វល្លិតកូដកម្ពុជា បានដាក់ ABA PayWay សម្រាប់ជាជម្រើសបន្ថែម លើដំណើរការទូទាត់ប្រាក់តាមប្រព័ន្ធអនឡាញ
02/Aug/2021

PayWay របស់ ABA នឹងអនុញ្ញាតឱ្យមានប្រតិបត្តិការតាមរយៈ ABA PAY កាតឥណទាន និងឥណពន្ធដែលរួមមាន វីសាកាត ម៉ាស្ទ័រកាត និង កាតយូនៀនផេ (អន្តរជាតិ) ។
វល្លិតកូដកម្ពុជា ជាច្រកមួយសម្រាប់ដាក់លក់ទំនិញឌីជីថលដែលមានមាតិកាកម្សាន្តនិងហាងលក់ទំនិញតាមអ៊ីនធើណិតដ៏ពេញនិយមបំផុតនៅទូទាំងពិភពលោក បានពង្រីកជម្រើសទូទាត់ប្រាក់របស់ខ្លួនបន្ថែមទៀតសម្រាប់អតិថិជនរបស់វល្លិតកូដ (Wallet Codes) នៅកម្ពុជា តាមរយៈការសហការជាមួយ PayWay របស់ធនាគារ ABA ។
PayWay គឺជាប្រព័ន្ធទូទាត់ អនឡាញដ៏ទំនើបមួយពីធនាគារ ABA ដែលអនុញ្ញាតឱ្យអាជីវកម្មទាំងឡាយទទួលយកការទូទាត់តាមអនឡាញយ៉ាងរហ័ស និងមិនមានការរំខាន។ ការដាក់បញ្ចូលការទូទាត់ប្រាក់ថ្មីនេះនឹងផ្តល់ឱកាសសម្រាប់អតិថិជនវល្លិតកូដ (Wallet Codes) ទាំងអស់អាចទិញប័ណ្ណទូទាត់ហ្គេមកម្សាន្ត និងកូប៉ុងកាតឌីជីថលយ៉ាងងាយស្រួលតាមតម្រូវការរបស់ពួកគេពីគេហទំព័រ វល្លិតកូដ ។ ក្រៅអំពីកិច្ចព្រមព្រៀងភាពជាដៃគូនេះ PayWay ក៏នឹងអនុញ្ញាតឱ្យមានប្រតិបត្តិការតាមរយៈ ABA PAY កាតឥណទាន (Credit Card) និង កាតឥណពន្ធ (Debit Card) ដែលរួមមាន វីសាកាត (Visa Card) ម៉ាស្ទ័រកាត (Mastercard) និង កាតយូនៀនផេ (UnionPay) ផងដែរ ។
លោក តូ សុខណាង អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Forest Interactive Cambodia បានមានប្រសាសន៍ថា “គោលដៅរបស់យើងនៅ Wallet Codes គឺតែងតែផ្តល់នូវបទពិសោធន៍ដែលល្អដល់អ្នកប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងងាយស្រួលសម្រាប់ដំណើរការទិញអនឡាញ។ សូមអរគុណផងដែរចំពោះការដាក់បញ្ចូលថ្មីនេះ ដែលអនុញ្ញាត្តិឱ្យអតិថិជនរបស់វល្លិតកូដទាំងអស់ អាចទូទាត់ប្រាក់តាមច្រកណាមួយក៏បានតាមជម្រើសរបស់ពួកគេ និង រីករាយក្នុងការទូទាត់ដែលមានភាពរហ័សទាន់ចិត្ត” ។
លោក Zokhir Rasulov នាយកផ្នែកឌីជីថលនៅធនាគារ ABA បានកត់សម្គាល់ថា៖ “ក្នុងនាមជាធនាគារពាណិជ្ជឈានមុខគេលើផ្នែកហិរញ្ញវត្ថុឌីជីថលនៅក្នុងប្រទេសកម្ពុជា យើងពិតជាមានសេចក្ដីរីករាយក្នុងការ អនុញ្ញាតឱ្យមានការទទួលទូទាត់ប្រាក់ជាមួយ ABA PAY កាតឥណទាន និង កាតឥណពន្ធ នៅលើវល្លិតកូដ កម្ពុជា។ យើងជឿជាក់ថា គំនិតផ្តួចផ្តើមទាំងនេះ នឹងនាំមកនូវគុណតម្លៃដ៏ធំធេងដល់ ប្រជាជនកម្ពុជាតាមរយៈការបើកឱកាសកាន់តែច្រើនសម្រាប់ បរិយាបន្នហិរញ្ញវត្ថុឌីជីថលនៅទូទាំងប្រទេសសំដៅធ្វើឱ្យជីវិតហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជាកាន់តែមានភាពងាយស្រួលជាពិសេសក្នុងពេលដែលមានជំងឺរាតត្បាតនេះ ” ។
វល្លិតកូដ ជាវេទិកាមួយបង្កើតឡើងដោយ ក្រុមហ៊ុន ហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ (Forest Interactive) បានពង្រីកការផ្តល់សេវាកម្មឌីជីថលរបស់ខ្លួននៅប្រទេសកម្ពុជា កាលពីខែវិច្ឆិកាឆ្នាំមុន ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុឌីជីថលជាពិសេសក្នុងចំណោមអ្នកលេងហ្គេមកម្សាន្ត និងអ្នកចូលចិត្តការទិញទំនិញឌីជីថលអនឡាញ នៅក្នុងប្រទេស។ ជាមួយនឹងការកើនឡើងនៃរយៈពេលលេងហ្គេមនិង ការប្រើប្រាស់មាតិកាអ៊ីនធើណិត ដោយសារវិធានការរឹតត្បិតក្នុងពេលមានជំងឺរាតត្បាត វល្លិតកូដបានផ្តល់ភាពងាយស្រួលសម្រាប់ប្រជាជនកម្ពុជាភាគច្រើនដែលចង់ទទួលបានសេវាកម្មល្អៗ ប៉ុន្តែមិនមានកាតឥណទានសម្រាប់បញ្ជាទិញ និងទូទាត់ប្រាក់។
លោក សុខណាង ពន្យល់ថា៖ “ យើងយល់ពីបញ្ហាប្រឈមរបស់អតិថិជនមួយចំនួនដែលគាត់មិនទទួលបានការ ផ្តល់ជូននេះជាពិសេសក្នុងការទិញទំនិញតាមអ៊ីនធើណិតពីគេហទំព័រដែលមានជម្រើសតិចតួចសម្រាប់ការទូទាត់ប្រាក់ ។ “ មកដល់ពេលនេះ វល្លិតកូដកម្ពុជាមានដៃគូទូទាត់ប្រាក់សរុបចំនួន 7 ជាស្រេច ហើយជាចុងក្រោយនេះគឺ ABA PAY, Visa, Mastercard និង UnionPay ” ។
ជាការកត់សំគាល់ផងដែរ កន្លងមក ធនាគារ ABA ដែលជាស្ថាប័នហិរញ្ញវត្ថុឯកជនឈានមុខគេនៅកម្ពុជា បានភ្ជាប់រួចមកហើយជាមួយក្រុមហ៊ុនហ្វរ៉េសអ៊ីនធឺអ៊ែកទីវ ជាដៃគូរបស់ខ្លួនសម្រាប់មាតិកាឌីជីថល លើកម្មវិធីធនាគារចល័តឈ្នះពានរង្វាន់ គឺ ABA Mobile។ ភាពជាដៃគូនេះ អនុញ្ញាតឱ្យអតិថិជនរបស់ ABA Mobile ទាំងអស់អាចបង់ប្រាក់យ៉ាងរលូនលើការទិញប័ណ្ណឌីជីថលដ៏ពេញនិយមនៅលើពិភពលោករួមទាំង សេវាកម្មល្បីៗជាច្រើនដូចជា Amazon, Google Play Store, iTunes Store, Netflix, Spotify, Steam Wallet, Xbox, Nintendo, PlayStation , Mobile Legend diamond, PUBG UC Mobile, Garena Shell, Rule of Survival, Roblox, Minecraft និងសេវាកម្មល្បីៗជាច្រើនទៀត ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ kh.wallet-codes.com ។
អំពីក្រុមហ៊ុន ហ្វរ៉េស អ៊ីនធើអ៊ែកទីវ
ហ្វរ៉េស អ៊ីនធើអ៊ែកទីវ បង្កើតឡើងក្នុងឆ្នាំ 2006 បានបង្កើតនូវថ្នាលចល័ត (Mobile Platform) ដែលអាចភ្ជាប់ប្រតិបត្តិករទូរស័ព្ទចល័ត (Mobile operators) អ្នកផ្តល់មាតិកា (Content providers) និង អ្នកបោះផ្សាយហ្គេមទៅនឹងអតិថិជនរបស់ពួកគេ។ ជាមួយនឹងបទពិសោធន៍ឧស្សាហកម្មអស់រយៈពេលជាង 15 ឆ្នាំ ហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ (Forest Interactive) បានពង្រីកសាខារបស់ខ្លួនតាមរយៈការចូលរួមនៃក្រុមបុគ្គលិកចំនួនជាង 20 សញ្ជាតិនៅក្នុងការិយាល័យប្រចាំតំបន់ចំនួន 17។
ផ្តល់ជូននូវសេវាកម្មមាតិកា វ៉ចឆ័រ ឌីជីថល ប្រព័ន្ធពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច កម្មវិធីទូរស័ព្ទចល័តសម្រាប់មនុស្សគ្រប់វ័យ ហ្វរ៉េស អ៊ិនធឺ អ៊ែកទីវ បានពង្រើកការធ្វើប្រតិបត្តិការនៅក្នុងប្រទេសជាង 30 ផ្តល់ជូននូវសេវាកម្មដល់ប្រតិបត្តិករទូរស័ព្ទចល័តជាង 90 ព្រមដៃគូមាតិកាជាង 100 ដែលមានសមត្ថភាពទទួលបានអតិថិជនជាង 1 ពាន់លាននាក់នៅទូទាំងពិភពលោក។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់វិបសាយ៖ forest-interactive.com ។