ABA បន្តឧបត្ថម្ភថវិកា 30 ម៉ឺន ដុល្លារ ដល់សមាគម TYDA សម្រាប់ការងារមនុស្សធម៌ ក្នុងរយៈពេលបីឆ្នាំ
01/Jun/2023
ABA ដែលជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (សមាគម TYDA) ដើម្បីបន្តផ្តល់ការគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សមាគម TYDA សម្រាប់រយៈពេលបីឆ្នាំទៀត។
តាមរយៈអនុស្សរណៈនេះ ABA បានផ្តល់ថវិការសប្បុរសធម៌ចំនួន 10 ម៉ឺន ដុល្លារអាមេរិក ដល់សមាគម TYDA ជារៀងរាល់ឆ្នាំ (ចាប់ពីឆ្នាំ 2023 ដល់ 2025) សម្រាប់ការងារមនុស្សធម៌ដ៏មានសារៈសំខាន់ៗ ដូចជាការផ្តល់សេវាព្យាបាល និងថែទាំសុខភាព ដោយឥតគិតថ្លៃ ដល់សហគមន៍ជនបទទូទាំងប្រទេសកម្ពុជា។
ពិធីចុះអនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគម TYDA និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA ព្រមទាំងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត នៅការិយាល័យកណ្តាលរបស់ធនាគារ ABA កាលពីថ្ងៃទី 31 ខែឧសភា ឆ្នាំ 2023។
លោក Askhat Azhikhanov នាយកប្រតិបត្តិ ធនាគារ ABA បានមានប្រសាសន៍ថា "យើងខ្ញុំមានកិត្តិយសក្រៃលែង ដែលបានគាំទ្រដល់គម្រោងរបស់សមាគម TYDA ជាលើកដំបូង ក្នុងឆ្នាំ 2022 ដោយបានបរិច្ចាគថវិកាចំនួន 10 ម៉ឺន ដុល្លារអាមេរិក សម្រាប់កម្មវិធីសហគមន៍កន្លងមក។ យើងខ្ញុំ ពិតជាកោតសរសើរ ចំពោះសមាគម TYDA ដែលផ្តល់ការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខ្មែរ ទាំងនៅជនបទ និងទីក្រុង”។
លោកបានបន្ថែមថា “ដើម្បីបង្ហាញពីការគាំទ្រដ៏មោះមុត និងការប្តេជ្ញាចិត្តយូរអង្វែងរបស់ ABA ថ្ងៃនេះយើងខ្ញុំបានបន្តការគាំទ្រសម្រាប់រយៈពេល 3 ឆ្នាំបន្ថែមទៀត។ យើងខ្ញុំមានមោទនភាពណាស់ ដែលបានចាប់ដៃគូជាមួយសមាគម TYDA ហើយយើងនឹងធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរឲ្យកាន់តែប្រសើរឡើង”។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិសមាគម TYDA មានប្រសាសន៍ថា “យើងខ្ញុំសូមអរគុណដល់ធនាគារ ABA ដែលបានបន្តគាំទ្រសមាគម TYDA និងការងារមនុស្សធម៌របស់យើង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។” លោកវេជ្ជបណ្ឌិតបានបន្ថែមថា ការបរិច្ចាគប្រចាំឆ្នាំចំនួន 10 ម៉ឺន ដុល្លារអាមេរិក សម្រាប់រយៈពេល 3 ឆ្នាំបន្តទៅមុខនេះ នឹងអនុញ្ញាតឲ្យសមាគម TYDA ពង្រីកកិច្ចការព្យាបាល និងថែទាំសុខភាពដោយឥតគិតថ្លៃ ជូនដល់សហគមន៍ជនបទបន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា។
លោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណ្ណា បានសង្កត់ធ្ងន់ថា “យើងខ្ញុំរីករាយណាស់ ក្នុងការបន្តភាពជាដៃគូរបស់យើងជាមួយធនាគារ ABA ហើយយើងនឹងធ្វើការរួមគ្នា ដើម្បីជាប្រយោជន៍សម្រាប់សហគមន៍យើង”។
ក្នុងនាមធនាគារដែលសកម្មក្នុងកិច្ចការទំនួលខុសត្រូវសង្គម ABA តែងតែគាំទ្រគំនិតផ្តួចផ្តើម និងគម្រោងនានា ដែលផ្តោតលើការថែទាំសុខភាព ការកាត់បន្ថយភាពក្រីក្រ អក្ខរកម្ម លទ្ធភាពមានការងារធ្វើ និងការលើកកម្ពស់យុវជន និងសហគមន៍ដែលជួបការលំបាក។
បន្ថែមពីលើការគាំទ្រជាបន្តបន្ទាប់របស់ធនាគារចំពោះសមាគម TYDA កាលពីពេលថ្មីៗនេះ ABA បានបរិច្ចាគថវិកា 20 ម៉ឺន ដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា សម្រាប់សកម្មភាពមនុស្សធម៌ និងបានប្តេជ្ញាចិត្ត ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុដល់ការអភិវឌ្ឍកម្មវិធីអប់រំសម្រាប់ទាំងអស់គ្នា របស់អង្គការមូលនិធិកុមារកម្ពុជា៕
អំពីធនាគារ ABA
ABA គឺជាធនាគារពាណិជ្ជធំជាងគេបំផុតនៅកម្ពុជា គិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជន និងប្រាក់ចំណេញ នេះដោយផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2022 របស់ធនាគារជាតិនៃកម្ពុជា។
ដោយមានសាខាចំនួន 85 កន្លែង ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 36 កន្លែង ម៉ាស៊ីនស្វ័យសេវាច្រើនជាង 1,300 គ្រឿង ជាមួយនឹងសេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដៃដ៏ទំនើប បានធ្វើឲ្យ ABA មានអតិថិជនជាង 2.5 លាននាក់ ដែលកំពុងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុដ៏ទំនើបនេះយ៉ាងសកម្ម។
ភាគហ៊ុនិករបស់ធនាគារ ABA ភាគច្រើនគឺ ធនាគារជាតិកាណាដា ដែលជាធនាគារធំជាងគេទីប្រាំមួយនៅក្នុងប្រទេសកាណាដា និងជាធនាគារឈានមុខគេនៅកេបិច ដែលជាជម្រើសដៃគូក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម។