ធនាគារ​ ABA​ បន្ដ​គាំទ្រ​គម្រោង​អប់រំ​របស់​ អ​.​ម​.​ត​ ដោយ​ឧបត្ថម្ភ​ថវិកា​ 300,000​ ដុល្លារ​ សម្រាប់​រយៈពេល​បី​ឆ្នាំ​

07/Jun/2023

ABA MoU with AMT thum-khABA MoU with AMT thum-kh
ABA MoU with AMT kh-2ABA MoU with AMT kh-2
ABA MoU with AMT kh-3ABA MoU with AMT kh-3
ABA MoU with AMT kh-4ABA MoU with AMT kh-4
ABA MoU with AMT kh-5ABA MoU with AMT kh-5
ABA MoU with AMT kh-6ABA MoU with AMT kh-6

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ ជាមួយ​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​ សែន​ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ (​អ​.​ម​.​ត​)​ ដើម្បី​បន្ដ​ផ្ដល់​ការ​គាំទ្រ​ដល់​សមាគម​ ក្នុង​ការ​ផ្ដល់​អាហារូបករណ៍​ដល់​សិស្ស​-​និស្សិត​ ដែល​មាន​តម្រូវការ​សិក្សា​រៀនសូត្រ​ និង​អភិវឌ្ឍ​ធនធានមនុស្ស​សម្រាប់​រយៈពេល​ 3​ ឆ្នាំ​បន្ថែម​។

​តាម​រយៈ​អនុស្សរណៈ​នេះ​ ធនាគារ​ ABA​ នឹង​ផ្ដល់​ថវិកា​សប្បុរសធម៌​ចំនួន​ 100,000​ ដុល្លារ​អា​មេ​រិ​ក​ ដល់​សមាគម​ អ​.​ម​.​ត​ ជា​រៀង​រាល់​ឆ្នាំ​ ចាប់ពី​ឆ្នាំ​ 2023​ ដល់​ ឆ្នាំ​2025​ សម្រាប់​កិច្ចការ​គាំទ្រ​ និង​ផ្ដល់​ជំនួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ដែល​ពោរពេញ​ដោយ​សមត្ថភាព​ តាម​រយៈ​អាហារូបករណ៍​ កម្មវិធី​អប់រំ​ និង​គម្រោង​ផ្ដល់​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ​។

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម​ សុខ​ ពុ​ទ្ធី​វុ​ធ​ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​ អ​.​ម​.​ត​ លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​ធនាគារ​ ABA​ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន​រូប​ទៀត​នៅ​ការិយាល័យ​កណ្ដាល​ធនាគារ​ ABA​ កាលពី​ថ្ងៃ​ទី​ 31​ ខែឧសភា​ ឆ្នាំ​ 2023​។​ ​

លោក​ Askhat​ Azhikhanov​ មាន​ប្រសាសន៍​ថា​ “​ដើម្បី​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​រឹង​មាំ​ និង​យូរអង្វែង​របស់​ធនាគារ​ យើងខ្ញុំ​បាន​បន្ត​ឧបត្ថម្ភ​គាំទ្រ​ដល់​សមាគម​សប្បុរសធម៌​មួយ​នេះ​ សម្រាប់​រយៈពេល​បី​ឆ្នាំ​បន្ថែម​ទៀត​ នា​ថ្ងៃនេះ​។​ យើងខ្ញុំ​ជឿជាក់​ថា​ ការ​រួមចំណែក​ដ៏​ស្ដួចស្ដើង​របស់​យើងខ្ញុំ​ នឹង​ជួយ​ឲ្យ​ អ​.​ម​.​ត​ បន្តការងារ​ដ៏​មាន​តម្លៃ​របស់​ខ្លួន​ក្នុង​ការ​កសាង​ធនធានមនុស្ស​ប្រកបដោយ​គុណភាព​សម្រាប់​អនាគត​របស់​ប្រទេស​ ហើយ​យើងខ្ញុំ​រង់ចាំ​ សហការ​ឆ្ពោះទៅ​សម្រេច​កិច្ចការ​រួម​គ្នា​ ដើម្បី​ធ្វើ​យ៉ាងណា​កែប្រែ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​”

​លោក​បន្ដ​ថា​ “​ធនាគារ​ ABA​ ប្តេជ្ញា​ចូលរួម​ចំណែក​អភិវឌ្ឍ​ក្នុង​វិស័យ​អប់រំ​។​ យើងខ្ញុំ​ជឿជាក់​ថា​ ការ​អប់រំ​គឺជា​កូនសោ​ សម្រាប់​ អនាគត​ដ៏​ត្រចះត្រចង់​របស់​មនុស្ស​គ្រប់​គ្នា​ ហើយ​យើងខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​គាំទ្រ​អង្គការ​ដូច​ជា​ អ​.​ម​.​ត​ ដែល​កំពុង​អនុវត្ត​បេសកកម្ម​របស់​ខ្លួន​ ដើម្បី​ប្រាកដ​ថា​ ការ​អប់រំ​គឺ​សម្រាប់​ទាំងអស់​គ្នា​។​” ​

ឯកឧត្តម​ សុខ​ ពុ​ទ្ធី​វុ​ធ​ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ អ​.​ម​.​ត​ មាន​ប្រសាសន៍​ផង​ដែរ​ថា​ “​យើងខ្ញុំ​ មាន​សេចក្ដី​សោមនស្ស​ក្រៃ​លែង​ចំពោះ​ការ​បន្ត​គាំទ្រ​របស់​ធនាគារ​ ABA​។​ ការ​គាំទ្រ​នេះ​ ពិត​មាន​សារៈសំខាន់​ ដើម្បី​ធានា​ថា​ សិស្ស​-​និស្សិត​ និង​អ្នកជំនាញ​កម្ពុជា​ដែល​ពោរពេញ​ដោយ​សមត្ថភាព​ និង​ទេព​កោសល្យ​ ទទួល​បាន​ឱកាស​សិក្សា​រៀនសូត្រ​ ហើយ​យើងខ្ញុំ​រីករាយ​ដែល​ ABA​ បាន​ចូលរួម​ជួយ​ឲ្យ​ពួក​គាត់​ មានឱកាស​បង្ហាញ​នូវ​សក្តានុពល​ដ៏​ពេញលេញ​របស់​ពួក​គាត់​។​” ​

ថ្មីៗ​នេះ​ ABA​ បាន​ប្រកាស​អំពី​ការ​បន្ដ​គាំទ្រ​ ដល់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ (TYDA)​ រយៈពេល​បី​ឆ្នាំ​ជាប់​គ្នា​ សម្រាប់​ការងារ​មនុស្សធម៌​របស់​សមាគម​ ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ និង​ថែទាំ​សុខភាព​ដោយ​ឥត​គិតថ្លៃ​ដល់​សហគមន៍​ជនបទ​ទូ​ទាំង​ប្រទេស​។​ ​

កាលពីដើម​ខែឧសភា​ ឆ្នាំ​ 2023​ ធនាគារ​បាន​សហការ​ជាមួយ​មូលនិធិ​កុមារ​កម្ពុជា​ បង្កើត​កម្មវិធី​អភិវឌ្ឍន៍​សម្រាប់​ទាំងអស់​គ្នា​ ដើម្បី​ជួយ​ដល់​កុមារ​ខ្វះខាត​។​ ការ​គាំទ្រ​របស់​ធនាគារ​ ABA​ រួម​មាន​ ឱកាស​ហាត់​ការ​ និង​ការងារ​ អាហារូបករណ៍​ ការ​គាំទ្រ​ផ្នែក​ថវិកា​ សម្រាប់​កែ​លម្អ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សាលារៀន​ និង​គំនិត​ផ្តួចផ្តើម​សំខាន់ៗ​ផ្សេង​ទៀត​។​ ​

អំពី​ធនាគារ​ ABA
ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​បំផុត​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​ និង​ប្រាក់​ចំណេញ​ នេះ​ដោយ​ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2022​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។
​ដោយ​មាន​សាខា​ចំនួន​ 85​ កន្លែង​ ទីតាំង​ស្វ័​យ​សេវា​ ABA​ 24/7​ ចំនួន​ 36​ កន្លែង​ ម៉ាស៊ីន​ស្វ័​យ​សេវា​ជាង​ 1,300​ គ្រឿង​ ជាមួយនឹង​សេវា​ធនាគារ​អន​ឡាញ​ និង​កម្មវិធី​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​ដ៏​ទំនើប​ បាន​ធ្វើ​ឲ្យ​ ABA​ មាន​អតិថិជន​ជាង​ 2.9​ លាន​នាក់​ ដែល​កំពុង​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​ទំនើប​នេះ​យ៉ាង​សកម្ម​។​ ​
ភាគ​ហ៊ុ​និករ​បស់​ធនាគារ​ ABA​ ដ៏​ធំ​នោះ​គឺ​ ធនាគារជាតិ​កា​ណា​ដា​ ដែល​ជា​ធនាគារ​ធំ​ជាងគេ​ទី​ប្រាំមួយ​នៅ​ក្នុង​ប្រទេស​កា​ណា​ដា​ និង​ជា​ធនាគារ​ឈានមុខ​គេ​នៅ​កេ​ប៊ិ​ច​ ដែល​ជា​ជម្រើស​ដៃគូ​ក្នុង​ចំណោម​សហគ្រាស​ធុន​តូច​ និង​មធ្យម​។