ធនាគារ ABA និងក្រុមហ៊ុន Smart Axiata ដាក់ឲ្យប្រើប្រាស់ IPification ដែលជាដំណោះស្រាយការចុះឈ្មោះ និងផ្ទៀងផ្ទាត់ដ៏ល្អបំផុតមួយសម្រាប់អ្នកប្រើប្រាស់កម្មវិធី ABA Mobile
20/Oct/2021

ធនាគារ ABA និងក្រុមហ៊ុន Smart Axiata បន្តនាំមុខក្នុងវិស័យឌីជីថលូបនីយកម្មរបស់កម្ពុជា ដោយដាក់ឲ្យប្រើប្រាស់នូវដំណោះស្រាយដ៏មានសុវត្ថិភាព និងងាយស្រួលសម្រាប់អតិថិជនក្នុងការកំណត់អត្តសញ្ញាណ និងការការពារអ្នកប្រើប្រាស់៖ IPification ជាប្រព័ន្ធចុះឈ្មោះ ផ្ទៀងផ្ទាត់ និងការពារការក្លែងបន្លំដ៏រហ័សមួយ។ ធនាគារ ABA នឹងដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យា IPification ដ៏ល្អបំផុតមួយសម្រាប់អ្នកប្រើប្រាស់របស់ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខរបស់កម្ពុជា ហើយក្នុងពេលឆាប់ៗនេះ នឹងមានជាមួយប្រតិបត្តិករផ្សេងៗទៀតនៅកម្ពុជាផងដែរ។
IPification ជាដំណោះស្រាយកំណត់អត្តសញ្ញាណកម្មតាមទូរស័ព្ទដៃដ៏រហ័សមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្ទៀងផ្ទាត់លេខទូរស័ព្ទ ការចុះឈ្មោះ និងការបើកចូលប្រើប្រាស់បានយ៉ាងរហ័ស។ បង្កើតឡើងដោយមានការគិតគូរពីសុវត្ថិភាព បទពិសោធអ្នកប្រើប្រាស់ និងឯកជនភាពទិន្នន័យ ប្រព័ន្ធនេះនឹងអនុញ្ញាតឲ្យធនាគារ ABA អាចពង្រឹងនូវបទពិសោធអ្នកប្រើប្រាស់នៅលើកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួន ហើយនឹងត្រូវប្រើប្រាស់ជំនួសប្រព័ន្ធលេខសម្ងាត់ប្រើមួយដងៗតាមសារទូរស័ព្ទ (OTP) ដែលកំពុងតែប្រើប្រាស់នៅក្នុងការបើកដំណើរការកម្មវិធីនាពេលបច្ចុប្បន្ននេះ។
ដោយទទួលបានពានរង្វាន់ជាច្រើនសម្រាប់ឧត្តមភាពរបស់ខ្លួនជាងមួយទសវត្សរ៍ចុងក្រោយនេះពីទស្សនាវដ្តីហិរញ្ញវត្ថុ ដូចជា The Banker, Global Finance និង Euromoney ធនាគារ ABA បានក្លាយជាធនាគារពាណិជ្ជកំពូលមួយ និងជាធនាគារឈានមុខផ្នែកសេវាធនាគារឌីជីថលនៅកម្ពុជា ដោយផ្តល់នូវវិសាលគមន៍សេវាដល់បណ្តាអតិថិជនជាច្រើន ដូចជា រូបវន្តបុគ្គល អាជីវកម្មខ្នាតតូច និងសហគ្រាសធុនតូច និងមធ្យម។ ដើម្បីធ្វើឲ្យប្រសើរឡើងបន្ថែមនូវសេវាធនាគារតាមទូរស័ព្ទដ៏ទំនើបរបស់ខ្លួន ធនាគារ ABA ភ្ជាប់ប្រព័ន្ធ IPification សម្រាប់ការចុះឈ្មោះ និងការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ដ៏រលូន។
លោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA មានប្រសាសន៍ថា៖ “យើងមានសេចក្តីរីករាយក្នុងការពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយក្រុមហ៊ុន Smart Axiata និងក្លាយជាធនាគារដំបូងរបស់កម្ពុជា ដែលដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ IPification នៅលើកម្មវិធីសេវាធនាគារតាមទូរស័ព្ទរបស់យើង។ សុវត្ថិភាព និងភាពងាយស្រួលនៃសេវាធនាគារតាមទូរស័ព្ទ ជាអាទិភាពកំពូលរបស់យើង ហើយការដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធ IPification នឹងអនុញ្ញាតឲ្យយើងអាចផ្តល់ជូនអ្នកប្រើប្រាស់កម្មវិធី ABA Mobile នូវដំណើរការផ្ទៀងផ្ទាត់កាន់តែងាយស្រួលដោយរក្សាសុវត្ថិភាពកម្មវិធីក្នុងពេលជាមួយគ្នាផងដែរ។ ធនាគារ នឹងបន្តនាំការអភិវឌ្ឍចុងក្រោយបង្អស់មកកាន់ទីផ្សារក្នុងស្រុក ដោយពន្លឿនបន្ថែមនូវបរិវត្តកម្មឌីជីថលទូទាំងប្រទេស”។
Benefit Vantage Limited ជាក្រុមហ៊ុនបង្កើតប្រព័ន្ធ IPification និងផ្តល់សេវាសកលឈានមុខផ្នែកប្រព័ន្ធផ្ទៀងផ្ទាត់តាម IP ទូរស័ព្ទ។
លោក Stefan Kostic នាយកប្រតិបត្តិប្រព័ន្ធ IPification មានប្រសាសន៍ថា៖ “នេះជាឯកសិទ្ធិពិសេសមួយដែលបានសហការជាក្រុមហ៊ុនឈានមុខផ្នែកឌីជីថលកំពូលទាំងពីរនៅកម្ពុជា គឺធនាគារ ABA ជាធនាគារឈានមុខគេផ្នែកសេវាធនាគារឌីជីថល និងក្រុមហ៊ុន Smart Axiata ជាប្រតិបត្តិករទូរគមនាគមន៍ចល័តឈានមុខគេ។ ធនាគារ ABA ជាគំរូដ៏ល្អបំផុតនៃការផ្តល់អាទិភាពដល់អ្នកប្រើប្រាស់ដោយផ្តល់ជូនអ្នកប្រើប្រាស់នូវប្រព័ន្ធផ្ទៀងផ្ទាត់ដែលមិនប៉ះពាល់ដល់សុវត្ថិភាព បទពិសោធនអ្នកប្រើប្រាស់ ឬក៏ឯកជនភាពទិន្នន័យឡើយ”។
អតិថិជនរបស់ក្រុមហ៊ុន Smart Axiata ដែលជាអ្នកប្រើប្រាស់កម្មវិធី ABA Mobile នឹងទទួលបាននូវបទពិសោធប្រព័ន្ធផ្ទៀងផ្ទាត់តាមទូរស័ព្ទដ៏ល្អបំផុត IPification នេះមុនគេ សម្រាប់តម្រូវការសេវាធនាគារតាមទូរស័ព្ទរបស់ខ្លួន ចាប់ពីពាក់កណ្តាល់ខែតុលា ឆ្នាំ2021 នេះ។
លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ “ការដាក់ឲ្យប្រើប្រាស់នូវបច្ចេកវិទ្យា និងដំណោះស្រាយចុងក្រោយគេបង្អស់ដើម្បីផលប្រយោជន៍ទាំងអ្នកប្រើប្រាស់ និងអាជីវកម្ម គឺជាគោលដៅចម្បងរបស់ក្រុមហ៊ុន Smart Axiata ជានិច្ច។ ភាពជាដៃគូរបស់យើងជាមួយក្រុមហ៊ុន Benefit Vantage Limited គឺជាគំរូមួយផ្សេងទៀតនៃតួនាទីដ៏សំខាន់របស់ប្រតិបត្តិករទូរស័ព្ទចល័តក្នុងការអភិវឌ្ឍទិដ្ឋភាពសេដ្ឋកិច្ច និងបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយដែល ដៃគូយុទ្ធសាស្ត្ររបស់យើង គឺធនាគារ ABA ជាធនាគារដំបូងគេដែលផ្តល់នូវដំណោះស្រាយនេះ ហើយយើងរំពឹងថា អាជីវកម្មផ្សេងៗជាច្រើនទៀតនឹងចាត់វិធានការដើម្បីសុវត្ថិភាព និងភាពងាយស្រួលកាន់តែខ្លាំងសម្រាប់អ្នកប្រើប្រាស់របស់ខ្លួន”។
អំពីប្រព័ន្ធ IPification
IPification កំពុងកសាងគ្រឹះសម្រាប់ការផ្ទៀងផ្ទាត់តាមទូរស័ព្ទនាពេលបច្ចុប្បន្ន និងអនាគត។ ដោយផ្ទៀងផ្ទាត់នូវឧបករណ៍ ស៊ីម និងលេខទូរស័ព្ទ តាមរយៈអាសយដ្ឋាន IP បច្ចេកវិទ្យាប្រព័ន្ធ IPification អនុញ្ញាតឲ្យមានការអនុម័តលើប្រតិបត្តិការ ការចុះឈ្មោះ ការផ្ទៀងផ្ទាត់អ្នកប្រើប្រាស់ទូរស័ព្ទដ៏សុវត្ថិភាព មិនបាច់ប្រើនិងចុចពាក្យសម្ងាត់ និងប្រព័ន្ធការពារការក្លែងបន្លំសម្រាប់ការប្រើប្រាស់ទូរស័ព្ទចល័តណាមួយ។ ដោយមានប្រើប្រាស់ស្រាប់នៅក្នុងប្រទេស និងតំបន់ជាច្រើន ប្រព័ន្ធ IPification ទទួលបានទំនុកចិត្តពីក្រុមហ៊ុនទូរគមនាគមន៍ បច្ចេកវិទ្យា ទូទាត់ និងផ្ទេរប្រាក់ រួមមាន ក្រុមហ៊ុន Microsoft, GBG, DataZoo, 3HongKong, Axiata Digital។
ក្រុមហ៊ុន Benefit Vantage Limited ជាក្រុមហ៊ុនផ្តល់សេវាសន្តិសុខ និងការពារទិន្នន័យនៅអាស៊ី ដែលមានទីស្នាក់ការកណ្តាលនៅហុងកុង។ ក្រុមហ៊ុននេះមានឧបសម្ព័ន្ធនៅប្រទេសស្វីស IPIFICATION INTERNATIONAL AG និងក្រុមហ៊ុនតំណាងដែលធ្វើប្រតិបត្តិការនៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ស៊ែប៊ី រុស្ស៊ី បូស្នៀ ប្រេស៊ីល ឥណ្ឌា វៀតណាម និងប៉ាគីស្ថាន។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅវិបសាយ៖ www.ipification.com
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!