ABA គាំទ្រក្រុមកីឡាប្រដាល់សកលកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡាអូឡាំពិក LA 2028
28/Aug/2026
ធនាគារ ABA មានមោទនភាពដោយបានក្លាយជាអ្នកឧបត្ថម្ភផ្លូវការរបស់ សហព័ន្ធកីឡាប្រដាល់ សកលកម្ពុជា សម្រាប់ឆ្នាំ 2027 ដើម្បីពង្រឹងសមត្ថភាពអត្តពលិកកម្ពុជាជំនាន់ថ្មី។
ក្រោមគម្រោង កម្មវិធីប្រកួតវគ្គជម្រុះ 2027 សម្រាប់កីឡាអូឡាំពិក LA 2028 ធនាគារ ABA នឹងឧបត្ថម្ភជាថវិកាសម្រាប់ការចំណាយពេញមួយឆ្នាំទៅលើការហ្វឹកហាត់ និងអាហារូបត្ថម្ភរបស់អត្តពលិក។ គម្រោងនេះ ត្រូវបានរៀបចំឡើង ដើម្បីទំនុកបម្រុងអត្តពលិកកម្ពុជា ខណៈដែលពួកគាត់ត្រៀមខ្លួន សម្រាប់ការប្រកួតវគ្គជម្រុះ និងការប្រកួតនៅលើឆាកអន្តរជាតិ។
កាលពីថ្ងៃទី26 ខែសីហា ឆ្នាំ2026 កន្លងទៅថ្មីៗនេះ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ត្រូវបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមពីលោក Igor Zimarev នាយកទីផ្សារ និងកិច្ចការ CSR នៃធនាគារ ABA និងឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ព្រមទាំងអ្នកតំណាងពីស្ថាប័នទាំងពីរ រួមជាមួយវត្តមានរបស់អត្តពលិកកម្ពុជាផងដែរ។
លោក Igor Zimarev មានប្រសាសន៍ថា “យើងខ្ញុំ ពីធនាគារ ABA មានសេចក្តីសោមនស្សក្នុងការគាំទ្រសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ស្ដង់ដារកីឡាប្រដាល់សកលក្នុងប្រទេស តាមរយៈការទំនុកបម្រុងលំដាប់ពិភពលោក។ គម្រោងនេះ នឹងជួយឲ្យអត្តពលិកមានឱកាសបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ និងប្រកួតក្នុងកម្រិតខ្ពស់។ យើងខ្ញុំរង់ចាំប្រកបដោយសុទិដ្ឋិនិយមនូវលទ្ធផលជោគជ័យរបស់ក្រុមកម្ពុជាក្នុងវគ្គជម្រុះអូឡាំពិក និងបន្តនាំកិត្តិនាម និងមោទនភាពជាតិនៅលើឆាកអន្ដរជាតិ”។
ចាប់តាំងពីឆ្នាំ 2022 មក សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ទទួលបានមេដាយអន្តរជាតិសរុបចំនួន 18 នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ការប្រកួតជើងឯកអាស៊ី និងការប្រកួតអន្តរជាតិផ្សេងៗ។ ហើយថ្មីៗនេះ កីឡាករប្រដាល់សកលកម្ពុជា ទទួលបានមេដាយមាសសម្រាប់ការប្រកួតនៅប្រទេសចិន និងមេដាយសំរិទ្ធនៅប្រទេសអាមេនី។ ពានរង្វាន់ទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ពីវឌ្ឍនភាពជាបន្ដបន្ទាប់ក្នុងការលើកកិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។
ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ក៏មានប្រសាសន៍ថា “ការឧបត្ថម្ភរបស់ធនាគារ ABA មានតម្លៃលើសពីការគាំទ្រផ្នែកហិរញ្ញវត្ថុ ពោលគឺជាការវិនិយោគទៅលើអត្តពលិកកម្ពុជា និងមហិច្ឆតារយៈពេលវែងរបស់កម្ពុជា។ កីឡាប្រដាល់សកលកម្ពុជា មានប្រវត្តិជាមួយព្រឹត្តិការណ៍កីឡាអូឡាំពិកដែលគួរឲ្យកោតសរសើរ ដូច្នេះក្រោមភាពជាដៃគូជាមួយ ABA យើងខ្ញុំប្តេជ្ញាបន្តអភិវឌ្ឍសមត្ថភាព ទេពកោសល្យអត្តពលិកជំនាន់ថ្មី និងនាំយកកីឡាប្រដាល់សកលកម្ពុជាទៅកាន់ព្រឹត្តិការណ៍កីឡាអូឡាំពិកសារជាថ្មី”។
គំនិតផ្តួចផ្តើមនេះ បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ABA ទៅលើការអភិវឌ្ឍយុវជន និងឧត្តមភាពកីឡាក្នុងប្រទេសកម្ពុជា ដោយពង្រឹងសមត្ថភាពអត្តពលិកជំនាន់ថ្មីជាមួយការដឹកនាំ វិន័យ និងឱកាសក្នុងការបង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ។






