S&P បញ្ជាក់ជាថ្មីនូវចំណាត់ថ្នាក់ឥណទាន របស់ធនាគារ ABA នៅកម្រិត 'B+' ជាមួយទស្សនវិស័យស្ថិរភាព
22/Dec/2020

ធនាគារ ABA Bank ជាធនាគារនាំមុខគេរបស់កម្ពុជា និងជាបុត្រសម្ពន្ធរបស់ធនាគារជាតិកាណាដា សូមប្រកាសថា នាថ្ងៃទី 17 ខែធ្នូនេះ ភ្នាក់ងារវាយតម្លៃ Standard & Poor's Global Ratings Agency (S&P) បានបញ្ជាក់ជាថ្មីអំពីចំណាត់ថ្នាក់ឥណទានរបស់ធនាគារ ABA នៅកម្រិត 'B+' ជាមួយទស្សនវិស័យស្ថិរភាព។
ទស្សនវិស័យស្ថិរភាពឆ្លុះបញ្ចាំងពីទស្សនៈរបស់ S&P ដែលថា ធនាគារនឹងគ្រប់គ្រងប្រកបដោយចីរភាពនូវកំណើនយ៉ាងឆាប់រហ័សនៃប្រាក់កម្ចី និងប្រាក់បញ្ញើ ទោះបីជាមានការរីករាលដាលនៃវីរុសកូវីដ-19 ក៏ដោយ។ អ្នកស្រាវជ្រាវក៏បានបញ្ចេញទស្សនៈថា និមិត្តសញ្ញាអាជីវកម្ម មូលធនកម្ម ប្រូហ្វាលហានិភ័យ និងថវិកា និងសាច់ប្រាក់ងាយស្រួលរបស់ធនាគារ ABA នឹងរក្សាមិនផ្លាស់ប្តូរដដែលក្នុងរយៈពេល 12 ខែបន្ទាប់។
S&P មានប្រសាសន៍ថា " តាមទស្សនៈរបស់យើង និមិត្តសញ្ញាអាជីវកម្មរបស់ធនាគារ ABA កំពុងតែមានភាពរឹងមាំ ដោយសារតែកំណើននៃចំណែកទីផ្សារដ៏គួរកត់សម្គាល់របស់ខ្លួន។ ធនាគារបន្តពង្រីកចំណែកទីផ្សារប្រាក់កម្ចី បណ្តាញចែកចាយរូបវន្ត និងឌីជីថល ព្រមទាំងមូលដ្ឋានអតិថិជនរបស់ខ្លួន។ យើងជឿជាក់ថា មហិច្ឆតាក្នុងពង្រីកការគ្របដណ្តប់សេវា និងប្រសិទ្ធភាពប្រតិបត្តិការដ៏ល្អរបស់ធនាគារ ជួយគាំទ្រដល់ការទទួលបានប្រាក់ចំណេញលើសពីមធ្យម។"
អ្នកជំនាញរបស់ S&P បានមានលើកឡើងជាពិសេសអំពីស្ថានភាពអាជីវកម្មដ៏មានស្ថិរភាព និងសក្តានុពលរបស់ធនាគារ ABA សម្រាប់កំណើនបន្ថែមទៀត ថា៖ "យើងរំពឹងថា ធនាគារ ABA នឹងបន្តទទួលបានកំណើនដ៏ខ្លាំងនិងលឿនពិតប្រាកដនៃនិមិត្តសញ្ញាអាជីវកម្ម និងផលបត្រកម្ចីរបស់ខ្លួន។ ធនាគារមានជំហររឹងមាំក្នុងការទទួលបានប្រាក់ចំណេញពីការងើបឡើងវិញនៃសេដ្ឋកិច្ចដែលយើងរំពឹងថានឹងកើតមានក្រោយបញ្ចប់ការរីករាលដាលនៃវីរុសកូវីដ-19។ ជំហរនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងកំណើនជាបន្តបន្ទាប់នៅក្នុងចំណែកទីផ្សារនៃប្រាក់កម្ចី និងប្រាក់បញ្ញើរបស់ខ្លួន រយៈពេល 18 ខែបន្ទាប់។"
របាយការណ៍របស់ S&P សន្និដ្ឋានថា មូលដ្ឋានប្រាក់បញ្ញើអតិថិជនដ៏ច្រើនលើសលុបរបស់ធនាគារនឹងទំនងជាបន្តកើនឡើងទៀតស្របនឹងប្រាក់កម្ចី និងប្រព័ន្ធឌីជីថលដ៏រឹងមាំរបស់ធនាគារដែលជាគុណសម្បត្តិដ៏មានភាពប្រកួតប្រជែង។ "យើងចាត់ទុកកំណើនប្រាក់បញ្ញើអតិថិជននេះថាវិជ្ជមាន ដោយសារថវិកាទាំងអស់នេះជាទូទៅមាននៅយូរជាងថវិកាការលក់ដុំ។ ធនាគារជាតិកាណាដា បង្ហាញពីឆន្ទៈបន្តវិនិយោគលើបំណុលបន្ទាប់បន្សំរបស់ធនាគារ ABA ដែលតាមទស្សនៈរបស់យើង ក៏ផ្តល់ឲ្យធនាគារ ABA នូវសិទ្ធិចូលក្នុងការកំណត់តម្លៃកាន់តែខ្លាំងនៅក្នុងទីផ្សារមូលបត្របំណុល។"
លោក Zhiger Atchabarov នាយកប្រតិបត្តិការអន្តរជាតិរបស់ធនាគារ ABA Bank មានប្រសាសន៍ថា "យើងសូមស្វាគមន៍ការបញ្ជាក់ជាថ្មីរបស់ S&P អំពីចំណាត់ថ្នាក់ឥណទាននេះ។ នេះបញ្ជាក់ពីភាពរឹងមាំនៃយុទ្ធសាស្ត្រ គុណភាពខ្ពស់នៃទ្រព្យសកម្មរបស់ធនាគារយើង ព្រមទាំងបញ្ជាក់ពីស្ថិរភាពហិរញ្ញវត្ថុរបស់ធនាគារ ABA ទោះបីជាមានបញ្ហាប្រឈមជាពេលបច្ចុប្បន្នទាំងក្នុងប្រទេស និងទូទាំងសកលលោក។
ភ្នាក់ងារវាយតម្លៃអន្តរជាតិ S&P បានផ្តល់ចំណាត់ថ្នាក់ឥណទានកម្រិត 'B' ដល់ធនាគារ ABA នៅក្នុងឆ្នាំ 2017។ ចំណាត់ថ្នាក់នេះត្រូវបានដំឡើងដល់កម្រិត 'B+' នៅឆ្នាំ 2019 ផ្អែកលើកំណើននូវចំណែកទីផ្សារដែលកំពុងកើនឡើងដ៏សំខាន់នៃប្រាក់កម្ចី និងប្រាក់បញ្ញើ រួមនឹងការទទួលបានប្រាក់ចំណេញលើសពីមធ្យម។
អំពី S&P Global Ratings
ជាមួយការផ្តល់ចំណាត់ថ្នាក់ឥណទានដ៏លេចធ្លោប្រមាណជាង 1លាន ដល់ស្ថាប័នរដ្ឋាភិបាល, សាជីវកម្ម, វិស័យហិរញ្ញវត្ថុ, ក្រុមហ៊ុនហិរញ្ញវត្ថុនិងមូលបត្រអន្តរជាតិ S&P Global Ratings គឺជាទីភ្នាក់ងារផ្តល់ចំណាត់ថ្នាក់ឥណទានឈានមុខកម្រិតពិភពលោក។ ការវិភាគហានិភ័យឥណទាន ការស្រាវជ្រាវ និងទិន្នន័យនានានៃស្ថាប័ននេះ ជួយគាំទ្រដល់ការរីកចម្រើននៃតម្លាភាព និងសន្ទនីយភាពទីផ្សារលើពិភពលោក។ S&P Global Ratings មានអ្នកជំនាញប្រមាណជាង 1,500 ក្នុង 28ប្រទេស លើពិភពលោក។ មានទីស្នាក់ការកណ្តាលស្ថិតនៅ ទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.spratings.com។