ABA ឧបត្ថម្ភ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី1 ដើម្បីលើកស្ទួយសេដ្ឋកិច្ចឌីជីថល
17/Dec/2024
ធនាគារ ABA ជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា1 មានកិត្តិយសដែលបានក្លាយជា Silver Sponsor នៃវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកទី 1 រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ប្រព្រឹត្តឡើងកាលពីថ្ងៃទី13 ដល់ 16 ខែធ្នូ។ វេទិកាដ៏នវានុវត្តនេះ មានគោលបំណងលើកកម្ពស់សេដ្ឋកិច្ចឌីជីថល តាមរយៈការគាំទ្រពាណិជ្ជកម្មឌីជីថល និងលើកកម្ពស់ផលិតផលក្នុងស្រុកទៅកាន់ទីផ្សារសកល។
ព្រឹត្តិការណ៍ដ៏គួរឲ្យកត់សម្គាល់នេះ ប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម វាគ្មិនសំខាន់ៗ និងភាគីពាក់ព័ន្ធផ្សេងៗ។
ព្រឹត្តិការណ៍នេះ ក៏បានរៀបចំសុន្ទរកថា និងកិច្ចពិភាក្សាទៅលើទិដ្ឋភាពពាណិជ្ជកម្មឌីជីថល ទៅលើក្របខ័ណ្ឌគោលនយោបាយ ការទទួលយកប្រាជ្ញាសប្បនិម្មិត (AI) ការការពារអ្នកប្រើប្រាស់ និងការពារទិន្នន័យសម្រាប់ការផ្លាស់ប្តូរអាជីវកម្ម ព្រមទាំងកិច្ចពិភាក្សារបស់យុវជនអំពីអនាគតនៃ AI ក្នុងពាណិជ្ជកម្មឌីជីថលផងដែរ។
បន្ថែមទៅលើការឧបត្ថម្ភ លោក Kleine Buening Torsten នាយកហានិភ័យនៃធនាគារ ABA ក៏មានកិត្តិយសធ្វើបទបង្ហាញពីការប្រើប្រាស់កម្មវិធីជាក់ស្តែងក្នុងការការពារទិន្នន័យក្នុងអាជីវកម្មផងដែរ។ លោកក៏បានសង្កត់ធ្ងន់ទៅលើវិធីសាស្ត្រដែល ABA បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការផ្តល់ជូននូវស្តង់ដាសុវត្ថិភាពយ៉ាងខ្ពស់សម្រាប់អតិថិជន។
ក្រៅពីវេទិកាពាណិជ្ជកម្មឌីជីថលក៏មានយុទ្ធនាការ “From Cambodia Made to Global Trade” ដែលបានដាក់ដំណើរការ ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ ដោយប្រើប្រាស់ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដូចជាគេហទំព័រ Cambodia Trade.com ជាដើម។ ABA តែងតែគាំទ្រការអភិវឌ្ឍន៍របស់ CambodiaTrade.com ដោយរួមបញ្ចូលនូវ PayWay ដែលជាប្រព័ន្ធទូទាត់អនឡាញរបស់ខ្លួន ជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការនាំអាជីវកម្មរបស់ពួកគេតាមប្រព័ន្ធអនឡាញ និងទទួលការទូទាត់ប្រាក់តាម ABA PAY យ៉ាងងាយស្រួលនិងសុវត្ថិភាព។
ABA គាំទ្រយ៉ាងមុតមាំនៃការផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់ផ្លែតហ្វមឌីជីថល ក្នុងការពង្រឹងអាជីវកម្មក្នុងស្រុក និងសហគ្រិនភាពឲ្យរីកចម្រើន នៅលើទីផ្សារអន្តរជាតិ ដែលនឹងបន្តជំរុញការពង្រីកវិស័យពាណិជ្ជកម្មឌីជីថលក្នុងប្រទេសកម្ពុជាទាំងមូល។
1 ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្មសរុប ប្រាក់បញ្ញើ និងប្រាក់កម្ចី យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2023។