ABA​ និង​ CGCC​ សហការ​ផ្ដល់​លទ្ធភាព​កាន់តែ​ទូលំទូលាយ​ដើម្បី​អាជីវកម្ម​នានា​ទទួល​ហិរញ្ញប្បទាន​ តាម​រយៈ​គម្រោង​ធានា​ឥណទាន​

01/Aug/2025

aba cgcc sign khaba cgcc sign kh
aba cgcc sign kh-1aba cgcc sign kh-1
aba cgcc sign kh-2aba cgcc sign kh-2
aba cgcc sign kh-3aba cgcc sign kh-3

នា​ថ្ងៃ​ទី​ 29​ ខែកក្កដា​ ឆ្នាំ​2025​ ធនាគារ​ ABA​ និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ (CGCC)​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​គម្រោង​ធានា​ឥណទាន​ចំនួន​ពីរ​ រួម​មាន​ (1)​ គម្រោង​ធានា​ឥណទាន​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ (ESGS)​ និង​ (2)​ គម្រោង​ធានា​ឥណទាន​សម្រាប់​ការ​នាំ​ចេញ​អង្ករ​ ជំហាន​ទី​2​ (REGS​ 2)​។​ ពិធី​ចុះហត្ថលេខា​នេះ​ ត្រូវ​បាន​រៀបចំ​ឡើង​ នៅ​ការិយាល័យ​កណ្តាល​ធនាគារ​ ABA​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ Bibhu​ Pandey​ អគ្គនាយករង​ប្រតិបត្តិ​ និង​ជានា​យក​ឥណទាន​នៃ​ធនាគារ​ ABA​ និង​ លោក​ ណូ​ លី​ដា​ អគ្គនាយក​ CGCC​ ព្រមទាំង​ក្រុមការងារ​របស់​ស្ថាប័ន​ទាំង​ពីរ​។​

​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​ បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ និង​កិច្ច​ សហការ​ដ៏​រឹង​មាំ​រវាង​ធនាគារ​ ABA​ និង​ CGCC​ ក្នុង​ការ​គាំទ្រ​អាជីវកម្ម​ ជា​ពិសេស​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ពង្រីក​វិសាលភាព​ឲ្យ​កាន់តែ​ទូលំទូលាយ​ ដើម្បី​អាជីវកម្ម​នានា​ទទួល​បាន​កម្ចី​ផ្លូវការ​ តាម​រយៈ​គម្រោង​ធានា​ឥណទាន​ ដែល​មាន​រចនា​សម្ពន្ធ​ត្រឹមត្រូវ​។​

​ក្រោម​គម្រោង​ ESGS​ នេះ​ CGCC​ អាច​ផ្តល់​ការ​ធានា​ទៅ​លើ​កម្ចី​ដែល​ផ្ដល់​ដោយ​ធនាគារ​ ABA​ ជូន​ដល់​អាជីវកម្ម​ដែល​មានគុណ​វុ​ឌ្ឍ​ ជាមួយនឹង​វិសាលភាព​នៃ​ការ​ធានា​រហូត​ដល់​ 90%​ និង​កម្រៃ​ធានា​ឥណទាន​ចាប់ពី​ 0.75%​។​ ជាមួយនឹង​ការ​ធានា​របស់​ CGCC​ ធនាគារ​ ABA​ នឹង​អាច​បង្កើន​ការ​ផ្តល់​កម្ចី​ចាំបាច់​បន្ថែម​ទៀត​ដល់​អាជីវកម្ម​ដែល​មាន​សក្តានុពល​ ដើម្បី​គាំទ្រ​ដល់​ ភាព​ធន់​នៃ​សេដ្ឋកិច្ច​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​។​

​ជាមួយ​គ្នា​នេះ​ គម្រោង​ REGS​ 2​ ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ក្នុង​វិស័យ​កសិកម្ម​ផង​ដែរ​។​ គម្រោង​នេះ​នឹង​ផ្តល់​នូវ​កម្ចី​មានការ​ធានា​ ដល់​ក្រុមហ៊ុននាំចេញ​អង្ករ​ និង​រោង​ម៉ាស៊ីនកិនស្រូវ​ ដែល​ខ្វះ​ទ្រព្យ​ធានា​ សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​អង្ករ​កម្ពុជា​ លើ​ទីផ្សារ​អន្តរជាតិ​ ដែល​បន្ត​លើកកម្ពស់​វិស័យ​ដ៏​សំខាន់​មួយ​នេះ​ សម្រាប់​ការ​អភិវឌ្ឍ​ជនបទ​។​ គិត​ត្រឹម​នៅ​ថ្ងៃ​ទី​31​ ខែកក្កដា​ ឆ្នាំ​2025​ កម្ចី​មានការ​ធានា​ពី​ CGCC​ ប្រមាណ​ជា​ 38​ លាន​ដុល្លារ​អា​មេ​រិ​ក​ ត្រូវ​បាន​ផ្ដល់​ជូន​អាជីវកម្ម​ក្រោម​គម្រោង​ REGS​។​

​លោក​ Bibhu​ Pandey​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​នៅ​ធនាគារ​ ABA​ មាន​មោទនភាព​យ៉ាង​ក្រៃ​លែង​ ក្នុង​ការ​ពង្រីក​ភាព​ជា​ដៃគូ​យុទ្ធសាស្ដ្រ​នេះ​ ជាមួយ​ CGCC​ តាម​រយៈ​គម្រោង​ធានា​ឥណទាន​ទាំង​ពីរ​។​ គំនិត​ផ្តួចផ្តើម​ដ៏​មាន​សារៈសំខាន់​នេះ​ គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើងខ្ញុំ​ ចំពោះ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ប្រកបដោយ​បរិ​យា​បន្ន​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង​។​ ក្នុង​ដំណើរ​រួម​គ្នា​នេះ​ យើងខ្ញុំ​នឹង​នៅ​តែ​បន្ត​គាំទ្រ​បណ្ដា​ធុរកិច្ច​ និង​អាជីវកម្ម​គ្រប់​ប្រភេទ​ ដើម្បី​ឲ្យ​ពួក​គេ​សម្រេច​បាន​នូវ​ សក្តានុពល​ពេញលេញ​”​។​

​លោក​ ណូ​ លី​ដា​ ក៏​មាន​ប្រសាសន៍​ថា​ “​ធនាគារ​ ABA​ និង​ CGCC​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ធានា​ឥណទាន​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​ 2021​។​ ចាប់តាំងពី​ពេល​ នោះ​មក​ ធនាគារ​ ABA​ បាន​បង្កើន​ការ​បញ្ចេញ​កម្ចី​តាម​រយៈ​គម្រោង​ធានា​របស់​ CGCC​ ជា​លំដាប់​ ដើម្បី​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME)​ ក្នុង​វិស័យ​អាទិភាព​។​ ថ្ងៃនេះ​ យើងខ្ញុំ​ពិតជា​មាន​ក្តី​សោមនស្ស​ដែល​បាន​ពង្រីក​កិច្ចសហការ​នេះ​កាន់តែ​ស៊ីជម្រៅ​ តាម​រយៈ​គម្រោង​ ESGS​ និង​ REGS2​។​ គួរ​បញ្ជាក់​ផង​ដែរ​ថា​ REGS2​ គឺជា​ផលប​ត្រ​គម្រោង​ធានា​ឥណទាន​ដំបូង​បង្អស់​របស់​យើងខ្ញុំ​ជាមួយ​ធនាគារ​ ABA​ ដែល​នឹង​បង្កើន​ប្រសិទ្ធភាព​នៃ​ ការ​បញ្ចេញ​កម្ចី​មានការ​ធានា​ជូន​ដល់​អតិថិជន​។​ ខ្ញុំ​ជឿជាក់​ថា​ ការ​ចូលរួម​របស់​ធនាគារ​ ABA​ ក្នុង​ គម្រោង​ទាំង​ពីរ​នេះ​ នឹង​ផ្ដល់​លទ្ធភាព​ដល់​អាជីវកម្ម​កាន់តែ​ច្រើន​ឲ្យ​ទទួល​បាន​កម្ចី​សម្រាប់​ពង្រីក​អាជីវកម្ម​របស់​ពួក​គាត់​។​ តាម​រយៈ​ការ​ផ្តល់​កម្ចី​របស់​ធនាគារ​ ABA​ និង​ការ​ធានា​ឥណទាន​របស់​ CGCC​ យើង​រួម​គ្នា​ ពង្រឹង​លទ្ធភាព​របស់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ ឲ្យ​ទទួល​បាន​ហិរញ្ញប្បទាន​។​”

​ដោយ​សម្លឹង​ឆ្ពោះទៅ​មុខ​ប្រកបដោយ​សុទិដ្ឋិនិយម​ ធនាគារ​ ABA​ និង​ CGCC​ នឹង​នៅ​តែ​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​បង្កើន​លទ្ធភាព​អាជីវកម្ម​ឲ្យ​ទទួល​បាន​ហិរញ្ញប្បទាន​កាន់តែ​ទូលំទូលាយ​ ក្នុង​ន័យ​លើកកម្ពស់​សហគ្រិនភាព​ និង​រួមចំណែក​ជួយ​ឲ្យ​ទិដ្ឋភាព​សេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ធន់​ និង​ពិពិធ​ភាព​៕