណើរប្រតិបត្តិការដោយរលូនក្នុងប្រទេសវៀតណាម។ អ្នកប្រើប្រាស់ ABA Mobile គ្រប់រូប អាចស្កេន និងទូទាត់ប្រាក់យ៉ាងងាយស្រួល ជាមួយនឹងកូដ VietQR នៅបណ្តុំអាជីវកម្មជាច្រើន នៅក្នុងប្រទេសវៀតណាម។
អ្នកប្រើប្រាស់ ABA Mobile ត្រូវមានគណនីប្រាក់រៀលពេញលេញ ដើម្បីធ្វើប្រតិបត្តិការ តាមរយៈការទូទាត់ឆ្លងប្រទេសតាមកូដ QR ក្នុងប្រទេសវៀតណាម។ គណនីរហ័សទាំងឡាយ អាចធ្វើការ Upgrade ទៅជាគណនីពេញលេញ នៅសាខាណាមួយរបស់ធនាគារ ABA។
ដូចទៅនឹងដំណើរការស្កេនកូដ KHQR ក្នុងប្រទេសកម្ពុជាដែរ ដើម្បីធ្វើប្រតិបត្តិការតាមកូដ QR អ្នកប្រើប្រាស់ ABA Mobile ត្រូវបើកមុខងារ ABA Scan នៅលើអេប រួចស្កេនកូដ VietQR ដែលបង្ហាញដោយម្ចាស់អាជីវកម្ម ហើយបញ្ចូលចំនួនទឹកប្រាក់ និងបញ្ជាក់ប្រតិបត្តិការជាមួយលេខ PIN សម្ងាត់របស់ខ្លួន។ ចំនួនប្រតិបត្តិការប្រចាំថ្ងៃគឺ គ្មានដែនកំណត់នោះទេ ប៉ុន្តែចំនួនទឹកប្រាក់ប្រតិបត្តិការគឺ កំណត់ត្រឹម 10 លានរៀលក្នុងមួយថ្ងៃ។
អ្នកប្រើប្រាស់ ABA Mobile ទទួលបានសេវាបច្ចេកវិទ្យាដ៏ទំនើប ដោយធ្វើប្រតិបត្តិការឌីជីថលយ៉ាងងាយស្រួល លុបបំបាត់រាល់ការចាយវាយសាច់ប្រាក់ផ្ទាល់ និងធានានូវការទូទាត់ប្រាក់រហ័ស និងសុវត្ថិភាពទូទាំងប្រទេសវៀតណាម ជាមួយអាជីវកម្មយ៉ាងច្រើនសម្បូរបែប របស់ធនាគារ TP និង ធនាគារ BIDV។
លោក Sanzhar Abullayev នាយកកាត និងសេវាទូទាត់អេឡិកត្រូនិក នៃធនាគារ ABA មានប្រសាសន៍ថា “ដោយហេតុតែតម្រូវការដំណោះស្រាយហិរញ្ញវត្ថុឆ្លងប្រទេស មានការកើនឡើង យើងខ្ញុំមានសេចក្តីរីករាយក្នុងការពង្រីកការសហការជាមួយ VietQR។ អ្នកប្រើប្រាស់ ABA Mobile អាចធ្វើប្រតិបត្តិការដោយគ្រាន់តែចុចពីរបីប៉ក់ក្នុងទូរស័ព្ទដៃរបស់ពួកគាត់ ធ្វើឲ្យការទូទាត់អន្តរជាតិមានភាពងាយស្រួលជាងមុន។”
សមស្របទៅនឹង ចក្ខុវិស័យរបស់ប្រទេសកម្ពុជា ក្នុងការក្លាយជាប្រទេសមានបរិយាបន្នកម្មឌីជីថល ការអភិវឌ្ឍន៍សេវាកម្មនេះ បន្តជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារក្នុងការបង្កើតដំណោះស្រាយទូទាត់ប្រកបដោយភាពច្នៃប្រឌិត បង្កើនការពេញចិត្តរបស់អតិថិជន និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការទូទាត់ QR នៅក្នុងប្រទេសវៀតណាមជាមួយ ABA Mobile សូមទូរស័ព្ទទៅលេខ 1 800 203 203 (ឥតគិតថ្លៃក្នុងប្រទេសកម្ពុជា) អ៊ីមែលមកកាន់ [email protected] ឬផ្ញើសារឯកជននៅលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់យើង។

