ទស្សនាវដ្ដីហិរញ្ញវត្ថុ The Banker ប្រសិទ្ធនាម ABA ជាធនាគារឆ្នើមបំផុត ប្រចាំឆ្នាំ 2021 នៅកម្ពុជា
03/Dec/2021
ធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខគេនៅកម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាព "ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ 2021" នៅកម្ពុជា ពី The Banker ដែលជាគ្រឹះស្ថានបោះពុម្ពផ្សាយធនាគារ និងហិរញ្ញវត្ថុរបស់ Financial Times Group (ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស) ។ ឆ្នាំនេះ ទស្សនាវដ្ដីទទួលបានពាក្យស្នើសុំ សម្រាប់ពានរង្វាន់ ពីជាង 130 ប្រទេស ហើយអ្នកឈ្នះត្រូវបានប្រកាសតាមរយៈ ការប្រារព្ធពិធីដែលធ្វើឡើងតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី1 ខែធ្នូ។
ធនាគារ ABA ទទួលបានការកោតសរសើរយ៉ាងខ្លាំង ចំពោះយុទ្ធសាស្ដ្ររបស់ធនាគារ ដែលផ្ដោតសំខាន់ ទៅលើបច្ចេកវិទ្យានវានុវត្តន៍ និងផលិតផល សេវាកម្មឌីជីថល ដែលជាកិច្ចប្រឹងប្រែងដ៏សំខាន់ក្នុងការ បង្កើនបរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើនដ៏រឹងមាំ។
ក្នុងឆ្នាំ 2021 ធនាគារបានបង្កើនសមត្ថភាពកម្មវិធីធនាគារលើទូរស័ព្ទរបស់ខ្លួន ពិសេសសំដៅលើការ បង្កើនបរិយាបន្នហិរញ្ញវត្ថុ តាមរយៈការដាក់ឲ្យប្រើប្រាស់នូវ គណនីរហ័ស។ មុខងារថ្មីនេះ អនុញ្ញាតិឲ្យ អ្នកប្រើប្រាស់លើកដំបូង បើកគណនីធនាគារក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ដោយមិនបាច់ទៅដល់ សាខាធនាគារ។
ជាងនេះទៅទៀត ប្រព័ន្ធទូទាត់ប្រាក់សម្រាប់អាជីវកម្មអនឡាញ PayWay របស់ធនាគារ ABA ជាមួយនឹងមុខងារ រក្សាព័ត៌មានសម្រាប់ទូទាត់ ដែលអាចកំណត់ការទូទាត់ឡើងវិញ ដោយស្វ័យប្រវត្តិ ឬការទូទាត់នាពេលអនាគត និងការដាក់ឲ្យប្រើប្រាស់កម្មវិធី PayWay។ កម្មវិធី PayWay អនុញ្ញាតិឲ្យអាជីវកម្មខ្នាតតូច ខ្នាតធំទាំងអស់ ទទួលការទូទាត់បែបឌីជីថលជាប្រាក់រៀល ឬដុល្លារ ដោយបង្កើតកូដ QR នៅក្នុងកម្មវិធី។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយការរីករាលដាលជាសកល នៃវីរុសកូវីដ 19 ABA បានណែនាំមុខងារ ទូទាត់ភ្ជាប់ទៅកម្មវិធី PayWay ដើម្បីអនុញ្ញាតិឲ្យអ្នកលក់ និងអ្នកផ្ដល់សេវាកម្ម ទទួលបានការបង់ប្រាក់ភ្លាមៗ។ អ្នកលក់អាចបញ្ចូលព័ត៌មានផលិតផល រូបភាព និងតម្លៃនៅក្នុងតំណ ភ្ជាប់ ហើយចែកចាយទៅក្នុងកម្មវិធីលេងសារ និងបណ្ដាញផ្សព្វផ្សាយសង្គមជាមួយអតិថិជនរបស់គេ។
លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ទាក់ទងនឹងការ ទទួលពានរង្វាន់នេះថា “យើងខ្ញុំពិតជាមានកិត្តិយស ដែលបានក្លាយជាធនាគារឆ្នើមបំផុតរបស់កម្ពុជា ដោយ The Banker ម្ដងទៀត។ ពានរង្វាន់ឆ្នាំនេះ បានបង្ហាញថា ABA អាចជំនះរាល់ឧបសគ្គ ដោយសារ ការបន្ដប្រើប្រាស់ យុទ្ធសាស្ដ្រផ្ដោតលើអតិថិជនជាអាទិភាព ហើយផ្ដល់ជូននូវដំណោះស្រាយឌីជីថល ហិរញ្ញវត្ថុប្រកប ដោយភាពងាយស្រួល។ ដូចសព្វដង យើងសូមជូនពានរង្វាន់នេះ ដល់អតិថិជនដ៏មាន តម្លៃរបស់យើង និងសូមថ្លែងអំណរគុណសម្រាប់ការជឿទុកចិត្ត និងការគាំទ្រ។”
“មានរឿងជាច្រើនទៀតដែលត្រូវធ្វើ ពាក់ព័ន្ធនឹងបរិយាបន្នហិរញ្ញវត្ថុ ហើយយើងជឿថា ការនិយម នៅក្នុងវិស័យធនាគារដែលផ្ដោតលើការទូទាត់បែបឌីជីថលនឹងនៅតែបន្ដ។ ធនាគារ ABA ស្ថិតនៅក្នុង តំណែងដ៏ល្អ ដើម្បីដឹកនាំការអភិវឌ្ឍ ក្នុងទិសដៅនេះ“ លោកបានបន្ថែម។
ពានរង្វាន់របស់ The Banker គឺជាស្ដង់ដាគំរូនៅក្នុងវិស័យធនាគារ ពីគ្រឹះស្ថានបោះពុម្ភអន្ដរជាតិលំដាប់ ពិភពលោក ដែលមានវ័យចំណាស់ជាងគេ ហើយ ABA បានទទួលពានរង្វាន់កំពូលរួចមកហើយ កាល ពីឆ្នាំ 2014, 2016 និងឆ្នាំ 2019។
ធនាគារ ABA មានទ្រព្យសកម្មសរុប 7.5 ប៊ីលានដុល្លារ គិតត្រឹមថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2021 ហើយបច្ចុប្បន្នគ្រប់គ្រងជាង 2.75 លានគណនី តាមរយៈបណ្ដាញសាខាចំនួន 80 សាខា ម៉ាស៊ីនស្វ័យធនាគារ 820+ គ្រឿង និងកម្មវិធីធនាគារអនឡាញសម្រាប់អាជីវកម្ម និងធនាគារតាមទូរស័ព្ទដ៏ទំនើប។
អំពីទស្សនាវដ្តី The Banker
ទស្សនាវដ្តី The Banker គឺជាធនធានធនាគារ និងហិរញ្ញវត្ថុពិភពលោករបស់ក្រុមហ៊ុន Financial Times Group។ ចាប់ផ្តើមបោះពុម្ពផ្សាយនៅក្នុងឆ្នាំ 1929 ទស្សនាវដ្តីបានក្លាយជាប្រភពព័ត៌មានអំពីវិស័យធនាគារដ៏មានទំនុកចិត្ត និងអានដោយនាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ ហេរញ្ញិករបស់សាជីវកម្ម ទេសភិបាលធនាគារកណ្តាល និងនិយតករហិរញ្ញវត្ថុនៅជាង 180 ប្រទេស ទូទាំងពិភពលោក។
The Banker គឺជាប្រភពដ៏សំខាន់ក្នុងការផ្តល់ទិន្នន័យ និងការវិភាគសម្រាប់វិស័យធនាគារ។ ចំណាត់ថ្នាក់ធនាគារពិភពលោក កំពូលៗ ចំនួន 1,000 របស់ The Banker ត្រូវបានប្រើប្រាស់ជាស្ដង់ដាតាំងពីឆ្នាំ 1970 ដោយផ្ដល់ការព័ត៌មានទាក់ទងនឹងទ្រព្យ សម្បត្តិ និងស្ថានភាពនៃវិស័យធនាគារគ្រប់ជ្រុងជ្រោយ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ www.thebanker.com/top1000។ The Banker គឺជាសេវាកម្មមួយរបស់ the Financial Times។