រក្សាសុវត្ថិភាពពីជនឆបោក
06/Jun/2018
អតិថិជនជាទីគោរព,
សូមលោកអ្នកមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះជនណាដែលបានសួររកព័ត៌មានធនាគារពីលោកអ្នក។ ដើម្បីប្រើប្រាស់សេវាធនាគារ ABA ដោយក្ដីរីករាយ សូមលោកអ្នកដាច់ខាត កុំបញ្ចេញ ឬប្រាប់ព័ត៌មានធនាគារ (លេខលើកាត ១៦ខ្ទង់, លេខចុះឈ្មោះប្រើប្រាស់កម្មវិធីទូរស័ព្ទ, username ក្នុងកម្មវិធីទូរស័ព្ទ ឬលេខ PIN ។ល។) ដល់អ្នកផ្សេង ទោះជាជននោះប្រាប់ថាជាបុគ្គលិករបស់ ABA ក៏ដោយ។
សូមជម្រាបថា ធនាគារ ABA ជាដាច់ខាត នឹងមិនធ្វើការទាក់ទងទៅលោកអ្នក ឬចាត់ឲ្យអ្នកណាម្នាក់ ធ្វើការទាក់ទងទៅលោកអ្នក ដើម្បីស្នើសុំព័ត៌មានទាំងនេះឡើយ។ សកម្មភាពបែបនេះ ត្រូវបានប្រើប្រាស់ជាញឹកញាប់ដោយក្រុមជនខិលខូច ក្នុងការបោកប្រាស់ជនរងគ្រោះ តាមរយៈអ៊ីមែល, តាមសារ SMS ឬតេទូរស័ព្ទ ដើម្បីឲ្យជនរងគ្រោះផ្ដល់ព័ត៌មានសំខាន់ៗដល់ពួកគេដូចជា លេខគណនី, លេខ PIN, លេខសម្ងាត់ និងព័ត៌មានបើកចូលដែលអាចប្រើប្រាស់ដើម្បីលួចប្រាក់ ឬប្រយោជន៍ផ្សេងៗបាន។
ដើម្បីចៀសឲ្យផុតពីអំពើបោកប្រាស់បែបនេះ អ្នកត្រូវប្រាកដថាអ្នក៖
- មិនចែកចាយ, បញ្ចេញ, ឬប្រគល់ព័ត៌មាននានាដែលប្រើប្រាស់ដើម្បីចុះឈ្មោះជាមួយធនាគារABA ជូនដល់អ្នកដទៃឡើយ។
- មិនថតលេខ PIN ឬលេខសម្ងាត់លើទូរស័ព្ទ ឬក្រដាស។
- មិនថតរូបកាត ហើយចែកចាយឲ្យអ្នកដទៃបានឃើញ។
- មិនប្រើលេខសម្ងាត់ដែលគេងាយស្រួលទាយដឹងឡើយ។
- ត្រូវទាក់ទងមកយើងខ្ញុំជាបន្ទាន់ តាម 023 225 333 / 098 203 203, តាមឆាត លើវិបសាយ ឬតាម info(at)ababank.com, ឬទាក់ទងមកសាខា ABA ណាមួយដែលនៅជិតអ្នក ពេលអ្នកបាត់កាត ឬបាត់ទូរស័ព្ទ ឬ អ្នកគិតថា អ្នកត្រូវបានគេបោកប្រាស់។
ប្រសិនបើមានគេតេ ឬផ្ញើសារ ដោយប្រាប់ថាគេមកពីធនាគារ ABA ហើយស្នើសុំព័ត៌មានខាងលើនេះ សូមអ្នករាយការណ៍ជាបន្ទាន់មក info(at)ababank.com។
ដោយក្ដីគោរព
ពីធនាគារ ABA



