ABA​ បន្ដ​ទទួល​បាន​ពាន​ ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ពី​ Euromoney​ រយៈពេល​ 12​ ឆ្នាំ​ជាប់ៗ​គ្នា​

24/Jul/2025

aba euromoney 2025 dt-kh

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា1​ បាន​ទទួល​ពាន​ ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​ ឆ្នាំ​2025​ ពី​ទស្សនាវដ្តី​ហិរញ្ញវត្ថុ​ Euromoney​ រយៈពេល​ 12​ឆ្នាំ​ជាប់ៗ​គ្នា​។​

​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​នេះ​ ទទួលស្គាល់​នូវ​ឧត្តមភាព​ និង​ភាព​នាំ​មុខជា​បន្ដបន្ទាប់​របស់​ធនាគារ​ ទៅ​លើ​ផ្នែក​សេវា​ធនាគារ​រូបវន្តបុគ្គល​ និង​ឌី​ជី​ថ​ល​ ដោយ​ពង្រឹង​តួនាទី​របស់​ធនាគារ​ ក្នុង​ការ​កំណត់​ស្តង់ដារ​ថ្មី​នៃ​ទិដ្ឋភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ និង​ក្នុង​តំបន់​។​

​ឌី​ជី​ថ​ល​នវានុវត្តន៍​ជំរុញ​ដល់​កំណើន​

​ដោយ​ផ្តោត​សំខាន់​លើ​នវានុវត្តន៍​ ភាព​ងាយស្រួល​ប្រើប្រាស់​ និង​គិតគូរ​ដល់​អតិថិជន​ជា​គោល​ ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​របស់​ ABA​ ទទួល​បាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់​។​ ABA​ Mobile​ មាន​កំណើន​អ្នក​ប្រើប្រាស់​ប្រមាណ​ 32%​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ ដោយ​ផ្ដល់​ជូន​ពួក​គាត់​នូវ​លទ្ធភាព​ចូល​ប្រើ​គណនី​របស់​ខ្លួន​បាន​គ្រប់ពេលវេលា​ គ្រប់​ទីកន្លែង​។​

​វឌ្ឍនភាព​ថ្មីៗ​សំខាន់ៗ​សម្រាប់​កម្មវិធី​ ABA​ Mobile​ រួម​មាន​ជា​អាទិ៍​ ណា​វី​ —​ ជំនួយការ​និម្មិត​សម្រាប់​សេវា​ធនាគារ​,​ មុខងារ​ឆាត​ និង​សោ​មុខជា​ដើម​។​ មុខងារ​ទាំង​អស់នេះ​ត្រូវ​បាន​បង្កើត​ឡើង​ មិន​ត្រឹមតែ​ផ្ដល់​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ​ ព្រមទាំង​ជួយ​ទប់ស្កាត់​ការ​ក្លែងបន្លំ​នានា​ តាម​កម្មវិធី​ផ្ញើ​សារ​ផ្សេងៗ​ផង​ដែរ​។​

​កម្មវិធី​ ABA​ Merchant​ ក៏​ទទួល​បាន​កំណើន​អ្នក​ប្រើប្រាស់​ជាង​ 30%​ ផង​ដែរ​ ដោយ​បម្រើ​ជូន​អាជីវករ​ ឬ​ម្ចាស់​អាជីវកម្ម​តូច​ធំ​គ្រប់​ប្រភេទ​ជាមួយ​មុខងារ​មាន​ប្រយោជន៍​ជា​ច្រើន​ ដូច​ជា​ការ​បង្កើត​កូដ​ QR,​ ផ្ញើ​លីង​ទូទាត់​,​ គ្រប់គ្រង​មុខងារ​ជូន​លុយ​ភ្ញៀវ​វិញ​ និង​បង្កើត​របាយការណ៍​លក់ដូរ​ជាដើម​ –​ មុខងារ​ទាំង​អស់នេះ​ រួមចំណែក​លើកកម្ពស់​ការ​ទូទាត់​ឌី​ជី​ថ​ល​ មិន​ប្រើ​ក្រដាសប្រាក់​កាន់តែ​ទូលំទូលាយ​នៅ​កម្ពុជា​។​

​បន្ថែម​ពីលើ​នេះ​ ផ្លែ​ត​ហ្វ​ម​សេវា​ធនាគារ​អន​ឡាញ​ ABA​ Business​ បន្ត​គាំទ្រ​ និង​ពង្រឹងសមត្ថភាព​របស់​អាជីវកម្ម​នានា​ជាមួយ​មុខងារ​ដូច​ជា​ ការ​ទូទាត់​ច្រើន​ដំណាលគ្នា​ ប្រាក់បៀវត្ស​ និង​សេវា​ប្រមូលប្រាក់​ជាដើម​។​ សមត្ថភាព​ទាំងនេះ​ គួប​ផ្សំ​ជាមួយនឹង​វិធានការ​សុវត្ថិភាព​ដ៏​រឹង​មាំ​ ធ្វើ​ឲ្យ​ផ្លែ​ត​ហ្វ​ម​នេះ​ ទទួល​បាន​កំណើន​អ្នក​ប្រើប្រាស់​ប្រមាណ​ 24%​ ដែល​តួលេខ​នេះ​ ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​អំពី​ទំនុកចិត្ត​របស់​សហគ្រិន​ និង​សហគ្រាស​។​

​លោក​ Askhat​ Azhikhanov​ អគ្គនាយក​ និង​ជានា​យក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ដែល​ផលិតផល​ឌី​ជី​ថ​ល​របស់​យើងខ្ញុំ​ បាន​ក្លាយជា​ផ្នែក​មួយ​យ៉ាង​សំខាន់​នៃ​ការ​ប្រើប្រាស់​សេវា​ធនាគារ​ប្រចាំ​ថ្ងៃ​របស់​អតិថិជន​គ្រប់​រូប​។​ ការ​ទទួលស្គាល់​ពី​ទស្សនាវដ្តី​ Euromoney​ បញ្ជាក់​នូវ​ទំនុកចិត្ត​របស់​ពួក​គេ​ មក​លើ​ធនាគារ​យើងខ្ញុំ​។​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​កិត្តិនាម​នេះ​ យើងខ្ញុំ​នឹង​ប្តេជ្ញា​បន្ដ​នាំ​យក​សេវា​ធនាគារ​ដែល​ទំនើប​ និង​ងាយស្រួល​ប្រើប្រាស់​ ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​ដែល​កំពុង​បន្ដ​កើនឡើង​”​។​

​ការ​រួមចំណែក​របស់​ ABA​ ចំពោះ​គំនិត​ផ្តួចផ្តើម​សម្រាប់​កិច្ចការ​សង្គម​

​លើស​ពី​សេវា​ហិរញ្ញវត្ថុ​ដែល​ទំនើប​ ងាយស្រួល​ និង​សុវត្ថិភាព​ គណៈវិនិច្ឆ័យ​របស់​ Euromoney​ ក៏​បាន​ធ្វើការ​កោតសរសើរ​ចំពោះ​ការ​រួមចំណែក​ដ៏​មាន​អត្ថន័យ​របស់​ ABA​ នៅ​លើ​ផ្នែក​អប់រំ​ ផ្នែក​សុខាភិបាល​ និង​ការ​អភិវឌ្ឍ​សហគមន៍​ ដែល​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​យ៉ាង​មុតមាំ​របស់​ខ្លួន​ចំពោះ​វឌ្ឍនភាព​ជាតិ​។​

​នៅ​ក្នុង​វិស័យ​អប់រំ​ ABA​ បាន​ពង្រីក​គម្រោង​ជួសជុល​កែ​លម្អ​សាលារៀន​បន្ថែម​ ដោយ​បាន​ពង្រឹង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សាលារៀន​ នៅ​វិទ្យាល័យ​ សុខ​អាន​ ថ្នល់បំបែក​ ក្នុង​ខេត្តតាកែវ​ និង​អគារសិក្សា​មូ​ស្លី​ម​ចំនួន​ 2​ ខ្នង​ ក្នុង​ខេត្តកំពង់ឆ្នាំង​។​ ការ​ជួសជុល​កែ​លម្អ​ទាំងនេះ​ បាន​ផ្តល់​បរិយាកាស​សិក្សា​ប្រកបដោយ​ផាសុកភាព​ និង​សុវត្ថិភាព​ដល់​សិស្សានុសិស្ស​។​

​ធនាគារ​ក៏​បន្ត​គាំទ្រ​ដល់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ (CCF)​ តាម​រយៈ​ការ​ឧបត្ថម្ភ​ដល់​ កម្មវិធី​អប់រំ​កម្រិត​បឋម​សិក្សា​ ដែល​ផ្ដល់​លទ្ធភាព​បន្ថែម​ដល់​កុមារ​ក្រីក្រ​ទទួល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​។​ ចំពោះ​វិស័យ​សុខាភិបាល​វិញ​ ABA​ ក៏​បាន​បន្ត​ការ​គាំទ្រ​របស់​ខ្លួន​តាម​រយៈ​ការ​បរិច្ចាគ​ជូន​ដល់​កាកបាទក្រហមកម្ពុជា​ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​ និង​មជ្ឈមណ្ឌល​ព្យាបាល​កុមារ​ និង​បេះដូង​ជប៉ុន​ ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល​ផ្នែក​សុខាភិបាល​ ដែល​ផ្តល់​សេវា​ថែទាំ​សុខភាព​ដល់​កុមារ​ ដោយ​ឥត​គិតថ្លៃ​ តាម​រយៈ​អគារ​មជ្ឈមណ្ឌល​សុខភាព​ថ្មី​របស់​ខ្លួន​។​

​កិត្ដិនាម​នៅ​ក្នុង​វិស័យ​ធនាគារ​កម្ពុជា​

​ក្នុង​សំ​ណេ​រពាក់​ព័ន្ធ​នឹង​ពានរង្វាន់​របស់​ធនាគារ​ ABA​ នា​ឆ្នាំ​នេះ​ និពន្ធ​នាយក​របស់​ Euromoney​ បាន​អធិប្បាយ​ថា​ “​ក្នុង​នាម​ជា​ស្ថាប័ន​ដ៏​លេចធ្លោ​មួយ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ ធនាគារ​ ABA​ សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​នៅ​លើ​ផ្នែក​ឌី​ជី​ថ​ល​នវានុវត្តន៍​ លទ្ធផល​ហិរញ្ញវត្ថុ​រឹង​មាំ​ និង​ការ​រួមចំណែក​ក្នុង​កិច្ចការ​សង្គម​យ៉ាង​សកម្ម​។​ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ នាំ​ឲ្យ​ ABA​ ទទួល​បាន​កិត្តិនាម​ជា​ ធនាគារ​ឆ្នើម​បំផុត​នៅ​កម្ពុជា​។​”

​ការ​ទទួល​បាន​ពានរង្វាន់​នេះ​រយៈពេល​ 12​ឆ្នាំ​ជាប់ៗ​គ្នា​ ឆ្លុះ​បញ្ចាំង​ពី​ទំនុកចិត្ត​ និង​ការ​ជឿជាក់​របស់​អតិថិជន​រាប់​លាន​នាក់​មក​លើ​ធនាគារ​ ABA​។​ ដោយ​សម្លឹង​ឆ្ពោះទៅ​អនាគត​ ធនាគារ​នឹង​នៅ​តែ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ផ្តល់​ជូន​សេវា​ធនាគារ​សុវត្ថិភាព​ ពេញ​ដោយ​ន​វា​នុ​វត្ត​ និង​មាន​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​។​

1ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​សរុប​ ប្រាក់​បញ្ញើ​ និង​ប្រាក់​កម្ចី​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ​ 2021-2024​។