ការពារខ្លួនអ្នកពីជនឆបោក
14/Oct/2022
អតិថិជន ABA ជាទីគោរព
យើងខ្ញុំសូមរំលឹកលោកអ្នកឲ្យមានការប្រុងប្រយ័ត្នបន្ថែមចំពោះផេក ឬផុស Facebook ដែលកំពុងបន្លំធ្វើជាផេក Facebook ផ្លូវការរបស់ធនាគារ ABA។
នៅលើបណ្ដាញសង្គម Facebook ធនាគារ ABA មានផេកផ្លូវការតែមួយគត់ ដែលលោកអ្នកអាចជឿទុកចិត្តបាន សម្រាប់រាល់ការផ្សព្វផ្សាយ ព័ត៌មានផ្សេងៗ និងដំណឹងថ្មីៗ។ សូមរកមើលសញ្ញាធីកពណ៌ខៀវនៅជាប់ឈ្មោះធនាគារ ដើម្បីបញ្ជាក់ថានោះជា ផេកពិតប្រាកដរបស់ ABA!
ការផុសព័ត៌មានចេញពីផេក Facebook ក្លែងក្លាយទាំងនេះ អាចមានលីងភ្ជាប់ទៅកាន់ប្រភពខាងក្រៅ ដែលមើលទៅអាចស្រដៀងគ្នានឹងប្រភពផ្លូវការរបស់ធនាគារ ABA ប៉ុន្ដែមានខុសអក្ខរាវិរុទ្ធ ឬបាត់តួអក្សរណាមួយដោយ ចេតនា។
ល្បិចក្លែងបន្លំ ដែលជនឆបោកប្រើប្រាស់ជាញឹកញាប់គឺការផ្សព្វផ្សាយអំពីប្រូម៉ូសិនចែកលុយសុទ្ធ ដែលតម្រូវឲ្យអ្នកផ្ដល់ព័ត៌មានចូលប្រើគណនីធនាគារទៅពួកគេ ដោយអ្នកត្រូវផ្ដល់ព័ត៌មានសុវត្ថិភាពចូលប្រើគណនីរបស់អ្នក ដើម្បីឲ្យពួកគេទទួលបានសិទ្ធិចូលប្រើគណនីអ្នកវិញ។
សូមចងចាំថា ការផុសដែលមានចរិតលក្ខណៈបែបនេះ គឺជាការបោកប្រាស់!! ធនាគារ ABA នឹងមិនស្នើសុំបញ្ជាក់លេខកាតធនាគារ, លេខសម្ងាត់ធនាគារអនឡាញ លេខសម្ងាត់បើកចូលតាមកម្មវិធី ABA Mobile ឬព័ត៌មានសម្ងាត់ផ្សេងទៀតឡើយ។
សូមអានគន្លឹះសំខាន់ៗខាងក្រោម ដើម្បីរក្សាសុវត្ថិភាពពេលប្រើប្រាស់សេវាធនាគារតាមអនឡាញ
- កុំប្រាប់ ឬផ្ដល់លេខកូដសុវត្ថិភាពដែលទទួលបានពីធនាគារ ABA តាមរយៈសារ SMS ឬសារជូនដំណឹងទៅឲ្យបុគ្គលណាម្នាក់ឲ្យសោះ ទោះបីបុគ្គលនោះអះអាងថាខ្លួនគេជាបុគ្គលិកធនាគារ ABA ក៏ដោយ
- កុំបង្ហាញ ឬផ្តល់ព័ត៌មានចាំបាច់សម្រាប់ការចុះឈ្មោះជាមួយធនាគារ ABA ទៅឲ្យបុគ្គលណាម្នាក់ឲ្យ សោះ
- កុំបង្ហាញលេខទូរស័ព្ទដែលប្រើភ្ជាប់ជាមួយ ABA Mobile ជាសាធារណៈ
- ឧស្សាហ៍ដូរលេខសម្ងាត់ (PIN) កម្មវិធី ABA Mobile និងលេខកូដកាតរបស់អ្នកឲ្យបានទៀងទាត់
ប្រសិនបើលោកអ្នកមានចម្ងល់ ឬសង្ស័យ សូមទាក់ទង 1800 203 203 (ឥតគិតថ្លៃសម្រាប់ការហៅក្នុងប្រទេសកម្ពុជា)ឬ +855 98 203 333 (សម្រាប់ការហៅក្រៅប្រទេសកម្ពុជា)។
ប្រសិនបើលោកអ្នកបានឃើញការបង្ហោះព័ត៌មានគួរឲ្យសង្ស័យដែលក្លែងធ្វើជាកម្មសិទ្ធិរបស់ធនាគារ ABA ហើយអ្នកមិនច្បាស់ថាពិតជាមកពីធនាគារ ABA ឬមិនមែន សូមរាយការណ៍មកយើងខ្ញុំតាមអ៉ីមែល info@ababank.com។
ចែករំលែកព័ត៌មាននេះដល់ក្រុមគ្រួសារ និងមិត្តភក្តិដើម្បីជួយការពារពួកគេពីការឆបោក!





