​ការពារខ្លួនអ្នកពីជនឆបោក

10/Feb/2022

aba scam alert dt khaba scam alert dt kh

​អតិថិជន​ជាទី​គោរព​,
យើងខ្ញុំសូមរំលឹកលោកអ្នកឲ្យមានការប្រុងប្រយ័ត្នបន្ថែមពាក់ព័ន្ធនឹងសារ ឬ ការហៅទូរស័ព្ទ ដែលលោកអ្នកទទួលបាន ហើយអះអាងថាមកពីធនាគារ ABA។

សារទាំងនេះ មិនថាជាសារខ្លី SMS ឬអ៉ីមែល អាចមានលីងភ្ជាប់ទៅកាន់ប្រភពផ្សេងដែលមើលទៅ ស្រដៀងនឹងប្រភពផ្លូវការរបស់ធនាគារ ABA ប៉ុន្តែវាមានខុសអក្ខរាវិរុទ្ធ ឬខ្វះតួរអក្សរមួយ។

ជនឆបោកទាំងនោះអាចប្រើល្បិចសាមញ្ញ ដូចជាការប្រើជាសារជូនដំណឹងប្រាប់លោកអ្នកថា មាននរណាម្នាក់បើកចូលគណនីធនាគាររបស់អ្នក ហើយអ្នកត្រូវផ្តល់លេខសម្ងាត់ទៅឲ្យពួកគេ ដើម្បីទទួលបានសិទ្ធិចូលប្រើគណនីវិញ។

សូមចងចាំ – ការហៅទូរស័ព្ទ និងសារបែបនេះទាំងអស់កំពុងព្យាយាមបោកប្រាស់អ្នក! ធនាគារ ABA នឹងមិនផ្ញើសារ SMS អ៉ីមែល ឬការហៅទូរស័ព្ទទៅអ្នក ដើម្បីស្នើសុំបញ្ជាក់លេខកាតធនាគារ លេខសម្ងាត់ធនាគារអនឡាញ លេខសម្ងាត់បើកចូលតាមកម្មវិធី ABA Mobile ឬព័ត៌មានសម្ងាត់ផ្សេងទៀតឡើយ។

សូមអានការណែនាំសំខាន់ៗខាងក្រោម ដើម្បីរក្សាសុវត្ថិភាពពេលប្រើប្រាស់សេវាធនាគារតាមអនឡាញ

  • ​កុំប្រាប់ ឬផ្ដល់លេខកូដសុវត្ថិភាពដែលទទួលបានពីធនាគារ ABA តាមរយៈសារ SMS ឬសារជូនដំណឹងទៅឲ្យបុគ្គលណាម្នាក់ឲ្យសោះ ទោះបីបុគ្គលនោះអះអាងថាខ្លួនគេជាបុគ្គលិកធនាគារ ABA ក៏ដោយ
  • ​កុំបង្ហាញ ឬផ្តល់ព័ត៌មានចាំបាច់សម្រាប់ការចុះឈ្មោះជាមួយធនាគារ ABA ទៅឲ្យបុគ្គលណាម្នាក់ឲ្យសោះ
  • ​កុំបង្ហាញលេខទូរស័ព្ទដែលប្រើភ្ជាប់ជាមួយ ABA Mobile ជាសាធារណៈ
  • ​ឧស្សាហ៍ដូរលេខសម្ងាត់ (PIN) កម្មវិធី ABA Mobile និងលេខកូដកាតរបស់អ្នកឲ្យបានទៀងទាត់
  • សូមចងចាំថា ABA ប្រើតែលេខ 023 225 333, 098 203 333 និង 098 203 203 ប៉ុណ្ណោះ ក្នុងការទាក់ទងទៅលោកអ្នក ហើយទាក់ទងលោកអ្នកដើម្បីជម្រាបពីប្រូម៉ូសិន, ការឆ្លើយសំណួរ ឬចម្ងល់, ការស្ទង់មតិ ឬ ដោះស្រាយបញ្ហាដែលទាក់ទងនឹងគណនីតែប៉ុណ្ណោះ!

ប្រសិនបើអ្នកទទួលបានការហៅទូរស័ព្ទ ឬសារ SMS គួរឲ្យសង្ស័យដែលក្លែងធ្វើជាកម្មសិទ្ធិរបស់ធនាគារ ABA ហើយអ្នកមិនច្បាស់ថាពិតជាមកពីធនាគារ ABA ឬមិនមែន សូមរាយការណ៍មកយើងខ្ញុំតាមអ៉ីមែល info@remove-this.ababank.com

ចែករំលែកព័ត៌មាននេះដល់ក្រុមគ្រួសារ និងមិត្តភក្តិដើម្បីជួយការពារពួកគេពីការឆបោក!