ធនាគារ ABA និង eMoney ចាប់ដៃគូ ដើម្បីអនុញ្ញាតឲ្យមានសេវាទូទាត់កម្ចីដ៏ងាយស្រួល
01/Feb/2021

ធនាគារ ABA ជាធនាគារពាណិជ្ជឈានមុខរបស់កម្ពុជា នាថ្ងៃនេះ ចាប់ដៃគូជាមួយ eMoney ជាគ្រឹះស្ថានផ្តល់សេវាទូទាត់ប្រាក់នាំមុខមួយ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Metfone ក្នុងការផ្តល់សេវាដាក់ប្រាក់ដ៏ងាយស្រួល និងមានសុវត្ថិភាពសម្រាប់ការបង់សងកម្ចីនៅកម្ពុជា។
តាមរយៈភាពជាដៃគូនេះ អតិថិជន ABA អាចដាក់ប្រាក់ចូលទៅក្នុងគណនីកម្ចី ABA របស់ខ្លួន តាមរយៈភ្នាក់ងារ eMoney ទូទាំងប្រទេសជាមួយថ្លៃសេវាចាប់ពី 0.30 ដុល្លារ ឬ 1,200 រៀល។ សេវាកម្មនេះជួយបានច្រើនសម្រាប់អតិថិជនកម្ចី ABA ដែលត្រូវការដាក់ប្រាក់បង់សងកម្ចីរបស់ខ្លួនឲ្យបានទាន់ពេលវេលា ប៉ុន្តែពួកគាត់រស់នៅ និងធ្វើការនៅឆ្ងាយពីសាខាធនាគារនោះ។
ដើម្បីអបអរការដាក់ឲ្យដំណើរការនូវភាពជាដៃគូនេះ ក្រុមហ៊ុន eMoney នឹងមិនគិតថ្លៃសេវាសម្រាប់អតិថិជនកម្ចី ABA ទាំងអស់នៅពេលពួកគេធ្វើការបង់សងកម្ចីរបស់ខ្លួនតាមរយៈភ្នាក់ងារ eMoney ទូទាំងប្រទេស ពីថ្ងៃទី 1 កម្ភៈ 2021 ដល់ថ្ងៃទី 30 មេសា 2021។
លោក Pham Doan Cuong នាយកប្រតិបត្តិរបស់ក្រុមហ៊ុន eMoney មានប្រសាសន៍ថា៖ “ភាពជាដៃគូនេះនឹងផ្តល់ភាពងាយស្រួលកាន់តែច្រើនដល់ទាំងអតិថិជន eMoney និងអតិថិជន ABA។ ភ្នាក់ងារ eMoney ក៏នឹងក្លាយជាបញ្ជរធនាគារ ដោយសារតែភ្នាក់ងារនឹងអនុញ្ញាតឲ្យអតិថិជន ABA អាចធ្វើការបង់សងកម្ចីរបស់ពួកគេបានតាមរយៈភ្នាក់ងារជាង 8,000 ទូទាំងប្រទេស។”
ដាក់ប្រាក់ចូលក្នុងគណនី ABA ពិតជាលឿនរហ័ស និងងាយស្រួល៖ អតិថិជនត្រូវផ្តល់ឲ្យភ្នាក់ងារ eMoney នូវលេខគណនី ABA ទាំង 9 ខ្ទង់ លេខទូរស័ព្ទផ្ទាល់ខ្លួន និងចំនួនទឹកប្រាក់ដែលត្រូវដាក់ជាប្រាក់ដុល្លារ ឬប្រាក់រៀល។ បន្ទាប់ពីដាក់ប្រាក់រួច អតិថិជន ABA នឹងទទួលបានការជូនដំណឹងតាមរយៈសារ SMS និងនៅក្នុងកម្មវិធី ABA Mobile។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ទំព័រ eMoney Cash-in។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មដែលធនាគារ ABA និងក្រុមហ៊ុន eMoney ផ្តល់ជូន សូមទាក់ទងផ្នែកទំនាក់ទំនងអតិថិជនធនាគារ ABA តាមទូរស័ព្ទលេខ 023 225 333 ឬផ្នែកផ្តល់ព័ត៌មាន eMoney តាមទូរស័ព្ទលេខ 023 6 555 666។
អំពីក្រុមហ៊ុន eMoney
eMoney ជាគ្រឹះស្ថានផ្តល់សេវាទូទាត់ប្រាក់ និងជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Metfone ដែលជាភាគហ៊ុនិកធំបំផុតរបស់ខ្លួនដែលមានភាគហ៊ុនសរុប 99%។ ក្រុមហ៊ុន អ៊ី-ម៉ាន់នី ផេមិន សឹលូសិន ម.ក ជាក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុតាមទូរស័ព្ទនាំមុនគេមួយដែលមានសេវាកម្ម ដូចជា សេវាផ្ទេរប្រាក់ បង់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ និងសេវាកម្មផ្សេងៗទៀត។ អតិថិជនអាចប្រើប្រាស់សេវាកម្មដោយប្រើកម្មវិធី eMoney App ឬតាមរយៈបណ្តាញភ្នាក់ងាររបស់ខ្លួនជាង 8,000 ទូទាំងប្រទេស។