សេចក្តីជូនដំណឹងស្តីពីការធ្វើបរិវិសកម្ម “សញ្ញាបណ្ណសាជីវកម្ម” របស់ធនាគារ ABA
09/Aug/2019
ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ធនាគារ ABA) មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន មេត្តាជ្រាបថាធនាគារយើងខ្ញុំបានទទួលការអនុញ្ញាត និងចុះបញ្ជីជាស្ថាពរ ពីគណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.) លើឯកសារផ្តល់ព័ត៌មាន សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណសាជីវកម្មជាសាធារណៈ តាមរយៈសេចក្តីសម្រេច លេខ 155/19 គ.ម.ក./ស.ស.រ ចុះថ្ងៃទី07 ខែសីហា ឆ្នាំ2019។
អាស្រ័យហេតុនេះ ធនាគារ ABA ក្រោមកិច្ចជ្រោមជ្រែងពីក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ក្នុងនាមជាក្រុមហ៊ុនធានាទិញមូលបត្រ សូមគោរពអញ្ជើញ វិនិយោគិន ដាក់ពាក្យស្នើសុំចូលរួមធ្វើបរិវិសកម្មនៃសំណើលក់សញ្ញាបណ្ណសាជីវកម្ម។
1. សង្ខេបអំពីសញ្ញាបណ្ណសាជីវកម្មដែលបោះផ្សាយលក់
- តម្លៃលក់ក្នុងមួយឯកតាសញ្ញាបណ្ណសាជីវកម្ម៖ 100,000 រៀល (~25 ដុល្លារអាមេរិក)
- អត្រាគូប៉ុងសញ្ញាបណ្ណសាជីវកម្ម៖ 7.75% ក្នុងមួយឆ្នាំ ជាមួយនឹងឥណប្រតិទានរយៈពេល 3 ឆ្នាំ (គូប៉ុងនឹងត្រូវបង់រៀងរាល់ឆមាស)។
- កាលបរិច្ឆេទបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម៖ ថ្ងៃទី14 ខែសីហា ឆ្នាំ2019។
- ប្រភេទសញ្ញាបណ្ណសាជីវកម្ម៖ សញ្ញាបណ្ណ បង្កើតឲ្យមានកាតព្វកិច្ចតាមរយៈការចុះបញ្ជីឈ្មោះ ហើយជាប្រភេទកាតព្វកិច្ចដែលគ្មានទ្រព្យធានា និងមិនមែនជាកាតព្វកិច្ចកម្រិតទាប (Unsubordinated)។
- ចំណាត់ថ្នាក់លទ្ធភាពសងសម្រាប់សញ្ញាបណ្ណសាជីវកម្ម៖ កម្រិត ‘B’ ពីទីភ្នាក់ងារវាយតម្លៃលទ្ធភាពសង S&P Global។
- ចំនួនសញ្ញាបណ្ណសាជីវកម្មសរុបដែលបោះផ្សាយលក់៖ 1,280,000 សញ្ញាបណ្ណ។
- ទំហំវិនិយោគអប្បបរមា៖ 800 លានរៀល (~20 ម៉ឺនដុល្លារអាមេរិក) សម្រាប់វិនិយោគិនស្ថាប័ន និង4 លានរៀល (1,000 ដុល្លារអាមេរិក) សម្រាប់វិនិយោគិនរូបវ័ន្តបុគ្គល។
2. ការធ្វើបរិវិសកម្ម
ក. ការបែងចែកសញ្ញាបណ្ណសាជីវកម្ម៖
ល.រ | វិនិយោគិន | ទំហំបែងចែក (សញ្ញាបណ្ណ) | ភាគរយបែងចែក (%) |
1 | វិនិយោគិនសក្តានុពល | 614,000 | 47,97 |
2 | វិនិយោគិនក្នុងដំណាក់កាលធ្វើបរិវិសកម្ម | 666,000 | 52,03 |
សរុប | 1,280,000 | 100,00 |
ខ. កាលបរិច្ឆេទធ្វើបរិវិសកម្ម៖ ថ្ងៃទី12 ខែសីហា ដល់ ថ្ងៃទី13 ខែសីហា ឆ្នាំ2019 (ថ្ងៃធ្វើការ)
- ពេលព្រឹក៖ ចាប់ពីម៉ោង 8:00 ដល់ម៉ោង 12:00
- ពេលថ្ងៃ ៖ ចាប់ពីម៉ោង 13:00 ដល់ម៉ោង 17:00
គ. ទីកន្លែងធ្វើបរិវិសកម្ម (សម្រាប់ទទួលបាន ឯកសារផ្តល់ព័ត៌មាន និងពាក្យស្នើសុំធ្វើបរិវិសកម្ម)៖
អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី
អគារលេខ 445 (ភ្នំពេញថាវើ) ជាន់ទី13 មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ7មករា រាជធានីភ្នំពេញ។
ទូរស័ព្ទលេខៈ 023 999 595
www.sbiroyal.com
ឃ. នីតិវិធី៖
- វិនិយោគិនត្រូវមានលេខអត្តសញ្ ញាណវិនិយោគិនពី គ.ម.ក។
- វិនិយោគិនត្រូវមានលេខគណនីជួញដូរមូលបត្រកម្មសិទិ្ធ (Securities Trading Account) នៅក្រុមហ៊ុនមូលបត្រណាមួយ ដែលបានទទួលអាជ្ញាប័ណ្ណពី គ.ម.ក។
- វិនិយោគិនត្រូវបំពេញពាក្យស្នើសុំចូលរួមធ្វើបរិវិសកម្ម (Subscription Form) នៅទីតាំងដូចបានបញ្ជាក់ខាងលើ។
- វិនិយោគិនត្រូវដាក់ពាក្យស្នើសុំចូលរួមធ្វើបរិវិសកម្មទៅកាន់ទីតាំងដូចបានបញ្ជាក់ខាងលើ និងដាក់ប្រាក់ចំនួន 100% នៃថ្លៃទិញសញ្ញាបណ្ណសាជីវកម្មសរុប ចូលទៅក្នុងគណនីបរិវិសកម្ម។ ព័ត៌មានលម្អិតអំពីគណនីបរិវិសកម្ម អាចទទួលបានពី អេសប៊ីអាយ។
3. ការប្រកាសអំពីលទ្ធផលនៃការធ្វើបរិវិសកម្ម
ធនាគារ ABA ជាមួយនឹងក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី នឹងប្រកាសលទ្ធផលនៃការធ្វើបរិវិសកម្ម ទៅកាន់វិនិយោគិន ក្រោយពីទទួលបានការអនុញ្ញាតពី គ.ម.ក។
សម្រាប់ព័ត៌មានបន្ថែមអំពីការធ្វើបរិវិសកម្ម សូមទំនាក់ទំនង៖
អ្នកស្រី ឆាយ លីហួរ | កញ្ញា ប៉ាន់ រ័ត្នគន្ធា |
ប្រធានភ្នាក់ងារក្រុមហ៊ុនមូលបត្រ - ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ភីអិលស៊ី ទូរស័ព្ទ: 023 999 595 / 077 333 631 | អនុប្រធានផ្នែកហិរញ្ញវត្ថុសាជីវកម្ម - ក្រុមហ៊ុន អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី ភីអិលស៊ី ទូរស័ព្ទ: 085 271 819 |