សូមបង្កើនការប្រុងប្រយ័ត្ន និងការពារអាខោនបណ្ដាញសង្គម និងកម្មវិធីផ្ញើសារផ្សេងៗរបស់លោកអ្នក
13/Mar/2023
អតិថិជនជាទីគោរព!
យើងខ្ញុំបានសង្កេតឃើញមានការកើនឡើងនៃសកម្មភាពបន្លំ និងឆបោកជាច្រើន នៅលើបណ្ដាញសង្គម និងកម្មវិធីផ្ញើសារនានា ដូចជា ហ្វេសប៊ុក និងតេឡេក្រាម ជាដើម។
ក្នុងន័យនេះ យើងខ្ញុំសូមណែនាំអតិថិជនទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តនូវវិធានការដូចខាងក្រោម ដើម្បីការពារអាខោនបណ្ដាញសង្គម និងកម្មវិធីផ្ញើសារនានារបស់លោកអ្នក៖
- សូមប្រយ័ត្ន នៅពេលមានគេស្នើឲ្យលោកអ្នក ផ្ទេរប្រាក់ទៅភាគីទីបី ឬជនណាម្នាក់ ដែលលោកអ្នកមិនធ្លាប់ស្គាល់ពីមុនមក។ សូមផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកផ្ញើសារ (ដែលប្រាប់លោកអ្នកឲ្យផ្ទេរប្រាក់) នោះ ឲ្យបានច្បាស់លាស់សិន មុននឹងយល់ព្រមធ្វើប្រតិបត្តិការផ្ទេរតាមធនាគារ។
- សូមរក្សាលេខសម្ងាត់ OTP (ដែលផ្ញើមកលោកអ្នកតែម្តង និងដំបូងបំផុត) ឬលេខកូដ អាខោនរបស់លោកអ្នក ជាសម្ងាត់គ្រប់ពេលជានិច្ច ហើយមិនត្រូវឲ្យអ្នកណាម្នាក់ដឹង លេខកូដ នោះជាដាច់ខាត។ ប្រសិនបើក្រុមជនឆបោក (hacker) បានដឹងលេខកូដអាខោន ឬលេខ OTP នេះ ពួកវានឹងអាចចូលលួចប្រើអាខោនរបស់លោកអ្នក តាមទូរស័ព្ទដៃ ឬឧបករណ៍ផ្សេងទៀតបាន ហើយថែមទាំងដកលោកអ្នកចេញ មិនអាចចូលប្រើអាខោនរបស់អ្នកទៀតផង។
- សូមបើកប្រើប្រាស់មុខងារ ផ្ទៀងផ្ទាត់អត្តសញ្ញាណពីរជាន់ (two-factor authentication)៖ នេះជាការបន្ថែមសុវត្ថិភាពមួយជាន់ទៀត ដោយបើកឲ្យដំណើរការមុខងារ ផ្ទៀងផ្ទាត់អត្តសញ្ញាណពីរជាន់ នៅលើអាខោនបណ្ដាញសង្គមរបស់លោកអ្នក។ មានន័យថា បន្ទាប់ពីលោកអ្នកទទួលបានលេខកូដ OTP តាមសារ SMS រួចហើយ លោកអ្នកនឹងតម្រូវឲ្យបញ្ចូលលេខសម្ងាត់ មួយជាន់ទៀត ដើម្បីចូលប្រើប្រាស់អាខោន។
- ឧស្សាហ៍តាមដានគណនីរបស់អ្នកឲ្យបានជាប្រចាំ៖ សូមតាមដានអាខោនបណ្ដាញសង្គមរបស់លោកអ្នក ដើម្បីរកមើល សកម្មភាពមិនប្រក្រតីណាមួយកើតឡើង ដោយលោកអ្នកមិនបានដឹងជាមុន (ដូចជាមាននរណាម្នាក់ លួចចូលប្រើអាខោនលោកអ្នក ហើយចែករំលែក (share) ផុស ឬផ្ញើសារជំនួសអ្នក ជាដើម)។ ប្រសិនបើលោកអ្នកសម្គាល់ឃើញថា មានសកម្មភាពគួរឲ្យសង្ស័យទាំងនោះកើតឡើងមែន សូមប្ដូរលេខសម្ងាត់ភ្លាមៗ និងរាយការណ៍អំពីភាពមិនប្រក្រតីនោះ ទៅកាន់ក្រុមហ៊ុនបណ្ដាញសង្គមដែលលោកអ្នកកំពុងប្រើប្រាស់នោះ។
យើងខ្ញុំ សូមលើកទឹកចិត្តដល់លោកអ្នក ឲ្យបន្ដចែកចាយព័ត៌មាននេះ ទៅកាន់ក្រុមគ្រួសារ និងមិត្តភក្ដិ ដើម្បីការពារសុវត្ថិភាព និងបង្ការ កុំឲ្យបាត់បង់អាខោនបណ្ដាញសង្គម និងកម្មវិធីផ្ញើសារនានា ដែលបណ្ដាលមកពីការលួចបន្លំ និងឆបោក ពីជនល្មើសទាំងនោះ។
ប្រសិនបើលោកអ្នកមានចម្ងល់ផ្សេងៗ សូមទាក់ទងមកយើងខ្ញុំតាមរយៈអ៊ីម៉េល [email protected] ababank.com ឬទូរស័ព្ទមកលេខ 1 800 203 203 (ដោយឥតគិតថ្លៃ នៅក្នុងប្រទេសកម្ពុជា)។
សូមអរគុណ។